បាត់ដំបងៈ នគរបាល​ស្រុក សំពៅ​លូន នៅ​ថ្ងៃទី ២៨ ធ្នូ បាន​បញ្ជូន​មេខ្យល់​ប្រុស​ស្រី ៣ នាក់ ​ទៅ​ស្នងការដ្ឋាន​នគរបាលខេត្ត​បាត់ដំបង បន្ទាប់ពី​ឃាត់ខ្លួន​បាន ១ ថ្ងៃ​ ខណៈ​ពលករ​ប្រុស ស្រី​ចំនួន ៨៨ នាក់​ ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​អប់រំ​ មុននឹង​​អនុញ្ញាតឱ្យ​វិល​ត្រឡប់​ទៅ​លំនៅឋាន​វិញ។

លោក​ទឹម វិឆ័យ អធិការនគរបាល​ស្រុក សំពៅ​លូន ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ២៨ ធ្នូ​ថា ជន​ទាំង ៣ នាក់​ទី ១-ឈ្មោះ​លាង ចន្ថា ភេទ​ប្រុស អាយុ ៣៥ឆ្នាំ ទី ២-ឈ្មោះ គូ សុផាត ភេទ​ស្រី អាយុ ៣៣ ឆ្នាំ។

ពួកគេ​រស់នៅ ភូមិ ត្រពាំង​ព្រលិត ឃុំ សន្តិភាព ស្រុក សំពៅ​លូន ខេត្តបាត់​ដំបង និងឈ្មោះ អ៊ឹម សុខ​ខ្មុល ភេទ​ប្រុស អាយុ ៣០ ឆ្នាំ មានរ​បរជា អ្នកបើករថយន្ត រស់នៅ​ភូមិ​ព្នៅ ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ខេត្តពោធិ៍សាត់ ។

លោក បញ្ជាក់ថា៖ «ជន​ទាំង ៣ នាក់​នេះ ​សមត្ថកិច្ច​ជំនាញ​ខ្ញុំ​ បាន​បញ្ជូនទៅ​ការិយាល័យ​ជំនាញ​ខេត្ត​នៅថ្ងៃនេះ ​(ថ្ងៃទី ២៨ ធ្នូ)។ ពួកគេ​ត្រូវបាន​ឃាត់ខ្លួន​ ពេល​កំពុង​ធ្វើ​សកម្មភាព​បម្រុង​នាំ​ពលករ​ឆ្លងដែន​ទៅ​ថៃ»។

បើតាម​លោក វិឆ័យ​ កាលពី​វេលា​ទៀបភ្លឺ​ថ្ងៃទី ២៧ ធ្នូ សមត្ថកិច្ច​បានធ្វើការ​ទប់ស្កាត់ ពលករ​ប្រុស​ស្រី​សរុប​ចំនួន​ ៨៨ នាក់។

ក្នុងនោះ​មាន​មនុស្ស​ស្រី​ពេញវ័យ​ចំនួន ៤០ នាក់ ក្មេងៗដែលជា​កូន​របស់​ពលករ​មាន​ចំនួន ២៤ នាក់ ស្រី ១៣​ នាក់ និង​ឃាត់​បាន​មេខ្យល់​ចំនួន ៣ នាក់។

​ពលករ​ទាំង ៨៨ នាក់​នោះ​ មកពី​ខេត្ត សៀមរាប មាន​ចំនួន​ ៣២ ​នាក់ កំពង់ធំ​ ៩ នាក់ និង​ខេត្ត ពោធិ៍សាត់​ ៤៧ នាក់។

លោក​បញ្ជាក់ទៀតថា ចំពោះ​កម្លាំង​ដែល​ឈរជើង​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ​ក្នុងភូមិ​សាស្ត្រ ស្រុក សំពៅ​លូន មាន​កងកម្លាំង​ជួរមុខ​ដូចជា​កងកម្លាំង​ការពារ​នៅតាម​បន្ទាត់​ព្រំដែន ​មាន​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​​គោក​លេខ៨១៧ កម្លាំង​ផ្នែក​សឹក​រង​ស្រុក​សំពៅ​លូន និង​កងកម្លាំង​វរ​សេនា​តូច​លេខ៥៣។

