ព្រះវិហារៈ សកម្មជន​ព្រៃឈើ​នៃ​បណ្តាញ​សហគមន៍​ព្រៃឡង់ ខេត្ត​ព្រះវិហារ​បាន​អះអាងថា ក្រុមហ៊ុន MACLE LOGISTICS (CAMBODIA) CO.; LTD និង​ក្រុមហ៊ុន PNT Co., Ltd កំពុង​សហការ​គ្នា បន្ត​ប្រមូល​ទិញ​ឈើ ដែល​បានមក​ពីបទល្មើស​កាប់បំផ្លាញ​ព្រៃឈើ នៅក្នុង​តំបន់​ស្នូល​នៃ​ដែន​ជម្រក​​សត្វព្រៃ​ព្រៃឡង់​ជា​ករណី​ដែល​មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ​ទទួលស្គាល់ និង​កំពុង​ធ្វើការ​ស៊ើបអង្កេត​។

លោកស្រី ថី អ្នកសម្របសម្រួល បណ្តាញ​សហគមន៍​ព្រៃឡង់​ខេត្តព្រះវិហារ បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៣០ ធ្នូ​ថា កាលពី​ពេល​ថ្មីៗ​នេះ ប្រជាពលរដ្ឋ​ដែលជា​សមាជិក​ក្រុម​បណ្ដាញ​សហគមន៍​ព្រៃឡង់​បាន​រួម​គ្នា​ចុះ​ល្បាត​ព្រៃ ដើម្បី​ស្រាវជ្រាវ​បទល្មើស​ព្រៃឈើ​ និង​សត្វព្រៃ ហើយ​បាន​ប្រទះឃើញ​ក្រុមមនុស្ស​ប្រមាណ​ ៦០ ​នាក់​ដែល​ក្នុងនោះ​មាន​ទាំង​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ម្នាក់​ឈ្មោះ ចាប សារ៉ន និង​មន្ត្រីនគរបាល​ប៉ុស្តិ៍​ច្រាច់​ ២ ​នាក់ ដែល​មន្ត្រី​កងកម្លាំង​ទាំងនោះ សុទ្ធសឹង​ជា​មេការ និង​ជា​ប្រធាន​សន្តិសុខ​នៃ​ក្រុមហ៊ុន MACLE LOGISTICS (CAMBODIA) CO.; LTD និង​ក្រុមហ៊ុន PNT Co., Ltd កំពុង​ធ្វើ​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ និង​ដឹកជញ្ជូន​ឈើ​ចេញពី​ក្នុង​តំបន់​ស្នូល នៃ​តំបន់​ដែនជម្រក​សត្វព្រៃ ព្រៃឡង់​។

លោក​បញ្ជាក់ថា​៖ «​យើង​សង្ស័យ​ក្រុមមនុស្ស​ទាំងនោះ ត្រូវ​បាន​តំណាង​ក្រុមហ៊ុន​ទាំង​ ២ ​ជួល​ឱ្យមក​កាប់​ [​ឈើ​] ​ហើយ​ពួកគេ​ជា​អ្នកប្រមូល​ទិញ​»​។ បើតាម​លោក ថី ក្រុម​ជនប្រព្រឹត្ត​បទល្មើស​ទាំងនោះ​បាន​កាប់​ផ្ដួលរំលំ​ដើមឈើ​ទាល ឡាំ​បោរ ផ្ដៀក ស្រឡៅ កកោះ​ដួងចែម គគីរ និង​ដើម​ត្រាច​ដែលមាន​មុខកាត់​ពី​ ០,៤ ​ដល់ ១,១ ​ម៉ែត្រ ហើយ​បាន​អារច្រៀក​ជា​ក្ដារបន្ទះ និង​ជា​ឃ្លុម​ ៤ ​ជ្រុង​ទ្រវែង​។ ទីតាំង​ឈើ​ដែល​ពួកគេ​បាន​កាប់បំផ្លាញ​នោះ​ស្ថិតនៅ​ចំណុច បុស្សរាំង​, ជ្រាប់​ក្បាលដំរី​, ស្រែ​កណ្ដាល​, អូរ​អាចម៍ដែក​, ភូមិ​ចាស់​,​ភ្នំ​ចោទ​, ប្រាសាទគោល​, ព្រៃស្រឡៅ​,​និង​ចំណុច​ស្រែ​តាង៉ុត​។

លោក​បាន​បន្ថែមថា​៖ «​ឈើ​ដែល​ពួកគេ​បាន​កាប់​ និង​អារច្រៀក​ដោយ​ខុសច្បាប់ ពី​ក្នុង​តំបន់​ស្នូល​នៃ​ដែនជម្រកសត្វព្រៃ​ព្រៃឡង់​នោះ ត្រូវ​បាន​ដឹក​តាម​គោយន្ត និង​រថយន្ត​បង្កុង​រាប់សិប​គ្រឿង​យកមក​ទម្លាក់​ទុក​នៅក្នុង​បរិវេណ​ដីសម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន PNT Co., Ltd ដើម្បី​បំប្លែង​ជា​ឈើ​ស្របច្បាប់ ដើម្បី​ដឹក​ចេញ​យកទៅ​លក់​បន្ត​នៅតាម​ដេប៉ូ​ឈើ​នានា​នៅ​ទូទាំង​ប្រទេស​»​។

