ភ្នំពេញៈ ជាថ្មី​ម្តងទៀត លោក ហ៊ុន ម៉ាណែត ដែលជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​នាពេល​អនាគត មកពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បបួល លោក សម រង្ស៊ី ដែល​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស ភ្នាល់​គ្នា ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ជា​ដដែលៗ​ថា លោក ហ៊ុន ម៉ាណែត ទទួលបាន​សញ្ញាបត្រ «​ប្រភេទ​ ២» ឬ «​សញ្ញាបត្រ​យោគយល់​» ពី​សាកលវិទ្យាល័យ​នៅក្រៅ​ប្រទេស​។

លោក ហ៊ុន ម៉ាណែត ដែល​បច្ចុប្បន្ន​ជា​​អគ្គមេបញ្ជាការរង​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ព​ជើងគោក​បាន​សរសេរ​លើ​ហ្វេសប៊ុក​លោក​​នៅ​ថ្ងៃទី​ ២៨ ធ្នូ ថា លោក​បាន​រៀន​នៅ​បណ្ឌិត្យសភា​យោធា​អាមេរិក (West Point) ថ្នាក់​បរិញ្ញាបត្រ នៅ​សាកលវិទ្យាល័យ​ញូវយ៉ក (New York University) ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​នៅ​សាកលវិទ្យាល័យ​ប្រ៊ីសស្តុល (Bristol University) នៅ​ចក្រភព​អង់គ្លេស ថ្នាក់បណ្ឌិត​ផ្នែក​សេដ្ឋកិច្ច​។

លោក​បន្តថា បើសិន​ជា​លោក សម រង្ស៊ី អាចឱ្យ​សាលា​ទាំង​ ៣ ​នេះ​បញ្ជាក់​ថា លោក​កាល​នៅ​រៀន​ទីនោះ គឺ​គ្មាន​សមត្ថភាព ឬ​រៀន​ក្រោម​ស្តង់ដារ​របស់​សាលា​ហើយ​សាលា​បានផ្ដល់​សញ្ញាបត្រ​ឱ្យ​លោក ដែល​ជា​សញ្ញាបត្រ​ប្រភេទ​ ២ ឬ​សញ្ញាបត្រ​យោគយល់ លោក​នឹង​លាលែង​ពី​បេក្ខភាព​ជា​នាយករដ្ឋមន្ត្រី​របស់​គណបក្ស​ប្រជាជន​។ ផ្ទុយ​ទៅវិញ​បើ​លោក សម រង្ស៊ី មិនអាច​ឱ្យ​សាលា​បញ្ជាក់​ជា​ផ្លូវការ​ថា សញ្ញាបត្រ​ដែល​សាលា​ទាំងនោះ​ផ្តល់ឱ្យ​ជា​សញ្ញាបត្រ​ប្រភេទ​ ២ ឬ​សញ្ញាបត្រ​យោគយល់​ទេនោះ​លោក​ ហ៊ុន ម៉ាណែត ​ស្នើ​លោក​ សម រង្ស៊ី លាឈប់​ពី​ឆាកនយោបាយ​ចាប់ពីពេលនេះ​តទៅ​។

លោក​ថ្លែងថា​៖ «​ករណី លោក សម រង្ស៊ី ឯកភាព ដើម្បី​ឱ្យមាន​តម្លាភាព​ក្នុង​ការបញ្ជាក់​នេះ យើង​អាច​រៀបចំ​ក្រុមការងារ​ចម្រុះ​មួយ ដែល​រួមមាន​ភាគី​ខាង​លោក សម រង្ស៊ី និង​ភាគី​ខាង​ខ្ញុំ ដើម្បី​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​សាលា​ទាំង​ ៣ ​ដែល​ខ្ញុំ​ធ្លាប់​រៀន​។ បន្ថែម​លើ​នេះ​យើង​ក៏​អាចឱ្យ​ក្រុមការងារ​របស់​វិទ្យុអាស៊ីសេរី​, VOA, RFI,...,​។​ល​។ ទៅយក​ព័ត៌មាន​ផ្ទាល់​តែម្តង​កុំឱ្យ​លោក​បារម្ភ​ថា​រាជរដ្ឋាភិបាល​កម្ពុជា​ដាក់​សម្ពាធ​ទៅលើ​សាលា​ទាំង​ ៣ ​នោះ​មិនឱ្យ​បញ្ជាក់​ការពិត​»​។

