ភ្នំពេញៈ មន្ត្រី​សាលា​រាជធានី-ភ្នំពេញ​បានឱ្យដឹងថា បញ្ហា​មិន​ចុះសម្រុង​គ្នា​លើ​វិក្កយបត្រ​ថ្លៃ​ទឹក​រវាង​ពលរដ្ឋ​ក្នុង​ភូមិ​ចំនួន​ ៤ នៅ​សង្កាត់​ព្រែកលៀប ជាមួយ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ត្រូវបាន​ដោះស្រាយ ខណៈ​មន្ត្រី​រដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​កំពុង​បន្ត​ចុះ​ដោះស្រាយ​ជា​​បន្តបន្ទាប់​ចំពោះ​ផ្ទះ​ពលរដ្ឋ​ដែល​ជួបប្រទះ​នូវ​បញ្ហា​នេះ​។

កាលពី​ថ្មីៗ​នេះ មាន​ការតវ៉ា​ពី​សំណាក់​ពលរដ្ឋ​រស់នៅក្នុង​ភូមិ​កៀនឃ្លាំង ព្រែកលៀប ភូមិខ្ទរ និង​ភូមិ​បាក់ខែង​ក្នុង​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ ដោយ​បង្ហាញ​ការមិន​សុខចិត្ត ក្រោយ​ទទួលបាន​វិក្កយបត្រ​ទឹក​ឃើញ​មាន​បរិមាណ​ប្រើប្រាស់​ទឹកស្អាត​កើនឡើង​ខ្លាំង​ពី ២ ​ទៅ​ ៥ ​ដងដោយ​ផ្ទះ​ខ្លះ កើនឡើង​ដល់​ ១ ​លានរៀល ទៅ​ ៣ ​លាន​រៀល ដែល​ខុសពី​ធម្មតា​ការប្រើប្រាស់​មាន​ចន្លោះ​ពី​ ២០ ​ម៉ឺន​រៀល​ទៅ​ ៦០ ​ម៉ឺន​រៀល​ប៉ុណ្ណោះ​។

ក្រោយ​ផ្ទុះ​ការតវ៉ា លោក នួន ផារ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ​បាន​ដឹកនាំ​ក្រុមការងារ ដោយ​មាន​ការចូលរួម​ពី​អគ្គនាយក​នៃ​រដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ ចុះទៅ​សម្របសម្រួល​ជាមួយ​ពលរដ្ឋ​ជាង​ ១០០ ​នាក់ នា​រសៀល​ថ្ងៃ​​ទី​ ២៩ ខែធ្នូ ឆ្នាំ​ ២០២១ បន្ទាប់ពី​ទទួលបាន​គោលការណ៍​ពី​លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។

លោក នួន ផារ័ត្ន បានឱ្យដឹងថា ជា​លទ្ធផល បន្ទាប់ពី​ការសិក្សា​អំពី​បញ្ហា​ទាំងនោះ ភាគី​ទាំងអស់​បាន​ព្រមព្រៀង​គ្នា​លើ​ដំណោះស្រាយ​រួមមួយ​ដែល​ក្នុងនោះ​ពលរដ្ឋ​ក៏មាន​ការពេញចិត្ត​ទៅលើ​ការដោះស្រាយ​រាល់​បញ្ហា​ដែល​ពួកគេ​បាន​ជួបប្រទះ​ពាក់ព័ន្ធ​នឹង​ការមិនចុះសម្រុង​គ្នា​លើ​វិក្កយបត្រ​ថ្លៃ​ទឹក​នេះ​។

លោក​បាន​បញ្ជាក់ថា​៖ «​ភាគី​ទាំងអស់​បាន​ព្រមព្រៀង​គ្នា​លើ​ដំណោះស្រាយ​រួមមួយ ដែល​ឈរលើ​មូលដ្ឋាន ឈ្នះ-ឈ្នះ ទាំងអស់​គ្នា ហើយ​បងប្អូន​ប្រជាពលរដ្ឋ​ក៏​មាន​សេចក្តី​រីករាយ​ចំពោះ​ការដោះស្រាយ​បញ្ហា​ដែល​បានអូសបន្លាយ​ជា​យូរ​មកហើយ​នេះ​»​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ កាលពី​ថ្ងៃទី​ ២៣ ធ្នូ បានឱ្យដឹងថា ការកើនឡើង​បរិមាណ​ប្រើប្រាស់​ទឹកស្អាត​មិន​ប្រក្រតី​ក្នុង​តំបន់​ទាំងនេះ​គឺ​បណ្តាលមកពី​ភ្នាក់ងារ​អាន​លេខ​នាឡិកាទឹក​​មាន​ការធ្វេសប្រហែស​ដោយ​មិនបាន​យកចិត្ត​ទុកដាក់​បំពេញ​ភារកិច្ច​របស់​​ខ្លួន​ឱ្យបាន​ត្រឹមត្រូវ​តាម​គោលការណ៍​របស់​អង្គភាព​ជាហេតុ​ធ្វើឱ្យ​ការចេញ​វិក្កយបត្រ​ចុងក្រោយ​មានការ​កើនឡើង​ខ្ពស់​នៃ​បរិមាណ​ទឹក​ប្រើប្រាស់​។

