ភ្នំពេញៈ រដ្ឋាភិបាល​តាមរយៈ​ក្រសួង​ការពារជាតិ​នឹង​ប្រារព្ធ​​ពិធី​អបអរសាទរ​ខួប​ទី​ ២៣ ​ឆ្នាំ​​នៃ​ទិវា​នយោបាយ​ឈ្នះ-ឈ្នះ​នៅ​ថ្ងៃទី​ ៣០-៣១ ​ធ្នូ​ឆ្នាំនេះ ដើម្បី​​បង្ហាញ​ពី​សមិទ្ធផល​នៃ​ការបង្រួបបង្រួម​ជាតិ​ដែល​បាន​នាំមក​នូវ​សុខសន្តិភាព និង​ការឯកភាព​ទឹកដី​ពេញ​លេញជា​ប្រវត្តិសាស្ត្រ បន្ទាប់ពី​បែកបាក់​តាំងពី​ក្រោយ​ចក្រភព​អង្គរ​។

ក្នុង​សន្និសីទ​សារព័ត៌មាន​​កាលពី​ថ្ងៃទី​ ២៧ ខែធ្នូ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​នយោបាយ និង​កិច្ចការបរទេស​ក្រសួង​ការពារជាតិ​កម្ពុជា លោក ណឹម សុវត្ថិ បាន​ថ្លែងថា ការប្រារព្ធ​ទិវា​នយោបាយ​ឈ្នះ​ឈ្នះ​​ ឬ​ហៅថា​ទិវា​បញ្ចប់​សង្គ្រាម​ស៊ីវិល ដើម្បី​ជា​ការរំឭក និង​លើកកម្ពស់​ការយល់ដឹង​ដល់​ប្រជាជន​ពាក់ព័ន្ធ​នឹង​ទិវា​នេះ​។

លោក​ថា​៖ «​ខ្ញុំ​ជឿជាក់​ថា​ការប្រារព្ធ​ទិវា​នេះ គឺជា​ការលើក​កម្ពស់​ការបង្ហាញ​ឱ្យ​ឃើញ​ជាក់ស្តែង​ជ្រួតជ្រាប មិន​ត្រឹមតែ​សម្រាប់​កម្ពុជា​សន្តិភាព​ទេ​គឺ​សម្រាប់​មនុស្សជាតិ​ទូទៅ​ផងដែរ ដែល​យើង​បានឃើញ​កន្លងមកនេះ​យើង​បាន​ចាប់អារម្មណ៍​​មួយ​នៅពេល​ដែល​មាន​ការបិទបើក​ជាមួយ​បញ្ហា​កូវីដ​ ១៩ ​នេះ មាន​ការយក​ចិត្ត​ទុកដាក់​ទស្សនកិច្ច​ពី​គណៈប្រតិភូ​បរទេស​នៅ​កម្ពុជា គឺមាន​ច្រើន​»​។

លោក​បាន​ចាត់ទុកថា ដំណើរទស្សនកិច្ច​នេះ​គឺជា​ការយកចិត្ត​ទុកដាក់​របស់​គណៈប្រតិភូ​បរទេស ដែល​ចាប់ផ្តើម​ស្វែងយល់​ពី​កម្ពុជា​ដែល​បាន​កសាង​សន្តិភាព​ពេញលេញ​នាពេល​កន្លង​​មក​។ លោក​ថា ទិវា​នេះ​នឹង​ក្លាយជា​មរតក​ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ឱ្យ​យល់​កាន់តែ​​ច្បាស់ និង​ខិតខំ​ការពារ​ថែរក្សា សុខសន្តិភាព សុខដុមរមនា​របស់​ប្រជាជន​។

លោក​បានបញ្ជាក់​ផងដែរ​ថា ការបញ្ចប់​សង្គ្រាម​ដោយ​នយោបាយ​ឈ្នះ-ឈ្នះ គឺជា​ទស្សនវិជ្ជា​សនិ្តភាព និង​មាន​ការប្តេជ្ញាចិត្ត​ខាង​នយោបាយ​ដ៏មុតមាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ។

