ភ្នំពេញៈ​ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឱ្យ​បណ្ដា​អង្គភាព​ទាំងអស់​ទូទាំង​កងយោធពល​​ខេមរភូមិន្ទ សន្សំសំចៃ​លើ​ការ​ប្រើប្រាស់​អគ្គិសនី សម្រាប់​ជា​ផ្នែក​មួយ ប្រឆាំងនឹង​ភាព​ខ្ជះខ្ជាយ ខ្វះ​ការ​សន្សំសំចៃ ដែលជា​ការ​ឆ្លើយតប​ទៅនឹង​ការ​លុប​បំណុល​ជាង​ ២ ​លាន​ដុល្លារ ដែល​ក្រសួងការពារជាតិ បាន​ប្រើប្រាស់​អគ្គិសនី ជំពាក់​អគ្គិសនី​កម្ពុជា​នាពេល​កន្លងមក​។​

​លោកនាយក​រដ្ឋមន្ដ្រីបាន​ថ្លែង បែបនេះ ក្នុងពេល​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​អគារ​រដ្ឋ​បាល និង​សាលប្រជុំ​ទីស្តីការ​​ក្រសួងការពារជាតិ​ថ្មី នៅ​ថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ​២០២១​។

​លោក​បាន​អបអរសាទរ​ចំពោះ​សមិទ្ធផល​ថ្មី​នៃ​អគារ​រដ្ឋបាល និង​សាលប្រជុំ នៃ​ក្រសួង​ការ​​ពារ​ជាតិ ដែល​ត្រូវបាន​សាងសង់​ថ្មី និង​បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នាពេលនេះ​។ លោក​ក៏បាន​ថ្លែងអំណរគុណ​ដល់​ភាគី​ពាក់ព័ន្ធ​លើ​ការសាងសង់​អគារ​ថ្មី​របស់​ក្រសួងការពារជាតិ​នេះ​ក្នុងនោះ​មាន​សាធារណរដ្ឋ​ប្រជាមានិត​​ចិន និង​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម​។

​តប​តាម​ការស្នើសុំ​របស់ លោក​ ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​នៅក្នុង​ពិធី​នេះ លោក ហ៊ុន សែន បាន​អំពាវនាវ​ដល់​ក្រសួង​រ៉ែ និង​ថាមពល និង​អគ្គិសនី​កម្ពុជា ក៏ដូចជា​ក្រសួង​សេដ្ឋកិច្ច និង​ហិ​រ​​ញ្ញ​វត្ថុ​ពិនិត្យ​លទ្ធភាព​លុប​បំណុល​អគ្គិសនី​ជាង ​២ ​លាន​ដុល្លារ​អា​​មេ​រិ​ក ​ដែល​ក្រសួងការពារជាតិ​បាន​ប្រើប្រាស់​នាពេល​កន្លងមក​។​

​លោក​ថ្លែងថា​៖ «​អ៊ីចឹង​តែ​ជាង ២ ​លាន​ដុល្លារ​ទេ សូមឱ្យ​អគ្គិសនី​​កម្ពុជា​ធ្វើការ​ពិនិត្យ​។ តើ​អគ្គិសនី​​កម្ពុជា​អាច​នឹង​លុប​បំណុល​បាន​ប៉ុន្មាន​? ហើយ​ក្រៅពីនោះ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អាច​នឹង​ចេញ​ប៉ុន្មាន​? អាច​ចែកគ្នា​ចេញ​»​។

​លោក​បាន​បញ្ជាក់ថា ម្ខាង​គឺ​ខាង​ក្រុមហ៊ុន​អគ្គិសនី​កម្ពុជា​ដែលជា​អ្នក​ម្ចាស់បំណុល​។ អ៊ីចឹង​បាន​ថា តើ​អគ្គិសនី​កម្ពុជា​អាចមាន​លទ្ធភាព​លុបចោល​បំណុល​ទាំង​ជាង ៩ ​ពាន់​លាន​រៀល ស្មើនឹង​ជាង ២​ ពាន់​លាន​ដុល្លារ​នេះ​ ទាំងស្រុង ​ឬក៏​អាចជួយ​លុប​ពាក់​​កណ្ដាល ឬ​ ៧០ ​ភាគរយ ក្រៅពីនោះ បំពេញ​ដោយ​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញវត្ថុ​។ ប៉ុន្ដែ​លោក​មិនទាន់​ឆ្លើយ​ដាច់​ណាត់​ទេ​។​

​លោកនាយក​រដ្ឋមន្ដ្រី​បញ្ជាក់ថា​៖ «​តែមាន​រឿង​មួយ​ដែល​ខ្ញុំ​ត្រូវ​ទាមទារ​វិញ ខ្ញុំ​នឹង​ចេញ​បទ​​បញ្ជា ​ដើម្បីឱ្យ​ពិនិត្យ​អំពី​បញ្ហា​ការរៀបចំ​ដើម្បី​នឹង​បន្ថែម​ថវិកា ការប្រើប្រាស់​អគ្គិសនី​ប្រចាំឆ្នាំ ព្រោះ​តម្រូវការ​នៅពេលដែល​កសាង​អគារ​នេះ​មួយ តើ​តម្រូវ​​ការ​នៃ​ការកើនឡើង​នៃ​ការប្រើ​ប្រាស់​អគ្គិសនី​ប៉ុនណា​។ នេះ​ជា​ចំណុច​របស់​យើង ​គឺ​ឃើញ​នៅ​កន្លែង​ហ្នឹង​»​។​

