ក្រចេះៈ អង្គភាព​ប្រឆាំង​អំពើ​ពុក​​រលួយ (ACU) បានប្រគល់​ប្រាក់ ប្រមាណ ៧៤ ម៉ឺន​ដុល្លារ ជូន​បេក្ខជន​ដែល​ជ្រើសរើស​ឱ្យចូល​ក្របខ័ណ្ឌ​ក្នុងចំណោម​ ១២៩ ​នាក់ ក្រោយពី​បាន​ដកហូតយក​មកវិញ​ពី​មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ​ ២ ​រូប ​ដែល​ទារ​ពី​បេក្ខជន​ក្នុងចំណោម​ទាំងនោះ​។​

​មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ​ ២​ រូបនេះ បាន​ទារ​ និង​ទទួល​ប្រាក់​ពី​បេក្ខជន​ក្នុងចំណោម​នោះ​ប្រមាណ ៧៤ ម៉ឺន​ដុល្លារ ហើយ​ស្ថាប័ន​អយ្យ​ការ​អម​សាលាដំបូង​ខេត្តក្រចេះ បានធ្វើការ​ចោទប្រកាន់​ពីបទ វីតិក្រម ពាក់ព័ន្ធ​សំណុំរឿង​ក្តី​ពុករលួយ ដែល​កំពុង​ស្ថិតក្នុង​នីតិវិធី​នៃ​ការ​ស៊ើប​​អង្កេត​របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​នេះ​។​

​យោងតាម​ក្រមព្រហ្មទណ្ឌ​មាត្រា ៥៩២ និង​មាត្រា ៥៩៣ បាន​ចែងថា បទល្មើស​វីតិក្រម គឺជា​អំពើ​របស់​អ្នករាជការ​សាធារណៈ ឬ​ពលរដ្ឋ​ទទួល​អាណត្តិ​ដោយ​ការបោះឆ្នោត ដែល​ទាមទារ ឬ​ទទួល​ជា​សិទ្ធិ ជា​ពន្ធ ជា​អាករ​នូវ​ចំនួន​ទឹកប្រាក់​ដែល​ខ្លួន​បានដឹងថា មិនត្រូវ​បង់ ឬ​ដែល​លើសពី​ចំនួន​ដែល​ត្រូវ​បង់ ហើយ​បទ​ចោទ​នេះ អាច​នឹង​ប្រឈម​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ​២ ទៅ ៥ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចន្លោះ​ពី ៤ លាន ដល់ ១០ លាន​រៀល​។​

​សេចក្តីជូនដំណឹង​រប​ស់ ACU ចុះ​ថ្ងៃទី ២៧ ធ្នូ បានឱ្យដឹងថា ករណី​ខេត្តក្រចេះ ឈ្មោះ ទឺ ប៊ុន​ឡេង ប្រធានការិយាល័យ​រដ្ឋ​បាល និង​បុគ្គលិក និង​ឈ្មោះ ជាង សុខ​អេង អនុប្រធាន​ការិយាល័យ រដ្ឋបាល និង​បុគ្គលិក​នៃ​មន្ទីរ​សុខាភិបាល ខេត្តក្រចេះ គឺ​ពិតជា​បាន​រកឃើញថា បាន​ទារ និង​ទទួល​ប្រាក់​ពី​បេក្ខជន​ដែលមាន​លក្ខណសម្បត្តិ​ក្នុងការ​ជ្រើសរើស​ឱ្យចូល​ក្របខ័ណ្ឌ​មន្ត្រី​សុខាភិបាល​ក្រចេះ​ពិតប្រាកដ​មែន​។

លោក ទឺ ប៊ុន​ឡេង ប្រធានការិយាល័យ​រដ្ឋ​បាល​មន្ទីរ​សុខាភិបាលខេត្តក្រចេះ ដែលបាន​ទារ និង​ទទួល​ប្រាក់​ពី​បេក្ខជន​ដែលមាន​លក្ខណសម្បត្តិ​ក្នុងការ​ជ្រើសរើស​ឱ្យចូល​ក្របខ័ណ្ឌ​មន្ត្រី​សុខាភិបាល​ក្រចេះ​។ រូបថត ហ្វេសប៊ុក

