ភ្នំពេញៈ ដំណើរការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់ឌុប​) រយៈពេល ២ ​ថ្ងៃ​នៅ​ថ្ងៃទី​ ២៧-២៨ ​ធ្នូ បាន​ប្រព្រឹត្ត​ទៅដោយ​រលូន បើទោះបី​មាន​បេក្ខជន​មួយចំនួន​មាន​បញ្ហា​សុខភាព​អំឡុងពេល​ដំណើរ​សំណេរ និង​បេក្ខជន​អវត្តមាន​កើនឡើង​ដល់​ចំនួន ៤ ៤៣០ នាក់​។ នេះ​បើតាម លោក រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​។

លោក រស់ សុវាចា ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃទី​ ២៨ ធ្នូ​នេះ​ថា ជាទូទៅ​ដំណើរការ​ប្រឡង​បាក់ឌុប​ថ្ងៃ​ ២៨ ធ្នូ ២០២១ នៅ​ទូទាំង​ប្រទេស​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន ប្រកប​ដោយ​សន្តិសុខ និង​សណ្តាប់ធ្នាប់​ល្អ និង​មាន​ការគោរព​បទប្បញ្ញត្តិ​ដោយ​បេក្ខជន និង​គ្រប់ភាគី​ពាក់ព័ន្ធ តាម​ការគ្រោងទុក ក្រោម​កិច្ចសហការ​យ៉ាង​ស្អិតល្មួត​ជាមួយ​ក្រសួង​ស្ថាប័ន​ចំនួន​ ៧ រួមមាន​ក្រសួង​មហាផ្ទៃ ក្រសួង​សុខាភិបាល កងរាជអាវុធហត្ថ អង្គភាព​ប្រឆាំង​អំពើពុករលួយ សហភាព​សហព័ន្ធ​យុវជន-កម្ពុជា អគ្គិសនី​កម្ពុជា និង​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេជោ​។

លោក​ថ្លែងថា​៖ «​ដោយឡែក​បេក្ខជន​ប្រឡង​នៅតាម​មណ្ឌល​មួយចំនួន​មាន​បញ្ហា​សុខភាព​នៅក្នុង​អំឡុងពេល​ប្រឡង​ក្នុង​ដំណើរ​សំណេរ​នា​ព្រឹក​នេះ​។ បញ្ហា​សុខភាព​របស់​បេក្ខជន រួមមាន​អាការ​វិលមុខ​ខ្យល់គរ ក្អួត និង​បានទទួល​ការជួយ​សង្គ្រោះ​បឋម​ពី​សំណាក់​ក្រុមគ្រូពេទ្យ​ប្រចាំការ​នៅតាម​មណ្ឌល​ប្រឡង​ ដើម្បី​អាច​ត្រឡប់​ចូលរួម​បន្ត​ការប្រឡង​បាន​»​។

បើតាម​ក្រសួង​អប់រំ លទ្ធផល​បូកសរុប​ដំណើរការ​សំណេរ​នៅ​ព្រឹក​ថ្ងៃទី​ ២ នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ គឺ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ល្អ មិនមាន​បាតុភាព​មិន​ប្រក្រតី​ណាមួយ​គួរឱ្យកត់សម្គាល់​ឡើយ​។ ក្រសួង​បញ្ជាក់ថា បើទោះបី​មាន​ភ្លៀង​ធ្លាក់​តិចតួច និង​អាកាសធាតុ​ចុះ​ត្រជាក់​នៅតាម​មណ្ឌល​មួយចំនួន ប៉ុន្តែ​ដំណើរការ​សំណេរ​នៅតែមាន​ដំណើរ​ការល្អ មាន​សភាព​ស្ងប់ស្ងាត់ និង​របៀបរៀបរយ​ល្អ ដោយមាន​ការយក​ចិត្ត​ទុកដាក់​ក្នុង​ការបំពេញ​តួនាទី​ភារកិច្ច និង​ទទួល​ខុសត្រូវ​ខ្ពស់​ពី​ភាគី​ពាក់ព័ន្ធ​។

