The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ពលរដ្ឋ​ប្រគល់​ដី​ ១៦ ​ហិកតា​ជូន​រដ្ឋ​វិញ​ ដើម្បី​បញ្ចៀស​វិធានការ​ច្បាប់

ពលរដ្ឋ​ប្រគល់​ដី​ ១៦ ​ហិកតា​ជូន​រដ្ឋ​វិញ​ ដើម្បី​បញ្ចៀស​វិធានការ​ច្បាប់

Content image - Phnom Penh Post
មន្ត្រី​ជំនាញ ពេល​ចុះ​ពិនិត្យ​ទីតាំង​ដី ដែល​ពលរដ្ឋ​ប្រគល់ជូន​រដ្ឋ​វិញ ពីថ្ងៃ​ទី​ ២៣ ធ្នូ​។ រូបថត សហការី

ពលរដ្ឋ​ប្រគល់​ដី​ ១៦ ​ហិកតា​ជូន​រដ្ឋ​វិញ​ ដើម្បី​បញ្ចៀស​វិធានការ​ច្បាប់

ឧត្តរមានជ័យៈ ពលរដ្ឋ​ ១ ​គ្រួសារ​បាន​ស្ម័គ្រចិត្ត​ប្រគល់​ដី​ចំនួន​ ១៦ ​ហិកតា​ស្ថិតនៅ​ភូមិ​បន្ទាយជ័រ ឃុំ​ពង្រ ស្រុក​ចុងកាល់ ខេត្ត​ឧត្តរមានជ័យ​ជូន​រដ្ឋ​វិញ ដើម្បី​បញ្ចៀស​ពី​វិធានការ​ច្បាប់ ខណៈ​​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​អះអាង​ថា អ្នកពាក់ព័ន្ធ​ផ្សេងទៀត​ដែល​មិន​ចូលខ្លួន​មក​ធ្វើ​កិច្ចសន្យា​បញ្ឈប់​កាន់កាប់​អាស្រ័យ​ផល​លើ​ដី​រដ្ឋ​ត្រូវបញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ចាត់ការ​តាមច្បាប់​។

លោក អ៊ឹង សៅវរិទ្ធ នាយខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ឧត្តរមានជ័យ​បានឱ្យដឹង​នៅ​ថ្ងៃទី​ ២៦ ខែធ្នូ​ថា ពលរដ្ឋ​ ១ ​គ្រួសារ ដែល​ទន្ទ្រាន​ចូល​ដាំដុះ​អាស្រ័យផល​លើដី​ស្ថានីយ​ផ្សព្វផ្សាយ និង​ស្ថានីយ​ស្តារ​ព្រៃឈើ​ពង្រ​ចុងកាល់​បាន​ស្ម័គ្រចិត្ត​ប្រគល់​ដី​ជូន​រដ្ឋ​វិញ​ចំនួន​ ១៦ ​ហិកតា​ពីថ្ងៃ​ទី ២៣ ខែ​​ធ្នូ ដើម្បី​កុំឱ្យ​ពាក់ព័ន្ធ​នឹង​ផ្លូវច្បាប់​។

លោក​បាន​បន្តថា កន្លងមក​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​បាន​ណែនាំ និង​ស្នើសុំ​ដល់​អ្នកពាក់ព័ន្ធ​លើដី​ស្ថានីយ​ផ្សព្វផ្សាយ​ និង​ស្ថានីយ​ស្តារ​ព្រៃឈើ​ពង្រ​ចុងកាល់​នេះ​ឱ្យ​ដកខ្លួន​ចេញ ប៉ុន្តែ​មាន​អ្នកមួយ​ចំនួន​នៅ​រឹងរូស​មិនទាន់​យល់ព្រម​បញ្ឈប់​ឡើយ ដោយសារ​តែ​ពួកគាត់​ចាញ់បោក​គេ​ទៅ​ទិញ​ដី​នៅ​ទីនោះ​។