លោក​ថា​៖ «​នយោបាយ​ឈ្នះ​ឈ្នះ​មាន​ឫសគល់​ពិតប្រាកដ​ជាក់ស្តែង ជា​សច្ចភាព​ប្រវត្តិសាស្ត្រ ហើយ​ការដឹកនាំ​ប្រកប​ដោយ​មគ្គុទ្ទេសក៍​របស់​សម្តេចតេជោ នៅតែ​ជា​កម្រិត​អស្ចារ្យ​សម្រាប់​ប្រវត្តិសាស្ត្រ​ជាតិ​យើង​ហើយក៏​រួមចំណែក​ជាមួយ​ដំណើរ​នៃ​ការស្វះស្វែងរក​ការបញ្ចប់​សង្គ្រាម​»​។

លោក ណឹម សុវត្ថិ ឱ្យដឹង​ដែរ​ថា ការ​ប្រារព្ធ​ពិធី​នេះ​នឹងធ្វើ​ឡើង​ក្រោម​អធិបតីភាព ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​សាងសង់​វិមាន​ឈ្នះ​ឈ្នះ លោក ទៀ បាញ់ តំណាង​លោក​​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។

បើតាម​លោក ណឹម សុវត្ថិ ទិវា​នយោបាយ​ឈ្នះ​ឈ្នះ​នឹង​ប្រារព្ធ​ឡើង​ក្នុង​បរិវេណ​វិមាន​ឈ្នះ​ឈ្នះ​ចាប់ពី​ថ្ងៃទី​ ៣០ រហូត​​ដល់​យប់​រំលង​អធ្រាត្រ​ថ្ងៃទី​ ៣១ ខែធ្នូ ឆ្នាំ​ ២០២១ ដើម្បី​អបអរសាទរ​ខួប​ ២៣ ​ឆ្នាំ (២៩ ​ធ្នូ​ ១៩៩៨-២៩ ​ធ្នូ​ ២០២១) ​នៃ​ទិវា​នយោបាយ​ឈ្នះ​ឈ្នះ​ដែល​បានបញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា និង​ខួប​លើក​ទី​ ៣ ​នៃ​ការដាក់​ឱ្យ​ដំណើរការ​ជា​សាធារណៈ​វិមាន​ឈ្នះ​ឈ្នះ​នេះ​។

ពិធី​នេះ​នឹងមាន​ការរៀបចំ​ស្តង់​តាំងពិព័រណ៍​សមិទ្ធផល​នានា​នៅតាម​បណ្តា​អង្គភាព​ចំណុះឱ្យ​ក្រសួងការពារជាតិ​ព្រមទាំង​មានការ​បាញ់​កាំជ្រួច ការប្រគំ​តន្ត្រី និង​ពិធី​កម្សាន្ត​នានា​ជាច្រើន​ទៀត ដើម្បី​បង្ហាញ​ពី​ការអបអរសាទរ​នៃ​ទិវា​ដ៏សំខាន់​​សម្រាប់​មាតុភូមិ​កម្ពុជា​។

គោលការណ៍​នយោបាយ​ឈ្នះ-ឈ្នះ​គឺ​ការដាក់ចេញ​នូវ​គោលការណ៍​គន្លឹះ​សម្រាប់​ធានា​សុវតិ្ថភាព​ ៣ ​យ៉ាង ទី​ ១- ​ការធានា​នូវ​សុវតិ្ថភាព​ខាង​ផ្នែក​សន្តិសុខ​ផ្ទាល់ខ្លួន​របស់​បុគ្គល​ និង​គ្រួសារ​ដែល​ស្ម័គ្រចិត្ត​បញ្ចប់សង្គ្រាម និង​ការប្រយុទ្ធ ហើយ​​វិលត្រឡប់​មក​រួមរស់​នៅក្នុង​ចរន្តគោល​នៃ​សង្គមជាតិ​វិញ​។

