​កណ្តាលៈ កម្លាំង​នៃ​ស្នងការ​ដ្នា​ន​នគរបាល​ខេត្តកណ្តាល​ កំពុង​ស្វែងរក​ចាប់ខ្លួន​ជនជាប់ចោទ​ម្នាក់​ដែលជា​នគរបាល ឈ្មោះ ស្រេង សុខា ដែល​ត្រូវបាន​ចៅក្រម​ជំនុំជម្រះ នៃ​សាលា​​ដំបូង​ខេត្តកណ្តាល ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន ពីបទ​ប្រើ​អំពើហិង្សា​ទៅលើ​អ្នកកាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត កាលពី​ថ្ងៃទី ​៣០ ខែ កក្កដា ឆ្នាំ ​២០២០ ប្រព្រឹត្ត​នៅ​ភូមិ​កោះគរ សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ​។

​លោក​ ឡាក់ ម៉េង​ធី ស្នងការរង​នគរ​បាល​ខេត្តកណ្ដាល ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​នៅ​ថ្ងៃទី ​២៨ ធ្នូ​ថា កម្លាំង​នគរបាល​ខេត្តកណ្តាល​មិនទាន់​ចាប់បាន​ជន​ជាប់​​ចោទ​នោះទេ តាំងពី​ទទួលបាន​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​។ ពេលនេះ​សមត្ថ​កិច្ច​កំពុង​ដុតដៃដុតជើង​បន្ត​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ជន​នោះ​។

​ដីកា​របស់ លោក រស់ ផុន​ចាន់​និមល ចៅក្រម​ជំនុំជម្រះ សាលាដំបូង​ខេត្តកណ្តាល ចុះ​ថ្ងៃទី​ ២៩ ខែ វិច្ឆិកា ឆ្នាំ ​២០២១ បាន​បង្គាប់​ឱ្យ​ចាប់ខ្លួន​ជន​​ជាប់ចោទ​ឈ្មោះ ស្រេង សុខា ហៅ ទ្រី ភេទ​ប្រុស អាយុ ៤០ ​ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ​ខ្មែរ មុខរបរ​នគរបាល មាន​កម្រិតវប្បធម៌ បរិញ្ញាបត្រ​ជាន់ខ្ពស់​។

​ដីកា​ឱ្យដឹងថា បុគ្គល​ជាប់ទោស មាន​ទីកន្លែង​កំណើត​នៅ​ភូមិ​ត្រើយ​ត្រឹ​ង្ស ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល និង​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ក្រពើ​ហា សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ មាន​ឪពុក​ឈ្មោះ ស្រេង ស្រី ម្តាយ​ឈ្មោះ ឆាយ សាម​លី ប្រពន្ធ​ឈ្មោះ សា​ផន សុ​ម៉ូ​រី​សង្វារ មានកូន ២ ​នាក់ ទោស​ពីមុន គ្មាន​។​

​ក្នុង​ដីកា​បញ្ជាក់ថា ត្រូវបាន​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​កំណត់​រយៈពេល ១​ ឆ្នាំ ​៦ ​ខែ ​ពីបទ​ប្រើ​អំពើហិង្សា​ទៅលើ​អ្នក​​កាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត ប្រព្រឹត្ត​នៅ​ភូមិ​កោះគរ សង្កាត់​រកា​​ខ្ពស់ ក្រុង​តាខ្មៅ កាលពី​ថ្ងៃទី ​៣០ ខែ កក្កដា ឆ្នាំ ​២០២០​។

ក្នុង​ដីកា​សរសេរថា​៖ «​បង្គាប់​ឱ្យកម្លាំង​សាធារណៈ​ចាប់​ និង​នាំខ្លួន​បុគ្គល​ខាងលើ ទៅ​បង្ហាញខ្លួន​នៅមុខ​ព្រះរាជអាជ្ញា និង​ធ្វើការ​ឃុំខ្លួន តាម​អំណាច​សាលក្រម ស្របតាម​បញ្ញត្តិ​មាត្រា ៣៥៣ កថាខណ្ឌ​ទី​៥ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​»​។

​លោក ស៊ឹង សែន​ករុណា អ្នក​នាំ​​ពាក្យ​សមាគម​អាដហុក​ថ្លែង​នៅ​ថ្ងៃទី ២៨ ​ធ្នូ​ថា ករណី​មន្ត្រី​មាន​សមត្ថកិច្ច​មាន​ឋានន្តរស័ក្ដិ​ខ្ពស់ បែរជា​ទៅ​ប្រព្រឹត្ត​នូវ​អំពើ​ល្មើសច្បាប់ ខណៈ​ខ្លួន​ជា​អ្នកអនុវត្ត​ច្បាប់​នោះ គឺជា​អំពើ​មួយ មាន​ស្ថាន​​ទម្ងន់ទោស​លើសពី​ជន​សាមញ្ញ​ធម្មតា​។

លោក​បញ្ជាក់ថា បើ​មើល​ទៅលើ​ទិ​ដ្ឋ​​ភាព​ច្បាប់ គឺ​ច្បាប់​មិនមាន​ចាត់ទុកថា អ្នក​ដែលមាន​តួនាទី​ខ្ពង់ខ្ពស់ អាច​ប្រព្រឹត្ត​បទល្មើស​ហើយ​អាច​រួចផុត​អំពី​ការផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​បាន​នោះទេ​។

​លោក​ថ្លែងថា​៖ «​គប្បី​មានការ​ចាត់វិធានការ ទៅតាម​នីតិវិធី​ផ្លូវច្បាប់​ដើម្បី​ទី​១ បញ្ជាក់​ទៅលើ​ការអនុវត្ត​ច្បាប់​របស់​ប្រទេស​យើង​ គឺ​មិន​អនុគ្រោះ​ទៅលើ​ជន​ណាក៏ដោយ ទោះបីថា មាន​ឋានៈ​ខ្ពង់ខ្ពស់​បែបណាក៏ដោយ ត្រូវតែ​ទទួលទោស​ទណ្ឌ​ទៅតាម​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត ហើយ​ទី​២ អ្នក​ផ្សេងទៀត ដែលមាន​តួនាទី​មាន​ឋានៈ​បុណ្យស័ក្តិ​ហ្នឹង គឺអាច​នឹងមាន​ការ​រាងចាល​មិន​​ហ៊ាន​ប្រព្រឹត្ត​អំពើ​បែប​ហ្នឹង​ទៀត​»​។

​លោក​ ស៊ឹង សែន​ករុណា លើកឡើងថា នៅពេល​ទទួលបាន​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន ទៅដល់​ដៃ​ហើយ​សមត្ថកិច្ច​គួរតែ​ដុតដៃដុតជើង​ ដើម្បី​ធ្វើការ​ចាត់​​វិធានការ​ទៅលើ​ជន​ប្រព្រឹត្ត​នេះ​ឱ្យបាន​ទាន់ពេលវេលា​ចៀសវាង​ជន​ប្រព្រឹត្ត​ដឹងខ្លួន ហើយ​រត់គេចខ្លួន ដែលជា​ហេតុ​ធ្វើឱ្យ​រួច​ផុតពី​សំណាញ់​ច្បាប់ នាំឱ្យ​សាធារណជន មានការ​វាយតម្លៃ​លើ​ប្រព័ន្ធ​នៃ​ការអនុវត្ត​ច្បាប់​របស់​ប្រទេស​ថា មានការ​យឺតយ៉ាវ​៕