ភ្នំពេញៈ អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការក្លែងបន្លំ ហៅ​កាត់​ថា ក.ប.ប បាន​ដាក់ចេញ​កម្មវិធី​ចំនួន​ ៧ សម្រាប់​អនុវត្ត​ក្នុង​ឆ្នាំ​ ២០២២ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការការពារ​អ្នកប្រើប្រាស់ សុវត្ថិភាព​ម្ហូបអាហារ និង​ធានា​ការធ្វើ​ធុរកិច្ច​ដោយ​សមធម៌​។

លោក ផាន អូន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន ក.ប.ប ថ្លែង​នៅ​ថ្ងៃទី​ ២៩ ធ្នូ​ថា កម្មវិធី​ទាំង ​៧ នោះ​មានដូចជា កម្មវិធី​សុវត្ថិភាព​ម្ហូបអាហារ កម្មវិធី​កិច្ចការពារ​អ្នកប្រើប្រាស់ កម្មវិធី​កិច្ចការ​ប្រកួតប្រជែង កម្មវិធី​កិច្ចការ​ហាឡាល កម្មវិធី​ត្រួតពិនិត្យ​ជា​ភាគី​ទី​ ៣ កម្មវិធី​អនុវត្ត​ច្បាប់ និង​កិច្ចសហប្រតិបត្តិការ និង​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​មនុស្ស​។

លោក​បញ្ជាក់ថា កម្មវិធី​ទាំងនេះ​នឹង​ពង្រឹង​ប្រសិទ្ធភាព​ក្នុង​ការត្រួតពិនិត្យ ការអង្កេត និង​ការឆ្លើយតប​សុវត្ថិភាព​ម្ហូបអាហារ លើកកម្ពស់​កិច្ចសហការ​ជាមួយ​អង្គភាព​ពាក់ព័ន្ធ​ថ្នាក់ជាតិ សមាគម​អ្នកប្រើប្រាស់ ស្ថាប័ន​អប់រំ​ស្រាវជ្រាវ វិស័យ​ឯកជន និង​អង្គការ​អន្តរជាតិ​នានា​។ ជាមួយ​គ្នា​នោះ កម្មវិធី​ទាំងនោះ​ក៏​នឹង​ជំរុញ​ការប្រកួតប្រជែង​ប្រកបដោយ​តម្លាភាព និង​បរិយាប័ន្ន លើកកម្ពស់​ការយល់ដឹង​ច្បាប់​បទដ្ឋាន​គតិយុត្ត ការយល់ដឹង​ទាក់ទង​នឹង​ផលិតផល ពង្រឹង​ប្រសិទ្ធភាព​ការចូលរួម​របស់​វិស័យ​ឯកជន និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​។ កម្មវិធី​ដែល​ដាក់ចេញ​ទាំងនេះ​នឹង​ពង្រឹង​រចនាសម្ព័ន្ធ និង​សមត្ថភាព​បច្ចេកទេស ក្នុង​ការអនុវត្ត​ច្បាប់ និង​ការពារ​ផលប្រយោជន៍​របស់​អ្នកប្រើប្រាស់​ជំរុញ​ឱ្យ​មាន​ការបង្កើត​សមាគម​អ្នកប្រើប្រាស់​តាម​វិស័យ និង​លើកកម្ពស់​ការយល់ដឹង​អំពី​សិទ្ធិ និង​ការទទួល​ខុសត្រូវ​របស់​អ្នកប្រើប្រាស់​ជាដើម​ផងដែរ​។

លោក​ថ្លែងថា​៖ «​យើង​ចាត់ថ្នាក់​វា​ទៅជា​កម្មវិធី​អ៊ីចឹង​ទៅ​ដើម្បី​ងាយស្រួល​អនុវត្ត​ប្រមូលផ្តុំ​ថា​តើ​ក្នុង​ឆ្នាំ​ ២០២២ យើង​ធ្វើ​អី​ខ្លះ អ៊ីចឹង​ទេ​យើង​បែងចែក​ក្រុម​បែបនេះ​យើង​ដឹងថា ឯកសារ​គតិយុត្ត​អី​ដែល​យើង​ត្រូវ​កសាង​បន្ថែម ការទំនាក់ទំនង​អ្វីដែល​យើង​ពង្រឹង​ជាមួយ​ស្ថាប័ន​ក្រសួង​ពាក់ព័ន្ធ តើ​យើង​ត្រូវអនុវត្ត​ទៅលើ​មុខទំនិញ​ណាខ្លះ ដែល​មិនមាន​សុវត្ថិភាព​តាម​ក្រឹត្យក្រម​នៃ​ការគ្រប់គ្រង​ហានិភ័យ​»​។

បើតាម​លោក​ ផាន អូន ​នៅ​ឆ្នាំ​ ២០២១ ​កន្លងទៅ ក.ប.ប បានសម្រេច​ការតាក់តែង​ច្បាប់​ស្តីពី​ការប្រកួតប្រជែង និង​អនុក្រឹត្យ​មួយចំនួន​នៅក្រោម​ច្បាប់​នោះ ព្រមទាំង​ប្រកាស​រួម និង​ប្រកាស​ក្រោម​ច្បាប់​អ្នកការពារ​អ្នកប្រើប្រាស់​សម្រាប់​បញ្ជូន​ទៅឱ្យ​មន្ត្រី​ស៊ើបអង្កេត​នគរបាល​យុត្តិធម៌​បាន​អនុវត្ត​ច្បាប់​។

