ភ្នំពេញៈ លោក ស ខេង ឧ​ប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​​មហាផ្ទៃ បាន​បញ្ជាក់ថា នឹង​រៀបចំ​ឱ្យមាន​យន្តការ​ជាក់លាក់ ជាមួយ​អាជ្ញាធរ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ក្រសួង សមត្ថកិច្ច ដែល​ផ្ដល់​អាជ្ញាប័ណ្ណ ដើម្បី​ពិនិត្យ​តាមដាន​ការនាំ​សារធាតុ​​គីមី​ពី​ក្រៅប្រទេស​ចូលមក​កម្ពុជា ខណៈ​ក្នុង​ខែធ្នូ​នេះ សមត្ថកិច្ចបាន​បង្ក្រាប​គ្រឿងញៀន​ជាង ២ ៣០០​ គីឡូក្រាម​។​

​លោក ស ខេង បាន​ថ្លែង​បែបនេះ​ក្នុងពេល​ធ្វើជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើ​​ប្រាស់​ជា​ផ្លូវការ​មណ្ឌល​យុវ​នីតិ​សម្បទា ស្ថិតនៅ​ឃុំ​បា​គូរ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល កាលពី​ថ្ងៃទី​ ២៨ ខែ ធ្នូ ឆ្នាំ ​២០២១ ថា បញ្ហា​គ្រឿងញៀន គឺជា​ជំងឺ​​រ៉ាំរ៉ៃ​របស់​សង្គម​កម្ពុ​ជា ទៅ​ថ្ងៃមុខ​ទៀត បើសិន​មិន​នាំគ្នា​ប្រឹងប្រែង​ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​នេះ​ទាំងអស់គ្នា​។

​លោក​ថ្លែងថា​៖ «​ទាក់ទង​នឹង​បញ្ហា​គ្រឿងញៀន​នេះ យើង​នឹង​រៀបចំ​ឱ្យមាន​យន្តការ​ជាក់​​លាក់​។ យោបល់​ខ្ញុំ​ទេ ជាមួយនឹង​អាជ្ញាធរ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដែល​ទាក់ទង​ជា​​មួយ​នឹង​ក្រសួង សមត្ថកិច្ច​ដែល​ផ្ដល់​អាជ្ញាប័ណ្ណ ដើម្បី​មានលទ្ធភាព ក្នុងការ​តាមដាន ពិនិត្យ ពី​ដើម​ដល់​ចុង ក្នុងការ​​នាំសារ​ធាតុគីមី​ពី​ក្រៅ​ចូលមក​ធ្វើ​អី​ខ្លះ ចេញ​ជា​លទ្ធផល​យ៉ាង​​ម៉េច​ខ្លះ ក្នុងន័យ​ដើម្បី​ទប់ស្កាត់​កុំ​ឱ្យមាន​ការផលិត​គ្រឿងញៀន​នៅ​កម្ពុជា​របស់​យើង​នេះ​»​។

​លោក ស ខេង បានឱ្យដឹងថា ក្នុង​រយៈពេល​ ១ ​ខែធ្នូ​នេះ សមត្ថកិច្ច​បាន​បង្ក្រាប​គ្រឿង​​ញៀន​ប្រមាណ​ជាង ២ ៣០០ គីឡូក្រាម ក្នុង​ប្រតិ​ប​ត្ដិ​ការបង្ក្រាប​ចំនួន ២ ​លើក​។ ក្នុងនោះ​ ១ ​លើក​នៅ​ខេត្ដ​កំពង់ស្ពឺ ស្រុក​ឱ​រ៉ា​ល់ ដែលមាន​ក្រុម​​ហ៊ុន​មួយ​បានទទួល​អាជ្ញាប័ណ្ណ ពី​ក្រសួង និង​សមត្ថកិច្ច ដើម្បី​នាំ​វត្ថុធាតុដើម សារធាតុ​គីមីថា យកមក​ធ្វើ​ជី​ជាច្រើន​មុខ​នៅ​ទីនោះ​។ ពេល​ក្រុមហ៊ុន​នាំយក​សារធាតុ​គីមី​មកដល់​អត់​បានធ្វើ​ជី​ទេ គឺ​ផ្សែផ្សំ​ទៅជា​សារធាតុ​ញៀន ដែល​ហៅថា​ គ្រឿងញៀន​សំយោគ ហើយ​គ្រឿងញៀន​សំយោគ​នេះ អាចមាន​តម្លៃ​ថ្លៃ​ជាង​អាភៀន​ទៅទៀត​។

