កណ្ដាលៈ លោក ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ​ឱ្យ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ដឹកនាំ​អន្តរក្រសួង​ពាក់ព័ន្ធ​រៀបចំ​សេចក្ដី​ប្រកាស​រួម ដើម្បី​ផ្ទេរ​អនីតិជន​ប្រព្រឹត្ដ​ល្មើស​ពី​ពន្ធនាគារ​មក​ដាក់​នៅ​មណ្ឌល​យុវនីតិសម្បទា​ថ្មី​ស្ថិតនៅ​ស្រុក​កណ្ដាលស្ទឹង​ឱ្យ​ស្រប​ទៅតាម​ច្បាប់ ខណៈ​បច្ចុប្បន្ន អនីតិជន​ដែល​ត្រូវបាន​បាន​ឃុំខ្លួន​តាម​ពន្ធនាគារ​មាន​ជាង​ ១ ៤០០​ នាក់​។

លោក ស ខេង បាន​ថ្លែង​ក្នុងពេល​អញ្ជើញ​ជា​អធិបតី​នៃ​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ មណ្ឌល​យុវនីតិសម្បទា​ស្ថិតនៅ​ឃុំ​បាគូរ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល កាលពី​ថ្ងៃទី​ ២៨ ធ្នូ ថា មណ្ឌល​នេះ គឺជា​សមិទ្ធផល​ថ្មី​មួយទៀត​របស់​រាជដ្ឋាភិបាល​ដែល​ចាត់ទុកជា​សមិទ្ធផល​ប្រវត្ដិសាស្ដ្រ​ដំបូងបង្អស់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​កន្លងមក​មិនទាន់​មាន​មណ្ឌល​បែបនេះ​នៅឡើយ​ទេ​។ មណ្ឌល​នេះ គឺ​សំដៅ​ទទួលយក​អនីតិជន ដែលមាន​ទំនាស់​នឹង​ច្បាប់ ដើម្បី​អប់រំ កែប្រែ​ខ្លួន​ឱ្យ​ក្លាយជា​យុវជន​ល្អ​នៅក្នុង​សង្គម-កម្ពុជា​។ ការបង្កើត​មណ្ឌល​នេះ​ឡើង សមស្រប​ទៅនឹង​ស្ថានភាព និង​បរិបទ​ជាក់ស្ដែង​នៃ​កម្ពុជា ដោយ​ផ្អែក​ទៅនឹង​ច្បាប់​ជាតិ និង​វិធាន​ជា​បទដ្ឋាន​អប្បបរមា​នៃ​អង្គការ​សហប្រជាជាតិ​សម្រាប់​គ្រប់គ្រង​វិស័យ​យុត្តិធម៌​អនីតិជន និង​វិធាន​របស់​អង្គការ​សហប្រជាជាតិ​សម្រាប់​ការងារ​អនីតិជន​ដែល​ត្រូវបាន​ដកហូត​សិទ្ធិ​សេរីភាព​។

លោក ស ខេង បញ្ជាក់ថា​៖ «​ឥឡូវ​ថ្ងៃនេះ​យើង​យកមក​តែ ​៥០ នាក់ ដើម្បី​ជា​ការសាកល្បង​។ ប៉ុន្ដែ​យើង​អត់​ទាន់​មាន​លិខិត​បទដ្ឋាន​គតិយុត្ដ​គ្រប់គ្រាន់​ទេ​។ បើសិន​យើង​មិន​ធ្វើ​ប្រកាស​អន្តរក្រសួង គឺ​ក្រសួង​សង្គមកិច្ច ក្រសួង​យុត្ដិធម៌ ក្រសួងមហាផ្ទៃ និង​ក្រសួង​ការងារ ត្រូវ​រៀបចំ​ជា​ប្រកាស​អន្តរក្រសួង​មួយ ដើម្បី​គ្រប់គ្រង​មណ្ឌល​យុវនីតិសម្បទា និង​ដើម្បី​ផ្ទេរ​អនីតិជន​ពី​ពន្ធនាគារ​»​។ ការធ្វើ​ប្រកាស​នេះ ក្នុង​នោះ​ក្រសួង​សង្គមកិច្ច​ទទួល​ខុសត្រូវ​ក្នុង​ការគ្រប់គ្រង​មណ្ឌល​នេះ​ផ្ទាល់ គ្រប់គ្រង​លើ​ការផ្គត់ផ្គង់ លើ​ការចំណាយ​ទាំងអស់​។ ក្រសួងយុត្តិធម៌ ទាក់ទង​នឹង​ការផ្ទេរ​អ្នកទោស និង​សេវា​ច្បាប់​ផ្សេងៗ​។ ក្រសួង​ការងារ​ទាក់ទង​នឹង​ការបណ្ដុះបណ្ដាល​វិជ្ជាជីវៈ ចំណែក​ក្រសួងមហាផ្ទៃ​ទាក់ទង​នឹង​រឿង​សន្តិសុខ​ជាដើម​។

