សៀមរាបៈ អាជ្ញាធរ​ជាតិ​​អប្សរា​ប្រកាសប្រាប់​សាធារណ​​ជន ភ្ញៀវទេសចរ​ជាតិ និង​អន្តរ​ជាតិ​ដែលមាន​បំណង​ចង់​ធ្វើ​ការថត​វីដេអូ​ផ្សាយ​ផ្ទាល់ ​(Live) អំពី​ប្រវត្តិ​ប្រាសាទ​នានា ក្នុង​រមណីយដ្ឋាន​អង្គរ និង​តំបន់​ផ្សេងទៀត​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​អាជ្ញាធរ​ជាតិ​អប្សរា ត្រូវ​ស្នើសុំ​ការអនុញ្ញាត​ជាមុន ដើម្បី​ចៀស​​វាង​កំហុសឆ្គង​អ​ចេតនា ដែល​ធ្វើឱ្យប៉ះពាល់​ដល់​គុណ​តម្លៃ​ប្រាសាទខ្មែរ​។

​លិខិត​ជូនដំណឹង​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា ស្តីពី​ការថត​វីដេអូ​ផ្សាយ​បន្ត​ផ្ទាល់​ក្នុង​រមណីយ​​ដ្ឋា​ន​អង្គរ កាលពី​ថ្ងៃទី ​២៨ ខែធ្នូ ឱ្យដឹងថា ការរៀបចំ​ឱ្យមាន​ការ​​ស្នើសុំ​មុន​ធ្វើការ​ផ្សាយ​បន្ត​ផ្ទាល់ពី​ប្រវត្តិ​ប្រាសាទ​នេះ គឺ​ដើម្បី​ចៀសវាង​នូវ​កំហុសឆ្គង​ដោយ​​អ​ចេតនា ​ឬ​ធ្វើឱ្យប៉ះពាល់​ដល់​គុណ​តម្លៃ​របស់​ប្រាសាទខ្មែរ ដែលជា​មរតក​មិនអាច​កាត់ថ្លៃ​បាន​របស់​បុព្វបុរស​ខ្មែរ និង​ជា​បេតិកភណ្ឌ​ពិភពលោក​។

​អាជ្ញាធរ​ជាតិ​អប្សរា​បញ្ជាក់ថា​៖ «​មេត្តា​ដាក់​សំណើសុំ​ថត​ផ្សាយ​បន្ត​ផ្ទាល់ អំពី​ប្រាសាទ​នានា ក្នុង​រមណីយដ្ឋាន​អង្គរ ដែលមាន​លក្ខណៈ​ផ្សព្វផ្សាយ​ជា​សាធារណៈ ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍ គឺ​ពុំ​តម្រូវឱ្យ​បង់ប្រាក់​នោះទេ លើក​​លែង​តែ​ការស្នើសុំ​ថត​លក្ខណៈ​អាជីវកម្ម​ដែល​តម្រូវឱ្យ​អនុវត្តតាម​នីតិវិធី និង​គោលការណ៍​ដែល​បានកំណត់​»​។​

​អាជ្ញាធរ​ជាតិ​អប្សរា​បានបញ្ជាក់​ក្នុង​លិខិត​ជូនដំណឹង​ថា ចាប់​តាំងពី​មាន​វត្តមាននៃ​ជំងឺឆ្លង​កូ​​វីដ ​១៩ អាជ្ញាធរ​ជាតិ​អប្សរា​បានអនុញ្ញាត​ដោយ​ឥតគិតថ្លៃ ជូន​ក្រុមហ៊ុន ឬ​មគ្គុទ្ទេសក៍​ទេសចរ ដែលមាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ ពី​ក្រសួងទេសចរណ៍​ធ្វើ​ការថត​ឡាយ​វីដេអូ​តាម​ទូរស័ព្ទ ដើម្បី​បកស្រាយ​អំពី​ប្រវត្តិសាស្ត្រ​ប្រា​សាទ​នានា ទៅដល់​ភ្ញៀវ​របស់ខ្លួន​ផងដែរ​។ ដោយឡែក ក្នុង​គោល​ដៅ​ដើម្បី​អាច​គ្រប់គ្រង​ដោយ​ប្រសិទ្ធភាព​នូវ​ការប្រកប​អាជីវកម្ម ការថត​សម្លៀកបំពាក់​ប្រពៃណី​​បុរាណ (Pre-Wedding)​ ក៏​ដូច​ជា​ចៀសវាង នូវ​ភាព​អ​នា​ធិ​ប​​តេ​យ្យ​នានា ក្នុង​តំបន់​រមណី​​យ​ដ្ឋា​ន​អង្គរ កន្លងមក​អាជ្ញាធរ​ជាតិ​អប្សរា​ក៏បាន​តម្រូវឱ្យ​សា​ធា​​រណ​ជន ដាក់ពាក្យ​ស្នើសុំ​ការថត​សម្លៀកបំពាក់​ប្រពៃណី​បុរាណ មក​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​ពិនិត្យ និង​ផ្តល់​ការអនុញ្ញាត​ជូន​ដោយ​ឥតគិតថ្លៃ​។ តាមរយៈ​នេះ អាជ្ញាធរ​អប្សរា​សង្កេតឃើញថា ប្រជាពលរដ្ឋ​បាន​ចូលរួម​អនុវត្តតាម​ការណែនាំ​គួរឱ្យកត់សម្គាល់​។

