ភ្នំពេញៈ ផល​នេសាទ​នៅ​ឆ្នាំ​ ២០២១ ​នេះ មានការ​ថយចុះ​ ៨,៥៣ ​ភាគរយ ​បើ​ធៀប​ទៅនឹង​ឆ្នាំ​ ២០២០​។ ការ​ថយ​​ចុះ​នេះ បណ្ដាលមកពី​ការប្រែប្រួល​អាកាសធាតុ និង​របប​ទឹកទន្លេ​មេគង្គ ព្រមទាំង​ការកាប់​រាន​ដីព្រៃ​លិច​ទឹក ដែលជា​ទីជម្រក​ត្រី​ពង​កូន និង​ធំធាត់​។ នេះ​បើតាម​ការ​ឱ្យដឹងពី​លោក ពុំ សុថា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ប្រធាន​រដ្ឋបាល​ជលផល​។​

​លោក​ថ្លែងថា នៅក្នុង​ឆ្នាំ ​២០២១ ​នេះ ​ផល​នេសាទ​ទឹកសាបសរុប​មាន​ចំនួន​ ៣៨៣ ០៥២​ តោន និង​ផល​​នេសាទ​សមុទ្រ សរុប​មាន​ចំនួន ១២៥ ០០០ ​តោន ខណៈ​ផល​វារីវប្បកម្ម​សរុប​មាន​ចំនួន​៣៤៨ ៣៤៨​ តោន​។​

​លោកបាន​បញ្ជាក់ថា​៖ «​នៅក្នុង​ឆ្នាំ ​២០២១ ​នេះ បរិមាណ​ផល​នេសាទ ដែល​បានមកពី​ការនេសាទ​សមុទ្រ​ការនេសាទ​ទឹកសាប និង​ផល​វារីវប្បកម្ម​សរុប​ទាំង​៣​ផ្នែក​មាន​ចំនួន​ ៨៥៦ ៤០០

តោន​។ ចំនួន​នេះ​មានការ​ថយចុះ​ ៨,៥៣ ​ភាគរយ បើ​ធៀប​ទៅនឹង​ឆ្នាំ​ ២០២០ ដែលមាន​បរិមាណ​ផល​សរុប​រហូតដល់ ​៩៣៦ ៣០០ ​តោន​»​។​

​បើតាម​លោក សុថា ការធ្លាក់ចុះ​នូវ​បរិមាណ​ផល​នេសាទ​នៅក្នុង​ឆ្នាំនេះ បណ្ដាលមកពីការប្រែប្រួល​អាកាសធាតុ មាន​ភ្លៀង​ធ្លាក់​ខ្សោយ​នៅក្នុង​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​នៃ​អាង​ទន្លេមេគង្គ ធ្វើឱ្យ​របប​ទឹកទន្លេ​មេគង្គ​មានការ​ជន់​ឡើង​តិចតួច មិនអាច​ហូរ​ធ្លាក់ចូល​ទៅក្នុង​បឹង ព្រែក​ធម្មជាតិ ជាពិសេស​ការហូរ​ចាក់​បំពេញ​ផ្ទៃ​បឹង​ទន្លេសាប​មាន​ភាពយឺតយ៉ាវ ខុសពី​បណ្ដា​ឆ្នាំមុនៗ​ដែល​ធ្វើឱ្យ​ត្រី​មិនសូវ​សម្បូរ មាន​ទំហំ​តូច និង​មិនត្រូវ​ស្តង់ដា​នេសាទ​។​

​ជុំវិញ​ករណីនេះ ប្រជា​សហគមន៍​នេសាទ​ក្នុង​តំបន់​ឆ្នុកទ្រូ ខេត្តកំពង់ឆ្នាំង អ្នកស្រី ផាត់ ផល្លា អាយុ ៥៨ ​ឆ្នាំ បានកត់សម្គាល់​ឃើញថា ក្នុងភូមិ​សាស្ត្រ​តំបន់​ឆ្នុកទ្រូ ដែល​គាត់​រស់នៅ មាន​ត្រី​សម្បូរ​ជាង​ឆ្នាំមុន​។

