ភ្នំពេញៈ នគរបាល នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​បញ្ជូន​ជនសង្ស័យជាជន​ជាតិចិន ​៩​ នាក់ ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​ ២៩ ធ្នូ បន្ទាប់ពី​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ខ្លួន​កាលពី​ ៥​ ថ្ងៃមុន ករណី​ជួញដូរ​គ្រឿងញៀន​ជិត ​៣៥០​ គីឡូក្រាម​ ដែល​សមត្ថកិច្ច​បងក្រាប​បាន​នៅ​ភូមិសាស្ត្រខណ្ឌ ច្បារអំពៅ និង ខណ្ឌ ៧​មករា​។ យោងតាម​លោក អ៊ី​ន សុង អ្នកនាំពាក្យ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​ប្រាប់​ភ្នំពេញ​នៅ​រសៀល​ថ្ងៃទី​ ២៩ ធ្នូ​។

លោកបញ្ជាក់ថា ក្រុម​ជនសង្ស័យ​ទាំង​៩​នាក់​ដែល​កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២៤ ធ្នូ ឆ្នាំ ២០២១​។​

លោក​ថ្លែងថា​៖«​ករណី​ក្រុម​ឧក្រិដ្ឋ​ជននេះ​យើង​បាន​បញ្ជូនទៅ​តុលាការ​ហើយ​។​មន្ទីរ​បញ្ជូនទៅ​ព្រឹក​មិញ​(​ថ្ងៃទី​២៩ ធ្នូ​)»​។​

ពាក់ព័ន្ធ​ករណីនេះ​យោងតាម​គេហទំព័រ​របស់​អគ្គស្ន​ង​ការដ្ឋាន​នគរបាល​ជាតិ​ចុះផ្សាយ​នៅ​ថ្ងៃទី​២៩ ធ្នូ ឆ្នាំ ២០២១ បានសរសេរថា ប្រតិ​ប្តិ​ការ​នេះ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង​១៧​និង​៥៥​នាទី ។ សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​(​ក​១) ដឹកនាំ​ដោយ​លោក អ៊ិន សុង នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន លោក​ ម៉ាក់ សេរី​វ​ឌ្ឍ​នា នាយករង​មន្ទីរ ប្រឆាំង​គ្រឿងញៀន លោក​ហុង សុវណ្ណារិទ្ធ នាយការិយាល័យ​(​ក​១)​។ ប្រតិបត្តិការ​នេះដែរ​ក៏មាន​ការ ចូលរួម​សហការ​ពី​កម្លាំង​ជំនាញ​នៃ​នាយកដ្ឋាន​ស៊ើបការណ៍​ខាងក្រៅ និង​បច្ចេកទេស ព្រមទាំង​សមត្ថកិច្ច​គយ​នៅ​កំពង់ផែ​ព្រះសីហនុ និង​កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។ ​ឯ​ការសម្របសម្រួល​ផ្លូវច្បាប់​គឺមាន​លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​ផ្ដើមចេញពី​កិច្ចសហប្រតិបត្តិការ​ជាមួយ​សមត្ថកិច្ច​ចិន​។​

គេហទំព័រ​បង្ហាញ​បន្តទៀតថា ករណីនេះ​បន្ទាប់ពី​សមត្ថកិច្ច​កម្ពុ​ជា ទទួលបាន​ព័ត៌មាន​ហើយ ក៏បាន​បើក​ការស៊ើបអង្កេត​អស់​រយៈពេល​ជាង​៤​ខែ ទើប​ឈានទៅ​បង្ក្រាប​ព្រម​គ្នា​នេះ​។ ​ស្របពេល​គ្នា​នេះ សមត្ថកិច្ច​ចិន​ក៏បាន​បង្ក្រាប​ក្រុម​ឧក្រឹដ្ឋជន​ពាក់ព័ន្ធ នៅឯ​ប្រទេស​ចិន​ផងដែរ។​

ដោយឡែក​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន​នេះ​សមត្ថកិច្ច​បាន​បង្ក្រាប​នៅ​២​គោលដៅ​ផ្សេងគ្នា គឺ​ទី​១​នៅ​ចំណុច​វីឡា​ភ្លោះ​លេខ​២១ ផ្លូវ​លេខ R03 ស្តា​ផ្លា​ទី​នឹម បុរី​ប៉េង​ហូត​បឹង​ស្នោ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​និង​គោលដៅ​ទី​២ នៅ​ចំណុច ភោជនីយដ្ឋាន​អី​យិន​ម៉ា​ថូ​វ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​ជនជាតិ​ចិន​៩​នាក់​។​

ចំពោះ​វត្ថុតាង​ចាប់យក​មាន គ្រឿងញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន​(ICE)​សរុប​រួម​ទម្ងន់ ៣៤៧ គីឡូក្រាម ៤២៧,៩៩​ក្រាម​ដែល​លាក់​ក្នុង​បំពង់​ដែក ៣៦៧​ដើម និង​៦១​កញ្ចប់​ធំ ជញ្ជីង​ថ្លឹង​គ្រឿងញៀន ២​គ្រឿង និង​សម្ភា​រវេច​ខ្ចប់​មួយចំនួន។​

​រថយន្ត​១​គ្រឿង ម៉ាក TOYOTA ALPHARD ពាក់​ស្លាក់​លេខ ភ្នំពេញ 2BE-2973 ម៉ូតូ​១​គ្រឿង​ម៉ាក HONDA PCX ទូរស័ព្ទដៃ ចំនួន ១០​គ្រឿង និង ប្រាក់ ៣០០​ដុល្លារ​អាមេរិក​។​

ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​លើ​ជនសង្ស័យ​ទាំង​៩​នាក់​យ៉ាងណា​នោះ​នៅ​រសៀល​ថ្ងៃទី​២៩ ធ្នូ ភ្នំពេញ​ប៉ុស្តិ៍​បាន​ទាក់ទង​ទៅ​លោក​ប្លង់ សុផល អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​តែ​លោក​មិន​ឆ្លើយតប​៕