​លោក ងូវ គឺ​ម​ស្រេង អ្នក​ម​គ្គុ​​ទេ្ទ​សក៍​ទេសចរ​នៅ​ខេត្តសៀមរាប ថ្លែង​នៅ​ថ្ងៃទី ​២៩ ​ធ្នូ​ថា ការចេញលិខិត​ជូនដំណឹង​ពី​សំណាក់​អាជ្ញាធរ​ជាតិ​អប្សរា​នេះ អាច​បណ្តាលមកពី​កន្លងមក មាន​អ្នក​ម​គ្គុ​ទេ្ទ​សក៍​ទេសចរ​បានធ្វើ​វីដេអូ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​យូ​ធូប​ទាក់ទាញ​ប្រជា​ប្រិយភាព ហើយ​យូ​ធូប​នោះ​ទៀតសោត អា​ចរក​ចំណូល​ប្រចាំខែ ប្រចាំឆ្នាំ​ទៀតផង​។

លោក ​គឺ​ម​ស្រេង ​ប្រាប់ថា តាម​ការយល់​​ឃើញ​របស់លោក សម្រាប់​ការ​ថត​ផ្សាយ​ផ្ទាល់​និយាយ​បែប​ប្រវត្តិ​ប្រាសាទ​ម​គ្គុ​ទេ្ទ​សក៍​ទេសចរ​ម្នាក់ៗ​សុទ្ធ​តែមាន​ឆ្លងកាត់​វគ្គប​ណ្តុះ​បណ្តាល និង​មាន​អាជ្ញាប័ណ្ណ​ចេញ​ដោយ​ក្រសួងទេសចរណ៍ ហេតុនេះ​អ្នក​ទាំងនោះ​មាន​សិទ្ធិ​ធ្វើ ប៉ុន្តែ​បើ​ក្រសួង​វប្បធម៌ ឬមួយ​អាជ្ញាធរ​ជាតិ​អប្សរា ចង់​បិទ​ព័ត៌មាន​នោះ កុំឱ្យ​ទូលំទូលាយ​ពេក ដើម្បី​ទុកឱ្យ​ភ្ញៀវទេសចរ​មក​ធ្វើការ​សិក្សា​ស្វែងយល់​ដោយ​ខ្លួនឯង នោះ​ជា​ផ្នត់គំនិត​ផ្សេង​មួយទៀត​។

​លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​គិត​ឃើញថា មិនអាក្រក់​ទេ ប៉ុន្តែ​មនុស្ស​មាន​ច្រើន​ផែន​ផ្នត់គំនិត​ខុសគ្នា​មិនដឹងថា ទស្សនវិស័យ ចក្ខុវិស័យ​ខាង​អាជ្ញាធរ​ជាតិ​​អប្សរា​មើលឃើញ​បាន​ទូលំ​ទូលាយ​ជាង​យើង​វែងឆ្ងាយ​ជាង​យើង​ដូច​ខ្ញុំ​លើកឡើង​អ៊ីចឹង បិទ​ព័ត៌មាន​ហ្នឹង​ទៅ​ដើម្បី​ឱ្យគេ​បានមក​ដល់ទី​តាំង​»​។​