លោក​ឧបនាយករដ្ឋមន្ត្រី​បញ្ជាក់ថា​៖ «​ដូច្នេះ​ត្រូវធ្វើ ហើយ​ខ្ញុំ​ស្នើថា ឯកឧត្ដម វង សូត ជា​អ្នក​ផ្តួចផ្ដើម ព្រាង​ឡើង​នូវ​ប្រកាស​អន្តរក្រសួង​នឹង​ភ្លាម​ជាបន្ទាន់ ព្រោះ​បើ​យើង​ផ្ទេរ​មក​ពិតមែន​ជា​រឿង​ផ្ទៃក្នុង​របស់​យើង ប៉ុន្ដែ​វា​ខុសច្បាប់​។ អ៊ីចឹង​ហើយ​ត្រូវ​ជំរុញ​អាហ្នឹង​។ ឃើញថា ផ្ទេរ​មក​នៅ​ស្ងៀមៗ ផ្ទេរ​អ្នកទោស​ពី​នោះមក​មានបំណង​អី គេ​ចោទ​យើង​បាន អាហ្នឹង​»​។

បើតាម​លោក ស ខេង បច្ចុប្បន្ន​ចំនួន​អនីតិជន ដែល​ត្រូវបាន​ឃុំខ្លួន​នៅ​ពន្ធនាគារ​ទូទាំងប្រទេស​មាន​ចំនួន​សរុប​ ១ ៤២២ ​នាក់​។ ក្នុងនោះ​ជន​ត្រូវ​ចោទ​ ៤៥០ ​នាក់ ជនជាប់ចោទ​មាន ៣១០ ​នាក់ ពិរុទ្ធជន​មាន​ ៤២១ ​នាក់ និង​ទណ្ឌិត ២៤១ ​នាក់​។ ប្រភេទ​បទល្មើស​អនីតិជន​ទាំងនេះ មាន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ៤៥២ ​នាក់ ស្មើនឹង ៣១,៨ ​ភាគរយ​។ ប្លន់​និង​លួច​មាន​ស្ថាន​ទម្ងន់ទោស ១២៥ ​នាក់ ស្មើនឹង ៨, ៧៩ ភាគរយ​។ លួច ១០៩ ​នាក់ ស្មើនឹង​ ៧,៦៧ ​ភាគរយ​។ មនុស្សឃាត និង​ឃាតកម្ម ៣៤ ​នាក់ ស្មើនឹង ២,៣៩ ​ភាគរយ​។ រំលោភ​សេពសន្ថវៈ ៣១ ​នាក់ ស្មើនឹង ២,១៨ ​ភាគរយ និង​ផ្សេងៗ​មាន​ចំនួន ៦៧១ ​នាក់ ស្មើនឹង ៤៧,៧២ ​ភាគរយ​។

លោក​បញ្ជាក់ថា​៖ «​ដោយឡែក​ថ្ងៃនេះ​គឺ​យើង​បាន​បញ្ជូន​មក​មណ្ឌល​យុវនីតិសម្បទា តែ ៥០ នាក់​ទេ ដើម្បី​ជា​ការសាកល្បង ដែល​ក្នុងនោះ​មាន​អនីតិជន​ប្រព្រឹត្ដ​ល្មើស​ពាក់ព័ន្ធ​គ្រឿងញៀន ២៦ ​នាក់ លួច ២២ ​នាក់ ប៉ុនប៉ង​សម្លាប់​ ១ ​នាក់ និង​រួមភេទ ១ ​នាក់​។ នេះ​ជា​បញ្ហា​ដែល​យើង​មាន​ការបារម្ភ​ណាស់ ទាក់ទង​នឹង​ទំពាំង​ស្នង​ឫស្សី បើ​ទំពាំង​វា​ពុក ពី​ឥឡូវ​ទៅហើយ បាន​អី​ស្នង​កើត​។ នេះ​ជា​បញ្ហា​អនាគត​សម្រាប់​ប្រទេស​យើង​»​។

លោក វង សូត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច ថ្លែង​ក្នុង​ពិធី​នេះដែរ​ថា ការកសាង​មណ្ឌល​យុវនីតិសម្បទា​ពិតជា​មាន​សារៈសំខាន់ ដែលជា​ទឡ្ហីករណ៍​មួយ បង្ហាញ​ពី​ការយកចិត្ត​ទុកដាក់​របស់​ថ្នាក់ដឹកនាំ​នៃ​រាជរដ្ឋាភិបាល​លើ​ការជំរុញ​ការអនុវត្ត​ច្បាប់​ស្តីពី​យុត្តិធម៌​អនីតិជន តាមរយៈ​ការពង្រឹង​ប្រសិទ្ធភាព​ការអប់រំ បណ្ដុះបណ្ដាល និង​ការស្តារ​នីតិសម្បទា​ស្របតាម​ស្ថានភាព​វិវឌ្ឍន៍​ជាក់ស្តែង​របស់​កម្ពុជា​។

