​ភ្នំពេញៈ រដ្ឋបាល​ជលផល​បានឱ្យដឹងថា ការដកហូត​ដីព្រៃ​​លិច​ទឹក​ក្នុង​តំបន់ ​៣ នៅក្នុង​ខេត្ត​ទាំង​ ៦ ជុំវិញ​បឹង​ទន្លេសាប មាន​ចំនួន​ជាង ៥៦ ០០០ ​ហិកតា​ ដែលមាន​ប្រជាពលរដ្ឋ​ជាង ១ ​ម៉ឺន​គ្រួ​សារ បាន​ចូលខ្លួន​ស្ម័គ្រ​ចិត្ត​ប្រគល់​ដី​ទាំងនេះ​ឱ្យ​រដ្ឋ​គ្រប់​​គ្រង​វិញ ខណៈ​ការដាំដុះ​ព្រៃ​លិច​ទឹក ឫស្សី និង​ដើមត្នោត​ឡើងវិញ ក្នុង​តំបន់​ទាំងនោះ​បាន​ជាង ​៩ ​ម៉ឺន​ដើម ​និង​គ្រាប់​។​

​លោក អ៊ឹ​ង ទ្រី អនុប្រធាន​រដ្ឋបាល​ជ​ល​ផល​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​នៅ​ថ្ងៃទី ​២៨ ខែ​​ធ្នូ​ថា គិត​ត្រឹម​ថ្ងៃទី ​២៧ ធ្នូ ក្រុម​​ការងារ​ប្រចាំខេត្ត​ទាំង ​៦ បាន​ដកហូត​ដីព្រៃ​លិច​ទឹក​នៅក្នុង​តំបន់ ​

៣ ​ជុំវិញ​បឹង​ទន្លេសាប​បាន​ចំនួន ៥៦ ០១០ ​ហិកតា ដោយ​ក្នុងនោះ​មាន​ប្រជា​​ពលរដ្ឋ​ចំនួន ​១៣ ២៦៨ ​គ្រួសារ បាន​ស្ម័គ្រចិត្ត​ចូលខ្លួន​មក​ប្រគល់​ដីព្រៃ​លិច​ទឹក​ទាំងនេះ​ត្រឡប់​មកឱ្យ​អាជ្ញាធរខេត្ត​ទាំង ​៦ ​វិញ​។​

​ចំពោះ​ផ្ទៃដី​ព្រៃ​លិច​ទឹក​ដែល​បាន​ដកហូត​ទាំងនេះ​គឺ​ខេត្តកំពង់ឆ្នាំង មាន​ចំនួន ៣០ ២១១ ​ហិកតា ដែលមាន​ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត​ប្រគល់​ដី​ជូន​រដ្ឋ​វិញ ចំនួន​ ៧ ៤១៤ ​គ្រួសារ​។ ​ខេត្តកំពង់ធំ​ដកហូត​ដីព្រៃ​លិច​ទឹកបាន ១០ ៩៤៥ ​ហិកតា ដែលមាន​ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត​ប្រគល់​ដី​​ជូន​រដ្ឋ​វិញ​ចំនួន ២ ២៦៣ ​គ្រួសារ​។ ​ខេត្តសៀមរាប​ដកហូត​បាន ២ ៨៦៥​ ហិកតា​ ដែលមាន​ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត​ប្រគល់​ដី​ជូន​រដ្ឋ​វិញ​ចំនួន ១ ២៣៧ ​គ្រួសារ​។ នេះ​បើតាម​លោក លោក អ៊ឹង ទ្រី​។​

​លោក​បាន​បន្តថា ចំពោះ​ខេត្ត​បាត់​ដំបង​ដកហូត​បាន ៦ ៥៥៦​ ហិកតា ដែលមាន​ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត​ប្រគល់​​ដី​ជូន​រដ្ឋ​វិញ​ចំនួន ១ ៣៦២​ គ្រួសារ​។ ខេត្តបន្ទាយមានជ័យ​ដកហូត​ដី​បាន