ACU បាន​បញ្ជាក់ថា ចំនួន​ទឹកប្រាក់​ដែល​បាន​រកឃើញ​ទាំងនេះ គឺ​បាន​ទារ និង​ទទួល​ក្នុងចំណោម​បេក្ខជន​ ១២៩ នាក់ ដោយមាន​ចំនួន ៧៤ ម៉ឺន​ដុល្លារ​។​

ACU បាន​បន្តថា​៖ «​ដោយបាន​ការអនុញ្ញាត​ភ្លាមៗ​ពី​តុលាការ​ខេត្តក្រចេះ ACU បានប្រគល់​លុយ​ជូន​ដល់​ជនរងគ្រោះ​ជាបន្ទាន់ ព្រោះ​អស់​រយៈពេល ៥ ទៅ ៦ ខែ ដែល​បង់ការ​​ប្រាក់ បន្ទាប់ពី​បេក្ខជន​ភាគច្រើន បាន​បុល​ខ្ចី​ពី​ធនាគារ និង​ពី​អ្នក​ចងការ​ប្រាក់​ជា​បន្ទុក​ធ្ងន់ធ្ងរ​ណាស់​»​។​

​កាលពី​ថ្ងៃទី​ ១៨ ខែ សីហា ឆ្នាំ ២០២១ ACU បាន​បញ្ជូន​ជនល្មើស​ទាំង​ ២ រូបនេះ ទៅ​តុលាការ​ខេត្តក្រចេះ ដើម្បី​មាន​ចំណាត់​ការបន្ត​តាម​នីតិវិធី​ច្បាប់ បន្ទាប់ពី​បើក​ការ​ស៊ើប​​អង្កេត ដោយយោង​តាម​ពាក្យបណ្តឹង​របស់​មន្ត្រីរាជកា​រ ដែល​ធ្វើការ​នៅតាម​មន្ទីរពេទ្យបង្អែក ស្រុក​ប្រតិបត្តិ និង​មណ្ឌល​សុខភាព​ទាំងអស់​នៅក្នុង​ខេត្តក្រចេះ ដែល​បាន​លាតត្រដាង​អំពើពុករលួយ​របស់​ម​ន្ត្រី​ទាំង ២ ​នេះ​។​

​ក្នុង​សារលិខិត​របស់​មន្ត្រីរាជកា​រនៃ​មន្ទីរពេទ្យបង្អែក​នៅ​ទូទាំង​ខេត្តក្រចេះ កាល​ថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០២១ បាន​សរសេរ​រៀបរាប់ថា មន្ត្រី​ទាំង​ ២ រូបនេះ បាន​ទារប្រាក់​ពី​មន្ត្រី​ស្ម័គ្រចិត្ត និង​មន្ត្រី​ជាប់កិច្ចសន្យា ក្នុងចំណោម ១២៩ នាក់ ដោយ​ក្នុង​ម្នាក់ៗ​ចាប់ពី ១០ ០០០ ដុល្លារ ​ទៅ ១៣ ០០០ ដុល្លារ ​ជា​ថ្នូរ​នឹង​ការបំពេញ​បែបបទ​ប្រវត្តិរូប​ផ្លោះ​ឡើង​ដោយ​មិន​ឆ្លងកាត់​ការជ្រើសរើស​ត្រួតពិនិត្យ​ពី​ប្រធាន អូឌីត ក្រុង និងស្រុក ដើម្បី​បញ្ជូន​ឈ្មោះ​ទៅ​ក្រសួងសុខាភិបាល​ឱ្យ​ជាប់​ក្របខ័ណ្ឌ​រដ្ឋ​។​

