​ភ្នំពេញៈ បន្ទាប់ពី​មានការ​ខ្វែងគំនិត​គ្នា​កន្លងមក លោក ប៉ោ ប៊ុនស្រ៊ី អតីត​អនុប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​ជា​ស្ថាបនិក​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានប្រកាស​គាំទ្រ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជា​ប្រធាន ដើម្បី​ដឹកនាំ និង​ដើម្បី​តបស្នង​ព្រះ​គុណូបការៈ​របស់​សម្តេច​​ក្រុមព្រះ នរោត្តម រណឫទ្ធិ និង​សុំ​ដង្ហែ​ព្រះអង្គម្ចាស់​គ្រប់​កាលៈ​​ទេសៈ មុនពេល​ចាប់ផ្តើម​សមាជ​គណបក្ស​នៅ​ដើមឆ្នាំ​ក្រោយ​។​

​លោក ប៉ោ ប៊ុនស្រ៊ី អតីត​អនុប្រធាន​គណបក្ស​ហ្វ៊ុន​ស៊ិន​​ប៉ិច បាន​សរសេរ​នៅក្នុង​លិខិត​គាំទ្រ​កាលពី​ថ្ងៃទី ​២៨​ ធ្នូ​ថា លោកគាំទ្រ​ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជា​ព្រះប្រធាន​គណ​​បក្ស​ហ្វុ​៊​ន​ស៊ិនប៉ិច ដើម្បី​ដឹកនាំ​គណបក្ស និង​ថែរក្សា​កេរ​​ដំណែល ដ៏​ពិសិដ្ឋ​របស់​សម្តេច​តា ស្របតាម​ព្រះតម្រិះ ដ៏​ថ្លៃថ្លា របស់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ​។​

​លោក​សរសេរថា​៖ «​ក្នុងនាម​ខ្ញុំជា​ស្ថាបនិក​ដែល​បាន​ដង្ហែ សម្តេចក្រុមព្រះ គ្រប់​កាលៈ​​ទេសៈ​កន្លងមក ហើយ​ដើម្បី​តបស្នង​គុណូបការៈ​ដែល​សម្តេច​ក្រុមព្រះ​ធ្លាប់​ផ្តល់​មក​រូបខ្ញុំ ខ្ញុំ​សូម​ដង្ហែ​ព្រះអង្គម្ចាស់​នរោត្តម ចក្រាវុធ ជា​បុត្រា​ជា​រៀងរហូត​លុះ​អ​វ​សាន្ត​»​។​

​លោក​ ញឿ​ន រ៉ា​ដែន អ្នក​នាំ​ពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​នៅ​ថ្ងៃទី ​២៩ ​ធ្នូ​ថា លោក ប៉ោ ប៊ុនស្រ៊ី បាន​យល់ច្បាស់​អំពី​ការដឹកនាំ​របស់​ព្រះអង្គម្ចាស់ ចក្រាវុធ ជាពិសេស​លោក​នៅតែ​ប្តូរផ្តាច់ នឹក​គុណ​ដល់​សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ ដែល​ផ្តល់​មកដល់​រូបគាត់ ជាពិសេស ដើម្បី​ជាតិ​ទាំងមូល​។​

​លោក​បន្តថា លោក ប៉ោ ប៊ុនស្រ៊ី នឹង​ប្រកាស​ប្រមូល​អ្នក​រាជានិយម និង​អ្នក​សីហនុ​និយម ដែល​បាន​ខ្វែងគំនិត​គ្នា​កន្លង​មកនេះ ដើម្បី​ឱ្យមក​រួមរស់​ជា​មួយ​គណបក្ស និង​គាំទ្រ​ព្រះ​អង្គ​ម្ចាស់​ចក្រាវុធ ធ្វើជា​ប្រធាន​ដឹកនាំ គណបក្ស​ឱ្យ​ជោគជ័យ​នៅពេល​ខាងមុខ​។

លោក​ថ្លែងថា​៖ «​តាម​បទពិសោធ និង​ប្រវត្តិរូប​ដែល​ធ្លាប់​ធ្វើជា​អនុ​​ប្រធាន​ទី​២ ព្រឹទ្ធសភាគាត់​ជា​ចាស់ទុំ​មួយរូប ដែល​បាន​ដង្ហែ​ខ្ជាប់ខ្ជួន​ជាមួយនឹង​សម្តេច​​ក្រុមព្រះ គឺ​គាត់​ជា​អ្នក​ប្រមែ​ប្រ​មូល​អ្នកគាំទ្រ​នៅ​ថ្នាក់មូលដ្ឋាន​មួយរូប​ដែរ ហើយ​អ្វី​ទាំងអស់នេះ ព្រះអង្គម្ចាស់​ចក្រាវុធ​បាន​ស្វាគមន៍ និង​គាត់​មានលទ្ធភាព​បម្រើ​គណបក្ស ទៅមុខទៀត ដើម្បី​ខ្លាំងក្លា​បន្ថែមទៀត​»​។​