ចំណែក​ករណី​ទី​២ សមត្ថកិច្ច​ទើប​បង្ក្រាបបាន​នៅ​ភ្នំពេញ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ ក្នុង​សប្ដាហ៍​មុននេះ​ជាង ៣០០​ គីឡូក្រាម ក៏​ជា​ប្រភេទ​គ្រឿងញៀន​សំយោគ​ដូចគ្នា​ដែរ​។

​លោក​បាន​បញ្ជាក់ថា​៖ «​គ្រឿង​​ញៀន​នេះ ការពិតហើយ វា​យកមក​ចូល​នៅ​យើង​នេះ ដើម្បី​នឹង​ផ្សំ​ទៅជា​ផលិតផល​​សម្រេច យក​ចូលមក​ផលិត​ផល​ពាក់កណ្ដាល​សម្រេច ជា​សារធាតុ ជា​ម្សៅ ជា​អី​មក វា​ពាក់កណ្ដាល​សម្រេច​ទេ​។ ប៉ុន្ដែ​មកដល់​យើង​នេះ អាហ្នឹង​ប្រៀប​ដូច​ចោរលួច​ឡាន​អ៊ីចឹង យកទៅលក់ ឡាន​ទាំង​ដុល​មិន​បានទេ ទាល់តែ​ម្ដង​បេះ​កង់ ៣-២ ម្ដង​យក​ចង្កូត ម្ដង​យក​ម៉ាស៊ីន​យកតែ ៤-៥ ​ជើង ​ទៅ​ផ្គុំ​គ្នា​ទៅបាន​ឡាន ​១ ​ដដែល​។ នេះ​ដូចគ្នា​អ៊ីចឹង ម្ដង​យក​សារធាតុ​នេះ ម្ដង​យក​សារធាតុ​នោះ ៤-៥ សារធាតុ​យកមក​ដល់​ផ្គុំ​គ្នា​ទៅជា​គ្រឿងញៀន ហើយ​នាំ​ចេញទៅ​ទីផ្សារ​ខាងក្រៅ​»​។

​លោក ស ខេង បាន​លើកឡើងថា មាន​អ្នក​ឱ្យយោបល់ ជា​ជន​បរទេស​ថា ការ​នាំចូល​សារធាតុ​គីមី​ដើម្បី​ផលិត​គ្រឿងញៀន​នេះ មកពី​សមត្ថកិច្ច​មិន​ពិនិត្យ​​មើល ធ្មេចភ្នែក​ឱ្យ​ឆ្លងកាត់​។​

​លោក​ថ្លែងថា​៖ «​យើង​អត់​ត្រូវ​ធ្មេចភ្នែក​ទេ យើង​ត្រូវតែ​អនុវត្ដ​ច្បាប់ ពីព្រោះ​យើង​ក៏​ជា​សមាជិក​អង្គការសហប្រជាជាតិ យើង​ក៏​ចូល​ជា​សមាជិក​នៃ​អង្គការ​ប្រឆាំង​គ្រឿងញៀន​​អន្តរជាតិ​ដែរ​។ អ៊ីចឹង​ហើយ ច្បាប់​អន្តរជាតិ​ដែល​ទាក់ទង​គ្រឿងញៀន វា​ក៏​ជា​ច្បាប់​របស់​យើង ដែល​យើង​ឱ្យ​សច្ចាប័ន ដូច្នេះ​ត្រូវគោរព​ដូច​ច្បាប់​យើង​អ៊ីចឹង​ដែរ​»​។

​លោក​បន្តថា​៖ «​បើ​គេ​ចាប់បាន​ទៅ វា​ប៉ះពាល់​ដល់​កិ​ត្ដិ​យស មុខមាត់ របស់​កម្ពុជា​របស់​យើង​ថា កម្ពុជា​របស់​យើង​ជា​អ្នកជួញដូរ​គ្រឿងញៀន​។ តែបើ​វា​ចែកចាយ​នៅក្នុង​ស្រុក វា​គ្រោះថ្នាក់​អ៊ីចឹង ហើយ​វា​មិនជា​ទេ តែ​កាលណា​ជក់​វា​ហើយ​វា​អត់​ជា​ទេ​។ វា​អត់​មាន​ថ្នាំ​​បន្សាប ថ្នាំ​ដើម្បី​ព្យាបាល នេះ​ជា​គ្រោះថ្នាក់​ធំ​ណាស់​»​។

