វ៉ាក់សាំង​កូវីដ​១៩ ប្រភេទ Pfizer ដែល​ផ្តល់​ដោយ​ប្រទេស​ អូស្រ្តាលី ដំណាក់​កាល​ទី ២ ចំនួន​ជាង ១,៥ លាន​ដូស ត្រូវ​បាន​ដឹក​មក​ដល់កម្ពុជា​យប់​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ ២០២១ នេះ ហើយ​វ៉ាក់សាំង​នេះ នឹង​ត្រូវ​យក​ទៅ​ចាក់​ជូន​ជា​ដូស​ជំរុញ​ ឬ ដូស​ទី ៤។ នេះ​បើ​តាម​ការ​ថ្លែងឱ្យ​ដឹង​ពី​លោក​ស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង សុខាភិបាល ក្នុង​ពេល​ចុះ​ទទួល​វ៉ាក់សាំង​នា​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ។

លោក​ស្រី​បាន​ឱ្យ​ដឹង​ថា វ៉ាក់សាំងនេះ​ត្រូវ​បាន​ផ្តល់​ទៅ​ដល់​ក្រុម​ខ្សែ​ជួរ​មុខ​ដែល​មាន​មន្រ្តី​សុខាភិបាល ហើយ​លោក​ស្រី​ស្នើ​ឱ្យ​ប្រជាពលរដ្ឋ​កុំមាន​ការ​ព្រួយ​បារម្ភ ដោយ​រាជរដ្ឋាភិបាល​នឹង​ផ្តល់​វ៉ាក់សាំង​ដូស​ជំរុញ​នេះ​ទៅ​ដល់​ប្រជាពលរដ្ឋ​គ្រប់​ផ្នែក​ទាំង​អស់​ដោយ​មិនមាន​ការ​រើសអើងឡើយ។

លោកស្រី យក់ សម្បត្តិ មាន​ប្រសាស​ន៍ថា៖ «វ៉ាក់សាំង​នេះ​ត្រូវ​រក្សាទុក​ក្នុង​សីតុណ្ហភាព​រហូត​ដល់​ដក ៨០ (-80) អង្សារសេ ដែល​ជាហេតុ​យើង​ត្រូវ​ធ្វើ​ការ​ទុក​ដាក់​ដោយ​ប្រយ័ត្ន​ប្រយែង និង​យក​ចិត្ត​ទុក​ដាក់​ជា​ទីបំផុត។ គណៈកម្មការ​ចំពោះ​កិច្ច​ចាក់វ៉ាក់សាំង​កូវីដ​១៩ ក្នុងក្របខ័ណ្ឌ​ទូទាំង​ប្រទេស​ក៏​បាន​ប្រជុំ​ពិភាក្សា​គ្នា​រួច​ហើយ​ដែរ​ពី​ការ​បែងចែក ការ​ដឹក​ជញ្ជូន​នូវ​វ៉ាក់សាំង Pfizer នេះ»។

លោកស្រីក៏​បាន​បញ្ជាក់​ដែរ​ថា គណៈកម្មការ​ចំពោះ​កិច្ច​កំពុង​តែ​ធ្វើ​ការ​សិក្សា​លើ​ការ​ចាក់​និង​ប្រើប្រាស់​វ៉ាក់សាំង Pfizer នេះ ហើយ​លទ្ធផលនៃ​ការ​ប្រើប្រាស់​ឬ​អាច​ចាក់​ខ្វែង​គ្នា​ជាមួយ​នឹង​វ៉ាក់សាំង​ផ្សេង​បាន​យ៉ាង​ណា​នោះ​ គឺ​គណៈកម្មការ​បច្ចេកទេស​នឹង​ធ្វើ​ការ​ប្រកាស​នៅ ២ សប្តាហ៍​ខាង​មុខ​ទៀត។

គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាល​អូស្រ្តាលី បាន​ផ្តល់​វ៉ាក់សាំង​ប្រភេទ Pfizer ជា​ជំនួយ​ទ្វេភាគី​ចំនួន​ជាង ២,៣​លាន​ដូស​មក​ដល់​រាជរដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា ដែល​ការ​មក​ដល់​លើក​ទី ១ កាល​ពី​យប់​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ ២០២១ ដែល​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បានអញ្ជើញ​ទទួល​ដោយ​ផ្ទាល់​ចំនួន ៧៨៣ ០០០ដូស៕