ទី​ ២- ​ការធានា​នូវ​សុវតិ្ថភាព​ខាង​ផ្នែក​អាជីព​ដោយ​ផ្តល់ជូន​អ្នក​ទាំងនោះ​នូវ​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការបន្ត​មុខរបរ និង​ការរកស៊ី​ចិញ្ចឹមជីវិត​ដែល​គេ​ធ្លាប់មាន​កន្លងមក និង​ទី​ ៣- ​ការធានា​នូវ​សុវតិ្ថភាព​ខាង​ផ្នែក​កម្មសិទិ្ធ​ដែល​គេ​ធ្លាប់មាន និង​កាន់កាប់​ក្នុង​រយៈពេល​កន្លងមក ដោយ​គ្មាន​ការដកហូត ​ឬ​រុះរើ​ឡើយ​។

គួររំឭកថា សំណង់​វិមាន​ឈ្នះ-ឈ្នះ​បាន​ចាប់ផ្តើម​សាងសង់​ឡើង​កាលពី​ខែកុម្ភៈ ឆ្នាំ​ ២០១៦ លើ​ទំហំ​ដី​ ៨ ​ហិកតា​ស្ថិតនៅ​សង្កាត់​ព្រែក​តាសេក​ ខណ្ឌ​ជ្រោយចង្វារ ប៉ែក​ខាង​​ជើង​រាជធានី​ភ្នំពេញ​។ សំណង់ នេះ​ត្រូវបាន​ចាត់ទុក​ជា​សំណង់​និមិត្តរូប​នៃ​សុខសន្តិភាព​ដែល​កម្ពុជា​ទទួលបាន ក្រោយពី​បញ្ចប់​សង្គ្រាមស៊ីវិល​ដ៏រ៉ាំរ៉ៃ​ជាច្រើន​ទសវត្សរ៍​កន្លងមក​។ ​បន្ទាប់​​ពី​បើកសម្ពោធ​ជា​ផ្លូវការ​កាលពី​ចុងខែ​ធ្នូ ឆ្នាំ​ ២០១៨ វិមាន​អនុស្សាវរីយ៍ «​នយោបាយ​ឈ្នះ-ឈ្នះ​» ​ក៏បាន​បើកទទួល​ភ្ញៀវទេសចរ​ឱ្យចូល​ទស្សនា​ផងដែរ ដើម្បី​បាន​ស្វែងយល់​ពី​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​។

ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា លោក គិន ភា បាន​ថ្លែងថា ការរៀបចំ​ទិវា​នយោបាយ​ឈ្ន ឈ្នះ មាន​សារៈសំខាន់​ដើម្បី​ជាការ​រំឭក​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ចងចាំ​តម្លៃ​នៃ​សន្តិភាព ស្ថិរភាព​នយោបាយ និង​ការបង្រួបបង្រួម​ជាតិ​។

លោក​បាន​បញ្ជាក់ថា​៖ «​ទិវា​នេះ​ក៏​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​នឹកឃើញ​នូវ​ការខិតខំ​ប្រឹងប្រែង​​របស់​ថ្នាក់ដឹកនាំ ជាពិសេស​​សម្តេចតេជោ ហ៊ុន សែន ដែល​បាន​ខិតខំ​ប្រឹងប្រែង​នាំមក​នូវ​សន្តិភាព​ពេញលេញ​សម្រាប់​ប្រទេស​កម្ពុជា ហើយ​យើង​ក៏គួរ​ចងចាំ​មេរៀន​ប្រវត្តិសាស្ត្រ​​ដែល​ឈឺចាប់​ប្រកប​ដោយ​សោកនាដកម្ម និង​បញ្ចៀស​ការដើរ​ជាន់​ដាន​ប្រវត្តិសាស្ត្រ​»៕