ភ្នំពេញៈ ក្រុមការងារ​ទប់ស្កាត់​ករណី​សន្លប់ និង​បង្ការ​គ្រោះថ្នាក់​ការងារ​របស់​កម្មករ​និយោជិត តាម​សហគ្រាស គ្រឹះស្ថាន (​ទ.ស.ប.ក) នៃ​របប​សន្តិសុខ​សង្គម (​ប.ស.ស) រកឃើញ​មូលហេតុ​ចម្បងៗ​ចំនួន​ ៧ ចំណុច​ដែល​បណ្តាល​ឱ្យ​មាន​ករណី​ដួលសន្លប់​របស់​កម្មករ​នៅតាម​បណ្តា​រោងចក្រ ខណៈ​ក្នុង​ឆ្នាំ​ ២០២១ ​នេះ មាន​ករណី​កម្មករនិយោជិត​សន្លប់​ចំនួន ៣ ​រោងចក្រ​។

ការរកឃើញ​នេះ​ត្រូវបាន​ប្រកាស​នៅក្នុង​កិច្ចប្រជុំ​របស់​ក្រុមការងារ ទ.ស.ប.ក កាលពី​រសៀល​ថ្ងៃទី​ ២៧ ធ្នូ នា​សាលប្រជុំ​ធំ​នៃ ប.ស.ស ស្នាក់ការ​កណ្ដាល រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ ដែល​កិច្ចប្រជុំ​នេះ គឺជា​កិច្ចប្រជុំ​លើកដំបូង​នៅក្នុង​ឆ្នាំ​ ២០២១ បន្ទាប់ពី​ស្ថានភាព​នៃ​ជំងឺ​កូវីដ​ ១៩ បាន​ធូរស្រាល​ឡើងវិញ​។

លោក​ ប៉ុក វណ្ណថាត ទីប្រឹក្សា​អម​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​ក្រុមការងារ​ទប់ស្កាត់​ករណី​សន្លប់ និង​បង្ការ​គ្រោះថ្នាក់​ការងារ​របស់​កម្មករ​និយោជិត តាម​សហគ្រាស​គ្រឹះស្ថាន​នៃ ប.ស.ស បាន​លើកឡើងថា បើទោះបីជា​ស្ថិត​ក្នុង​ស្ថានភាព​ដ៏លំបាក​នៃ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ​យ៉ាងណា​ក៏ដោយ​ក្រុមការងារ ទ.ស.ប.ក នៅតែ​បន្តសកម្មភាព​អនុវត្ត​កិច្ចការងារ​របស់ខ្លួន​។ នៅក្នុង​ឆ្នាំ​ ២០២១ ​មាន​ករណី​កម្មករ​និយោជិត​សន្លប់​ចំនួន​ ៣ ​រោងចក្រ មាន​កម្មករនិយោជិត​ជា​ស្ត្រី​សរុប ៣៨ ​នាក់ ហើយ​ភាគច្រើន​នៃ​កម្មករនិយោជិត​ដួលសន្លប់ ដោយ​ផ្តើមចេញពី​កម្មករនិយោជិត​សន្លប់​ម្នាក់ ឬ​ ២ ​នាក់​ប៉ុណ្ណោះ បន្ទាប់មក​មាន​កម្មករ​និយោជិត​បាន​ដួលសន្លប់​តៗ​គ្នា​ជា​បន្តបន្ទាប់ ដែល​គេ​ហៅថា​ជា​ជំងឺ​ស្នេហ៍​ហ្វូង​។

លោក​បាន​បញ្ជាក់ថា​៖ «​យោងតាម​របាយការណ៍​របស់​ក្រុមការងារ ទ.ស.ប.ក បានបង្ហាញ​ឱ្យឃើញថា តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​ទៅលើ​ករណី​កម្មករនិយោជិត​ដួលសន្លប់​កន្លងមក ឃើញ​ថា មូលហេតុ​ចម្បងៗ​ដែល​បណ្តាល​ឱ្យ​មាន​ករណី​សន្លប់​កើតមានឡើង​គឺ​បណ្តាល​មកពី ១- ​បញ្ហា​គីមី ២- ​បញ្ហា​រូបសាស្ត្រ ៣- ​បញ្ហា​ជីវសាស្ត្រ ៤- ​បញ្ហា​ចិត្តសាស្ត្រ​សង្គម ៥- ​បញ្ហា​មេកានិក ៦- បញ្ហា​វិទ្យាសាស្ត្រ​រៀបចំ​ការងារ និង​ ៧- បញ្ហា​ការងារ​បន្ថែម​ម៉ោង​ជាដើម​»​។

លោក ប៉ុក វណ្ណថាត បាន​បញ្ជាក់ថា​៖ «​ក្នុងចំណោម​បញ្ហា​ទាំងអស់ ដែល​ក្រុមការងារ​បាន​ស្វែង​រកឃើញ​ខាងលើនេះ គឺ​បញ្ហា​ចិត្តសាស្ត្រ​សង្គម បញ្ហា​រូបសាស្ត្រ និង​បញ្ហា​ជីវសាស្ត្រ មាន​ភាគរយ​ខ្ពស់​ជាងគេ​»​។

លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៨ ធ្នូ​ថា ជា​រៀងរាល់​ឆ្នាំ​តាម​ការអង្កេត គឺមាន​កម្មករ​ដួលសន្លប់​ចន្លោះ​ពី ១ ០០០ ទៅ ១ ៥០០ ​នាក់​។ ប៉ុន្តែ​តួលេខ​នៃ​ឆ្នាំ​ចុងក្រោយ​នេះ គឺ​ឃើញ​មាន​ការថយចុះ​គួរឱ្យ​កត់សម្គាល់​។ កត្តា​ដែល​ដួលសន្លប់​នេះ គឺ​ដូច​អ្វីដែល​បាន​រកឃើញ​អ៊ីចឹង​ខណៈ​ការចុះ​អង្កេត​ដោយផ្ទាល់ គឺ​នៅតាម​សហគ្រាស រោងចក្រ នៅតែមាន​ការខ្វះចន្លោះ​នៅក្នុង​ការអនុវត្ត​វិធាន​សុខភាព​សុវត្ថិភាព​នៅ​កន្លែងធ្វើការ​។ លោក អាត់ ធន់ បន្តថា ចំពោះ​ការសាងសង់​អគារ​ការងារ​របស់​សហគ្រាស​គ្រឹះស្ថាន គឺ​នៅតែ​កើតមាន ការមិនទាន់​សាងសង់​ត្រូវ​តាម​ស្តង់ដា​។

លោក​បញ្ជាក់ថា​៖ «​ជាងនេះទៅទៀត យើង​ក៏​ឃើញ​ការធ្វេសប្រហែស​របស់​និយោជក ដែល​បាន​សាងសង់​ទីតាំង​មាន​ទំហំ​ធំ ហើយ​បិទទ្វារ​ជិត​មិនមាន​ខ្យល់​ចេញចូល​ល្អ បណ្តាល​ឱ្យ​ក្តៅ​ខ្លាំង ក៏​នៅតែ​ជា​បញ្ហា​ធំ​ដែរ ស្របពេល​នៅតាម​បណ្តា​រោងចក្រ​ទាំងនោះ គឺមាន​ការប្រើប្រាស់​សារធាតុ​គីមី មិនមាន​ស្លាក​សញ្ញា​ច្បាស់លាស់​ទៀត​»​។

នៅពេល​ក្រុមការងារ​ក្រសួង​បាន​រកឃើញ​អំពី​មូលហេតុ​ទាំងនេះ លោក អាត់ ធន់ រំពឹងថា ក្រសួង​នឹងមាន​វិធានការ​ឱ្យ​បាន​ល្អ​ប្រសើរ​ចំពោះ​រោងចក្រ​សហគ្រាស គ្រឹះស្ថាន ដែល​មិនទាន់​អនុវត្តបាន​ត្រឹមត្រូវ​ឱ្យ​អនុវត្ត​វិធានការ​ឱ្យបាន​ត្រឹមត្រូវ​វិញ និង​ចុះ​ត្រួតពិនិត្យ​រាល់កន្លែង​ធ្វើការ​នានា ដើម្បី​បង្ការ​ការដួលសន្លប់​របស់​កម្មករ​កម្ពុជា​។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC) និយាយថា ក្នុង​ចំណោម​កត្តា​ទាំង​ ៧ GMAC ឃើញថា កត្តា​ចម្បង​ដែលនាំឱ្យ​មានការ​សន្លប់​ ឬ​ទន់ដៃ​ទន់ជើង​នោះ គឺ​ទី​ ១ កត្តា​ចិត្តសាស្ត្រ​សង្គម ដែល​កម្មករ​មាន​ជំងឺ​តានតឹង​អារម្មណ៍ និង​ការភិតភ័យ​តៗ​គ្នា​។ ចំពោះ​កត្តា​ចម្បង​ទី​ ២ គឺ​កត្តា​ជីវសាស្ត្រ Biology ដែល​ការបរិភោគ​អាហារ​មិន​ទៀងទាត់​របស់​កម្មករ និង​ការមិន​មានចំណេះដឹង​គ្រប់គ្រាន់​អំពី​អាហារូបត្ថម្ភ Nutrition និង​បញ្ហា​សុខភាព​ផ្ទាល់ខ្លួន​របស់​កម្មករ​មួយចំនួន​មាន​ភាព​ទន់ខ្សោយ ដែល​មិនមែន​បង្កឡើង​មកពី​ស្ថានភាព​រោងចក្រ​ទាំងស្រុង​នោះទេ​។

ដូច្នេះ​លោក កាំង ម៉ូនីកា បញ្ជាក់ថា​៖ «GMAC គឺជា​សមាជិក​របស់​ក្រុមការងារ​ទប់ស្កាត់​ករណី​សន្លប់ និង​បង្ការ​គ្រោះថ្នាក់​ការងារ​របស់​កម្មករ​និយោជិត យើង​មាន​ផែនការ​ការងារ​ប្រចាំឆ្នាំ ក្នុង​នោះ​មាន​ការផ្តោត​ជា​ចម្បង​លើ​ការអប់រំ​ផ្សព្វផ្សាយ និង​បណ្តុះបណ្តាល​ដល់​ទាំង​កម្មករនិយោជិត និង​អ្នក​គ្រប់គ្រង​រោងចក្រ​»៕

វីដេអូ៖