ភ្នំពេញៈ លោកនាយ​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ស្នើច្បាប់​កំណត់​អាយុ​នាយករដ្ឋមន្ត្រី​នៅត្រឹម​អាយុ​ ៧២​ ឆ្នាំ នៅពេលដែល​លោក​នឹង​ចាក​ចេញពី​នាយក​​រដ្ឋមន្ត្រី ខណៈ​លោក​ប្រកាសថា នៅ​ឆ្នាំ​ ២០៤០ លោក​នឹង​ក្លាយជា​ជីតា​នាយករដ្ឋមន្ត្រី​។​

​លោក​បាន​ថ្លែងថា​៖ «​ប្រកាស​ទុកឱ្យហើយ នៅពេលដែល​ខ្ញុំ​ចាក​ចេញពី​នាយករដ្ឋមន្ត្រី​ខ្ញុំ​នឹង​សម្រេច​បំណង​អ្នក​ដែល​ស្នើ​សុំឱ្យ​រៀបចំ​ច្បាប់​កំណត់​អាយុ​ចូល​​និវត្តន៍​របស់​នាយក​រដ្ឋមន្ត្រី​។ ខ្ញុំ​នឹងធ្វើ​ជូន​។ ឥឡូវ​អ្នកឯង​ចង់បាន​អាយុ​ប៉ុន្មាន​? ប្រាប់​មក​មួយ​សា​ទៀត​។ ថ្ងៃមុន ខ្ញុំ​ឃើញ​គេ​បង្ហោះ គេ​ថា ច្បាប់​សញ្ជាតិ​តែ​ ១ ​សម្រាប់​គ្រប់គ្រង​ស្ថាប័ន ​៤ មិន​សំខាន់ សំខាន់​អាណត្តិ​នាយករដ្ឋមន្ត្រី​និង​អាយុ [​នាយក​​រដ្ឋមន្ត្រី​]»​។

​លោក ហ៊ុន សែន បាន​ថ្លែង​ដូច្នេះ ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​អគារ​រដ្ឋបាល និង​សាលប្រជុំ​ទីស្តីការក្រសួង​ការ​​ពារ​ជាតិ នា​ថ្ងៃទី​ ២៩ ធ្នូ​។​

​លោកបន្តថា អាណត្តិ​នាយក​​រដ្ឋមន្ត្រី មិនអាច​កំណត់​បាន​នោះទេ ព្រោះ​ការបោះឆ្នោត​គឺធ្វើឡើង​ដើម្បី​ជ្រើស​សមាជិក​រដ្ឋសភា តែ​មិនមែន​បោះឆ្នោត​ផ្ទាល់​ជ្រើសរើស​ប្រធានាធិបតី​នោះទេ ហើយ​បន្ទាប់មក​សភា​បោះឆ្នោត​ជ្រើសរើស​នាយក​​រដ្ឋមន្ត្រី​។​

​ការប្រកាស​របស់លោក​បែបនេះ គឺ​ទំនងជា​ឆ្លើយតប​ទៅនឹង​សារ​របស់លោក សម រង្ស៊ី ប្រធានស្តីទី​អតីត​គណបក្ស​សង្គ្រោះ​​ជាតិ ដែល​ថ្មីៗ​នេះ បានស្នើ​ឱ្យមាន​ការធ្វើ​ច្បាប់​កំណត់​អាយុ​ចូលនិវត្តន៍​របស់​នាយ​ក​រដ្ឋមន្ត្រី​ត្រឹម​អាយុ​ ៧០​ ឆ្នាំ​។ ការ​ថ្លែង​របស់លោក​ សម រង្ស៊ី នេះ ធ្វើឡើង​ក្រោយពេល​លោក ហ៊ុន សែន បានស្នើ​ច្បាប់​កំណត់​សញ្ជាតិ​តែ​​មួយ​សម្រាប់​តំណែង​នាយក​រដ្ឋ​មន្ត្រី ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា​និង​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​។​

​លោក ហ៊ុន សែន ថ្លែងថា​៖ «​កាលនោះ គេ​ [​លោក សម រង្ស៊ី​] ថា កំណត់​អាយុ​នាយក​រដ្ឋ​មន្ត្រី​។ OK... បោះឆ្នោត​ផ្តល់​ការទុកចិត្ត​ឱ្យ​រដ្ឋាភិបាល​ថ្មី​ហើយ ចេញមក​យើង​ជា​សមាជិកសភាគិតថា បបួលគ្នា​ប៉ុន្មាន​នាក់​យើង ពេលដែល​យើង​ចេញមក​ប្រជុំ​កាសែត​ទាំងអស់គ្នា ហើយ​យើង​ផ្តួចផ្តើម​គំនិត​ស្នើសុំ​ធ្វើ​ច្បាប់​កំណត់​អាយុ​នាយករដ្ឋមន្ត្រី​។ ដាក់​យក​ត្រឹម ​៧០ ​ទៅបាន​! ព្រោះ​បើ​ជិត​ឆ្នាំ ​២០២៣ បើសិន​ជា​ខ្ញុំ​ចាកចេញ ឧទាហរណ៍ ខ្ញុំ​ទើប ​៧១ [​ឆ្នាំ​] អ៊ីចឹង​លើស​បន្តិច​។ អត់​អី ឥឡូវ​បើ​ចង់​ដាក់​ ៧២ [​ឆ្នាំ​] ឧទាហរណ៍​អ៊ីចឹង​។ អ៊ីចឹង យើង​ចូលនិវត្តន៍​មុន​ ១ ​ឆ្នាំ​ទៅទៀត​ ពី​នាយករដ្ឋមន្ត្រី​»​។​

