ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ប្រកាស​មិន​អនុញ្ញាត​ឱ្យ​កែ​ចង្កូតរថយន្ត​ពីស្តាំ​មក​ឆ្វេង នៅតាម​យានដ្ឋាន​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ឡើយ តែ​បាន​ណែនាំ​ឱ្យ​ពលរដ្ឋ ត្រូវយក​រថយន្ត​ចង្កូត​ស្តាំ ទៅ​ធ្វើការ​កែ​ចង្កូត​ពីស្តាំ​មក​ឆ្វេង​នៅតាម​ក្រុមហ៊ុន​ចំនួន​ ៨ ​ដែល​ក្រសួង​ទទួលស្គាល់​។

ការប្រកាស​យ៉ាង​ដូច្នេះ​ បន្ទាប់ពី​បាន​សង្កេតឃើញ​ថា ថ្មីៗ​នេះ​មាន​ម្ចាស់​យានដ្ឋាន​មួយចំនួន ដែល​ពុំមាន​ច្បាប់​អនុញ្ញាត​ឱ្យធ្វើ​អាជីវកម្ម បាន​ធ្វើការ​កែ​ចង្កូតរថយន្ត​ពីស្តាំ​មក​ឆ្វេង ដែល​សកម្មភាព​នេះ​ផ្ទុយ​នឹង​អនុក្រឹត្យ​ចុះ​ថ្ងៃទី​ ៣ ខែវិច្ឆិកា ឆ្នាំ​ ២០០៨ ស្តីពី​ការគ្រប់គ្រង​យានដ្ឋាន ជួសជុល និង​យានដ្ឋាន​កែច្នៃ​ដំឡើង​យានយន្ត និង​ប្រកាស​ចុះ​ថ្ងៃទី​ ៦ ខែកុម្ភៈ ឆ្នាំ​ ២០០៩ ស្តីពី​សំណុំបែបបទ​សម្រាប់​ដាក់​ពាក្យសុំ​ធ្វើ​អាជីវកម្ម​យានដ្ឋាន​ជួសជុល និង​យានដ្ឋាន​កែច្នៃ​ដំឡើង​យានយន្ត​។

ក្រសួង​សាធារណការ​បាន​សង្កត់ធ្ងន់​នៅក្នុង​សេចក្តី​ជូនដំណឹង​ចុះ​ថ្ងៃទី​ ២៩ ខែធ្នូ ថា​៖ «​សកម្មភាព​កែ​ចង្កូតរថយន្ត​ពីស្តាំ​មក​ឆ្វេង នៅតាម​យានដ្ឋាន​ទាំងនោះ​ពុំមាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ​ដែល​អាច​បណ្តាល​ឱ្យ​រថយន្ត​បើកបរ​ពុំមាន​សុវត្ថិភាព និង​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ នៅពេល​ធ្វើ​ចរាចរណ៍​លើផ្លូវ​ថ្នល់​»​។

ក្រសួង​បញ្ជាក់ថា ហេតុដូចនេះ ក្រសួង​សាធារណការ មិន​អនុញ្ញាត​ឱ្យ​រថយន្ត​គ្រប់​ប្រភេទ​ដែល​បាន​កែ​ចង្កូត​ពីស្តាំ​មក​ឆ្វេង នៅតាម​យានដ្ឋាន​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ឱ្យធ្វើ​អាជីវកម្ម ចូល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស និង​ចុះបញ្ជី​ផ្តល់​បណ្ណសម្គាល់ និង​បំពាក់​ស្លាក​លេខ​សម្គាល់​យានជំនិះ​ឡើយ​។

កន្លងមក​ក្រសួង​សាធារណការ​បាន​ទទួល​ស្គាល់ និង​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ចំនួន ៨ ប៉ុណ្ណោះ ធ្វើ​អាជីវកម្ម​កែ​ចង្កូត​ពីស្តាំ​មក​ឆ្វេង ដែល​ក្រុមហ៊ុន​ទាំងនោះ​រួមមាន ១- ​ក្រុមហ៊ុន Fuji Form Co., Ltd ២- ​ក្រុមហ៊ុន Lien Thong Investment Group Co.Ltd ៣- ​ក្រុមហ៊ុន S.T.P International (Cambodia ) Public Co., Ltd ៤-​ក្រុមហ៊ុន Seconimex Co., Ltd ៥- ​ក្រុមហ៊ុន សុវណ្ណយន្ត​ ( SOVANN YAUN Co., Ltd) ៦- ​ប៉ាស្ទ័រ​មានជ័យ ៧- ​ក្រុមហ៊ុន ភី.អ.វ៉ាយ គ្លូបល ឯ.ក និង​ ៨ ​ក្រុមហ៊ុន ប៉ាវ គីមស្រ៊ាង​។