លោក​ថា ចំពោះ​អ្នកពាក់ព័ន្ធ​ទាំងនោះ មន្ត្រី​ជំនាញ​បាន​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាមច្បាប់ ប៉ុន្តែ​បើ​ពលរដ្ឋ​ស្ម័គ្រចិត្ត​ធ្វើ​កិច្ចសន្យា​ឈប់​ប្រើប្រាស់​ដី​រដ្ឋ​នោះ មន្ត្រី​ជំនាញ​អាច​ស្នើសុំ​ដក​ឈ្មោះ​ចេញ​វិញ​ដើម្បី​កុំឱ្យ​មាន​ជាប់​ក្នុង​ចំណាត់ការ​ណាមួយ​។ លោក​ថា​៖ «​យើង​មាន​ចំណាត់ការ​ហើយ គឺ​យើង​អត់​មាន​ត្រូវ​ផ្សព្វផ្សាយ​អី​ទៀត​ទេ ប៉ុន្តែ​បើ​គាត់​ភ្ញាក់រឭក​មក​ធ្វើ​ដូច​ពលរដ្ឋ​ចូលខ្លួន​កាលពី​ថ្ងៃមុន​គឺ​យើង​អាច​នឹង​ស្នើសុំ​ទៅ​ថ្នាក់​ដឹកនាំ ដើម្បី​ស្នើសុំ​ដក​ឈ្មោះ​ពួកគាត់​ចេញពី​ចំណាត់ការ​ផ្សេង​»​។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ស្វែងរក​ទំនាក់ទំនង​ទៅ​ពលរដ្ឋ​ដែល​ប្រគល់​ដី​ជូន​រដ្ឋ​វិញ​នោះទេ​នៅ​ថ្ងៃទី​ ២៦ ខែធ្នូ ប៉ុន្តែ​បើតាម​កិច្ចសន្យា​របស់​ពលរដ្ឋ​ឈ្មោះ រស់ ប៊ុនថង និង​ប្រព័ន្ធ​ឈ្មោះ ហាំ ពឿត រស់នៅ​ភូមិ បន្ទាយ​ថ្មី ឃុំ-ស្រុក​ចុងកាល់ ខេត្ត​ឧត្តរមានជ័យ បានឱ្យ​ដឹងថា ក្រុមគ្រួសារ​របស់​​គាត់​បាន​ចូលទៅ​អាស្រ័យផល​លើដី​កម្មសិទ្ធិ​របស់​រដ្ឋ ដោយសារ​តែ​ចាញ់បោក​ក្រុម​ជន​ខិលខូច​ដោយ​ទិញ​លក់​តែ​គ្នាឯង​ខាតបង់​ពេលវេលា និង​ទ្រព្យសម្បត្តិ​ជាច្រើន​។

ក្នុង​កិច្ចសន្យា​ពលរដ្ឋ​សរសេរ​​ថា​៖ «​រូបខ្ញុំ​និង​ក្រុមគ្រួសារ​បាន​ចាញ់បោក​ក្រុម​ជន​ឱកាសនិយម​អស់ទាំង​លុយកាក់​រាប់ពាន់​ដុល្លារ រហូត​ខ្លួន​ខ្ញុំ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​វិធានការ​ផ្លូវច្បាប់​ទៀតផង ដូច្នេះ​​ហើយ​ខ្ញុំ និង​ក្រុមគ្រួសារ​បាន​ស្ម័គ្រចិត្ត​ចូលខ្លួន​ប្រគល់​ដី​ជូន​រដ្ឋ​វិញ​នៅ​ចំពោះមុខ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​នៅ​ទីតាំង​កន្លែង​ដី​របស់​រដ្ឋ​តែម្តង ដើម្បី​សុំ​រួច​តែ​ខ្លួន​ពី​វិធានការ​ច្បាប់​»​។

