សៀមរាប/ពោធិ៍សាត់ៈ នគរបាល​ខេត្តសៀមរាប​នៅ​ថ្ងៃទី​ ២៨ ​ធ្នូ បានប្រគល់​បុរស​ជា​ជនសង្ស័យ​ម្នាក់​ឱ្យ​នគរបាល​ខេត្តពោធិ៍សាត់ បន្ទាប់ពី​ចាប់ខ្លួន​បាន​ ១ ​ថ្ងៃ​នៅ​ក្រុង​សៀមរាប​ពាក់ព័ន្ធ​ករណី​កាប់​បុរស​ម្នាក់​ស្លាប់​ក្នុង​ទំនាស់​ពេល​ផឹកស៊ី នៅ​ភូមិ​ទួលរគាំង ឃុំ​អូរតាប៉ោង ស្រុក​បាកាន​កាលពី​យប់​ថ្ងៃទី​ ២៦ ​ធ្នូ​។

លោក​ឧត្តមសេនីយ៍ត្រី ភឹង ចន្ថារ៉េត ស្នងការរង​ទទួល​ផែនព្រហ្មទណ្ឌ​ខេត្ត​សៀមរាប ប្រាប់​នៅ​ថ្ងៃទី​ ២៨ ធ្នូ​ថា ជនសង្ស័យ​ឈ្មោះ ញ៉ម អាន អាយុ​ ៣៧ ​ឆ្នាំ រស់នៅ​ភូមិ​ទួលរគាំង ឃុំ​អូរតាប៉ោង ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់​។ ​ជននេះ​ត្រូវបាន​សមត្ថកិច្ច​របស់លោក​ចាប់ខ្លួន​បាន​នៅ​ក្រុង​សៀមរាប​កាលពី​ម៉ោងជាង​ ៧ ​យប់​ថ្ងៃទី​ ២៧ ធ្នូ នៅ​ភូមិ​ខ្នា សង្កាត់​ជ្រាវ ក្រុង-ខេត្ត សៀមរាប និង​បាន​ប្រគល់ឱ្យ​នគរបាល​ខេត្ត​ពោធិ៍សាត់​វិញ​នៅ​ថ្ងៃទី​ ២៨ ធ្នូ​។

លោក​ថា​៖ «​ករណីនេះ​នគរបាល​ខេត្តពោធិ៍សាត់​សុំ​សហការ​ជាមួយ​សមត្ថកិច្ច​យើង​តាម​​ចាប់​ជនសង្ស័យ​។ ​ជនសង្ស័យ​ម្នាក់នេះ​បាន​កាប់​ជនរងគ្រោះ​ម្នាក់​ស្លាប់ ហើយ​គេចខ្លួន​មក​ផ្ទះ​បងប្អូន​នៅ​ខេត្តសៀមរាប​»​។

ពាក់ព័ន្ធ​នឹង​ការចាប់ខ្លួន​ជនសង្ស័យ​នេះ លោក ម៉ូ លីដា ស្នងការរង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ ខេត្ត​ពោធិ៍សាត់​បានឱ្យដឹង​នៅ​ថ្ងៃទី​ ២៨ ធ្នូ​ថា ជនរងគ្រោះ​ឈ្មោះ វាំង សុខហេង ភេទ​ប្រុស អាយុ​ ២៧ ​ឆ្នាំ ជា​កសិករ​រស់នៅ​ភូមិ​ទួលរគាំង ឃុំ​អូរតាប៉ោង​។ លោក​​ថា ពេលនេះ​កំពុង​បន្ត​នីតិវិធី​ស៊ើបសួរ​ជនសង្ស័យ​ទៀត​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់​មុននឹង​បញ្ជូនទៅ​សាលាដំបូង​ខេត្តពោធិ៍សាត់​។

លោក​បាន​បញ្ជាក់ថា​៖ «​ករណី​​នេះ​កម្លាំង​នគរបាល​យើង​បាន​សហការ​ជាមួយ​នគរបាល​ខេត្តសៀមរាប ហើយ​បន្ទាប់ពី​ទទួល​យក​ជនសង្ស័យ​ពី​ខាង​ខេត្ត​សៀមរាប​មក យើង​កំពុង​បន្ត​នីតិវិធី​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ជនល្មើស​ទៅ​តុលាការ​»​។

លោក តាន់ គឹមជា នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​អូរតាប៉ោង បាន​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​ ២៨ ធ្នូ​ថា កាលពី​ថ្ងៃទី​ ២៦ ធ្នូ មាន​បុរស​ជា​អ្នកភូមិ​ម្នាក់​ឈ្មោះ ជុំ រ៉ុម បាន​ហៅ​អ្នកជិតខាង​ឱ្យ​​ជួយ​ច្រក​ស្រូវ​ទុក​ក្នុង​ការុង​។

លុះ​ចប់​ពី​ការងារ​នេះ​នៅពេល​ព្រលប់​ថ្ងៃ​ដដែល ឈ្មោះ ជុំ រ៉ុម ក៏បាន​ហៅ​អ្នក​ជួយ​ធ្វើ​ការងារ​នោះមក​ហូបបាយ​ជុំគ្នា​នៅផ្ទះ​របស់គាត់​។

លោក​បាន​បន្តថា ពេល​ជុំគ្នា​ហូបបាយ និង​មាន​ផឹកស្រា​ផង​នោះ ឈ្មោះ វាំង សុខហេង បាន​និយាយ​ទៅកាន់​ជនសង្ស័យ​ថា មាន​ប្រពន្ធ​យូរ​ឆ្នាំ​ហើយ អត់​មាន​កូន អ៊ីចឹង​អន់​ជាង​សត្វ​មាន់​ទៅទៀត​។ ​ពេលនោះ​ជនសង្ស័យ​​ខឹង​ក៏​រត់​ទៅយក​កាំបិត​ពី​ផ្ទះ​មក​វង់​ផឹកស៊ី​វិញ តែ​រក​ជន​រងគ្រោះ​មិនឃើញ ហើយក៏​ដើររក​ជួបគ្នា​តាមផ្លូវ​ក៏​កាប់​ត្រូវចំ​ស្មា​ខាងឆ្វេង​ ១ ​កាំបិត​ដួល​ស្លាប់​តែម្តង ហើយ​ភ្លាមៗ​នោះ​ក៏មាន​ការផ្អើលឆោឡោ​ពី​អ្នកភូមិ តែ​ជនល្មើស​បាន​គេចខ្លួនបាត់​។

លោក គឹមជា រំឭក​ប្រាប់ថា​៖ «​អស់គេ គេ​ទៅផ្ទះ តែ​ចំណែក​ជនល្មើស​ទៅដល់​ផ្ទះ​ហើយ​យក​កាំបិតផ្គាក់​ដើររក​ជនរងគ្រោះ​ជួប​នៅតាម​ផ្លូវ​ក៏​កាប់សម្លាប់​តែម្តង​។ ​ពេលនោះ​ម៉ោងជាង​ ៩ ​យប់​ទៅហើយ ម្យ៉ាង​ពេលនោះ​​ងងឹត​ទៀត ទើប​ជនសង្ស័យ​មាន​ឱកាស​រត់​រួច​»៕