​កាលពី​ថ្ងៃទី ​២៤ ធ្នូ លោក ហ៊ុន ម៉ា​ណែ​ត កូនប្រុស​ច្បង​របស់លោក ហ៊ុន សែន ដែលជា​សមាជិក​អចិ​ន្រៃ្ត​យ៍គណ​បក្ស​ប្រជាជន​កម្ពុជា​ត្រូវបាន​អង្គ​​សន្និបាត​គណៈកម្មការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​បោះ​​ឆ្នោត​គាំទ្រ​ជា​បេក្ខភាព​នាយក​​រដ្ឋមន្ត្រី​នៅក្នុង​គណបក្ស​នេះ​សម្រាប់​បន្តវេន​នាពេល​អនាគត​។​

​លោក ហ៊ុន សែន ថ្លែងថា​៖ «​រឿង​នរណា​ធ្វើ​នាយករដ្ឋមន្ត្រី នៅពេលណា​គឺជា​រឿង​បក្ស​របស់គេ ហើយ​រឿង​គេ​ដាក់​នរណា អាហ្នឹង​រឿង​បក្ស​របស់គេ​តើ​! អ្នកឯង​ដាក់​ [​បេក្ខជន​នាយក​​រដ្ឋមន្ត្រី​]​មក​។ ខ្ញុំ​អបអរសាទរ នឹង​ការបញ្ចេញ​យុវជន​ជំនាន់​​ក្រោយ​ដើម្បី​បន្តវេន​។ ឱ្យ​ចេញមក​។ ចេញមក​ឱ្យអស់​មក​។ ឬ​អ្នកឯង​គ្មាន​ធនធានមនុស្ស​បន្ត​។ ខ្ញុំ​សូមបញ្ជាក់​ណា ពេលនេះ​ខ្ញុំ​ជា​នាយករដ្ឋមន្ត្រី​។ ក្រោយ​ឆ្នាំ ​២០២៣ ខ្ញុំ​នៅ​ជា​ឪ​នាយក​រដ្ឋ​​មន្ត្រី ដល់ ​២០៤០ ខ្ញុំ​នឹង​ក្លាយទៅជា​ជីតា​នាយករដ្ឋមន្ត្រី ចាំ​មើល​មើល​»​។​

​លោក​បាន​ថ្លែង​ទៀតថា លោក​បាន​ប្រាប់​ចៅ​របស់លោក ត្រូវ​ប្រជែង​យក​តំណែង​នាយក​រដ្ឋ​មន្ត្រី​ក្នុង​រយៈពេល ​២០ ​ឆ្នាំ​ទៀត និង​ត្រូវ​រៀន​យក​សញ្ញាបត្រ បណ្ឌិត​ឱ្យបាន ហើយ​បើ​មិនបាន​សញ្ញាបត្រ​បណ្ឌិត ​គឺ​មិន​អនុញ្ញាតឱ្យ​ត្រឡប់មក​ស្រុកកំណើត​វិញ​នោះទេ​។​

​លោក រ៉ូ វណ្ណៈ សហ​ស្ថាបនិក​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ ​នា​ថ្ងៃទី ​២៩ ធ្នូថា ការកំណត់​អាយុ​អ្នក​ន​យោ​​បាយ​ ដើម្បី​បើកផ្លូវ​សម្រាប់​អ្នក​នយោបាយ​ជំនាន់​ក្រោយ ហាក់​ឆ្លុះបញ្ចាំង​ពី​ការទទួលខុសត្រូវ​រប​ស់​អ្នក​ជំនាន់​មុន​។ ប៉ុន្តែ បើ​ការធ្វើ​ទាំងឡាយណា ដើម្បី​ជាការ​លេងល្បែង​នយោបាយ​បុគ្គល វា​ហាក់​មិនបាន​ឆ្លុះបញ្ចាំង​ពី​វប្បធម៌​នយោបាយ​ស៊ី​វិ​ល័យ​។​

​លោក​ថ្លែងថា​៖ «​ប្រសិនបើ​ការកំណត់​អាយុ​នាយករដ្ឋមន្ត្រី​ដោយ​ឆ្លើយតប​ការលើកឡើង​របស់​ដៃគូ​ប្រជែង​នយោបាយ ដូចដែល​សំណួរ​បាន​ចោទឡើង​មែន វា​ហាក់​ឆ្លុះបញ្ចាំង​ន​យោ​​បាយ​ឈ្នះ​-​ចាញ់ (zero-sum game) ​សម្រាប់​ការយក​ការ​​ចាញ់ឈ្នះ​នយោបាយ​ដោយ​សុខចិត្ត​យកឈ្នះ​ចិត្ត វា​ហាក់​ហួស​សម័យ នៅក្នុង​វប្បធម៌​នយោបាយ​ទំនើប​»​។

​លោក វណ្ណៈ មានប្រសាសន៍ថា​៖ «​ប៉ុន្តែ​យ៉ាងណា ខ្ញុំ​គិតថា លោកនាយក​រដ្ឋមន្ត្រី ជា​អ្នក​នយោបាយ​ចាស់វស្សា មាន​បទ​ពិសោធ​គ្រប់គ្រាន់​ក្នុង​ន​យោ​​បាយ​អំណាច​នៅ​កម្ពុជា នឹង​គិតគូរ​ពី​ប្រយោជន៍​សាធារណៈ​ជាជាង​ប្រយោជន៍​បុគ្គល និង​បក្ខពួក​»៕