កំពង់ឆ្នាំងៈ មន្ត្រីនគរបាល​ស្រុក​រលាប្អៀរ​បានឱ្យដឹងថា មាន​ករណី​គ្រោះ​អគ្គិភ័យ​ឆាបឆេះ​ស្ថានីយ​បញ្ចូល​ហ្គាស ​១ ​កន្លែង ​កាលពី​ព្រឹក​ថ្ងៃទី ​២៩ ខែ ធ្នូ ឆ្នាំ ​២០២១ នៅក្នុង​ភូមិ​ព្រៃ​ពួច ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ខណៈ​ម្ចាស់​ទីតាំង​មិន​នៅ ​ដោយ​មានតែ​បុគ្គលិក​កម្មករ​។​

​លោក ទឹម ចាន់​ធី អធិការ​ស្រុក​រលាប្អៀរ​បាន​ប្រាប់ ​ភ្នំពេញ​ ​ប៉ុស្តិ៍​ថា គ្រោះ​អគ្គិភ័យ​នេះ​កើត​​ឡើង​ក្នុងពេល​ម្ចាស់​ស្ថានីយ​មិន​នៅ​ដោយ​មានតែ​បុគ្គលិក​កម្មករ ហើយ​បាន​បង្កឱ្យមាន​ការ​ខូច​ខាត​រោង​ស្ថានីយ​ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​ទំហំ​ ៨​ ម៉ែត្រ ​× ២៥​ ម៉ែត្រ ​និង​សំណង់​ស្តា​ម៉ា​ត​ទំហំ ​១០ ​ម៉ែត្រ ​× ២៥​ ម៉ែត្រ ​រួមទាំង​ទំនិញ​ និង​សម្ភារ​មួយចំនួនធំ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​តាម​ការអះអាង​របស់​បុគ្គលិក​កម្មករ​ក្នុង​ស្ថានីយ​បញ្ចូល​ហ្គាស និង​បុគ្គលិក​នៅក្នុង​ស្តា​ម៉ា​ត គ្រោះ​​អគ្គិភ័យ​នេះ បណ្ដាលមកពី​ការ​​ផ្ទុះ​ឆ្លង​ចរន្តអគ្គិសនី ចេញពី​ធុង​ម៉ូ​ទ័​រ​បូម​ហ្គាស​»​។​

​លោក​ ចាន់​ធី បាន​បន្តថា ទោះ​​ជា​យ៉ាងណា ក្នុង​ហេតុការណ៍​​នេះ​មិនមាន​អ្នករងរបួស ឬ​​គ្រោះថ្នាក់​ដល់​ជីវិត​ទេ ហើយ​​ក៏​មិនបាន​ឆេះ​រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​នៅ​ជិត​នោះដែរ​។ ក្នុង​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​នេះ​​សមត្ថកិច្ច​បាន​ប្រើប្រាស់​កម្លាំង​អន្តរាគមន៍​សរុប​ ៥៥ ​នាក់ ប្រើ​រថយន្ត​បាញ់​ទឹក​ចំនួន​ ១៣​ គ្រឿង និង​ប្រើ​ទឹក​អស់ ​១០៤ ​ម៉ែត្រគុប​។​

​ទន្ទឹមនឹងនេះ​លោក​បាន​អំពាវ​​នាវ ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការប្រើប្រាស់​នូវ​ឧបករណ៍​សម្ភារ​ដែល​ងាយ​បង្ក​ជា​គ្រោះ​​អគ្គិភ័យ​ ពិសេស​នៅ​ស្ថានីយ​ឬ​សិប្បកម្ម​ខ្នាតតូច និង​មធ្យម គប្បី​មាន​បំពង់​ពន្លត់​អគ្គិភ័យ​ដែលមាន​គុណភាព​សម្រាប់​ជួយ​បង្ការ​នៅពេល​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​។​

​លោក​បាន​បញ្ជាក់ថា ត្រូវ​ត្រួត​ពិនិត្យ​ឱ្យបាន​ច្បាស់លាស់​នៅ​​មុន និង​ក្រោយ​ការប្រើប្រាស់​នូវ​ប្រព័ន្ធ​បញ្ជា​ម៉ាស៊ីន​នានា​ក្នុង​​ស្ថានីយ​ហ្គាស ប្រេងឥន្ធនៈ សិប្បកម្ម និង​អាជីវកម្ម​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​នឹង​គ្រឿង​ចំហេះ​។ ចំពោះ​ការប្រើប្រាស់​ភ្លើងចង្ក្រាន អុស ធ្យូង ទៀន ធូប ក៏ត្រូវ​ពិនិត្យ​និង​ពន្លត់​ឱ្យ​ស្រេច​ផងដែរ ក្រោយពេល​ដាំ​ស្ល និង​មុនពេល​ចាក​​ចេញពីផ្ទះ​៕

វីដេអូ៖