ជាមួយ​គ្នា​នេះ លោក ស្រី ថី បាន​ដាក់​ការសង្ស័យថា ករណី​កាប់បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ស្នូល​នៃ​ដែនជម្រក​សត្វព្រៃ ព្រៃឡង់ ដោយ​ក្រុម​ជនប្រព្រឹត្ត​បទល្មើស​ទាំងនេះ ទំនង​ជា​មាន​ការឃុបឃិត​ពី​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន ជាពិសេស​មន្ត្រី​បរិស្ថាន​ដែល​មាន​កាតព្វកិច្ច​សំខាន់​ជាងគេ ក្នុង​ការការពារ និង​អភិរក្ស​ព្រៃឡង់​នេះ​តែម្តង​។

លោក មាស ញឹម អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ​បាន​ទទួលស្គាល់ថា ពិតជា​មាន​បទល្មើស​កាប់​បំផ្លាញ​ព្រៃឈើ​ថ្មី​នៅក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ ព្រៃឡង់​ប្រាកដ​មែន ដោយ​កាលពី​ពេល​ថ្មីៗ​នេះ លោក​បាន​ដឹកនាំ​ក្រុម​ឧទ្យានុរក្ស ចុះ​ល្បាត​ដោយ​សម្ងាត់ ហើយ​រកឃើញ​មាន​គល់ឈើ​កាប់​ថ្មី​ចំនួន​ ៦ ​គល់​។ ប៉ុន្តែ​ករណីនេះ មិនមាន​ច្រើន​ដូច​ការអះអាង​របស់​ក្រុម​បណ្ដាញ​សហគមន៍​ព្រៃឡង់​នោះទេ​។

លោក​បាន​ថ្លែងថា​៖ «​យើង​ទទួលស្គាល់​ថា មាន​ករណី​លួច​កាប់​ឈើ​នៅក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ​ព្រៃឡង់ ប៉ុន្តែ​មិនមាន​ច្រើន​ដូច​ការអះអាង​របស់​សហគមន៍​នោះទេ​»​។

លោក​ ញឹម បាន​បន្តថា នៅពេល​នេះ​ក្រុម​ការងារ​របស់លោក​បាន​រកឃើញ​តម្រុយ​ខ្លះៗ ដែល​បង្ហាញ​ថា ករណី​កាប់​ឈើ​ក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ​ព្រៃឡង់​នេះ​គឺមាន​ជាប់​ពាក់ព័ន្ធ​ក្រុមហ៊ុន​មួយចំនួន ដែល​ទទួលបាន​សិទ្ធិ​ប្រមូលផល និង​អនុផល​ព្រៃឈើ​ពី​ក្រុមហ៊ុន​សម្បទាន​មួយ​នៅក្នុង​តំបន់​នោះ​។

ករណី​នេះ ក្រុម​ការងារ​របស់​លោក​កំពុង​ដំណើរការ​នីតិវិធី ដើម្បី​ស្រាវជ្រាវ​ស្វែងរក​ការពិត ឈាន​ទៅ​ដល់​ការចាប់​ជន​ប្រព្រឹត្ត​បទល្មើស​មក​តុលាការ​ចាត់​វិធានការ​បន្ត​ទៅតាម​ផ្លូវច្បាប់​។

លោក ចាប សារ៉ន អនុប្រធាន​ការិយាល័យ​បំភាន់​អក្ខរៈ​នៃ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​មិនអាច​ទាក់ទង​ស្នើសុំ​អធិប្បាយ​ជុំវិញ​ការចោទប្រកាន់​ពី​តំណាង​បណ្ដាញ​សហគមន៍​ព្រៃឡង់​ខេត្តព្រះវិហារ​នោះ​បាន​ទេ​នៅ​ថ្ងៃទី​ ៣០ ធ្នូ​។

ទោះយ៉ាងណា​ក៏ដោយ នាយក​ក្រុមហ៊ុន MACLE LOGISTICS (CAMBODIA) CO.; LTD លោក សយ សុផល ធ្លាប់​បានចេញ​សេចក្ដី​ជូនដំណឹង​មួយ​កាលពី​ថ្ងៃទី​ ២៥ ខែវិច្ឆិកា ឆ្នាំ​ ២០២១ ដោយ​បាន​បដិសេធថា អ្នក​ដែល​កាប់​ឈើ​ទាំងនោះ​មិនមែន​ជា​បុគ្គលិក ឬ​ជា​មេការ​នៅ​រោង​ម៉ាស៊ីន​កែច្នៃ​ឈើ​របស់​ក្រុមហ៊ុន MACLE LOGISTICS (CAMBODIA) CO.; LTD ដែល​មាន​ទីតាំង​ក្នុង​ឃុំ​រៀបរយ ខេត្តព្រះវិហារ​នោះឡើយ​។

ចំណែក​លោក ឡេង ឫទ្ធី នាយក​ក្រុមហ៊ុន PNT Co.,ltd មិនអាច​ទាក់ទង​ស្នើសុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បានទេ​នៅ​ថ្ងៃទី​ ៣០ ធ្នូ​។ ក្រុមហ៊ុន​នេះ​ទទួល​បាន​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល​លើ​ផ្ទៃដី​សម្បទាន​ទំហំ​ ៧ ៩០០ ​ហិកតា​នៅក្នុង​ឃុំ​រៀបរយ ស្រុក​រវៀង ហើយ​ក្រុមហ៊ុន​មួយ​នេះ​បានផ្តល់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន MACLE LOGISTICS (CAMBODIA) CO.; LTD សហការ​ប្រមូល​ផល​អនុផល​ព្រៃឈើ ក្នុង​បរិវេណ​គម្រោង​ដីសម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន​របស់ខ្លួន​ ដើម្បី​យកមក​បង់​សួយសារ និង​បុព្វលាភ​ជូន​រដ្ឋ​៕