លោក​ ហ៊ុន ម៉ាណែត សង្ឃឹមថា លោក សម រង្សី នឹងមិន​ចេញ​សារ​ដូច​លើក​មុន ដែល​សុំ​មិន​ចាំបាច់​ទៅ​ស្បថស្បែ ឬ​ភ្នាល់​គ្នា​ដូច​កូនក្មេង​។ ព្រោះ​កូនក្មេង​ម្នាក់នេះ លែង​ជឿ​អ្នកនយោបាយ​ចាស់វស្សា ដែល​និយាយ​បាតដៃ​ខ្នងដៃ​ ឬ​ប្រើ​យុទ្ធសាស្ត្រ​មាន់​ត្រចៀកស​ទៀតហើយ​។

លោក​សង្ឃឹម​ទៀតថា អ្នកនយោបាយ​ចាស់វស្សា​ដូច​លោក សម រង្ស៊ី ប្រាកដ​ជាមាន​ភាពហានក្លា​ក្នុង​ការការពារ​នូវ​អំណះអំណាង​របស់ខ្លួន ដែល​បានលើកឡើង​ជា​សាធារណៈ​ម្តង​ហើយ​ម្តងទៀត ដើម្បី​វាយប្រហារ​ក្មេងជំនាន់ក្រោយ​ដូចជា​រូបលោក​។ លោក សម រង្ស៊ី បាន​វាយប្រហារ​ឪពុក​របស់​លោក​ជាច្រើន​ទសវត្សរ៍​ហើយ ប៉ុន្តែ​ទៅមុខ​មិន​រួច​។ ឥឡូវ​បែរមក​វាយប្រហារ​លើ​រូបលោក ដែល​ជា​ក្មេង​ជំនាន់ក្រោយ​ទៅវិញ​។

លោក ហ៊ុន ម៉ាណែត ​សរសេរថា​៖ «​បើ​លោក​ជ្រុល​ជា​ធ្វើ​អ៊ីចឹង​ទៅហើយ សូម​លោក​បង្ហាញ​ភាពក្លាហាន​ផង​ទៅ កុំឱ្យ​ក្មេង​មើលស្រាល​ថា មនុស្ស​ចាស់វស្សា​តែ​គ្មាន​ភាពហានក្លា​ក្នុង​ការទទួល​ខុសត្រូវ ចំពោះ​អ្វីដែល​ខ្លួន​បាន​និយាយ​ ឬ​ធ្វើ​។ ណាមួយ​លោក​មាន​អាយុ​ច្រើនជាង​ឪពុក​ខ្ញុំ​ផង គួរ​កុំឱ្យ​ខូច​ឈ្មោះ​នៅ​ចំពោះមុខ​ក្មេងជំនាន់ក្រោយ​»​។

លោក​បន្តថា​៖ «​ជា​សីលធម៌ និង​គុណធម៌​ក្នុង​ការរស់នៅ ខ្ញុំ​តែងតែ​គោរព​មនុស្ស​ចាស់ទុំ​។ ប៉ុន្តែ​បើ​មនុស្ស​ដែល​មាន​វ័យចំណាស់ អាង​តែ​មាន​អាយុ​ច្រើន​ហើយ​ធ្វើ​ការងារ​គ្មាន​ការទទួល​ខុសត្រូវ ជាពិសេស​ធ្វើការ​វាយប្រហារ​ដោយ​គ្មាន​មូលដ្ឋាន​មកលើ​រូបខ្ញុំ នោះ​ខ្ញុំ​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ការការពារ​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់ខ្ញុំ​ទេ​។ សូមកុំ​ចោទ​ថា​ខ្ញុំ​មិន​ស្គាល់​ចាស់ទុំ​»​។

ជុំវិញ​បញ្ហា​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់លោក នៅ​ថ្ងៃទី​ ២៨ ខែធ្នូ ឆ្នាំ​ ២០២១ ​នេះ​ថា «​ស្តាប់​ក្មេង​ប្រដៅ​ចាស់​ពាល​ល្អ​ម្យ៉ាងដែរ ប្រៀប​ដូចជា​យក​កូន​ក្របី​ជល់​ជាមួយ​ក្របី​ចាស់​។ បើ​ខឹង​កុំ​លេង​បើ​លេង​កុំ​ខឹង sic! ផ្ញើ​សារ​ជូន​អ្នកនយោបាយ​ចាស់វស្សា ប៉ុន្តែ​ខ្វះ​ភាពហានក្លា​ក្នុង​ការទទួល​ខុសត្រូវ​»​។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ទាក់ទង​លោក សម រង្ស៊ី ដែល​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស ដើម្បី​សុំ​ធ្វើ​អត្ថាធិប្បាយ​បានទេ នៅ​ថ្ងៃទី ២៨ ខែធ្នូ​។ ប៉ុន្តែ​លោក​ សម រង្ស៊ី បាន​ថ្លែង​នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ​នឹង​វិទ្យុ​អាស៊ីសេរី​កាលពី​ថ្ងៃទី​ ២៦ ខែធ្នូ ឆ្នាំ​ ២០២១ ថា សញ្ញាបត្រ​បណ្ឌិត ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែងតែ​លើក​យក​មក​អំណះអំណាង ដែល​លោក សម រង្ស៊ី ទំនង​ជា​ចង់​សំដៅ​ដល់​សញ្ញាបត្រ​បណ្ឌិត​របស់​លោក ហ៊ុន ម៉ាណែត ដែល​ទទួលបាន​ពី​ក្រៅប្រទេស និង​អ្នក​នៅ​ជុំវិញ​លោក​ ហ៊ុន សែន ​គឺជា​សញ្ញាបត្រ​ក្លែងក្លាយ និង​សញ្ញាបត្រ​យោគយល់​។