៤ ២៦៣ ​ហិកតា ដែលមាន​ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត​ប្រគល់​ដី​ជូន​រដ្ឋ​វិញ​ចំនួន ​៦៥១ ​គ្រួសារ និង​ខេត្តពោធិ៍សាត់​ដក​​ហូត​បាន ​១ ១៧១ ​ហិកតា ដែលមាន​ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត​ប្រគល់​ដី​ជូន​រដ្ឋ​វិញ​ចំនួន ៣៤១​ គ្រួសារ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ការងារ​ទាំង​​អស់នេះ យើង​បាន​ធ្វើជា​បន្តបន្ទាប់​តាំងពី​ថ្ងៃទី​ ២៨ វិច្ឆិកា ​មកដល់​ថ្ងៃទី​ ២៧​ ធ្នូ ដោយ​ការដកហូត​នេះ​ គឺ​មិនមាន​ការ​ប្រទាំង​ប្រទើស​អ្វី​នោះទេ ដោយ​ប្រជាជន​ទាំងអស់ គាត់​ស្តាប់​នូវ​សារ​របស់​សម្តេច ហើយ​អាជ្ញាធរ​មូលដ្ឋាន​យើង​ក៏បាន​ចុះ​ជា​បន្តបន្ទាប់​តាមរយៈ​ការស្ម័គ្រចិត្ត​ប្រគល់​ត្រឡប់មកវិញ​តែម្តង​»​។​

​ចំពោះ​ការដាំដុះ​ព្រៃ​លិច​ទឹក​វិញ លោក អ៊ឹង ទ្រី បានឱ្យដឹង​ដែរ​ថា គិត​ត្រឹម​ថ្ងៃទី ​២៧ ធ្នូ ឆ្នាំ ​២០២១ ខេត្ត​ទាំង​ ៦​ នៅ​ជុំវិញ​តំបន់​បឹង​ទន្លេសាប បាន​ដាំ​ដុះ​ព្រៃ​លិច​​ទឹក​មានដូចជា ដើម​រាំង ដើម​រំដេញ ដើម​​ផ្ទោល ដើម​សណ្តាន់ ជាដើម បាន​ចំនួន ២៣ ៤៩២ ​ដើម​។ ចំណែក​ដើម​ឫស្សី​ដាំ​បាន​ចំនួន ៥ ៤១០ ​គុម្ព ដើមត្នោត​ចំនួន ២៥៨ ​ដើម និង​គ្រាប់ត្នោត​បាន​

​ចំនួន ៦៧ ២៥៩ ​គ្រាប់​។

​លោក​បាន​បញ្ជាក់ថា​៖ «​មូលហេតុ​យើង​ដាំ​ដើមត្នោត​នេះ គឺ​យើង​ធ្វើ​ការដាំ​ព្រំដី​តំបន់ ​៣ ដែល​យើង​បានកំណត់​ហើយ​ គឺ​យើង​យកទៅ​ដាំ​តែម្តង ព្រោះថា បើ​យើង​ដាំ​ជា​បង្គោល ក្រែង​បង្គោល​នេះ ចេះ​រំកិល ឬក៏​ចេះ​ដើរ​។ ចំណែក​ដើម​ឫស្សី គឺ​យើង​ដាំ​ទៅតាម​តំបន់​ដែលមាន​ស្រាប់​ហ្នឹង ហើយ​និង​ព្រៃ​លិច​ទឹក យើង​ដាំ​ជា​ហូរហែ​»​។​

​កាលពី​ថ្ងៃទី ​២៨ ខែវិច្ឆិកា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ឱ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​អភិបាលខេត្ត​ជាប់​បឹង​ទន្លេសាប​ទប់​​ស្កាត់ និង​បង្ក្រាប​ជាបន្ទាន់​ចំពោះ​ការ​លួច​កាប់​ទន្ទ្រានព្រៃ​លិច​ទឹក​ និង​វាតទី​យក​ដី​នៅតាម​មាត់បឹង​ទន្លេសាប​។​ ការចេញ​បញ្ជា​នេះ​ធ្វើឡើង​ បន្ទាប់ពី​រាជបណ្ឌិត្យ​​សភា​កម្ពុជា បាន​ចុះ​ស្រាវជ្រាវ​រកឃើញ​មាន​ករណី​រំលោភ​យក​ដីព្រៃ​លិច​ទឹក​រាប់ម៉ឺន​ហិកតា​យ៉ាង​អនាធិបតេយ្យ​។​