​លោក ឡុង កុសល អ្នក​នាំ​​ពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​ថ្លែង​នៅ​ថ្ងៃទី ​២៩ ខែធ្នូ​ថា ការស្នើ​ឱ្យមាន​ការសុំច្បាប់​អនុញ្ញាត​មុននេះ គឺ​ដើម្បី​ការពារ​កុំឱ្យ​មានការ​​និយាយ​ពី​ប្រវត្តិសាស្ត្រ​ប្រាសាទ​តាម​ការនឹកឃើញ​ ឬ​មិន​ត្រឹមត្រូវ​តាម​វិជ្ជាជីវៈ ដែលជា​ហេតុ​ធ្វើឱ្យ​អ្នក​ស្តាប់​អាច​យល់ច្រឡំ និង​ភ្លេច​នូវ​ប្រវត្តិសាស្ត្រ​ពិត​។ ចំពោះ​ការផ្សាយ​ផ្ទាល់​របស់​បងប្អូន​ប្រជាពលរដ្ឋ​ជា​សាធារណជន​ដែល​បង្ហាញ​ពី​ការ​ទស្សនា​ប្រា​សាទ និង​ចែករំលែក​ពី​ភាព​​សប្បាយរីករាយ ក្នុងការ​កម្សាន្ត​ក្នុង​តំបន់​អង្គរ​នោះ​មិនមាន​បញ្ហា​អ្វី​ឡើយ​។

លោក​ថ្លែងថា៖ «​យើង​កុំទៅ​ថត​ឡាយ​និយាយ​ពី​ប្រវត្តិសាស្ត្រ​ប្រាសាទ បើសិន​​ជា​យើង​មិនបាន​យល់ច្បាស់​អំពី​ប្រវត្តិ​ប្រាសាទ​និយាយ​ទៅ​ធ្វើឱ្យប៉ះពាល់ និង​ខុសឆ្គង​ទៅវិញ​ទេ វា​មិន​ដូច​អ្នក​ម​គ្គុ​ទេ្ទ​សក៍​ទេ អ៊ីចឹង​ហើយ​បាន​កន្លងមក​យើង​ក៏បាន​អនុញ្ញាតឱ្យ​អ្នក​ម​គ្គុ​ទេ្ទ​សក៍​គាត់​ធ្វើការ​ផ្សាយ​ចេញ​ដែរ គ្រាន់តែ​យើង​ចង់ឱ្យ​គាត់​ផ្តល់​ខ្លឹមសារ​ដែល​គាត់​នឹង​ឡាយ​ចេញ​ហ្នឹង ឱ្យ​យើង​ដឹង​មុន​ថា​គាត់​ចង់​និយាយ​អំពី​អី​»​។

​លោក កុសល លើកឡើងថា អាជ្ញាធរ​ជាតិ​អប្សរា​ក៏មាន​បញ្ហា​ប្រឈម​ដែរ​នៅពេល​ដែលមាន​អ្នក​ទៅ​ថត​ផ្សាយ​ផ្ទាល់​និយាយ​មិនល្អ និយាយ​ខុស​ជុំវិញ​រឿង​ប្រវត្តិ​ប្រាសាទ ឬ​ធ្វើ​អ្វីមួយ មិន​សមរម្យ​នៅ​បរិវេណ​ប្រាសាទ​។

លោក​ថ្លែងថា​៖ «​ភ្ញៀវទេសចរ​គាត់​ឡើងជា​ន់​លើ​ថ្ម​ប្រាសាទ​អីហ្នឹង​ក៏​មក​ខឹង​អាជ្ញាធរ​អប្សរា ថត​ផ្សាយ​និយាយ​ប្រវត្តិ​ប្រាសាទ​ខុស​ក៏​មក​ខឹង​អាជ្ញាធរ​អប្សរា ចង់​និយាយថា អាជ្ញាធរ​ជាតិ​អប្សរា​ចាំតែ​ខុស អ៊ីចឹង​យើង​ចង់ឱ្យ​សា​​ធារ​ណ​ជន​បាន​ជ្រាប​បានដឹង ហើយ​ចូលរួម​ទទួលខុស​ត្រូវជា​មួយ​គ្នា​កុំ​មាន​អ្វី​កើតឡើង​បន្ទោស​មក​អាជ្ញាធរ​អប្សរា​»៕

វីដេអូ៖