លោក ឈួន វ៉ន់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ៣០ ធ្នូ​ថា ក្រសួង​បានប្រកាស​អនុញ្ញាត​ឱ្យ​បង់ពន្ធ និង​អាករ​នាំចូល​ចំពោះ​រថយន្ត​ចង្កូត​ស្តាំ​មាន​ស្រាប់​ក្នុងស្រុក​ជា​លើក​ចុងក្រោយ ត្រឹម​ដំណាច់ខែ​​មិថុនា ឆ្នាំ ២០២២ ខាងមុខ​។

ជាមួយ​នឹង​ការអនុញ្ញាត​នេះ​លោក​បញ្ជាក់ថា​៖ «​តែ​រថយន្ត​ទាំងនោះ ត្រូវ​កែ​ចង្កូត​ស្តាំ​មក​ឆ្វេង​ដើម្បីឱ្យ​ស្របច្បាប់​ចរាចរណ៍​ផ្លូវគោក​របស់​កម្ពុជា​។ បន្ទាប់ពី​ឱសានវាទ​នោះ រថយន្ត​ចង្កូត​ស្តាំ​ដែល​ត្រូវ​បង្ក្រាបបាន​នឹង​តម្រូវឱ្យ​ដោះ​បំបែក​ជា​គ្រឿងបន្លាស់ ឬ​កម្ទេចចោល​»​។

លោក នួន ប៊ុនថេត នាយក​ក្រុមហ៊ុន ប៉ាស្ទ័រមានជ័យ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ ដែល​ទទួលបាន​សិទ្ធិ​អនុញ្ញាត​ពី​ក្រសួង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៣០ ធ្នូ ថា ក្នុងពេល​បច្ចុប្បន្ន​មាន​រថយន្ត​ជាច្រើន​បាន​សម្រុក​មក​ធ្វើការ​កែ​ចង្កូត​​ពីស្តាំ​មក​ឆ្វេង ជាពិសេស​គឺ​រថយន្ត​ដែល​ជ្រក​ក្រោម​ស្លាកលេខ ខ.ម​។

នៅពេល​ម្ចាស់​រថយន្ត​បាន​មក​ធ្វើការ​ផ្លាស់ប្តូរ​ចង្កូត​នៅ​កន្លែង​ដែលមាន​ការទទួល​ស្គាល់​ពី​ក្រសួង ដូចជា​យានដ្ឋាន​របស់លោក គឺ​ពួកគេ​នឹង​ទទួល​បាន​ការធានា​គុណភាព ដោយមាន​ទាំង​ការចេញលិខិត​បញ្ជាក់​ច្បាស់លាស់​ផងដែរ ខណៈ​ការយក​រថយន្ត​ទៅធ្វើ​ការផ្លាស់ប្តូរ​ចង្កូត ដែល​មិនមាន​ការទទួលស្គាល់​ពី​ក្រសួង អាច​នឹងមាន​ហានិភ័យ ឬ​មិន​ទទួលបាន​ការទទួលស្គាល់​ពី​ក្រសួង​ដែល​បង្ក​ភាពស្មុគស្មាញ​ក្នុង​ពេល​ខាងមុខ​។

