ស្វាយរៀងៈ ​នគរបាល​ព្រហ្មទណ្ឌ ខេត្ត​ស្វាយរៀង នៅ​ថ្ងៃទី​ ២៧ ធ្នូ បាន​បញ្ជូន​បុរស​ម្នាក់​ទៅ​តុលាការ បន្ទាប់ពី​ចាប់ខ្លួនបាន​ ២ ​ថ្ងៃ ករណី​វាយ​សម្លាប់​ឪពុក​បង្កើត​របស់ខ្លួន ប្រព្រឹត្ត​នៅ​ភូមិ អង្គ​សាលា ឃុំ ចំបក់ ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង​។

លោក​ គឹម ឡៃ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង ឱ្យដឹង​នៅ​ថ្ងៃទី​ ២៧ ធ្នូ​ថា ជនសង្ស័យ​ឈ្មោះ ប្រាក់ ចិត្ត ភេទ​ប្រុស អាយុ ៣០ ​ឆ្នាំ​។ ចំណែក​ជនរងគ្រោះ​ជា​ឪពុក​ឈ្មោះ ប្រាក់ ទិត្យ អាយុ ៥៤ ​ឆ្នាំ​។ ទាំង​ ២ ​នាក់​រស់នៅ​ភូមិ អង្គ​សាលា ឃុំ​ចំបក់ ស្រុក​ស្វាយជ្រំ​។

ក្រុមគ្រួសារ​បាន​ប្រាប់​សមត្ថកិច្ច​ថា កន្លងមក​ជនសង្ស័យ​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន​យ៉ាងសកម្ម​។ ប៉ុន្តែ​ក្រោយពី​ធ្វើ​សកម្មភាព​សម្លាប់​ឪពុក​ខ្លួន​មក គឺ​មន្ត្រីជំនាញ​បាន​យកទៅ​ពិនិត្យ​រក​សារធាតុញៀន​ក្នុង​ទឹកនោម​មិនឃើញ​មាន​ផ្ទុក​សារធាតុ​ញៀន​ទេ​។ ការ​វាយ​សម្លាប់​ជនរងគ្រោះ​នេះ​សមត្ថកិច្ច​សង្ស័យថា ជា​រឿង​គំនុំ​ច្រើនជាង​ញៀន​ថ្នាំ ព្រោះ​ជនរងគ្រោះ​តែងតែ​ស្តីបន្ទោស​ជនសង្ស័យ​។ លោក​ប្រាប់ថា​៖ «​ករណី​ជនសង្ស័យ យើង​បាន​បញ្ជូនទៅ​តុលាការ​រួចរាល់​ហើយ​នៅថ្ងៃនេះ​ (​ថ្ងៃទី​ ២៧ ​ធ្នូ​) ​តាមរយៈ​នគរបាល​ស្រុក​ស្វាយជ្រំ​»​។

លោក​ ព្រំ សំអុល នាយប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចំបក់ ថ្លែង​តាម​សម្តី​ម្តាយ​របស់​ជនសង្ស័យ​ថា កន្លងមក​កូន​របស់​គាត់​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន​មែន និង​តែងតែ​បង្កជម្លោះ​ជាមួយ​ឪពុកម្តាយ​ស្ទើរ​រាល់ថ្ងៃ​នៅពេលណា​ដែល​ពួកគាត់​និយាយ​ដាស់តឿន​មិនឱ្យ​ជក់​គ្រឿងញៀន​។ ប៉ុន្តែ​ដោយសារ​មិនមាន​ការកែប្រែ ឪពុកម្តាយ បាន​យក​ជនសង្ស័យ​ទៅ​កន្លែង​បន្សាប​គ្រឿងញៀន​នៅ​មណ្ឌល​បន្សាប​គ្រឿងញៀន​មួយ​នៅ​រាជធានី​ភ្នំពេញ​។ ដោយ​ត្រូវ​ចំណាយលុយ​អស់ពី​ ២ ​ទៅ​ ៣ ​ពាន់​ដុល្លារ​ទៀតផង សម្រាប់​ចេញថ្លៃ​សេវា​ព្យាបាល​។ លុះ​នៅវេលា​ម៉ោងជាង​ ៧ ​យប់​ថ្ងៃទី​ ២៥ ធ្នូ នៅពេល​ជនរងគ្រោះ​បាន​ត្រឡប់​មកពី​ធ្វើការ​សំណង់​វិញ​ក៏​ដេក​នៅលើ​គ្រែ​មុខផ្ទះ ស្រាប់តែ​ជនសង្ស័យ​លើក​ដុំថ្ម​ជា​ប្រភេទ​ថ្មភ្នំ​ទៅ​អុកក្បាល​ជនរងគ្រោះ​រហូតដល់​ស្លាប់​ហើយ​អូស​ជនរងគ្រោះ​បំណង​យកទៅ​ទម្លាក់​ក្នុង​ទឹកស្រះ​ក្បែរ​ផ្ទះ​។ ដោយ​ឃើញ​សភាព​បែបនេះ​ស្ត្រី​ជា​ម្តាយ​បាន​រត់​ទៅប្រាប់​អ្នក​ជិតខាង​ឱ្យ​មកជួយ​។ ពេលនោះ ជនសង្ស័យ​បាន​រត់​ទៅ​សំងំ​ក្នុងផ្ទះ​ (​ផ្ទះ​តៀម​ថ្ម​ផ្ទាល់​ដី​) ​ហើយ​ដាក់​គន្លឹះទ្វារ​ពី​ខាងក្នុង​។

លោក​បាន​ថ្លែងថា​៖ «​ដោយសារ​កម្លាំង​យើង​មាន​គ្នាច្រើន មាន​ទាំង​កម្លាំង​ប្រជាពលរដ្ឋ មាន​ទាំង​សមត្ថកិច្ច​នគរបាល យើង​ក៏​ចាប់​ជនសង្ស័យ​បាន​ក្នុងពេល​នោះដែរ​។ រឿងនេះ​ដំណើររឿង​គឺ​មកពី​វា​មាន​គំនុំ​ជាមួយ​ឪពុក​វា ទើប​បាន​ជា​វា​ធ្វើ​បែប​នេះ​»៕