សៀមរាបៈ លោក ឃឹម ហ្វី​ណង់ អភិបាលស្រុក​បន្ទាយស្រីបានឱ្យដឹងថា ទំនាស់​ដីធ្លី​ដ៏​ធំ​មួយ​នៅក្នុង​ស្រុក​រវាង​ក្រុមហ៊ុន បុរី​អង្គរ​លែ​ន​ម៉ាក្ស និង​លោកស្រី លី អ៊ុំ​អេង ត្រូវបាន​ដោះស្រាយ​បញ្ចប់ បន្ទាប់ពី​វិវាទ​នេះ​បាន​បន្ត​អូសបន្លាយ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ខណៈ​លោក​ចង់ឃើញ​ករណី​វិវាទ​ដីធ្លី​ផ្សេងទៀត​នៅ​ទូទាំង​ស្រុក ប្រើប្រាស់​រូបមន្ត​ដោះស្រាយ​ប្រហាក់​​ប្រហែល​នេះ ដើម្បី​បញ្ចប់​ជម្លោះ​។​

​លោកបាន​សរសេរ​បែបនេះ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក កាលពី​ថ្ងៃទី​ ២៨ ធ្នូ យ៉ាង​ដូច្នេះ​ថា​៖ «​ទីបំផុត ទំនាស់​ដីធ្លី​ដ៏​ធំ​មួយ​នៅក្នុង​ស្រុក​បន្ទាយស្រី​រវាង​ក្រុមហ៊ុន​បុរី​អង្គរ​លែ​ន​ម៉ាក្ស និង​លោកជំទាវ លី អ៊ុំ​អេង ដែល​បានអូសបន្លាយ​អស់​​រយៈពេល​ជាច្រើន​ឆ្នាំ​ត្រូវ​បានបញ្ចប់​ដោយ​ការ​ចាប់ដៃគ្នា សម្បទាន​ទៅវិញទៅមក និង​ទទួលយក​ដំណោះស្រាយ​ដោយ​ស្នាមញញឹម​រៀងៗ​ខ្លួន​កាលពីពេល​ថ្មីៗ​នេះ​»​។

​លោក ឃឹម ហ្វី​ណង់ ក៏​សាទរ​ដល់​ភាគី​ទាំង ​២ ដែល​បាន​បន្ទន់ឥរិយាបថ​ស្រុះស្រួល​គ្នា​បញ្ចប់​ជម្លោះ និង​យល់ព្រម​ដក​ពាក្យបណ្តឹង​ទាំង​ខាង​ផ្លូវ​រដ្ឋបាល និង​ផ្លូវ​តុលាការ ដោយ​ឈរលើ​គោលការណ៍​ឈ្នះ​-​ឈ្នះ និង​ទទួលយក​ដំណោះស្រាយ​ដែល​អាជ្ញាធរ​បាន​ប្រឹងប្រែង​ស្វែងរក​ជូន​។​

​លោកបាន​បញ្ជាក់ថា​៖ «​ក្នុងនាម​រដ្ឋបាល​ស្រុក ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ករណីនេះ​នឹង​ក្លាយទៅជា​បន្ទាត់​សម្រាប់​ដោះស្រាយ​ករណី​ដទៃទៀត​ក្នុង​រូបមន្ត​ប្រហាក់ប្រហែលគ្នា​នេះ ហើយក៏​សូម​ទទូច​ដល់​ភាគី​ករណី​វិវាទ​ដីធ្លី​ផ្សេងៗ​ទៀត​នៅ​ក្នុងស្រុក​បន្ទាយស្រី ឱ្យ​បន្ទន់​ជំហរ សម្បទាន​គ្នា និង​ចាប់យក​ការចរចា​ជា​ច្រក​​ចេញ ចៀសវាង​ការខាតបង់​ពេលវេលា​ដើរ​លើផ្លូវ​ទាល់​ច្រក​។ ការបញ្ចប់​វិវាទ​ក្នុង​ទម្រង់​បែបនេះ​ក៏​នឹង​អនុញ្ញាតឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​អាច​ប្រើប្រាស់​ដីធ្លី​របស់ខ្លួន​ជា​ទ្រព្យ​ដ៏​មានតម្លៃ​ឱ្យអស់​សក្តានុពល និង​បើកផ្លូវ​ឱ្យមាន​ការវិនិយោគ​ពី​សំណាក់​វិស័យ​ឯកជន​ ដើម្បី​ជា​ប្រយោជន៍​ដល់​សេដ្ឋកិច្ច​ជាតិ​ផងដែរ​»​។​

