​ភ្នំពេញៈ លោ​ក ស ខេង ឧ​ប​នា​យក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហា​​ផ្ទៃ ស្នើឱ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា សិក្សា​ឱ្យបាន​ហ្មត់ចត់ លើ​ការ​បង្កើតជា​មជ្ឈមណ្ឌល​អប់រំ​មួយ ដែល​មជ្ឈមណ្ឌល​នេះ​ប្រៀបដូចជា​ច្រកចេញចូល​តែមួយ ហើយ​ក្រោយ​សិស្ស​រៀន​ពី​ថ្នាក់​​ម​ត្តេ​យ្យ​រហូតដល់​បញ្ចប់​ការ​​សិក្សា​អាច​រក​ការងារ​ធ្វើបាន​។​

​លោក ស ខេង បាន​ស្នើឡើង​បែបនេះ​ក្នុងពេល​លោក​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សំណេះ​​សំ​ណា​ល​ជាមួយ​ថ្នាក់ដឹកនាំ មន្ត្រី​រាជការ លោកគ្រូ អ្នកគ្រូ សាស្ត្រា​ចា​រ្យ និង​បុគ្គលិក​នៃ​សាកល​វិទ្យាល័យ​ជាតិ​បាត់ដំបង​កាលពី​ថ្ងៃទី​ ២៩ ធ្នូ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​ក៏​ស្នើឱ្យ​ក្រសួង​អប់រំ សិក្សា​ដើម្បី​បង្កើតជា​មជ្ឈមណ្ឌល​អប់​រំ​មួយ​។ មិនមែន​ធ្វើ​ថ្មី​ទេ​...​បន្ថែម​នៅ​កន្លែង​មួយ​ដែល​បច្ចុប្បន្ននេះ មាន​អនុវិទ្យាល័យ មាន​វិទ្យាល័យ មាន​សាកលវិទ្យាល័យ មាន​សា​​លា​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។ អ៊ីចឹង វា​នៅ​ខ្វះ​តែ​បឋមសិក្សា ខ្វះ​ម​ត្តេ​យ្យ​ឬមួយ​ក៏​ខ្វះ​អ្វី​ទៀត យើង​ដាក់​បំពេញ​ទៅ តាម​ការជាក់ស្ដែង​នៅ​កន្លែង​នោះ​»​។

លោក​បន្តថា​៖ «​ចង់​និយាយថា តាំងពី​ម​ត្តេ​យ្យ រហូតដល់​ចេញអាច​រក​ការងារ​បានធ្វើ​នោះ គឺ​ដូច​ច្រកចេញ​-​ចូល​តែមួយ​អ៊ីចឹង​។ ចូល​កន្លែង​ហ្នឹង​ចេញពី​កន្លែង​ហ្នឹង ទៅរក​ការងារ​ធ្វើបាន ហើយ​គួរតែ​សិក្សា​មើលថា តើ​ប្រទេស​ណាគេ​បានធ្វើ​របៀប​ហ្នឹង ​ដើម្បី​យើង​ដក​​ពិសោធ​រៀនសូត្រ​ពី​គេ​»​។​

​ដូច្នេះ គឺ​ត្រូវ​គិត​រៀបចំម​ជ្ឈ​មណ្ឌល​នេះ ប៉ុន្ដែ​សូមឱ្យ​ក្រសួង​អប់រំ សិក្សា​អំពី​របៀប​រៀបចំម​ជ្ឈ​​មណ្ឌល​យ៉ាងណា ដោយមាន​ទស្សនទាន​បែប​ម៉េច​ខ្លះ ហើយ​ប្រមើលមើល​អំពី​ចំណុច​វិជ្ជមាន អវិជ្ជមាន​ដោយ​ត្រូវធ្វើ​ការសិក្សា​គ្រប់​ទិដ្ឋភាព​។

លោក ស ខេង បន្តថា ជារួម​វិស័យ​អប់រំ​ទាំងមូល នៅក្នុង​ប្រទេស​កម្ពុជា គឺ​កាន់​តែមាន​ភាពលេច​ធ្លោ និង​រីកចម្រើន​ឡើងជា​លំដាប់​។ ក្រោយ​ថ្ងៃ​រំដោះ​ ៧​ មករា ​១៩៧៩​ នៅ​សេស​​សល់​អ្នកចេះដឹង​តិចតួច​ប៉ុណ្ណោះ ដែល​ទាមទារ​ឱ្យ​ត្រូវតែ​ខិតខំ កៀរគរ​អ្នក​ទាំងនោះ ដើម្បី​រៀបចំ​ប្រព័ន្ធ​អប់រំ​ឡើងវិញ ដោយ​ផ្ដើមចេញពី​ពាក្យស្លោក​ថា «​អ្នកចេះ​ច្រើន​បង្រៀន​អ្នកចេះ​តិច អ្នក​​ចេះ​តិច បង្រៀន​អ្នក​អត់​ចេះ​»​។​

​លោក​ថា កាល​ឆ្នាំ​ ១៩៧៩ របប​ប្រល័យពូជសាសន៍​បានសម្លាប់​អ្នកចេះដឹង គ្រូបង្រៀន និស្សិត​បញ្ញវន្ត​ដែល​ត្រូវបាន​សង្គម​បណ្ដុះបណ្ដាល​មក គឺ​ត្រូវបាន​សម្លាប់​អស់​។ ចំណែក​អ្នក​​សេសសល់ គឺ​ត្រូវបាន​ប្រមូល​មក ដើម្បី​ធ្វើជា​ដើមទុន​ក្នុងការ​​អភិវឌ្ឍ​ធនធានមនុស្ស​ឡើងវិញ​។ ក្នុងនោះ​អ្នកចេះដឹង​មួយផ្នែក បាន​ចូលក្នុង​វិស័យ​អប់រំ មួយផ្នែក​ចូលក្នុង​វិស័យ​ផ្សេងៗ​ទៀត ដូចជា​មន្ដ្រី​រដ្ឋការ ក្នុងពេលនោះ​ជាដើម​។

​លោក ស ខេង បាន​បញ្ជាក់ថា​៖ «​ឥឡូវនេះ​យើង​មាន​មន្ដ្រី​អប់រំ គ្រូបង្រៀន​ដែលមាន​សញ្ញា​​ប​ត្រ​ខ្ពស់​ប្រកបដោយ​សមត្ថភាព និង​វិជ្ជាជីវៈ​ជាច្រើន​ម៉ឺន​នាក់ កំពុង​បម្រើការ ផ្ដល់​សេវា​អប់រំ គ្រប់​កម្រិត ជូន​សង្គមជាតិ និង​ប្រ​ជា​ជន​យើង​»​។

​ទាក់ទង​នឹង​ការបង្កើត​ម​ជ្ឈ​មណ្ឌល​អប់រំ​នេះ លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួងអប់រំបាន​ថ្លែងថា​៖ «​ក្រសួង​អប់រំ យុវជន និង​កីឡា សូម​អនុញ្ញាត​ជម្រាបជូន​មហាជន នូវ​ខ្លឹមសារ​លម្អិត​នាពេល​ក្រោយ បន្ទាប់ពី​ក្រុមការងារ​ជំនាញ​ពាក់ព័ន្ធ និង​ថ្នាក់ដឹកនាំ​ក្រសួង សហការ​សិក្សា​បន្ថែម​លើ​ករណីនេះ​»៕