ភ្នំពេញៈ តុលាការ​កំពូលនៅ​ថ្ងៃទី ២៩ ធ្នូ បានបើកសវនាការ​​ជំនុំជម្រះ​ស្ត្រី​ជនជាតិ ​វេណេ​ស៊ុយ​អេ​ឡា ​ម្នា​ក់ ករណី​ដឹក​គ្រឿងញៀន ​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ជាង១គីឡូក្រាម​ តាម​យន្តហោះ​ ពី​ប្រទេស​ប្រេ​ស៊ី​ល ម​ក​ប្រទេស​កម្ពុជា​ ហើយ​ត្រូវ​នគរបាលនៅ​​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ចាប់បាន​ កាលពី​អំឡុង​ឆ្នាំ២០១៦។

សវនាការ​ ដែលមាន​ស​មាស​ភាព​ចៅក្រម៥រូប ​​ដែលមាន​លោកចៅក្រម សឹង បញ្ញា​វុ​ឌ្ឍ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ និង​មាន​លោក ង៉ែត សារ៉ាត់ ជា​តំណាង​មហាអយ្យការ​នោះ ស្ត្រី​ជាប់ចោទ​ បាន​និយាយប្រាប់​ចៅក្រម​ក្នុង​បន្ទប់​សវនាការ​ តាមរយៈ​អ្នកបកប្រែ​ភាសា​ថា នាង​ឈ្មោះ អូ​បេ អាល់​ហ្វា​រ៉េ​ស អាយុ ២៨ឆ្នាំ ជា​ជនជាតិ វេ​ណេ​ស៊ុយ​​អេ​ឡា​ បានធ្វើ​ដំណើរ​តាម​យន្តហោះ​ ពី​ប្រទេស​ប្រេ​ស៊ី​ល​ មក​ប្រទេស​កម្ពុជា។

ក្នុងការ​ធ្វើដំណើរ​នោះ ​អី​វ៉ាន់​របស់​នាង​ ត្រូវបាន​គេ​បែងចែក​ដាក់​ដោយឡែក​ ប៉ុន្តែ​យន្តហោះ​ដែល​នាង​ជិះ​បាន​មកដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី១២ ខែ កញ្ញា ឆ្នាំ ២០១៦ មុន​អី​​វ៉ាន់​​មក​ដល់​។

ស្ត្រី​ជាប់ចោទ​បន្តថា នៅ​ថ្ងៃ​ដដែល​នោះ បន្ទាប់ពីចុះពីយន្តហោះមក នាង​ត្រូវបាន​បុរស​បរទេស​ម្នាក់​ ចាត់ចែង​ឱ្យ​នាង​ទៅ​ស្នាក់នៅ​សណ្ឋាគារ​មួយ​ ក្នុង​រាជធានី​ភ្នំពេញ​ ដោយ​មិនបាន​នៅចាំ​យក​វ៉ាលិស​អី​​វ៉ាន់ទេ​​ហើយ​ប៉ុន្មាន​ម៉ោង​ក្រោយមក ​​ក៏ត្រូវ​នគរបាល​កម្ពុជា​ តាម​ចាប់នាង ដល់​សណ្ឋាគារ​តែម្តង។

បើតាម​អង្គហេតុ បន្ទាប់ពី​ស្ត្រី​​រូប​នេះ ​ជាប់ឃុំ​ នៅ​ពន្ធនាគារ​ព្រៃ​ស​មួយរយៈ​ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ បើកសវនាការ និង​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី ១២ មិថុនា ឆ្នាំ ២០២១៨ ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​កំណត់​រយៈពេល៣០ឆ្នាំ​ ចោទ​ចំនួន២បទល្មើស ​គឺ​ដឹកជញ្ជូន និង​ជួញដូរ​នូវ​សារធាតុ​ញៀន​ខុសច្បាប់ និង​ពិន័យ​ប្រាក់​ចូល​ថវិការដ្ឋ​ចំនួន​៥០លាន​រៀល។