​ជាមួយនឹង​ចំណាត់ការ​នេះ លោក ​អ៊ី រិ​ន អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​​ភ្នំពេញ​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៨ ធ្នូ​ថា ចៅក្រម​ស៊ើបសួរ​នៃ​សាលា​​ដំបូង​រាជធានី​ភ្នំពេញ កំពុង​បន្ត​ស៊ើប​

​អង្កេត​ករណី​លោក ស៊ុំ សុជាតិ ស្នង​​ការរង​នគរបាល​ខេត្តកំពង់ឆ្នាំង និង​លោក កែវ ណា​រុន ប្រធានការិយាល័យ​អន្តរាគមន៍ និង​តម្រួត​បទបញ្ជា​នគរបាល​ខេត្ត​នេះ បន្ទាប់ពី​អយ្យការ​អម​សាលា​​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទប្រកាន់​ពួកគេ​ក្នុង​ម្នាក់ ពី ​៣ ទៅ ​៤ ​បទល្មើស​។​

​លោក​បាន​បញ្ជាក់ថា​៖ «​សំណុំរឿង​​នេះ​ កំពុងស្ថិត​ក្នុងដំណាក់កាល​ស៊ើប​​អង្កេត​របស់​ចៅក្រម​ស៊ើបសួរ​។ ​ដោយ​​សារ​តែ​ស្ថិតក្នុង​នីតិវិធី​នៃ​ការស៊ើបអង្កេត យើង​មិនអាច​បញ្ជាក់​អ្វី​បានទេ​។ ចៅក្រម​កំពុងធ្វើការ​លើ​រឿងក្តី​នេះ​»​។​

​កាលពី​ថ្ងៃទី​ ១៩ ធ្នូ អយ្យការ​អម​សា​​លា​ដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ឃុំខ្លួន​ជនសង្ស័យ​ទាំង ​២ ​នាក់​ ក្នុង​ពន្ធ​​នាគារ​បណ្ដោះអាសន្ន និង​បាន​ចោទ​​ប្រកាន់​លោក កែវ ណា​រុន ប្រធាន​កា​រិ​យា​ល័យ​អន្តរាគមន៍ និង​តម្រួត​បទបញ្ជា​​នគរបាល​ខេត្តកំពង់ឆ្នាំង និង​លោក ស៊ុំ សុជាតិ ពីបទ​បំផ្លាញ​ដោយ​ចេតនា និង​គៃបំបាត់​ដោយ​ទុច្ចរិត បទល្មើស​ឈូសឆាយ និង​ហ៊ុមព័ទ្ធ​ដីព្រៃ​លិច​ទឹក បទល្មើស​មិន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ខណៈ លោក ស៊ុំ សុជាតិ ត្រូវ​រង​នូវ​ការចោទប្រកាន់​នូវ​បទល្មើស ​១ ​ករណី​ទៀត គឺ​បទល្មើស​សម្អាត​ប្រាក់​។​

​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​រាយការណ៍​ជូន​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ នៅក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​ ២៧ ខែធ្នូ​ថា លោក ស៊ុំ សុជាតិ ស្នងការរង​នគរបាល​ខេត្តកំពង់ឆ្នាំង ត្រូវបាន​អង្គភាព​ប្រឆាំង​​អំពើពុករលួយ​រកឃើញ​ថា បាន​កាន់​កាប់ និង​ទន្ទ្រាន​ដី​ចំនួន ​៣៨​ ទីតាំង​ មាន​ទំហំ​ជិត ១ ០០០ ​ហិកតា​។ លោក​បន្តថា បុគ្គល​រូបនេះ​ បានធ្វើ​លិខិត​ប្រគល់​ដី​ជូន​រដ្ឋ​វិញ​ចំនួន ​៦៧៨ ​ហិកតា ប៉ុន្តែ​បាន​លក់​ដីព្រៃ​លិច​ទឹក​តំបន់​៣​ចំនួន​ ៨​ លើក​ក្នុង​ទឹកប្រាក់​ជាង ​៥១ ​ម៉ឺន​ដុល្លារ​៕

វីដេអូ៖