ព្រះសីហនុៈ មន្ត្រី​ជំនាញ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​សហការ​ជាមួយ​រដ្ឋបាល​ក្រុងព្រះសីហនុ និង​អង្គការសហប្រជាជាតិ​សម្រាប់​លំនៅឋាន​មនុស្សជាតិ (UN-Habitat) បាន​អប់រំ​ប្រជាពលរដ្ឋ​ជាង​ ៣០០ ​គ្រួសារ​នៅក្នុង​ខេត្ត​នេះ ឱ្យ​យល់ដឹង​ពី​ការចូលរួម​ថែរក្សា បណ្ដាញ​លូ ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ សុខុមាលភាព មាន​អនាម័យ​ស្អាត និង​សេវាកម្ម​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​។

យោងតាម​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានឱ្យដឹង​នៅ​ថ្ងៃទី​ ២៥ ខែធ្នូ ថា​៖ «​តាមរយៈ​កម្មវិធី​អប់រំ​ផ្សព្វផ្សាយ​បញ្ជ្រាប​ឱ្យមាន​ការយល់ដឹង​ជា​សាធារណៈ​អំពី​បណ្តាញ​លូ និង​ទឹក​កខ្វក់ ក្នុង​ក្រុងព្រះសីហនុ​នាពេលនេះ ជា​មធ្យោបាយ​មួយ​ដ៏ល្អ​ក្នុង​ការជំរុញ​ឱ្យ​មាន​ការចូលរួម​ខ្ពស់​ពី​សំណាក់​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​ការប្រើប្រាស់ និង​ថែរក្សា​ការពារ​ហេដ្ឋារចនាសម្ព័ន្ធ ដែល​បាន​សាងសង់​រួច​ប្រកបដោយ ប្រសិទ្ធភាព និង​និរន្តរភាព​»​។

លោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួង​សាធារណការ បាន​លើកឡើងថា សកម្មភាព​ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង​ដល់​ប្រជាពលរដ្ឋ​បែប​នេះ​ធ្វើឡើង​ក្រោយពី​បញ្ហា​ទឹក​កខ្វក់​ដែល​បង្ក​ពី​សកម្មភាព​ផ្សេងៗ​បាន​ហូរ​ចូលទៅក្នុង​តំបន់​លំនៅឋាន​របស់​ប្រជាពលរដ្ឋ និង​សហគមន៍​ដែល​បង្ក​ផលប៉ះពាល់​ដល់​សុខុមាលភាព​ប្រជាជន សោភណភាព ជីវចម្រុះ ប្រព័ន្ធ​អេកូឡូស៊ី និង​ជះឥទ្ធិពល​ដល់​សេដ្ឋកិច្ចជាតិ ខណៈពេល​ដែល​សង្គម​ជាតិ​មាន​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច រយៈពេល​ ២ ​ទសវត្សរ៍​ចុងក្រោយ​នេះ និង​សម្ទុះ​នៃ​ការអភិវឌ្ឍ​នៅ​កម្ពុជា ជាពិសេស​នៅក្នុង​ខេត្ត​ព្រះសីហនុ​។

លោក​បាន​បន្តថា ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​យកចិត្ត​ទុកដាក់​ជា​ចម្បង ហេតុដូចនេះ ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ជាច្រើន ពិសេស​បណ្តាញ​លូទឹក​ភ្លៀង បណ្តាញ​លូទឹក​កខ្វក់ ស្ថានីយ​ប្រព្រឹតិ្តកម្ម​ទឹក​កខ្វក់ ទីលាន​ចាក់​សំណល់​ភក់ ត្រូវបាន​សាងសង់ និង​កំពុង​សាងសង់​នៅតាម​បណ្តា​រាជធានី និង​ក្រុង​សំខាន់ៗ រួមទាំង​ក្រុងព្រះសីហនុ​ផងដែរ​។

លោក​ថ្លែងថា ដើម្បីឱ្យ​សមិទ្ធផល​អាច​ប្រើប្រាស់​បានយូរ​អង្វែង សូម​ឱ្យ​មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ និង​គ្រប់ភាគី​ពាក់ព័ន្ធ​ដើម្បី​ប្រែក្លាយ​ក្រុង​ព្រះសីហនុ​ទៅជា​ទីក្រុង​ឆ្នេរសមុទ្រ​កម្ពុជា​ដ៏ស្រស់ស្អាត មាន​សោភណភាព អនាម័យ​ស្អាត បរិស្ថាន​ល្អ និង​គួរឱ្យ​ចង់​រស់នៅ ក៏ដូចជា​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ តាមរយ:​ការលើកកម្ពស់​អនាម័យ​ស្អាត និង​សុខភាព​សាធារណៈ ធ្វើឱ្យ​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​​កាន់តែ​ប្រសើរឡើង​។