អាស្រ័យ​ដោយ​ស្ថានភាព និង​តម្រូវការ​ជាក់ស្ដែង​ក្នុង​ពេល​បច្ចុប្បន្ន ក៏ដូចជា​ពេលអនាគត ក្រសួង​បាន​ស្នើសុំ និង​ទទួលបាន​គោលការណ៍​ពី​រាជរដ្ឋាភិបាល ដើម្បី​អភិវឌ្ឍ និង​រៀបចំ​កសាង មណ្ឌល​ផ្តល់​សេវា​ចាំបាច់​មួយចំនួន​បន្ថែម​ទៀត​នៅលើ​ផ្ទៃដី បុរី-កុមារ មិត្តភាព​កម្ពុជា-បារាំង-ហុងគ្រី​ចំនួន​ ១២៥ ២៩០ ​ម៉ែត្រការ៉េ ស្ថិតនៅ​ឃុំ​បាគូរ ស្រុក​កណ្ដាលស្ទឹង​នេះ​។

លោក​បាន​បញ្ជាក់ថា​៖ «​ជារួម​មណ្ឌល​នេះ​ពុំ​ត្រឹមតែ​ជា​កន្លែង​ទុកដាក់​អនីតិជន​ប្រព្រឹត្តល្មើស​នឹង​ច្បាប់​ប៉ុណ្ណោះ​ទេ​តែ​ជា​កន្លែង​អប់រំ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដើម្បីឱ្យ​ក្លាយ​ទៅ​ជា​ធនធាន​មនុស្ស​សម្រាប់​សង្គមជាតិ​នាពេល​អនាគត​ស្របតាម​ឆន្ទៈ​ដ៏មោះមុត​របស់​រាជរដ្ឋាភិបាល ជាពិសេស​ក្នុង​ការឈាន​ទៅ​សម្រេច​គោលដៅ គ្មាន​នរណាម្នាក់ ត្រូវបាន​បំភ្លេចចោល ហើយ​មណ្ឌល​នេះ ជា​សមិទ្ធផល​មួយ​ថ្មី​ទៀត លើ​ទឹកដី​សន្តិភាព គឺជា​ចំណង​ដ៏ថ្លៃថ្លា មិនអាច​កាត់ថ្លៃ​បាន​របស់​រាជរដ្ឋាភិបាល​»​។

បើតាម​លោក​ វង សូត មណ្ឌល​យុវនីតិសម្បទា នេះ​មាន​ផ្ទៃដី​ទំហំ ៤៨ ៨៣០ ​ម៉ែត្រការ៉េ​។ មណ្ឌល​នេះ​បាន​បើក​ការដ្ឋាន​សាងសង់ កាលពី​ថ្ងៃទី​ ៣០ ខែមីនា ឆ្នាំ​ ២០២០​។ ដោយ​ចំណាយ​ថវិកា​សរុប​ប្រមាណ​ជិត ៤ ​លាន​ដុល្លារ​អាមេរិក​។

ក្រសួង​សង្គមកិច្ច​បាន​សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​រៀបចំ​រចនាសម្ព័ន្ធ​គ្រប់គ្រង ដែល​ជំហាន​ដំបូង មាន​មន្ត្រី​បម្រើ​ការងារ​សរុប​ចំនួន ៦៥ ​នាក់​ក្នុង​នោះ​មាន ក្រសួង​សង្គមកិច្ច​ចំនួន​ ៥០ ​នាក់ និង​ក្រសួងមហាផ្ទៃ​មាន​ចំនួន​ ១៥ ​នាក់​។

មណ្ឌល​នេះ​មាន​បន្ទប់​សម្រាប់​មន្ត្រី​បំពេញ​ការងារ និង​មន្ដ្រី​ស្នាក់នៅ បន្ទប់​ទទួលភ្ញៀវ បន្ទប់​ថែទាំ និង​បន្ទប់​សម្រាប់​អនីតិជន​ស្នាក់នៅ​ចំនួន ៩២ ​បន្ទប់ ដែល​អាច​ទទួល​អនីតិជន​មក​ស្នាក់នៅ​រហូតដល់ ១ ១៤០ នាក់​។ ប៉ុន្តែ​សម្រាប់​ជំហាន​សាកល្បង​ដំបូង​នេះ ក្រសួង​សង្គមកិច្ច​ទទួល​ដាក់​អនីតិជន​ត្រឹម​ចំនួន​ ៥០ ​នាក់​សិន​ប៉ុណ្ណោះ ជំហាន​បន្ទាប់​សម្រាប់​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២២ ក្រសួង​មាន​គម្រោង​បង្កើន​ចំនួន​អនីតិជន​រហូតដល់ ៤០០ ​នាក់​៕

វីដេអូ៖