លោក​បញ្ជាក់ថា​៖ «​មកទល់​ឥឡូវនេះ ខាង​ភ្ញៀវ​ដែល​គាត់​មាន​រថយន្ត​ជ្រក​ក្រោម​ស្លាក​លេខ ខ.ម ចង្កូត​ស្តាំ​ហ្នឹង​គឺ​គាត់​សម្រុក​យកមក​កែ​ជា​បន្តបន្ទាប់ ដោយសារតែ​គាត់​ត្រូវគោរព​ទៅតាម​រដ្ឋាភិបាល​ដែល​បានកំណត់​ឱ្យធ្វើ​​អ៊ីចឹង​»​។ លោក​លើកឡើង​ថា បើ​យើង​ចូល​តាមរយៈ​កន្លែង​ដែលមាន​ការអនុញ្ញាត​ត្រឹមត្រូវ យើង​មាន​លិខិតបញ្ជាក់​បញ្ហា​បច្ចេកទេស​ជូន​គាត់ ហើយ​សម្ភារ​ដែល​យើង​បាន​ផ្លាស់ប្តូរ​ឱ្យ​គាត់​គឺមាន​ការធានា បើ​មាន​បញ្ហា​បច្ចេកទេស ក្រុមហ៊ុន​យើង​នឹង​ទទួល​ខុសត្រូវ​នៅពេល​គេ​សម្រុក​មក​ធ្វើ​ច្រើន​អ៊ីចឹង​ខាង​យើង មិន​អាច​ធ្វើឱ្យ​បាន​ទាន់​ទេ​ព្រោះ​យើង​មាន​កម្រិត​ដែរ​»​។

លោក គឹម បញ្ញា ​នាយកអង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​បាន​លើកឡើងថា ការត្រួតពិនិត្យ​ការកែ​រថយន្ត​ចង្កូត​ស្តាំ​មក​ឆ្វេង​នេះ គឺជា​រឿង​ដែល​ចាំបាច់​ត្រូវ​យកចិត្ត​ទុកដាក់ និង​ត្រូវ​ធ្វើឱ្យ​បាន​ម៉ឺងម៉ាត់​បំផុត ព្រោះ​បញ្ហា​នេះ​អាច​នឹង​បង្ក​ហានិភ័យ​ខ្ពស់ បើ​មិន​មាន​ការត្រួតពិនិត្យ​ឱ្យបាន​ត្រឹមត្រូវ​។

ជាមួយ​គ្នា​នេះ លោក​ក៏​ជំរុញ​ឱ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ចុះ​ប្រមូល​ព័ត៌មាន​ពី​អ្នកបើកបរ និង​ចុះ​ត្រួតពិនិត្យ​នៅតាម​យានដ្ឋាន​នានា ដើម្បី​ចាត់​វិធានការ​ចំពោះ​ការកែ​ចង្កូត​មិន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស និង​ច្បាប់​នេះ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​គិតថា ក្នុង​ពេល​បច្ចុប្បន្ននេះ រថយន្ត​ចង្កូត​ស្តាំ មិនសូវ​ជាមាន​ច្រើន​ប៉ុន្មាន​ទេ ដោយសារ​តែមាន​ការកែប្រែ​ជា​បណ្តើរៗ និង​ជា​បន្តបន្ទាប់​មកហើយ​។ បើសិនជា​ម្ចាស់​យានដ្ឋាន​ណា​ទៀត មាន​បំណង​ចង់​ផ្តល់​សេវា​កែ​ចង្កូត​នេះ គឺ​ត្រូវតែ​សុំ​ការអនុញ្ញាត​ជាមុន​ហើយ​ក្រសួង​នឹង​បន្ត​ពិនិត្យ​ទៅលើ​បទដ្ឋាន​បច្ចេកទេស​របស់​យានដ្ឋាន​ហ្នឹង ដើម្បី​ធានា​ដល់​សុវត្ថិភាព​របស់​អ្នកបើកបរ​»​។

ទន្ទឹមនឹងនេះ​លោក គឹម បញ្ញា ក៏​បង្ហាញ​នូវ​ក្តីសង្ឃឹម​ថា ក្រសួង​នឹងមាន​វិធានការ​តឹងរ៉ឹង​ចំពោះ​រថយន្ត​ដែលមាន​ចង្កូត​ស្តាំ​នេះ ដោយ​បញ្ឈប់​ឱ្យ​មាន​ការនាំ​ចូល កែច្នៃ​ និង​ចរាចរណ៍​រថយន្ត​ចង្កូត​ស្តាំ​នៅក្នុង​ប្រទេស បន្ទាប់ពី​ឱសានវាទ​ដែល​ក្រសួង​បាន​ដាក់ចេញ​ត្រូវបាន​ផុតកំណត់ ដើម្បី​ចៀសវាង​ជន​ឆ្លៀតឱកាស នៅតែ​បន្ត​សកម្មភាព​ដដែល​មិនចេះចប់​មិនចេះហើយ​៕

វីដេអូ៖