អង្គហេតុ​បង្ហាញ​ប​នុ្ត​ថា ដោយ​មិន​សុខ​ចិត្ត នឹង​ការផ្តន្ទាទោស​នេះ​ ស្ត្រី​ជាប់ចោទ ​បាន​ប្តឹង​ជំទាស់​ទៅ​សាលា​ឧទ្ធរណ៍​ភ្នំពេញ​ ហើយ​ត្រូវបាន​សាលាឧទ្ធរណ៍​ បើកសវនាការ និង​ប្រកាស​សាលដីកា​ នៅ​ថ្ងៃទី១៤ មករា ឆ្នាំ ២០២១ សម្រេច​លុបចោល១បទល្មើស ​គឺ​បទល្មើស​ដឹកជញ្ជូន​ ប៉ុន្តែ​មិនបាន​បន្ថយទោស​​ទេ​និង​តម្កល់​ទោស​៣០ឆ្នាំ​ដដែល តាម​អំណាច​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ។

​ដោយ​មិន​សុខចិត្ត ស្ត្រី​ជាប់ចោទ​ បាន​ប្តឹង​សារទុក្ខ​មក​តុលាការ​កំពូល​ទៀត។

ស្ត្រី​ជាប់ចោទ​និយាយ​ក្នុង​បន្ទប់​សវនាការ​ នៅ​ព្រឹក​ថ្ងៃទី២៩ ធ្នូ​ថា៖«ខ្ញុំ​ប្តឹង​សារទុក្ខ​ មក​តុលាការ​កំពូល​ពេលនេះ​ដោយសារ​ខ្ញុំ​មិន​សុខ​ចិត្ត នឹង​តុលាការ​ថ្នាក់ក្រោម​​ ផ្តន្ទាទោស​ខ្ញុំ​ច្រើន​ឆ្នាំ​ពេក។ ខ្ញុំ​មានបំណង​ស្នើសុំ​ដល់​តុលាការ​កំពូល​មេត្តា​បន្ថយទោស​ដល់​រូបខ្ញុំ​ខ្លះ។ ព្រោះថា​ កាលពី​ចាប់ខ្លួន ខ្ញុំ​បាន​ឆ្លើយ​ប្រាប់​នគរបាល​គ្មាន​លាក់លៀម​ទេ»។

លោក ង៉ែត សារ៉ាត់ តំណាង​មហាអយ្យការ​ នៃ​តុលាការ​កំពូល​ បានធ្វើ​សេចក្តីសន្និដ្ឋាន​ នៅក្នុង​សវនាការ​នៅ​ព្រឹក​​ថ្ងៃទី២៩ ធ្នូ នៅ​ចំពោះមុខ​ជនជាប់ចោទ​ថា ក្រោយពី​បាន​ពិនិត្យ និង​ពិចារណា​ លើ​សំណុំរឿង​​មក​លោក​យល់ឃើញ​ថា ជ​ន​ជាប់ចោទ ​ពិតជា​បាន​ប្រព្រឹត្ត​បទល្មើស​នេះ​មែ​ន។

លោក​បន្ត​ថា៖«សាលាឧទ្ធរណ៍​ភ្នំពេញ​សម្រេចសេចក្តី​នេះ ​មាន​លក្ខណៈ​ត្រឹមត្រូវ​តាមច្បាប់​ហើយ ខ្ញុំ​ស្នើ​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ តម្កល់​សាលដីកា​ របស់​សាលាឧទ្ធរណ៍នៅ​ដដែល»។

លោក ហុង ច័ន្ទ​សុខា ជា​មេធាវី​ការពារ​សិទ្ធិ​ឱ្យ​ស្ត្រី​ជាប់ចោទ​ បាន​ឡើង​សន្និដ្ឋាន​ នៅក្នុង​បន្ទប់​សវនាការ​ប្រាប់​ចៅក្រមនៅថ្ងៃទី២៩ ធ្នូ​ថា​ កូនក្តី​របស់លោក​ តាំងពី​ចាប់ខ្លួន​ដំបូង​មក បាន​សារភាព និង​សហការ​ជាមួយ​សមត្ថ​កិច្ច​ក៏ដូចជា​ពេល​ជំនុំជម្រះ​ មិន​បង្ក​ការលំបាក​ដល់​តុលាការ​នៅក្នុង​ដំណើរការ​ជំនុំជម្រះ​ទេ។

លោក​និយាយ​ថា​៖«​កូនក្តី​ខ្ញុំ​ស្នើ​ដល់​តុលាការ​បន្ថយទោស​ដល់​គាត់។ ហេតុដូច្នេះ​ សូម​តុលាការកំពូល បង្វិល​សំណុំរឿង​ទៅ​សាលា​ឧទ្ធរណ៍​វិញ​ ពាក់ព័ន្ធ​នឹង​ការលុបចោល​បទល្មើស ​តែ​មិន​បន្ថយទោស»៕