ចំណែក​កម្លាំង​នគរបាល​ស្រុក​សំពៅ​លូន​គឺ​ចុះ​ល្បាត​នៅ​ជួរ​ក្រោយ​ តាម​ដងផ្លូវ​ប៉ុន្តែ​កម្លាំង​ទាំង ២ នេះ​សហការគ្នា​ទៅវិញទៅមក។

លោក​បន្ថែមថា ចំពោះ​ពលករ​ទាំង ៨៨ នាក់​ ត្រូវ​បាន​ធ្វើ​ការអប់រំ និង​បញ្ជូន​ពួកគេ​ឱ្យ​វិលត្រឡប់​ទៅតាម​សហគម​ន៍​​ របស់​ពួកគាត់​វិញ។

លោកបញ្ជាក់​ថា​៖««យើង​មិនបាន​យក​ពលករ​ទាំងនោះ​ ទៅធ្វើ​ច​ត្តា​ឡី​ស័ក​ទេ ​ព្រោះ​ពួកគាត់​មិនទាន់បាន​ឆ្លង​ដែន​​​ចូល​ទឹកដី​ថៃ។ តាម​គោលការណ៍​ បើ​ពលករ​ឆ្លង​ពី​ថៃ​មក ហើយ​ពិនិត្យឃើញថា ​ពួកគេ​មិនទាន់​ចាក់​វ៉ាក់សាំង​ទើបបាន​ធ្វើ​ច​ត្តា​ឡី​ស័ក»។

ជាមួយគ្នា​នេះ គេហទំព័រស្នងការដ្ឋាននគរបាល ខេត្ត​បាត់ដំបង បានសរសេរនៅថ្ងៃទី ២៨ ធ្នូថា ពលករ​សរុប ចំនួន​​ ១០០ ​នាក់ (ស្រី ៣៨ នាក់) ក្នុងនោះ​មាន​ក្មេង​ចំនួន ១៣ ​នាក់ ​(ស្រី ៥​ នាក់) ត្រូវបានអាជ្ញាធរ ថៃ ចាប់បញ្ជូន​មក​កម្ពុជាវិញ តាមប៉ុស្តិ៍នគរបាលអូរ​អន្លក់ ក្នុងឃុំ​ តា​សែន ស្រុក​កំរៀង ខេត្ត បាត់ដំបង។

នៅ​ពេលនោះ ក្រុមគ្រូពេទ្យ​បានធ្វើ​តេស​រហ័ស​រកឃើញ វិជ្ជមាន​កូ​វីដ ១៩ ម្នាក់​ជាម​នុស្ស​ប្រុស ត្រូវ​បាន​បញ្ជូនទៅ​ព្យាបាល​ នៅ​ម​ណ្ឌុ​ល​ត្រាវ​ជូរ​ ក្នុងស្រុក​សំពៅ​លូន។

ចំណែក​ពលករ​ ដែល​បាន​ចាក់​វ៉ាក់សាំង​ ការពារ​ជំងឺ​កូ​វីដ​រួច ​មាន​ចំនួន ៤៤ នាក់ ស្រី ១៧ នាក់ ក្មេង ៥ នាក់ ( ស្រី ២​ នាក់) ​​ត្រូវបញ្ជូន​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​ នៅ​ម​ណ្ឌុ​ល​គីឡូម៉ែត្រលេខ ៩ ក្នុង ស្រុក​សំពៅ​លូន។

ដោយឡែក​ពលករ​ដែល​មាន​កាត​ចាក់​វ៉ាក់សាំង ចំនួន ៥៥ នាក់ (ស្រី ២១ នាក់) ក្នុងចំណោម ១០០ នាក់ និង ក្មេង ​៨ ​នាក់ ​(ស្រី ៣ នាក់) ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង​ ចាប់ពី​អាយុ ៦ ឆ្នាំ​ដល់​អាយុ ១២ ឆ្នាំ ​ត្រូវក្រុម​គ្រូពេទ្យ​ចាក់វ៉ាក់​សាំងឱ្យបាន​ចំនួន ៦ នាក់ (ស្រី ២ នាក់) និងត្រូវ​អនុញ្ញាតឱ្យ​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ​ ខណៈ​ក្មេងៗ​ដែល​មិន​ទាន់​​​គ្រប់​អាយុ​ចាក់​វ៉ាក់សាំង​ ត្រូវ​នៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​៕