​កាលពី​ឆ្នាំ ​២០១៩ មាន​ករណី​ជម្លោះដីធ្លី​មួយ​កើតឡើង រហូត​ឈានដល់​មានការ​ប្តឹងផ្តល់​គ្នា​ទៅ​តុលាការ​ទៅវិញទៅមក​ដោយ​លោកស្រី លី អ៊ុំ​អេង បាន​អះអាងថា ក្រុមហ៊ុន​បុរី​​អង្គរ​លែ​ន​ម៉ាក្ស បាន​ប្រើ​សែក​ស្អុយ​ទិញ​ដី​របស់គាត់​រាប់រយ​ហិកតា ខណៈ​ក្រុមហ៊ុន បាន​ចោទប្រកាន់ថា លោកស្រី លី អ៊ុំ​អេង មិនបាន​គោរព​កាតព្វកិច្ច​ដែលមាន​ចែង​នៅក្នុង​កិច្ចសន្យា ដែលថា លក់​ដី​ឱ្យ​ក្រុមហ៊ុន​ត្រូវតែ​ស្របច្បាប់ ដី​មិនមាន​ទំនាស់ ដី​មិន​ជាប់​តំបន់​អប្សរា ដី​មិន​ស្ថិតក្នុង​តំបន់ហាមឃាត់​ផ្សេងៗ​។​

​យោងតាម​លិខិត​សម្រុះ​សម្រួល​ចុះ​ថ្ងៃទី ១៧ ធ្នូ ដែលមាន​ស្នាម​មេដៃ​លោកស្រី លី អ៊ុំ​អេង និង​លោក ទូ​ស សា​ភឿន តំណាង​ក្រុមហ៊ុន​បុរី​អង្គរ​លែ​ន​​ម៉ាក្ស បានឱ្យដឹងថា ភាគី​ទាំង ២ បាន​យល់ព្រម​បញ្ចប់​ជម្លោះ​ដោយ​ការបំពេញ​លក្ខណៈ​មួយចំនួន​ឱ្យ​គ្នា​ទៅវិញទៅមក ដោយ​ក្នុងនោះ​ក៏​ព្រម​ដក​ពាក្យបណ្តឹង​ដែល​ភាគី​ទាំង ​២ បាន​ប្តឹង​គ្នា​ទៅវិញទៅមក​នៅ​តុលាការ​ផងដែរ​។​

​លោក ទូ​ស សា​ភឿន តំណាង​ក្រុមហ៊ុន​បុរី​អង្គរ​លែ​ន​ម៉ាក្ស និង​មេធាវី​របស់លោក មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​ជុំវិញ​ករណីនេះ​បានទេ កាលពី​ម្សិលមិញ ដោយសារតែ​ទូរស័ព្ទ​ចូល មិនមាន​អ្នកទទួល​។​

​លោក ហ៊ុន ពិសិដ្ឋ មេធាវី​ការពារ​ក្តី​លោកស្រី លី អ៊ុំ​អេង បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​នៅ​ថ្ងៃទី ២៩ ធ្នូ​ថា ករី​ណ​នេះ ចោទ​ប្រ​​កាន់​គ្នា​លើ​ការទិញ​លក់​ដី​ចំនួន ២០៥ ​ហិកតា ស្ថិតនៅក្នុង​ឃុំ​​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ពិតជា​ត្រូវបាន​សម្រុះសម្រួល​បញ្ចប់​ដោយ​សន្តិវិធី​ពិតមែន​។ ក្នុងនាម​ជា​មេធាវី​តំណាងឱ្យ​លោកស្រី លី អ៊ុំ​អេង លោក​បន្តថា ការបញ្ចប់​ជម្លោះ​នេះ គឺ​ភាគី​ទាំងសងខាង បាន​ឯកភាព​ដោយ​គ្មាន​ការ​-​បង្ខិតបង្ខំ​នោះឡើយ ខណៈ​កូនក្តី​លោក ក៏​សង្ឃឹមថា ជម្លោះដីធ្លី​ផ្សេងៗ​ទៀត ដែល​កូនក្តី​ខ្លួន​មាន ក៏​នឹង​ត្រូវបាន​ដោះស្រាយ​ដោយ​សន្តិវិធី​ក្នុងពេល​ខាងមុខ​ដូចគ្នា​។​

​លោក មេធាវី ហ៊ុន ពិសិដ្ឋ បានបញ្ជាក់​ទៀតថា​៖ «​ជាគោលការណ៍​ទូទៅ ចំពោះ​លោកជំទាវ គឺ​លោក​តែងតែ​ចង់​បញ្ចប់​មិនឱ្យ​វែងឆ្ងាយ​ដែរ​ចំពោះ​បញ្ហា​វិវាទ​អីហ្នឹង គឺ​ធ្វើទៅ​តាមផ្លូវ​ច្បាប់​។ មិន​អី​ទេ​ចំពោះ​ករណីនេះ គឺ​គាត់​បញ្ចប់​គ្នា​ដោយ​សន្តិវិធី​ទេ និង​មាន ការយោគយល់​គ្នា​ទៅវិញ​ទៅ​​មក ដើម្បីឱ្យ​ក្រុមហ៊ុន បន្ត​​ការអភិវឌ្ឍ​ទៅ ចំណែក​លោក​​ជំទាវ ក៏​ទទួលបាន​ប្រាក់​ថ្លៃ​អចលនទ្រព្យ ដើម្បី​បន្ត​អាជីវ​​កម្ម​របស់លោក​ទៀត​»៕