ភ្នំពេញៈ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ បាន​បង្ហាញ​ទិន្នន័យ​នៃ​លទ្ធផល​ការងារ​បង្ក្រាប​បទល្មើស​ជលផល និង​បទល្មើស​ព្រៃឈើ និង​សត្វព្រៃ​នៅ​ទូទាំងប្រទេស សម្រាប់​ឆ្នាំ​ ២០២១ សរុប​ជាង​ ៤ ០០០ ​ករណី ដោយមាន​ជនសង្ស័យ​សរុប​ជិត​ ២០០ ​នាក់​ត្រូវ​បាន​ចាប់​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់វិធានការ​បន្ត​តាម​នីតិវិធី​ច្បាប់​។

លោក ស្រី វុឌ្ឍី អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា សម្រាប់​បទល្មើស​ជលផល ដែល​ប្រមូលបាន​ពី​រាជធានី-ខេត្ត​នៅ​ទូទាំងប្រទេស សម្រាប់​ឆ្នាំ​ ២០២១ ​នេះ​មាន​ចំនួន​ ២ ៩៩៨ ​ករណី ត្រូវបាន​បង្ក្រាប ដោយ​ចាប់​រឹបអូស​វត្ថុតាង រួមមាន របាំង​ស្បៃមុង និង​សាច់អួន​សរុប​ជាង​ ១ ​លាន​ម៉ែត្រ អួន​អូស​ និង​អួនហ៊ុម សរុប ១៨ ​វង់ ឧបករណ៍​ឆក់​ចំនួន​ ១៨៣ ​គ្រឿង និង​បាន​ដោះលែង​ត្រី​ចម្រុះ​ប្រភេទ​ចូល​ទៅក្នុង​ទន្លេ បឹង ស្ទឹង ព្រែក​វិញ​សរុប ៣៨,៥៧២ ​តោន​។

លោក​បាន​បញ្ជាក់ថា​៖ «​ទន្ទឹមនឹងនេះ សមត្ថកិច្ច​ជំនាញ​បាន​កសាង​សំណុំរឿង​ចំនួន​ ១៨៥ ​ករណី បញ្ជូន​ទៅ​តុលាការ​ដោយមាន​ជនសង្ស័យ​សរុប​ចំនួន​ ១០៣ ​នាក់ និង​បាន​ធ្វើការ​ផាកពិន័យ​អន្តរកាល​ចំនួន​ ៧៦ ​ករណី គិត​ជា​ទឹកប្រាក់​សរុប​ចំនួន​ជាង​ ២៨៨ ​លាន​រៀល សម្រាប់​ដាក់ចូល​ជា​ថវិការដ្ឋ​»​។

បើតាម​លោក វុឌ្ឍី សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ក៏​បាន​ចុះបង្ក្រាប​បទល្មើស​ព្រៃឈើ និង​សត្វព្រៃ​នៅ​ទូទាំង​ប្រទេស​សរុប​បាន​ចំនួន ​១ ៤៦២ ​ករណី​ដោយបាន​ចាប់​ឃាត់ខ្លួន ជនប្រព្រឹត្ត​បទល្មើស​សរុប ៧០ ​នាក់ និង​រឹបអូស​បាន​វត្ថុតាង​យ៉ាងច្រើន​សន្ធឹកសន្ធាប់ រួមមាន​ឈើមូល និង​ជ្រុង​សរុប​ចំនួន ១៩៤ ​ម៉ែត្រគុប ឈើ​អារ​ចំនួន ២ ៩១៣ ​ម៉ែត្រគុប ឈើ​គ្រាក់​គ្រញូង​ចំនួន​ ៣ ​ម៉ែត្រគុប កូនឈើ​ចម្រុះ​ ៩ ៣៧២ ​ដើម ដងចប​ ៥០០ ​ដើម ធ្យូង​ ៦៥ ៧៥៨ ​គីឡូក្រាម និង​រឹបអូស​បានមក​វិញ​នូវ​ផ្ទៃដី​ដែល​ត្រូវបាន​កាប់​រាន​ដោយ​ខុសច្បាប់​សរុប​ជាង​ ៣ ៦៤៦ ​ហិកតា និង​ចាប់​ដកហូត​សត្វព្រៃ​រស់​ចម្រុះ​ប្រភេទ​ចំនួន​ ៤ ៣៦៥ ​ក្បាល និង​សាច់សត្វ​ព្រៃចម្រុះ​ប្រភេទ​សរុប​ ១ ២៥៩ ​គីឡូក្រាម ព្រមទាំង​ដកហូត​ភ្លុក​ដំរី​ឆ្លាក់ រួច ២៣ ​ដុំ ស្មើនឹង​ ១,៧ ​គីឡូក្រាម និង​ភ្លុក​ដំរី​មិនទាន់​ឆ្លាក់​ ៨៦ ​ដុំ ស្មើនឹង​ ២,៥ ​គីឡូក្រាម​។

ក្រៅពីនេះ សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ក៏បាន​រឹបអូស​វត្ថុតាង ដែល​បម្រើឱ្យ​មធ្យោបាយ​នៃ​បទល្មើស​មួយចំនួនធំ​ផងដែរ រួមមាន រថយន្ត​ចម្រុះ​ប្រភេទ​ចំនួន​ ៥១១ ​គ្រឿង និង​គ្រឿងចក្រ ដូចជា​ (​ត្រាក់ទ័រ អេស្កាវ៉ាទ័រ ប៊ុលដូស័រ គោយន្ត​) ​សរុប​ចំនួន​ ៣០៨ ​គ្រឿង ម៉ូតូ​ចំនួន​ ១៦៨ ​គ្រឿង ទូក​ ១៣ ​គ្រឿង កាណូត​ ៣០ ​គ្រឿង និង​រណារយន្ត​ ១៦ ​គ្រឿង និង​សម្ភារ​បម្រើឱ្យ​រោង​ម៉ាស៊ីន​កែច្នៃ​ឈើ​ខុសច្បាប់​មួយចំនួនទៀត​។ ​លោក​ថ្លែងថា​៖ «​ក្នុងចំណោម​បទល្មើស​ព្រៃឈើ និង​សត្វព្រៃ​ទាំង​ ១ ៤៦២ ​ករណីនេះ សមត្ថកិច្ច​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចំនួន​ ៨៧៧ ​ករណី និង​ ៥៨៥ ​ករណី​ទៀត​បាន​ធ្វើការ​ណែនាំ និង​ផាកពិន័យ​អន្តរកាល​ទៅតាម​ច្បាប់​ស្ដីពី​ព្រៃឈើ​»​។ ទោះយ៉ាងណា​ក៏ដោយ រហូតមកទល់​ពេលនេះ រដ្ឋបាល​ព្រៃឈើ​នៅ​មិនទាន់​បង្ហាញ​អំពី​ទំហំ​ថវិកា ដែល​បានមកពី​ការផាកពិន័យ​អន្តរកាល​នៅឡើយ​ទេ​។

លោក កែវ អូម៉ាលីស្ស ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ព្រៃឈើ និង​លោក សួន សុវណ្ណ អ្នកនាំពាក្យ​រដ្ឋបាល​ព្រៃឈើ មិនអាច​ទាក់ទង​ស្នើសុំ​ការអធិប្បាយ​បានទេ​កាលពី​ថ្ងៃទី​ ២៨ ខែធ្នូ ឆ្នាំ​ ២០២១៕