​លោក ទីវ វុ​ធ​ធេង អនុប្រធាន​លេខា​​ដ្ឋា​ន​រដ្ឋបាល​ខេត្តក្រចេះ បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ ​នៅ​ថ្ងៃទី ២៩ ធ្នូ​ថា សំណុំ​រឿងនេះ គឺ​កំពុង​ស្ថិតក្នុង​ចំណាត់ការ​របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​​ដំបូង​ខេត្តក្រចេះ និង​បានសម្រេច​ឃុំខ្លួន​មន្ត្រី​ទាំង ​២ ​នេះ នៅ​ពន្ធនាគា​ខេត្ត​បណ្តោះអាសន្ន​។ យ៉ាងណា លោក ទីវ វុ​ធ​ធេង បាន​បដិសេធ​ធ្វើការ​បក​ស្រាយ​លម្អិត ដោយ​សំអាងថា សំណុំ​រឿងនេះ គឺ​កំពុង​ស្ថិតក្នុង​នីតិវិធី​នៃ​ការស៊ើបអង្កេត​របស់​ចៅក្រម ដែល​មិនអាច​បកស្រាយ​អ្វី​បាន​ច្រើន​នោះទេ ខណៈ​ជន​ទាំង​ ២​ នេះ ត្រូវបាន​អយ្យ​​ការ​អម​សាលាដំបូង​ខេត្តក្រចេះ​ចោទ​​ប្រកាន់​ពីបទ វីតិក្រម​។​

​លោកបាន​បញ្ជាក់ថា​៖ «​សំណុំ​រឿងនេះ ស្ថិតក្នុង​ដៃ​ចៅក្រម​ស៊ើបសួរ គ្រាន់តែ​ដំណើរការ​ដល់​ណា ខ្ញុំ​មិនទាន់​ដឹង​ទេ ព្រោះ​គេ​កំពុង​ស៊ើបអង្កេត​។ យើង​បាន​ឃុំខ្លួន មន្ត្រី​ទាំង ​២ ​នោះ​ហើយ ក្រោយ​អយ្យការ​សម្រេច​ចោទប្រកាន់​»​។​

​លោក ធី​ម ហ៊​ន មន្ត្រី​សម្រប​​សម្រួល អង្គការ​អាដហុក​ប្រចាំខេត្ត​ក្រចេះ បាន​លើកឡើងថា នៅពេល​មានរឿង​ក្តី​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​នេះ គឺ​មន្ត្រី​មាន​សមត្ថកិច្ច​ក្នុងការ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​នេះ បានធ្វើការ​ស៊ើបអង្កេត រហូត​ដល់កំណត់​មុខសញ្ញា ដើម្បី​យកមក​ផ្តន្ទា​​ទោស​តាមច្បាប់​។ លោក​ចង់ឱ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​បន្ត​រួមគ្នា ដើម្បី​លុប​បំបាក់​អំពើពុករលួយ​នៅក្នុង​ប្រទេស​បន្ថែមទៀត ព្រោះ​ការងារ​ទាំងនេះ ត្រូវការ​ការសហការ​រួមគ្នា​។

លោកបញ្ជាក់ថា​៖ «​ទាក់ទង​នឹង​បញ្ហា​នេះ គឺជា​សញ្ញា​មួយ​ល្អ​ដែរ​សម្រាប់​មន្ត្រី​ជំនាញ​ក្នុងការ​អនុវត្ត​បង្ក្រាប​បទល្មើស​ពុករលួយ​។ គ្រាន់តែ​ថា ក្នុងការ​អនុវត្ត​នេះ ក៏ត្រូវ​ការ​ការ​​ចូលរួម​សហការ​ពី​អ្នកពាក់ព័ន្ធ​មួយចំនួនទៀត​ដែរ​។ អ៊ីចឹង​បើ​ក្នុងករណី ឱ្យ​ ACU ធ្វើ​តែឯង​ក៏​ពិបាក​ដែរ លុះត្រាតែ​មានការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ដើម្បី​ធ្វើការ​ទប់ស្កាត់​រហូតដល់​មានការ​បង្ក្រាប​បទល្មើស​​ពុករលួយ​ទាំងនេះ​»៕