ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ព្រមាន​ចាត់វិធានការ​ច្បាប់​ទៅលើ​រថយន្ត​ធុន​ធ្ងន់​ដែល​នៅតែ​បន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ២០ ​ភាគរយ​ដោយ​ឃាត់​រថយន្ត​យកទៅ​រក្សាទុក​រយៈពេល​ ១ ​ឆ្នាំ ដោយ​គ្មាន​ការលើកលែង​។ នេះ​បើ​យោងតាម​​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ចុះ​ថ្ងៃទី​ ២៧ ខែធ្នូ ឆ្នាំ​ ២០២១​។

ការព្រមាន​នេះ​ធ្វើឡើង​ក្រោយពី​មន្ត្រី​មាន​សមត្ថកិច្ច​ប្រចាំ​ស្ថានីយ​ជញ្ជីង​អចល័ត និង​ជញ្ជីង​ចល័ត បាន​បង្ក្រាប និង​ស្ទាក់​ចាប់បាន​បទល្មើស​ថ្មី​ចំនួន​ ៧៥ ​គ្រឿង​។

យោងតាម​សេចក្តី​ជូនដំណឹង​ដដែល​នោះបាន​ឱ្យដឹងថា ទោះបីជា​គណៈកម្មាធិការ​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ បាន​ធ្វើការ​ផ្សព្វផ្សាយ អប់រំ​ណែនាំ​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ព្រមទាំង​បានចេញ​សេចក្តី​ជូនដំណឹង​បន្តបន្ទាប់ ក៏​នៅតែមាន​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន ឬ​ម្ចាស់​រថយន្ត​ធុន​ធ្ងន់ និង​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់​មួយចំនួន​តូច នៅតែ​ព្រងើយកន្តើយ និង​មិន​ព្រម​ចូលរួម​អនុវត្តតាម​បទប្បញ្ញត្តិ​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ជាធរមាន​ឱ្យបាន​ត្រឹមត្រូវ​នៅឡើយ​។

សេចក្តី​ជូនដំណឹង​ដដែល​បាន​ឱ្យដឹង​បន្តថា រហូត​មក​ដល់​បច្ចុប្បន្ន​នេះ នៅតែមាន​រថយន្ត ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ដែល​ផ្ទុក​ទម្ងន់​លើសពី ២០ ​ភាគរយ ធ្វើ​ចរាចរណ៍​នៅលើ​បណ្តាញ​ផ្លូវថ្នល់ ហើយ​ត្រូវបាន​មន្ត្រី​មាន​សមត្ថកិច្ច​ប្រចាំ​ស្ថានីយ​ជញ្ជីង​អចល័ត និង​ជញ្ជីង​ចល័ត​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ធ្វើការ បង្ក្រាប និង​ស្ទាក់​ចាប់បាន​ចំនួន​ ៧៥ ​គ្រឿង​។

សេចក្តី​ជូនដំណឹង​នេះ​បាន​ព្រមាន​ថា​៖ «​ក្នុងករណី​នៅតែ​បណ្តែតបណ្តោយ​ឱ្យ​អ្នកបើកបរ ឬ​ចរាចរ​រថយន្ត​ផ្ទុក​ទម្ងន់​លើស កម្រិត​កំណត់ ជាពិសេស​ការផ្ទុក​ទម្ងន់​លើសពី ២០ (​ម្ភៃ​) ​ភាគរយ ឡើងទៅ ធ្វើ​ចរាចរណ៍​នៅតាម​បណ្ដាញ​ផ្លូវថ្នល់ នឹងត្រូវ​ឃាត់ទុក​រថយន្ត​ក្នុង​រយៈពេល​ ១ ​ឆ្នាំ ស្របតាម​មាត្រា​ ៦០ នៃ​ច្បាប់​ស្តីពី​ផ្លូវថ្នល់ ដោយ​គ្មាន​ការលើកលែង​តទៅទៀត​ឡើយ​»​។

ក្រសួង​សាធារណការ​ក៏​បាន​ធ្វើការ​ក្រើនរំឭក​សាជាថ្មី​ទៅកាន់​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន ម្ចាស់​រថយន្ត​ធុន​ធ្ងន់ ម្ចាស់ការដ្ឋាន​អាជីវកម្ម​ថ្ម ម្ចាស់​ដេប៉ូ​ខ្សាច់ ម្ចាស់​ការដ្ឋាន​ជីក​យក​អាចម៍ដី ឬ​ប្រតិបត្តិករ​ដឹកជញ្ជូន​ធុនធ្ងន់​ទាំងអស់ និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ចូលរួម​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់ ដើម្បី​ពង្រឹង​វិធានការ​អនុវត្តតាម​បទប្បញ្ញត្តិ​ច្បាប់​ស្តីពី​ផ្លូវថ្នល់​ និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ និង​ប្រសិទ្ធផល​ល្អ​។ «​គណៈកម្មាធិការ ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ សង្ឃឹម​ជឿជាក់ និង​សូម​អំពាវនាវ​ដល់​សមាគម​ដឹកជញ្ជូន​ទំនិញ​ផ្លូវគោក សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន ម្ចាស់​រថយន្ត​ធុន​ធ្ងន់ ម្ចាស់​ការដ្ឋាន​អាជីវកម្ម​ថ្ម ម្ចាស់​ដេប៉ូ​ខ្សាច់ ម្ចាស់​ការដ្ឋាន ជីក​យក​អាចម៍ដី ឬ​ប្រតិបត្តិករ​ដឹកជញ្ជូន​ធុន​ធ្ងន់​ទាំងអស់ នឹង​ចូលរួម​អនុវត្តតាម​ការក្រើន​រំឭក​សាថ្មី​នៃ​សេចក្តី​ជូនដំណឹង​នេះ ឱ្យបាន​ម៉ឺងម៉ាត់​បំផុត មាន​ប្រសិទ្ធភាព និង​ដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​»​។