អ្នកស្រី​បាន​និយាយថា កាលពី​រដូវ​ត្រី​ត្រូវ​មុននេះ ប្រជា​នេសាទ​នៅក្នុង​សហគមន៍​របស់គាត់​ចាប់​ត្រី​បាន​ច្រើន ដោយ​ក្នុង​ ១ ​ថ្ងៃ ​អ្នកនេសាទ​ម្នាក់ អាច​នេសាទ​ត្រី​បាន​ចន្លោះ​ពី​ ២០​ គីឡូក្រាម ដល់​ ៣០​ គីឡូក្រាម ដែល​កាលពី​ឆ្នាំមុន ពួកគេ​អាច​ចាប់បាន​ក្នុង​ចន្លោះ​ពី ​១០-១៥ ​គីឡូក្រាម​ប៉ុណ្ណោះ​។

​ថ្វីបើ​យ៉ាង​ដូច្នេះ​ក្ដី អ្នកស្រី​បានបញ្ជាក់​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា​៖ «​ខ្ញុំ​ដឹង​តែ​នៅក្នុង​តំបន់​ឆ្នុកទ្រូ​ខ្ញុំ​ទេ ដែល​សម្បូរ​ត្រី​ជាង​មុន តំបន់​ផ្សេងទៀត ខ្ញុំ​មិនដឹង​ទេ​។ ភាពសម្បូរ​ត្រី​ឡើងវិញ​នៅក្នុង​តំបន់​ឆ្នុកទ្រូ​យើងខ្ញុំ​នេះ គឺ​ទំនង​ដោយសារ​អ្នករស់នៅ​ផ្ទះ​បណ្ដែត​ទឹក ត្រូវបាន​អាជ្ញាធរ​បង្ខំ​ឱ្យ​ឡើងគោក​អស់ មិនសូវមាន​អ្នកនេសាទ​ដូច​កាលពីមុន​»​។

​ចំណែក​ប្រជា​សហគមន៍​នេសាទ ក្នុង​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ លោក ចក់ ជឿន បាន​ប្រាប់ ​ភ្នំពេញ​ ​ប៉ុស្តិ៍​ថា ថ្វីបើ​ស្ថានភាព​ទឹក​បឹង​ទន្លេសាបនៅក្នុង​ឆ្នាំនេះ មានការ​ជន់​ឡើង​យឺត​ដោយសារតែ​របប​ទឹកទន្លេ​មេគង្គ​ឆ្នាំនេះ​មាន​កម្រិត​ទាប មិនអាច​ហូរ​ចាក់​បំពេញ​មក​បឹង​ទន្លេសាប​ទាន់ពេលវេលា ប៉ុន្តែ​របប​ទឹកភ្លៀង​ពី​តំបន់​ជួរ​ភ្នំក្រវាញ បាន​ជួយ​ចាក់​បំពេញ តាម​បឹង​ធម្មជាតិ​នានា ដែល​ស្ថិតនៅ​ជុំវិញ​បឹង​ទន្លេសាប ដែល​អាចធ្វើឱ្យ​ត្រី​សម្បូរ​ជាង​មុន​។​

​ប្រជា​សហគមន៍​នេសាទ ក្នុង​ឃុំ​ពាម​​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ រូបនេះ​បាន​ថ្លែងថា​៖ «​បើសិនជា​ព្រៃ​លិច​ទឹក មិនត្រូវ​បាន​គេ​កាប់​រាន អស់​រាប់ម៉ឺន​ហិកតា​នោះទេ នោះ​ត្រី​អាច​នឹង​សម្បូរ​ច្រើនជាង​នេះ​។ ព្រៃ​លិច​ទឹក​មិន​គ្រាន់តែ​ជា​ជម្រក​ពង​កូន​របស់​ត្រី​ទេ ថែមទាំង​ជា​ប្រភព​ចំណីអាហារ​ដ៏​សម្បូរបែប​សម្រាប់​ត្រី និង​មច្ឆជាតិ​គ្រប់​ប្រភេទ​ផងដែរ​»៕