លោក វង្ស ពិសិដ្ឋ ថ្លែងថា​៖ «​ការចូលរួម​ផ្តើមចេញពី​យើង​ទាំងអស់​គ្នា ជា​ប្រជាពលរដ្ឋ ដើម្បី​ផ្ទះ​យើង​ស្អាត ភូមិ​យើង​ស្អាត សង្កាត់​យើង​ស្អាត ទីក្រុង​យើង​ស្អាត និង​សុខភាព​យើង​ល្អ គឺមាន​សារៈសំខាន់​ខ្លាំងណាស់​ដើម្បី​ថែរក្សា​បណ្តាញ​លូ និង​គាំទ្រ​ប្រតិបត្តិការ​សេវាកម្ម​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​នៅក្នុង​ប្រទេស​»​។

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កំពុង​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ទឹក​កខ្វក់ និង​ប្រព័ន្ធ​លូ​នេះ​ជា​លក្ខណៈ​ផ្ទៃក្នុង ក្រោម​កិច្ចសហការ​ពី​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) ខណៈ​ច្បាប់​នេះ​អាច​នឹងចូលរួម​ដោះស្រាយ​បញ្ហា​ទឹក​កខ្វក់ និង​ប្រព័ន្ធ​លូ ដែល​កំពុង​ក្លាយជា​ហានិភ័យ និង​បង្ក​ភាពស្មុគស្មាញ​ដល់​សុខភាព​សាធារណៈ​ក្នុងពេល​អនាគត​។ នេះ​បើ​តាម​ការអះអាង​របស់​ក្រសួង​នាពេល​កន្លងមក​។

លោក នាម កូពី អ្នកជំនាញ​ផ្នែក​បរិស្ថាន​បាន​លើកឡើង​ថា ជាក់ស្តែង​បញ្ហា​អ្វី​ក៏ដោយ​បើទោះជា​មាន​ច្បាប់ ឬ​មិនមាន​ច្បាប់​ហើយក៏​ត្រូវការ​ការអប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ចំណេះដឹង​ដល់​ប្រជាពលរដ្ឋ​។

លោក​ កូពី បាន​អះអាង​យ៉ាងដូច្នេះ​ថា បញ្ហា​ទាំងនេះ​គឺ​ពិតជា​ត្រូវការ​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ការថែរក្សា​បណ្តាញ​លូ និង​ការគាំទ្រ​ប្រតិបត្តិការ​សេវាកម្ម​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​មាន​ដំណើរការ​ល្អ​។

លោក​បាន​បញ្ជាក់ថា​៖ «​អ្វី​ក៏ដោយ​ក៏ត្រូវ​ចាប់ផ្តើម​ពី​ការអប់រំ​ដែរ​ក្នុង​នាម​ក្រសួង​បើទោះជា​គាត់ ធ្វើ​ច្បាប់​យ៉ាងម៉េច​ក៏ដោយ ក៏ត្រូវ​ការអប់រំ​ប្រជាពលរដ្ឋ​ជា​ជំហាន​ដំបូង​។ នៅពេល​ពួកគាត់​មាន​ការយល់ដឹង​បាន​ច្បាស់ មាន​ប្រសិទ្ធភាព ព្រោះ​បើ​ប្រជាពលរដ្ឋ​មិនមាន​ការយល់ដឹង​ទេនោះ ច្បាប់​ក៏​មិនមាន​ប្រសិទ្ធភាព​ដែរ​»​។

ការផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​អំពី​បញ្ហា​បណ្តាញ​លូ និង​ទឹក​កខ្វក់​នេះ លោក កូពី ជំរុញ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​មិនថាតែ​ក្រសួង​សាធារណការ​នោះទេ គឺ​ត្រូវ​ចូលរួម​ផ្សព្វផ្សាយ​អប់រំ​ដល់​សាធារណជន​ឱ្យបាន​ទូលំទូលាយ អំពី​ចំណេះដឹង​និង​ចូលរួម​ថែរក្សា​បណ្តាញ​លូ និង​ការគាំទ្រ​ប្រតិបត្តិការ​សេវាកម្ម​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​ទាំងអស់​គ្នា​៕