​លោក ស ខេង ថ្លែងថា បច្ចុប្បន្ននេះ នៅតាម​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ​ទូទាំងប្រទេស​កម្ពុ​ជា មាន​អ្នក​ជាប់ឃុំ​ទាំងអស់​ជិត ៤​ ម៉ឺន​នាក់ ក្នុងនោះ ៥១ ​ភាគរយ គឺ​ជាប់ឃុំ​ដោយសារ​គ្រឿងញៀន​។ នេះ​បញ្ជាក់​ឱ្យឃើញ ៥០ ​ភាគរយ អ្នករកស៊ី​ជួញដូរ​គ្រឿងញៀន​។ ហើយ​ក្នុង ៤៩ ​ភាគរយ​ដែល​នៅសល់ ក៏​អាចមាន​អ្នក​ដែល​ជក់​គ្រឿងញៀន​ដែរ​។ នេះ​ជា​ហានិភ័យ​មួយ​ធំ​ណាស់​សម្រាប់​សង្គម​របស់​កម្ពុជា​។

​លោក​បញ្ជាក់ថា​៖ «​អ៊ីចឹង​ទេ គឺ​បញ្ហា​នេះ​មានតែ​យើង​ទាំង​-​អស់​គ្នា​ខិតខំ​ប្រឹងប្រែង គឺថា​រួមគ្នា​តាម​កម្មវិធី​នយោបាយ គោលនយោបាយ​របស់​រា​ជរ​ដ្ឋា​ភិ​បាល​ដែលមាន​ស្រាប់ ក្នុងការ​ប្រយុទ្ធប្រឆាំង គ្រឿងញៀន​នេះ និង​ផ្អែក​តាមច្បាប់​ដែល​យើង​មាន​ស្រាប់​ជា​ធរមាន​នេះ ដើម្បី​យើង​អនុវត្ដ​»​។

​លោក អំ សំអាត​ ​នាយករង​អង្គការ លីកាដូ បាន​លើកឡើងថា គ្រឿងញៀន​ជា​ឧបករណ៍​បំផ្លាញ​ធនធានមនុស្ស នឹង​បំផ្លាញ​សង្គមជាតិ​។ ការហូរចូល ការផលិត និង​ចរាចរណ៍​គ្រឿងញៀន ជា​រឿង​គួរឱ្យ​ព្រួយ​​បារម្ភ ដូច្នេះ​យន្តការ​ជាក់លាក់​ក្នុងការ​ប្រយុទ្ធប្រឆាំង​គ្រឿង​​ញៀន​ជា​រឿង​ចាំបាច់​បំផុត​។​

​លោក​ថ្លែងថា​៖ «​ការអនុវត្ត​ច្បាប់​ឱ្យបាន​តឹងរ៉ឹង​ចំពោះ​អ្នក​​ពាក់ព័ន្ធ​ក្នុងការ​នាំចូល ជួញដូរ ផលិត ចរាចរណ៍ គ្រឿងញៀន​ដោយ​តម្លាភាព យុត្តិធម៌ ជា​រឿង​សំខាន់​ទោះ​អ្នក​ដែល​ពាក់ព័ន្ធ​ជា​អ្នកមានអំណាច និង​ឋានន្តរស័ក្តិ​ប៉ុនណា​ក៏ត្រូវ​អនុវត្ត​ច្បាប់ ដោយ​មិនមាន​ការលើកលែង ឬ​យោគយល់​»​។

លោក​ថា ដូច្នេះ​ការត្រួតពិនិត្យ​ក្នុង​ការនាំ​សារធាតុ​​គីមី​ពី​ក្រៅប្រទេស​ចូល​កម្ពុជា​ត្រូវតែមាន​ការត្រួតពិនិត្យ និង​តាមដាន​ដោយ​យកចិត្តទុកដាក់ ចៀសវាង​ការនាំ​ចូល​សារធាតុ​​គីមី​ទាំងនោះ​អាច​ផលិត​ជា​គ្រឿងញៀន​បាន​។ ការទប់ស្កាត់ និង​ការត្រួតពិនិត្យ​តាមដាន​ក៏ត្រូវ​មាន​កិច្ចសហការ​ជាមួយ​ប្រទេសជិតខាង ក្នុង​តំបន់​ឱ្យ​បានល្អ​ផងដែរ​៕