លោក គឹម បញ្ញា នាយក​អង្គការ មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​នៅ​កម្ពុជា​បាន​លើកឡើងថា វិធានការ​ទាំងនេះ​គឺ​មិនមាន​អ្វី​ថ្មី​នោះទេ គ្រាន់តែ​ពេលកន្លងមក ដោយសារ​តែ​មាន​ការអនុគ្រោះ​ក្នុងពេល​ប្រទេស​ជួប​វិបត្តិ​កូវីដ ១៩ រដ្ឋាភិបាល ក៏បាន​សម្រេច​បន្ធូរបន្ថយ​។ លោក បាន​បន្តថា ក្រោយពី​វិធានការ​បន្ធូរបន្ថយ​បាន​អនុវត្ត​រួចហើយ ក្នុង​ពេលនេះ វា​ដល់ពេល​ហើយ ដែល​ក្រសួង​ត្រូវ​អនុវត្ត​វិធានការ​ច្បាប់​ដោយ​គ្មាន​លើកលែង ចំពោះ​យានយន្ត​ដែល​ប្រព្រឹត្ត​ល្មើសច្បាប់ ដើម្បី​ការពារ​ផលប្រយោជន៍​រួម​។

លោក​ថា​៖ «​ផ្អែកទៅលើ​ស្ថានភាព​ប្រឈម​លើ​ការវាយតម្លៃ​ខាង​ស្ថាប័ន​រដ្ឋាភិបាល លោក​អាច​ពិនិត្យមើល​វិធានការ​កាន់តែ​ធ្ងន់ធ្ងរ​ជាង​ហ្នឹង​បន្ថែមទៀត ក្នុងករណី​អ្នក​ដែល​បើកបរ​ក្តី ក្រុមហ៊ុន​ក្តី គាត់​មិន​មាន​ការរាងចាល​។ មានតែ​ការអនុវត្ត​វិធានការ​ច្បាប់​ឱ្យបាន​តឹងរ៉ឹង​ឱ្យ​បាន​ម៉ឺងមាត់ បន្ទាប់ពី​យើង​បាន​ធ្វើការ​ផ្សព្វផ្សាយ​បាន​ទូលំទូលាយ​រួចមកហើយ​។ ព្រោះ​មានតែ​វិធានការ​ទាំងនេះ​ទេ ទើប​មាន​ប្រសិទ្ធភាព ជំរុញ​ការចូលរួម​គោរព​ច្បាប់​ពី​អ្នកប្រើប្រាស់ ផ្លូវ រួមទាំង​រថយន្ត​ដឹកទំនិញ​ដែល​អាច​នឹង​ដឹក​លើស​កម្រិត​»​។

លោក គឹម បញ្ញា ក៏បាន​លើកឡើង​ដែរ​ថា ដើម្បី​ចៀសវាង​ពី​បទល្មើស​ទាំងនេះ ក្រុមហ៊ុន​ត្រូវ​ធ្វើការ​ឃ្លាំមើល និង​ពិនិត្យ​រាល់​សកម្មភាព​នានា​របស់​អ្នកបើកបរ​របស់ខ្លួន ខណៈ​ក្រសួង​សាធារណការ ក្រៅពី​អនុវត្ត​ច្បាប់ និង​បន្ត​អប់រំ​ផ្សព្វផ្សាយ​អំពី​បទល្មើស​ទាំងនេះ គឺ​ត្រូវ​ពិនិត្យ​ទៅលើ​ទុក្ខលំបាក​របស់​អ្នកបើកបរ ឬ​ម្ចាស់​រថយន្ត​ធំ ដើម្បី​យកមក​ដោះស្រាយ​ក្នុងពេល​ដែល​ប្រទេសជាតិ​កំពុង​ប្រឈម​នឹង​វិបត្តិ​កូវីដ​ ១៩ ផងដែរ​។

កាលពី​ថ្ងៃទី​ ៣០ ខែកញ្ញា ឆ្នាំ​ ២០២១ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​លើកលែង​បន្ធូរបន្ថយ​ច្បាប់ ដោយបាន​ប្រគល់​រថយន្ត​ដែល​បាន​ឃាត់ទុក​ដោយសារ​បទល្មើស​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់​ចំនួន ២២៩ ​គ្រឿង​ទៅឱ្យ​ម្ចាស់​វិញ​ក្រោយពី​រក្សាទុក​រយៈពេល​ ១ ​ឆ្នាំ ដែល​ជា​ការផ្ដល់​ឱកាស​ដល់​ម្ចាស់​រថយន្ត​ទាំងនោះ​ចូលរួម​គោរព​ប្រតិបត្តិ និង​អនុវត្តតាម បទប្បញ្ញត្តិ​ច្បាប់​ឱ្យ​ម៉ឺងម៉ាត់ និង​ត្រឹមត្រូវ​ទាំងអស់​គ្នា​៕