ភ្នំពេញៈ កម្ពុជា និង​ជប៉ុន​បាន​សម្រេច​ឯកភាព​គ្នា​រៀបចំ​ខួប ៣០ ​ឆ្នាំ​នៃ​ប្រតិបត្តិ​ការរក្សា​សន្តិភាព​ (PKO) ​នៅ​ឆ្នាំ​ ២០២២ ​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ​នៃ​ប្រទេស​ទាំង​ ២​។

ការឯកភាព​គ្នា​នេះ ត្រូវ​បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក Masahiro Mikami ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា​កាលពី​ថ្ងៃទី​ ២៨ ខែធ្នូ ឆ្នាំ​ ២០២១​។

លោក Masahiro Mikami ថ្លែង​នៅក្នុង​ជំនួប​នោះ​ថា ឆ្នាំ​ ២០២២ ​គឺជា​ខួប​ ៣០ ​ឆ្នាំ​នៃ​ប្រតិបត្តិការ​រក្សា​សន្តិភាព​ (PKO) ជប៉ុន​នឹង​ត្រៀម​បញ្ជូន​នាវា​ស្វ័យ​ការពារ​ជើង​ទឹក​មក​ចុះចត​នៅ​កម្ពុជា​ហើយក៏​នឹង​អញ្ជើញ លោក ហ៊ុន ម៉ាណែត ទៅ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ជប៉ុន​ផងដែរ​។

ចំពោះ​វិស័យ​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ ជាពិសេស​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អាស៊ាន ជប៉ុន​បាន​ផ្ដល់​រថយន្ត​មួយចំនួន ជូន​ដល់​ក្រសួង​ការបរទេស និង​ផ្តល់នូវ​សម្ភារ​មួយ​ចំនួន​ដែរ ហើយ​ជប៉ុន​ក៏​នឹង​ត្រៀម​ផ្ដល់​នូវ​កិច្ចសហប្រតិបត្តិការ​លើ​ការគាំទ្រ​ដល់​កម្ពុជា ធ្វើ​យ៉ាងណា​ឱ្យ​កម្ពុជា​ទទួល​បាន​នូវ​ភាពជោគជ័យ​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន នាពេល​ខាងមុខ​។

បើតាម​លោក Masahiro Mikami ចំពោះ​កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា និង​ជប៉ុន ដែល​ក្នុងនោះ​មាន​លើ​វិស័យ​សុខាភិបាល ដែល​ជប៉ុន​បាន​ផ្ដល់​វ៉ាក់សាំង AstraZeneca មកដល់​កម្ពុជា​ចំនួន​ ៣០ ​ម៉ឺនដូស និង​ការត្រៀម​ផ្ដល់ជំនួយ​ដល់​កម្ពុជា​ជា​បន្តទៀត​ដែល​នឹងត្រូវ​ចុះហត្ថលេខា​នៅពេល​ខាងមុខ និង​រួម​ជាមួយនឹង​ការគាំទ្រ​របស់​ជប៉ុន​ធ្វើយ៉ាងណា​ជំរុញ​កំពង់ផែ​ក្រុងព្រះសីហនុ​ឱ្យទៅជា​កំពង់ផែ​ស្នូល​របស់​កម្ពុជា​។

ជា​ការឆ្លើយតប លោក ហ៊ុន សែន បាន​ថ្លែងអំណរគុណ ចំពោះ​រាជរដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដែល​បាន​ជួយ​ដល់​កម្ពុជា​នា​រយៈពេល​កន្លងមក ជាពិសេស​ថ្មីៗ​នេះ ដែល​បាន​ជួយ​លើ​ការផ្ដល់​វ៉ាក់សាំង​ប្រឆាំង​កូវីដ​ ១៩ មកដល់​កម្ពុជា និង​បាន​ផ្តល់ជំនួយ​ដទៃទៀត​ជា​បរិក្ខារ​ផ្សេងៗ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​ ១៩​។

លោកនាយក​រដ្ឋមន្ត្រី​ក៏​បាន​ថ្លែងអំណរគុណ ចំពោះ​ការផ្ដល់​ជា​រថយន្ត ការផ្ដល់​ជា​សម្ភារ កិច្ចសហប្រតិបត្តិការ​ក៏ដូចជា​ការគាំទ្រ​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​កម្ពុជា​ទទួលបាន​នូវ​ភាពជោគជ័យ​នៃ​កិច្ចប្រជុំ​អាស៊ាន​នាពេល​ខាងមុខ​។

ជាមួយ​គ្នា​នេះ លោកនាយក​រដ្ឋមន្ត្រី​បាន​ថ្លែងថា ក្នុង​ខួប​ ៣០ ​ឆ្នាំ​នៃ​ប្រតិបត្តិ​ការរក្សា​សន្តិភាព​ (PKO) នៅ​ឆ្នាំ​ ២០២២ ភាគី​ទាំង​ ២ គប្បី​ធ្វើ​ខួប​នេះ​ឱ្យ​ក្លាយ​ទៅ​ជា​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ ២ លើ​វិស័យ​ការពារជាតិ ហើយ​លោក​បាន​ស្វាគមន៍​ចំពោះ​ការអញ្ជើញ លោក ហ៊ុន ម៉ាណែត ទៅធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ជប៉ុន និង​ការចូល​ចត​នៃ​នាវា​ស្វ័យការពារ​ជើង​ទឹក​នៅ​កម្ពុជា​ផងដែរ​៕