បន្ទាប់ពី​មើលឃើញ​នូវ​ភាពមិន​ប្រក្រតី​របស់​ភ្នាក់ងារ​រូបនោះ​ថ្នាក់ដឹកនាំ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​បាន​​សម្រេច​បញ្ឈប់​ភ្នាក់ងារ​នោះ​ចេញពី​បញ្ជី​អង្គភាព​រួចហើយ ខណៈ​បន្ត​ដោះស្រាយ​បញ្ហា​ដែល​បាន​កើតឡើង​ជាមួយ​ពលរដ្ឋ ដោយបាន​ចាត់ចែង​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ និង​អាន​លេខ​នាឡិកាទឹក​ជាក់ស្តែង​ដែល​អតិថិជន​បាន​ប្រើប្រាស់​រួច និង​ដោះស្រាយ​ទៅតាម​ស្ថានភាព​ជាក់ស្តែង​វិញ​។

មន្ត្រី​រដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា គិត​មក​ត្រឹម​ថ្ងៃទី​ ៣០ ​ធ្នូ​គឺមាន​ពលរដ្ឋ​ប្រមាណ​ជាង​ ១០០ ​គ្រួសារ​បាន​រាយការណ៍​ពី​ភាព​មិនប្រក្រតី​នៃ​ការកើនឡើង​បរិមាណ​​ប្រើប្រាស់​ទឹកស្អាត​នេះ​។ ​លោក​​បន្តថា ជាមួយនឹង​បញ្ហា​នេះ​​មន្ត្រី​រដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​ក៏បាន​ចុះ​ដោះស្រាយ​ជាបន្តបន្ទាប់​ផងដែរ​ដែល​តួលេខ​​ដែល​នៅ​សេសសល់ គិត​មកទល់​ពេលនេះ គឺ​នៅមាន​ចំនួន​តិចតួច​គ្រួសារ​ប៉ុណ្ណោះ​។

លោក​បាន​បញ្ជាក់ថា​៖ «​ប្រសិន​បើ​ក្នុងករណី​ខាង​ខ្ញុំ​ពិនិត្យឃើញ​ទៅ​ពិតជា​មាន​បញ្ហា​ដោយសារ​បុគ្គលិក​ខាង​ខ្ញុំ​គឺ​ខាង​ខ្ញុំ​នឹង​​រៀបចំ​ឡើងវិញ​ជូន​។ ​ដូច​អ្វីដែល​​ថ្នាក់ដឹកនាំ​បាន​បកស្រាយ​ក្នុង​អង្គប្រជុំ​គឺ​នឹងសិក្សា​និង​កែសម្រួល​​ឡើងវិញ​ក្នុង​ករណី​ទីតាំង​ដែលមាន​បញ្ហា​ហើយ​ប្រជាជន​ដែល​បាន​ចូលរួម​ជាង​ ១០០ ​គ្រួសារ​នោះ​ក៏​យល់​លម្អិត​អស់​ដែរ​»​។

អ្នកស្រី ប៊ី សុខលី ពលរដ្ឋ​រស់នៅ​ភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ដែល​ជួបប្រទះ​បញ្ហា​នេះ បាន​ថ្លែងថា ក្នុង​រយៈពេល​ប្រមាណ​ ២ ​ខែម្តង​ដែល​អ្នកស្រី​ទទួល​វិក្កយបត្រ​ទឹក​ប្រមាណ​ជាង​ ១០ ​ម៉ឺន​ទៅ​ ២០ ​ម៉ឺន​រៀល​ប៉ុណ្ណោះ​។

ប៉ុន្តែ​វិក្កយបត្រ​ចុងក្រោយ​គឺ​កើនដល់​ជាង​ ៨៩ ​ម៉ឺន​រៀល បូក​នឹង​តួលេខ​ដែល​គេ​សរសេរថា ជំពាក់​ជាង​ ២០ ​ម៉ឺន​រៀល​ទៀត សរុប​ជាង​ ១ ​លាន​រៀល​។

យ៉ាងណា អ្នកស្រី ប៊ី សុខលី ថា ក្រោយពី​ព្រម​ទទួលយក​ដំណោះស្រាយ និង​ការបកស្រាយ​ពី​រដ្ឋាករទឹក គ្រួសារ​អ្នកស្រី​ក៏​ទទួលបាន​ការពិនិត្យ​ និង​​កែតម្រូវ​បរិមាណ​ទឹកស្អាត​នេះ​​រួចហើយ​ដែរ និង​បាន​ចូលរួម​បង់ថ្លៃ​ទឹក​រួចរាល់​ហើយ​៕

វីដេអូ៖