ក្រសួង​បានឱ្យដឹងថា ក្នុង​ដំណើរការ​សំណេរ​នា​ព្រឹក​ថ្ងៃទី​ ២ ​នេះ មាន​ ២ ​មុខវិជ្ជា អក្សរសាស្ត្រ​ខ្មែរ និង​រូបវិទ្យា (​ថ្នាក់​វិទ្យាសាស្ត្រ​) និង​គណិតវិទ្យា និង​សីលធម៌ ពលរដ្ឋវិជ្ជា (​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​)​។ បេក្ខជន​ប្រឡង​ឆ្នាំនេះ​មាន​ចំនួន ១១៤ ១៨៣ ​នាក់ ស្រី ៦០ ៣៩៧ នាក់ មាន ២០៤ ​មណ្ឌល ចែកចេញ​ជា ៤ ៦១៦ ​បន្ទប់​។ នៅ​ព្រឹក​នេះ​បេក្ខជន​អវត្តមាន​សរុប​មាន​ចំនួន ៤ ៤៣០ ​នាក់ (​គិត​បូក​យោង​ទាំង​អវត្តមាន​ថ្ងៃទី​ ២៧ ខែធ្នូ ឆ្នាំ​ ២០២១) ដែល​ស្មើនឹង ៣,៨៨ ​ភាគរយ​នៃ​បេក្ខជន​សរុប​ទូទាំង​ប្រទេស​។

ក្រសួង​បញ្ជាក់ថា​៖ «​បេក្ខជន​ទាំងអស់​បាន​គោរព​បទប្បញ្ញត្តិ​នៃ​ការប្រឡង ព្រមទាំង​បាន​ប្រឹងប្រែង​ក្នុង​ការធ្វើ​កិច្ចការ​តាម​សមត្ថភាព​រៀងៗ​ខ្លួន​ដោយ​គ្មាន​យក​សំណៅ​ឯកសារ និង​ឧបករណ៍​អេឡិចត្រូនិក​ចូល​ក្នុង​មណ្ឌល​ប្រឡង​ឡើយ​»​។

ក្រសួង​អប់រំ​បញ្ជាក់ថា បេក្ខជន​មាន​បញ្ហា​សុខភាព​ចំនួន ៣៦ ​ករណី​ក្នុង​នោះ​បេក្ខជន​មាន​ជំងឺ​កូវីដ​ ១៩ ដែលជា​កីឡាការិនី​ចំនួន ២ ​នាក់ បេក្ខជន​មាន​កម្តៅ​លើស​ធម្មតា ដែល​ត្រូវ​ដាក់ឱ្យ​ប្រឡង​នៅ​បន្ទប់​ដាច់ដោយឡែក​ចំនួន ៣ នាក់ និង​បេក្ខជន​មាន​បញ្ហា​សុខភាព​ដទៃទៀត​ចំនួន​ ៣១ ​នាក់​។ បេក្ខជន ២ ​នាក់​មាន​បញ្ហា​សុខភាព​ត្រូវបាន​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ហើយ​ត្រូវបាន​បញ្ជូន​ត្រឡប់មក​ចូលរួម​ដំណើរការ​សំណេរ​វិញ និង​បេក្ខនារី​ម្នាក់ទៀត​ត្រូវ​បាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ក្រោយពេល​បញ្ចប់​ដំណើរ​សំណេរ​ព្រឹក​ថ្ងៃទី​ ២ ​នេះ​។ ជារួម​បេក្ខជន​ដែល​មាន​បញ្ហា​សុខភាព​ទាំងអស់​អាច​បន្ត​ការប្រឡង​រហូតដល់​ចប់ ក្រោម​ការយកចិត្ត​ទុកដាក់​ពី​គណៈមេប្រយោគ​។ ក្រសួង​កំណត់​យក​ថ្ងៃទី​ ១៨ ខែមករា ពេល​រសៀល សម្រាប់​ប្រកាស​លទ្ធផល​ប្រឡង​នៅ​រាជធានី-ភ្នំពេញ និង​ខេត្តកណ្តាល និង​នៅ​ថ្ងៃទី ១៩ ខែមករា ឆ្នាំ​ ២០២២ សម្រាប់​ខេត្ត​ផ្សេងៗ​៕