លោក ប៉ាន់ ឃាន់ មេឃុំពង្រ ថ្លែង​នៅ​ថ្ងៃទី​ ២៦ ខែធ្នូ​ថា ពិតជា​មាន​ពលរដ្ឋ​ទៅ​ចាប់ដី​ដើម្បី​ដាំ​ដំណាំ​អាស្រ័យ​ផល​លើដី​រដ្ឋ​នៅ​ចំណុច​នោះ​ប្រាកដ​មែន​។

កន្លងមក​អាជ្ញាធរ​ឃុំ​ក៏បាន​ចុះ​​ទៅប្រាប់​និង​ណែនាំ​ដល់​ពលរដ្ឋ​ផងដែរ ប៉ុន្តែ​ពលរដ្ឋ​បាន​អះអាង​ប្រាប់​អាជ្ញាធរ​ឃុំ​វិញ​ថា គ្រាន់តែ​អាស្រ័យផល​ប៉ុណ្ណោះ និង​មិន​ធ្វើឱ្យមាន​បញ្ហា​លើ​ទីតាំង​ដី​នោះ​​ទេ បើ​រដ្ឋ​ត្រូវការ​ពេលណា​នឹង​ប្រគល់ជូន​វិញ​មិន​ខាន​។

លោក​ថ្លែងថា​៖ «​ពលរដ្ឋ​ក្នុង​ឃុំ​ពង្រ​មិនបាន​ទិញដូរ​ទេ គាត់​ចាប់​អាស្រ័យផល ហើយ​ពេល​ពួក​ខ្ញុំ​ហាមឃាត់ គាត់​ថា បើ​រដ្ឋ​យក​វិញ​ក៏​យកទៅ​ឱ្យតែបាន​អាស្រ័យផល​រយៈពេល​ ២ ​ឬ ៣ ​ឆ្នាំ អ៊ីចឹង​ខ្ញុំ​មិនដឹង​ធ្វើ​ម៉េច​»​។

លោក មេឃុំ​ពង្រ បាន​ប្រាប់​​ថា មាន​ពលរដ្ឋ​ប្រមាណ​ជាង​ ៦០ ​គ្រួសារ បាន​ចូលទៅ​អាស្រ័យផល​នៅ​ទីតាំង​ដី​ស្ថានីយ​ផ្សព្វផ្សាយ និង​ស្ថានីយ​ស្តារ​ព្រៃឈើ​ពង្រ​ចុងកាល់ បើ​គិត​ជា​ផ្ទៃដី​មាន​ប្រមាណ​ជាង​ ១០០ ​ហិកតា ដោយ​ក្នុងនោះ​គ្រួសារ​ខ្លះ​អាស្រ័យផល​ ៥ ​ហិកតា និង​ខ្លះទៀត​ ១០ ​ហិកតា​តាម​លទ្ធភាព​ដែល​ពួកគាត់​អាចធ្វើ​ទៅបាន​។ លោក​ថា ពលរដ្ឋ​ខ្លះ​បាន​អាស្រ័យផល​រយៈពេល​ ២ ​ឆ្នាំ និង​ខ្លះទៀត​បាន​ប្រមាណ​ ៣ ​ឆ្នាំ​នៅលើ​ទីតាំង​នោះ​។

លោក មេឃុំ​ពង្រ បានឱ្យដឹង​ដែរ​ថា ក្រៅពី​ពលរដ្ឋ​ក្នុង​ឃុំ​ពង្រ​ចូល​ទៅ​អាស្រ័យផល​នៅ​ទីនោះ​​ក៏មាន​ពលរដ្ឋ​មួយចំនួន​ផ្សេង​​ទៀត​ចូលទៅ​អាស្រ័យផល​ផងដែរ​។ ​មាន​ពលរដ្ឋ​ខ្លះ​បាន​ទិញ​លក់​តែ​គ្នាឯង​លើដី​នោះ ហើយ​អាជ្ញាធរ​មិនដែល​បានទទួល​ស្គាល់​ឡើយ​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