​លោក​បាន​លើកឡើងថា អគ្គិសនី​ដែល​ប្រើប្រាស់​ពីមុន​ត្រឹមតែ ៣០​ មេ​ហ្គា​វ៉ា​ត់​ប៉ុណ្ណោះ នៅ​ទីក្រុង​ភ្នំពេញ​។ ប៉ុន្ដែ​ឥឡូវនេះ មិនមែន ៣០​ មេ​ហ្គា​វ៉ា​ត់​ទៀត​ទេ​។ ៣០ ​មេ​ហ្គា​វ៉ា​ត់​កន្លែង​ខ្លះ​ប្រើប្រាស់​ត្រឹមតែ ២០ ​អគារ​គឺ​អស់ ៣០​ មេ​ហ្គា​វ៉ា​ត់​បាត់ទៅហើយ​ ដែល​នេះ​ជាការ​រីកចម្រើន​របស់​ប្រទេសជាតិ​។

​លោកនាយក​រដ្ឋមន្ដ្រី​បញ្ជាក់ថា​៖ «​ប៉ុន្ដែ​ប្រសិនបើ​យើង​ដាក់​ការ​សន្សំសំចៃ​ចូលទៅក្នុង​កិច្ច​​ការ គ្រប់​ស្ថាប័ន​ទាំងអស់ យើង​អាចមាន​ចំណែក​ដើម្បី​សន្សំ​នូវ​ថវិកា​នោះ​។ ភាព​ខ្ជះខ្ជាយ ខ្វះ​ការ​សន្សំសំចៃ តាមរយៈ​ការ​បើក​ម៉ាស៊ីនត្រជាក់​ចោល ហើយ​ការប្រើប្រាស់​ម៉ាស៊ីនត្រជាក់ សីតុណ្ហភាព​ត្រជាក់​ពេក ក៏​វា​ស៊ី​ភ្លើង​ខ្លាំង​ដែរ​»​។ អ៊ីចឹងលោក​ក៏​សូម​ត្រឡប់មកវិញ ទន្ទឹមនឹង​លោក​អំពាវនាវ​ប្រាប់​ទៅ​អគ្គិសនី​​កម្ពុជា និង​ប្រាប់​ទៅ​ក្រសួង​សេដ្ឋ​​កិច្ច និង​ហិរញ្ញវត្ថុ​ទៅលើ​បញ្ហា​ការសង ក៏ដូចជា​ការបន្ថែម​ឥណទាន សម្រាប់​ការទូទាត់​នូវ​ថ្លៃ​ភ្លើង​សម្រាប់​ឆ្នាំ​បន្ត​។

​លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​ក៏​សូម​ត្រឡប់មកវិញ​នូវ​បណ្ដា​អង្គភាព​ទាំងអស់​ទូទាំង​កងយោធពល​​ខេមរភូមិន្ទ ឱ្យ​សន្សំសំចៃ​ក្នុងការ​​ប្រើប្រាស់​អគ្គិសនី ដែល​នេះ​ជា​ផ្នែក​មួយ ប្រឆាំងនឹង​ភាព​ខ្ជះ​ខ្ជាយ ខ្វះ​ការ​សន្សំសំចៃ​»​។

​លោក កែវ រតនៈ អគ្គនាយក​​អគ្គិសនី​កម្ពុជា មិនអាច​ទាក់ទង​ដើម្បី​សុំ​ត្ថា​អធិប្បាយ​លើ​បញ្ហា​នេះ​បានទេ​។​

​បើតាម​ក្រសួងការពារជាតិ អគារ​រដ្ឋបាលសាលប្រជុំ​ទី​ស្តី​ការ​ក្រសួងការពារជាតិ​ថ្មី​នេះ ត្រូវបាន​សាងសង់​នៅលើ​ទីតាំង​ចាស់​ដែលមាន​ទទឹង​ប្រវែង ២៨ ម៉ែត្រ បណ្តោយ​ប្រវែង ១៩១ ម៉ែត្រ និង​កម្ពស់ ៣២ ​ម៉ែត្រ និង​មាន​ចំណតរថយន្ត នៅ​ជាន់​ក្រោម​ដី ១ ​ជាន់ អាច​ចត​រថ​​យន្ត​បាន​ចំនួន ១៥០​ គ្រឿង​។ សរុប​ផ្ទៃក្រឡា​ប្រើប្រាស់​រួម ទូទាំង​អគារ​មាន​ ៣០ ៩៧៩ ម៉ែត្រការ៉េ (​ស្មើនឹង ១០​ដង នៃ​ទំហំ​អគារ​ចាស់​)​។ អគារ​រដ្ឋ​បាល និង​សាលប្រជុំ​ទីស្តីការ​​ក្រសួងការពារជាតិ​ថ្មី បាន​បើក​ការដ្ឋាន​សាងសង់ កាលពី​ថ្ងៃទី​ ៣០ ខែ មិថុនា ឆ្នាំ ​២០១៨ ក្រោម​អធិបតីភាព​លោក​ ទៀ បាញ់​ហើយ​តាម​គម្រោង​ផែនការ​សាងសង់​មាន​រយៈពេល ៣៦​ ខែ និង​បញ្ចប់​ការដ្ឋាន​នៅ​ថ្ងៃទី ​៣០ ខែ មិថុនា ឆ្នាំ ​២០២១​។ ប៉ុន្ដែ​ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ ​១៩ ​ការសាងសង់​ត្រូវបាន​ស្នើសុំ​ពន្យារ​កិច្ចសន្យា​រយៈពេល ៤ ​ខែ ដូច្នេះ​ការ​សាង​​សង់​ត្រូវ​ពន្យារ​រហូតដល់​ថ្ងៃទី ​៣០ ខែ តុលា ឆ្នាំ​ ២០២១ ​ទើបបាន​បញ្ចប់​ការសាងសង់​៕