លោក សម រង្ស៊ី បញ្ជាក់​ថា​៖ «​ក្រោម​ការដឹកនាំ​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន អ្វីៗ​ក៏​ក្លែងក្លាយ​ទាំងអស់​។ អ្នក​ដែល​មិនដែល​ចូល​សាលា​សោះ ក៏​អាច​ក្លាយជា​បណ្ឌិត​បានដែរ​»​។

លោក​ថ្លែងថា​៖ «​ទន្ទឹមនឹង​ទទួលបាន​សញ្ញាបត្រ​ក្លែងក្លាយ គឺ​សញ្ញាបត្រ​យោគយល់​។ សញ្ញាបត្រ​យោគយល់​នេះ​បើ​ឪពុក​ធ្វើជា​មន្ត្រីជាន់ខ្ពស់ ធ្វើ​រហូតដល់​នាយករដ្ឋមន្ត្រី​ទៅ​រៀន​នៅ​សាលា​គេ គឺ​គេ​យោគយល់ គេ​ឱ្យ​ជាប់ ប៉ុន្តែ​គេ​អត់​ឱ្យ​ធ្វើការ​នៅ​ស្រុក​គេ​ទេ ពីព្រោះ​គេ​ផ្តល់​សញ្ញាបត្រ​ឱ្យ​កូន​អ្នកធំ​មក​ហ្នឹង គេ​ចង់​មាន​ទំនាក់ទំនង​ល្អ គឺ​សញ្ញាបត្រ​ហ្នឹង គ្មាន​តម្លៃ មិន​ស្មើនឹង​សញ្ញាបត្រ​ដែល​គេ​ឱ្យ​ជនជាតិ​គេ ដែល​គេ​រៀន​ពី​ដើម​ទី​កម្រិត​ពេញលេញ​ទេ​»​។

លោក សេង សារី អ្នកវិភាគ​បញ្ហា​សង្គម​ និង​នយោបាយ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ​ ២០២១ ថា ជម្លោះ​នៃ​អ្នកនយោបាយ​រហូតមក​ដល់ពេលនេះ បាននិង​កំពុង​ក្លាយទៅជា​ជម្លោះ​ឆ្លង​ជំនាន់ ដែល​ធ្វើឱ្យ​ការដោះស្រាយ​ផ្នែក​នយោបាយ​នៅក្នុង​ប្រទេស​កាន់តែ​វែងឆ្ងាយ​ទៅមុខទៀត​។

លោក​ថ្លែងថា​៖ «​កាលពីមុន​ខ្ញុំ​សង្ឃឹមថា ជម្លោះ​នៃ​អ្នកនយោបាយ​ជំនាន់​មុន​មិនអាច​ដោះស្រាយ​បាន យើង​គិតថា វា​អាច​ដោះស្រាយ​បាន​មកដល់​មនុស្ស​ជំនាន់​ថ្មី ប៉ុន្តែ​ឥឡូវនេះ អ្នក​ជំនាន់​ចាស់ និង​អ្នក​ជំនាន់​ថ្មី​បន្ត​វិវាទ​ជាមួយ​គ្នា​ជា​ពាក្យសម្ដី​បន្ត​ទៀត ខ្ញុំ​គិតថា ការដោះស្រាយ​បញ្ហា​ជាប់គាំង​នយោបាយ​ណាមួយ​រវាង​គណបក្ស​ប្រជាជន និង​ជាមួយ​គណបក្ស​សង្គ្រោះជាតិ​ជាពិសេស​មេដឹកនាំ​កំពូល​ទាំង​ ២ ​នេះ​នឹង​កាន់តែ​អូសបន្លាយ​បន្តទៀត​»​។

លោក សារី បាន​បញ្ជាក់ថា ការទាស់ទែង​ផ្នែក​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​នេះ មិនមាន​អ្វីដែល​ថ្មី​នោះទេ គឺជា​ជម្លោះ​នយោបាយ​ដូច​កាលពីមុន​ដែរ​។ បើ​ភាគី​ជម្លោះ​ទាំង​ ២ ​មិន​តបត​គ្នា គឺជា​រឿង​ល្អ​បំផុត​។ ទោះជា​យ៉ាងណា​លោក​ចាត់ទុកថា ជម្លោះ​លក្ខណៈ​ជា​បុគ្គល​បែបនេះ នៅតែ​អាច​បន្ត​កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា​ដដែល​។

