​ភ្នំពេញៈ នគរបាល​ខណ្ឌ​​ដង្កោ​នៅ​ថ្ងៃទី ​២៩ ​ធ្នូ កំពុង​រៀបចំ​​សំណុំរឿង​បញ្ជូន​បុរស​ជនជាតិ​​ចិន​ម្នាក់​ទៅ​តុលាការ ក្រោយ​ចាប់ខ្លួន​ពាក់ព័ន្ធ​ចាក់​ស្ត្រី​ជាតិចិន​​ម្នាក់​ស្លាប់ នៅក្នុង​រោងចក្រ​កាត់​​ដេរ​យីហោ​ហ្គោល​ឌិន ហ្គ្រេ​ស ស្ថិតនៅ​ភូមិ​អន្លង់​គង​ថ្មី សង្កាត់ព្រៃ​ស ខណ្ឌដង្កោ កាលពី​ថ្ងៃ​ទី​ ២៥​ ធ្នូ កន្លងមក​។​

​លោក ជាង ហុក​សែ អធិការ​​រង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​បានឱ្យដឹង​នៅ​ថ្ងៃទី​ ២៩ ​ធ្នូ​ថា បុរស​ជា​ជនសង្ស័យ​ឈ្មោះ សាវ វិ​ន ​(XIAO WEN)​ អាយុ​ ៣៤ ​ឆ្នាំ ជនជាតិ​ចិន​ជា​ប្រធាន​ផ្នែក​កាត់ដេរ រីឯ​ស្ត្រី​រង​គ្រោះ​ឈ្មោះ​ ឌី​ន លី ​(DIN LI) ​អាយុ​ ៣៧ ​ឆ្នាំ ជា​អ្នកគ្រប់គ្រង​រោងចក្រ​កាត់ដេរ​។​ពួកគេ​ស្នាក់​នៅក្នុង​រោងចក្រ​យីហោ ហ្គោល​ឌិន ហ្គ្រេ​ស​។

​លោក​ប្រាប់ថា​៖ «​ជនជាតិ​​ចិន​ម្នាក់នេះ ​កំពុង​ស្ថិតនៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ​យើង​កំពុង​បន្ត​នីតិវិធី ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​»​។​

តាម​កំណត់ហេតុ​របស់​នគរ​​បាល​ខណ្ឌដង្កោបង្ហាញថា ​ករណី​ឃាត​កម្មនេះ​ បានកើត​​ឡើង​កាលពី​យប់​ថ្ងៃទី ​២៥ ធ្នូ​ ​ក្នុងភូមិ​អន្លង់​គង​ថ្មី សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​មុន​កើតហេតុ ជនសង្ស័យ​បាន​ទៅ​ផឹកស៊ី​នៅក្រៅ​រោងចក្រ​ហើយ​ពេល​ត្រឡប់មក​រោង​​ចក្រ​វិញ​ក៏​ឈ្លោះ​គ្នា​ជាមួយ​ស្ត្រី​រងគ្រោះ​ពី​រឿង​លុយកាក់​។​

​ពេលនោះ​មាន​បុរស​ជនជាតិ​​ចិន​ម្នាក់ ​ដែល​ស្នាក់​នៅជាប់​បន្ទប់​គ្នា​ចេញមក​ឃាត់ ហើយក៏​បំបែក​គ្នា​ទៅ​។​

​ប្រភព​ដដែល​បន្តថា មួយសន្ទុះ​ក្រោយមក ស្រាប់តែ​ជន​​សង្ស័យ​កាន់​កូនកាំបិត​ ១ ​ស្ទុះ​ទៅ​ចាក់​ស្ត្រី​រងគ្រោះ​ពីក្រោយ​បណ្តាលឱ្យ​ដួល​ផ្កាប់មុខ​លើ​បេតុង រួច​រត់​គេចខ្លួនបាត់​។ ​បន្ទាប់មក​ស្ត្រី​រងគ្រោះ​ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​​ពេទ្យ​កាលម៉ែត តែ​ប៉ុន្មាន​ថ្ងៃក្រោយ​ក៏បាន​ស្លាប់​។​ក្រោយ​កើតហេតុ​ថៅកែ​រោងចក្រ​បានដាក់​ពាក្យបណ្តឹង​មក​អធិការ​​ដ្ឋា​ន​នគរបាល​ខណ្ឌដង្កោ ដើម្បីឱ្យ​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​។​

​បើតាម​លោក ហុក​សែ បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​សមត្ថ​​កិច្ច​ខណ្ឌ​បាន​សុំ​សហការ​ជា​មួយ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បើក​ការ​ស្រាវ​​ជ្រាវ​ទើប​ចាប់ខ្លួន​ជនសង្ស័យ​បាន​នៅ​រសៀល​ថ្ងៃទី ​២៨ ធ្នូ នៅ​ផ្ទះ​របស់​ប្រពន្ធ​ជនសង្ស័យ​ក្នុងភូមិ​ត្រពាំង​ស្មាច់ ឃុំ​អណ្ដូង​​ត្របែក ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង​៕