​បើតាម​លោក ញឿ​ន រ៉ា​ដែន ស្របពេល​ជាមួយគ្នានេះ គណ​​បក្ស​ក៏​នៅតែ​ប្រកាន់​ជំហរ រៀបចំ​ធ្វើ​សមាជ​នៅ​ដើមឆ្នាំ​ក្រោយ​ដដែល ដោយ​សុំ​ការគាំទ្រ​ពី​សមាជិក-​សមាជិកា និង​អ្នកគាំទ្រ ដើម្បី​ថ្វាយ​តួនាទី​ដល់​ព្រះអង្គ​ម្ចាស់ នរោត្តម ចក្រាវុធ ជា​ប្រធាន​ដឹកនាំ​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច ដើម្បី​ដឹកនាំ​គណបក្ស​ចូលរួម​ការបោះឆ្នោត​នាពេលខាងមុខៗ​។

​លោក ផាន់ សិទ្ធី ដែល​ត្រូវបាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បណ្តេញចេញថ្លែងថា សមា​​ជិ​ក​-​សមាជិកា​ទាំងអស់​មិនដែល​ប្រឆាំងនឹង ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ធ្វើជា​ប្រធាន​គណបក្ស​ហ្វុ​៊​ន​ស៊ិនប៉ិច​ទេ ប៉ុន្តែ​មាន​ចំណុច​មួយចំនួន​ដែល​ព្រះអង្គម្ចាស់ ចក្រាវុធ បានធ្វើ​កន្លងមក គឺ​ខុស​ទំនង ហើយ​ថ្នាក់ដឹកនាំ​តែងតែ​ថ្វាយ​យោ​​ប​ល់ ប៉ុន្តែ​ស្តាប់ ឬ​មិន​ស្តាប់ អាស្រ័យ​លើ​ព្រះអង្គម្ចាស់​។​

​បើតាម​លោក ផាន់ សិទ្ធី លោក ប៉ោ ប៊ុនស្រ៊ី ក៏​ស្ថិតនៅក្នុង​គណៈកម្មាធិកា​រ​នាយក​ដែរ ប៉ុន្តែឥឡូវនេះ គាត់​បាន​ទៅ​ក្រាបបង្គំ​គាល់​ព្រះអង្គម្ចាស់​ ចក្រាវុធ ដែល​នេះ​ជា​សិទ្ធិ​របស់គាត់ និង​បង្ហាញថា ពួកយើង​ទាំងអស់គ្នានៅតែ​គាំទ្រ និង​ស្រឡាញ់ បុត្រ​របស់​សម្តេច​​ក្រុមព្រះ​ដដែល​ទេ​។ ប៉ុន្តែសម្រាប់​ការជាប់​ជា​ប្រធាន​គណបក្ស​វិញ គឺ​អាស្រ័យទៅលើ​សមាជ​គណបក្ស​ដែល​ត្រូវធ្វើ​នាពេលខាងមុខ​។

លោក​ថា លោក​ស្វាគមន៍​គ្រប់ពេល ដើម្បី​ចូល​​រួម​ជាមួយនឹង​គណបក្ស​ហ្វ៊ុន​​ស៊ិនប៉ិច​បើសិនជា​ព្រះអង្គម្ចាស់​ចក្រាវុធ​កោះហៅ​រូបលោក និង​អ្នក​ផ្សេងទៀត ទៅ​ប្រជុំ និង​រក​ដំណោះស្រាយ​ដែល​ស្របតាម​ព្រះ​គំនិត​របស់​ព្រះអង្គម្ចាស់​ចក្រាវុធ​លើកឡើង​ពី​ការ​បង្រួប​​បង្រួម និង​ឯកភាពគ្នា​នៅក្នុង​គណបក្ស​ទើប​ទទួលបាន​ជោគ​​ជ័យ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​បាន​ប្រាប់​ហើយ បើសិនជា​លោក (​ព្រះអង្គម្ចាស់​ចក្រាវុធ​) មិន​ហៅ​ខ្ញុំ​ទេ ខ្ញុំ​អត់​អាច​ទៅ​កើត​ទេ​។ ខ្ញុំ​ឃើញតែ​លោក​ដេញ​ខ្ញុំ ប៉ុន្តែ​អត់​ឃើញ​លោក​ហៅ ហើយ​ដេញ​ក៏​មិន​ដេញ​ផ្ទាល់មាត់​ទេ គឺ​ដេញ​សរសេរ​ក្រដាស ហើយ​ក្រដាស​នោះ​បង្ហោះ​តាម​ហ្វេ​ស​​ប៊ុ​កទៀត​។ អ៊ីចឹង​ខ្ញុំ​អត់​អាច​ទទួល​​យកបាន​ទេ បើ​ខ្ញុំ​ទៅរក​លោក ខ្ញុំ​គិតថា មិន​ទៅ​ទេ​»៕

វីដេអូ៖