លោក អ៊ូ វីរៈ ប្រធាន និង​ជា​ស្ថាបនិក​វេទិកា​អនាគត​បញ្ជាក់​យ៉ាងខ្លី​ថា លោក​ សម រង្ស៊ី​ និយាយ​ខុសពី​ការអប់រំ​នៅ​សហរដ្ឋអាមេរិក​។ ប៉ុន្តែ​លោក សង្ឃឹម​ថា អ្នកនយោបាយ​នាពេល​អនាគត​គួរផ្តោត​លើ​ការប្រកួត​គំនិត​មិន​បន្ត​ជម្លោះ​ចាស់​នោះទេ​។

លោក​ សម រង្ស៊ី កាលពី​ថ្ងៃទី ២៨ កញ្ញា ២០១៩ ធ្លាប់បាន​និយាយថា សញ្ញាបត្រ​របស់​លោក ហ៊ុន ម៉ាណែត ទទួលបាន​ពី​សាលា​បណ្ឌិត្យសភា​យោធា​អាមេរិក (United States Military Academy ឬ​ហៅ​កាត់​ថា West Point) ជា​សញ្ញាបត្រ​កម្រិត​ ២ ដែល​ផ្ដល់ឱ្យ​ជា​កិត្តិយស​សម្រាប់​និស្សិត​នាយទាហាន​បរទេស​ដែល​រៀន​ក្រោម​ស្តង់ដា​។

ដើម្បី​ការពារ​នូវ​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ លោក​ ហ៊ុន ម៉ាណែត ​ក៏ដូចជា​និស្សិត​នាយទាហាន​ខ្មែរ​ជាច្រើនរូប​ដែល​កំពុង​សិក្សា និង​ដែល​បានបញ្ចប់​ការសិក្សា​នៅ​សាលា West Point និង​សាលា​បណ្ឌិត្យសភា​ផ្សេងទៀត​របស់​សហរដ្ឋអាមេរិក និង​នៅតាម​ប្រទេស​នានា​លើស​កលលោក​បានទាមទា​ឱ្យ​លោក សម រង្ស៊ី ធ្វើការ​បង្ហាញ​នូវ​ភ័ស្តុតាង​ ដើម្បី​ការពារ​នូវ​ពាក្យសម្ដី​ក្នុង​ចេតនា​មាក់ងាយ​របស់គាត់​តាមរយៈ​ការភ្នាល់​គ្នា​។

ជា​ការឆ្លើយតប នៅពេល​នោះ​លោក​ សម រង្ស៊ី មិន​ត្រឹមតែ​មិនបាន​ធ្វើការ​ភ្នាល់​នោះទេ ប៉ុន្តែ​បែរជា​បង្វែរ​ប្រធានបទ ដោយ​លើកឡើង​ថា​ «​មិនចាំបាច់​ទៅ​ស្បថស្បែ​ ឬ​ភ្នាល់​គ្នា​ដូច​កូនក្មេង​ទេ​»​។

ប៉ុន្តែ​លោក​ ហ៊ុន ម៉ាណែត ​បញ្ជាក់ថា​៖ «​អ្វីដែល​ខ្ញុំ​នឹកស្មាន​មិន​ដល់ គឺ​អ្នកនយោបាយ​ចាស់វស្សា​ម្នាក់នេះ​ (​លោក សម រង្ស៊ី​) មិន​ត្រឹមតែ​ខ្វះ​ភាពក្លាហាន​ ដើម្បី​ការពារ​អំណះអំណាង​របស់ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បែរជា​គាត់​នៅតែ​បន្ត​វាយប្រហារ​ខ្ញុំ​រឿង​សញ្ញាប​ត្រ​ «​ប្រភេទ​ ២» ​ឬ​ «​សញ្ញាបត្រ​យោគយល់​» ​ដដែលៗ ហើយ​ព្រមទាំង​វាយប្រហារ មាក់ងាយ ទៅលើ​និស្សិត​ខ្មែរ​ជាច្រើន​នាក់​ទៀត​ដែល​រៀន​នៅក្រៅ​ប្រទេស ដោយ​ថា​សាកលវិទ្យាល័យ​បរទេស​ផ្ដល់​សញ្ញាបត្រ​ក្លែងក្លាយ ឬ​សញ្ញាបត្រ​យោគយល់​ឱ្យ​និស្សិត​ទាំងនោះ​»៕

វីដេអូ៖