ភ្នំពេញៈ លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវ​ជន និង​កីឡា​ បញ្ជាក់​ថា ការប្រឡង​សញ្ញា​បត្រ​មធ្យមសិក្សា​ទុតិយ​ភូមិ (បាក់​ឌុប) រយៈ​ពេល ២ ថ្ងៃ​នៅ​ថ្ងៃទី ២៧-២៨ ធ្នូ​ បានដំណើ​ការ​ទៅ​ ដោយ​ជោគ​ជ័យ​ជាង​កាលពី​សម័យ​ប្រឡង​ឆ្នាំ​មុនៗ​ទៅ​ទៀត។

លោក ហង់​ជួន ណា​រ៉ុ​ន ថ្លែង​បែប​នេះ ក្នុងពេល​បង្ហាញ​ចំណាប់​អារម្មណ៍ ស្ដីពី​ការ​បូកសរុប​ ដំណើរការ​សំណេរ ការប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ ​ចំណេះ​ទូទៅ សម័​យ​ប្រឡង ២៧-២៨ ធ្នូ ២០២១។

លោក​ថ្លែង​ថា​៖ «បន្ទាប់ពី​ការ​ការប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ (បាក់​ឌុប) រយៈពេល ២ ថ្ងៃ​ នៅ​ថ្ងៃទី ២៧-២៨ ធ្នូ​នេះ​ទៅ យើង​ឃើញថា ដំណើការ​ប្រឡង ដែល​រៀបចំ​ឡើង​ តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ដំណើការ​ទៅ​ប្រកប​ដោយ​ជោគ​ជ័យ​ក្នុង​រយៈពេល ២ ថ្ងៃនេះ»​។

លោក​ឱ្យដឹ​ង​ថា​ ដើមឡើយ​ការព្រួយបារម្ភ​កន្លងមក​របស់​ក្រសួង គឺ​ការព្រួយបារម្ភ​ខ្លាច​ការប្រឡង​នេះ​ អាចបង្កើត​ឱ្យ​មាន បញ្ហា​ផ្សេងៗ ជា​ពិសេស​ភាព​រអាក់​រអួល​ ដោយ​សារ​កូ​វីដ ១៩ ប៉ុន្ដែ​ជា​លទ្ធផល ​គឺ​មិន​មាន​កើតឡើង​ទេ។

លោក​បញ្ជាក់​ថា​ លទ្ធផល​នេះ​ គឺ​ដោយសារ​តែ​ការដាក់ចេញ​ នូវ​វិធានការ​ប្រយុទ្ធ​ប្រឆាំង​នូវ​ជំងឺ​កូ​វីដ ១៩ ដ៏​ត្រឹមត្រូវ ​ដែល លោក ហ៊ុន សែន បានដាក់​ចេញ ជាពិសេស​ការផ្ដោត​លើ​ការចាក់​វ៉ាក់សាំង​ ដល់​ប្រជាជន​បង្កើត​ភាព​សាំ​នៅក្នុង​សហគមន៍​និង​វិធាន​ការ​៣កុំ​៣​ការពារ​។

​វិធានការ​នេះ ​បាន​បង្កលក្ខណៈ​ឱ្យ​ការប្រឡង​លើក​នេះ ដំណើការ​ដូចមុន។ ជាពិសេស​ទៅទៀត​ ស្ថានភាព​នៅក្នុង​មណ្ឌល​ប្រឡង​មាន​ភាព​ល្អ​ប្រសើរ​ជាង​ការប្រឡង​កាលពី​ឆ្នាំមុនៗ​ទៅ​ទៀត។

បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ របស់​ក្រសួង​អប់រំ ​ស្តីពី​ដំណើរការ​សំណេរ​នៃ​ការប្រឡង​នេះ បានឱ្យដឹងថា ដំណើរការ​សំណេ​រ​​​នៃ​ការប្រឡង​ បាន​ប្រព្រឹត្តទៅ​រយៈពេល​២ថ្ងៃ គឺនៅ​ថ្ងៃទី ២៧-២៨ ខែធ្នូ ឆ្នាំ ២០២១ ដោយមាន​មណ្ឌល​ប្រឡង​ចំនួន ២០៤ ចែក​ចេញ​ជា ៤ ៦១៦ បន្ទប់ និងមាន​បេក្ខ​ជន​ចុះឈ្មោះ​ប្រឡង​ សរុប​ចំនួន ១១៤ ១៨៥ ​នាក់ ស្រី ៦០ ៣៩៧ នាក់ ។

ក្នុងនោះ​បេក្ខជន​ចំណេះ​ទូទៅ ចំនួន ១០៤ ២៩៨ នាក់ ស្រី ៥៧ ១២៣ នាក់ និង​បេក្ខជន​បំពេញ​វិជ្ជា និង​ស្វៃរិន​ចំណេះ​ទូទៅ​ចំនួន ៩ ៨៨៧ នាក់ ស្រី ៣ ២៧៤ នាក់។

បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ​ចំនួន ៣៩ ៦១០ នាក់ (ស្រី ២៣ ៦៨៣ នាក់) និង​ថ្នាក់ វិទ្យា​សាស្ត្រ​សង្គម​ចំនួន ៧៤ ៥៧៥​ នាក់ (ស្រី ៣៧ ៧១៤ នាក់)។

ក្នុង​ដំណើរការ​ប្រឡង​រយៈពេល​ពីរ​ថ្ងៃ​នេះ បេក្ខជន​អវត្តមាន​សរុប ៤ ៤៣០ នាក់ (ស្រី ១ ៨២៧ នាក់) ត្រូវជា ៣,៨៨ ភាគ​រយ នៃ​ចំនួន​បេក្ខ​ជន​ចុះឈ្មោះ​ប្រឡង​សរុប។

បេក្ខជន​មាន​បញ្ហា​សុខភាព​ចំនួន ៣៦ នាក់ ក្នុងនោះ​បេក្ខជន​មាន​ជំងឺ​កូ​វីដ ១៩ ដែលជា​កីឡាការិនី ចំនួន ២ នាក់ បេក្ខជន​មាន​កម្ដៅ​លើស​ធម្មតា ដែល​ត្រូវ​ដាក់ឱ្យ​ប្រឡង​នៅ​បន្ទប់​ដាច់ដោយឡែក​ចំនួន ៣ នាក់ និង​បេក្ខជន​មាន​បញ្ហា​សុខភាព​ដទៃ​ទៀត​ចំនួន ​៣១​ នាក់។

ជារួម បេក្ខជន​ដែលមាន​បញ្ហា​សុខភាព​ទាំង​អស់ អាច​បន្ត​ការប្រឡង​រហូតដល់​ចប់ ក្រោម​ការយក​ចិត្ត​ទុក​ដាក់​ពី​គណៈ​មេ​ប្រយោគ ភ្នាក់​ងារ​សុខា​ភិបាល និង អាជ្ញា​ធរ​ពាក់​ព័ន្ធ។

ក្រសួង​អប់រំ​​បញ្ជាក់ថា តាម​ការគ្រោង​ទុក លទ្ធផល​នៃ​ការប្រឡង​នឹងត្រូវ​ប្រកាស​នៅតាម​មណ្ឌល​ប្រឡង​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល នា​រសៀល​ថ្ងៃទី​១៨ ខែមករា ឆ្នាំ ២០២២ និង​នៅតាម​មណ្ឌល​ប្រឡង​ ក្នុង​ខេត្ត​ផ្សេងទៀត នា​ថ្ងៃទី ១៩ ខែមករា ឆ្នាំ​ ២០២២ និង​ផ្សព្វ​ផ្សាយ​តាម​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ផ្លូវការ ​របស់​ក្រសួង​អប់រំ facebook.​com/​moeys.gov.kh៕