លោក​ថា កន្លងមក​ថ្មីៗ​នេះ មន្ត្រី​ ក.ប.ប ក៏មាន​សកម្មភាព​ទៅលើ​ធុរកិច្ច​មិន​សុចរិត​ចំពោះ​ផលិតផល ឬក៏​ម្ចាស់​ស្ថានីយ​ ឬ​ធុរជន​លើ​វិស័យ​ប្រេងឥន្ធនៈ និង​បាន​បង្ក្រាប​ករណី​នាំ​ចរាចរ​ផលិតផល​អេទីលអាល់កុល ដែល​ឈ្មួញ​បាន​យក​មេតាណុល​ទៅ​ក្លែង​ជា​អេទីល​អាល់កុល​បាន​ប្រហែល​ជិត ២០០ ​តោន​។ ក្រៅពីនោះ សមិទ្ធផល​នៃ​ការប្រយុទ្ធ​ប្រឆាំង​ជាមួយ​ការក្លែង​ម៉ាក ជាពិសេស​ករណី​កម្មសិទ្ធិបញ្ញា និង​សុវត្ថិភាព​ម្ហូបអាហារ ក.ប.ប បាន​រឹបអូស​កម្ទេចចោល​ប្រហែល ៤០ ​តោន ក្នុង​ឆ្នាំ​ ២០២១​។

លោក​ថ្លែងថា​៖ «​ជាពិសេស​មន្ត្រី​ ក.ប.ប ដែលមាន​នីតិសម្បទា​ជា​នគរបាល​យុត្តិធម៌​គឺ​យើង​ខិតខំ​បណ្តុះបណ្តាល​គាត់​លើ​ទិដ្ឋភាព​ច្បាប់ ស្តីពី​ការការពារ​អ្នកប្រើប្រាស់ និង​ច្បាប់​ស្តីពី​ការប្រកួតប្រជែង និង​ឯកសារ​គតិយុត្ត​ផ្សេងៗ​ទៀត ក្រៅពីនោះ​យើង​មានការ​ផ្សព្វផ្សាយ​ថ្នាក់ជាតិ និង​ក្រុម​អ្នកពាក់ព័ន្ធ​ផ្សេងៗ វិស័យ​ឯកជន ក្រសួង​ស្ថាប័ន​ដែលជា​អញ្ញាតករ​មាន​សមត្ថកិច្ច​»​។

លោក​ ប៉ិច ពិសី ​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​ថ្លែង​នៅ​ថ្ងៃទី​ ២៩ ខែធ្នូ​ថា បើសិនជា​បញ្ហា​នៃ​ការកេងបន្លំ​ផ្សេងៗ​តាមរយៈ​ការផ្តល់​ផលិតផល​ជូន​សាធារណជន នៅតែ​បន្ត​មាន​បញ្ហា​មានន័យថា ប្រសិទ្ធភាព​របស់​ស្ថាប័ន​មួយ​នេះ​ត្រូវតែមាន​ការកែសម្រួល​បន្ថែម និង​ជំរុញ​ការអនុវត្ត​ច្បាប់​ឱ្យ​ស្មើភាព​គ្នា​។ លោក​ថា​៖ «​យើង​ឃើញ​មាន​យុទ្ធនាការ​ច្រើន​ក្នុង​ការចុះ​ត្រួតពិនិត្យ ប៉ុន្តែ​បញ្ហា​វា​អត់​ថមថយ​នៃ​ការកេងបន្លំ​ចំនួន​សាំង​ចំនួន​លីត្រ ការចាក់​សាំង​លាយ​ខូចគុណភាព​អី​ជាដើម នៅតែ​បន្ត​មាន​តាម​ហ្គារ៉ាសសាំង​ផ្សេងៗ ដែល​ប៉ះពាល់​ដល់​ប្រយោជន៍​សាធារណៈ​»​។

លោក ប៉ិច ពិសី បាន​លើកឡើង​ថា ប្រជាពលរដ្ឋ​ជា​អ្នកប្រើប្រាស់​គួរតែ​ចូលរួម​សហការ​ខ្វល់ខ្វាយ​ពី​ការប្រើប្រាស់​របស់ខ្លួន​ប្រសើរ​ជាង​អង្គុយចាំតែ​ស្តីបន្ទោស​។ ក្នុង​កិច្ចការងារ​នេះ​អាជ្ញាធរ​មិនអាច​ធ្វើការ​តែ​ម្នាក់ឯង​ហើយ​បាន​ជោគជ័យ​នោះទេ ព្រោះ​អាជ្ញាធរ​ក៏ត្រូវ​ការចាំបាច់​នូវ​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ ដើម្បី​ផ្តល់ព័ត៌មាន ឬ​ឯកសារ​ភ័ស្តុតាង​ដើម្បី​ជំរុញ​ការអនុវត្ត​ច្បាប់​ផងដែរ​។ លោក​ថ្លែងថា​៖ «​បើ​ពលរដ្ឋ​ដឹងខ្លួន​ថា គាត់​ត្រូវបាន​ទិញ​អីវ៉ាន់​មួយ​ដែល​អត់​គ្រប់​ទំហំ​ចំនួន​ដែល​គាត់​ត្រូវ​ទិញ ហើយ​គុណភាព​អន់​អី​ជាដើម មាន​ការភូតកុហក​គុណភាព​អាហ្នឹង​ទាល់តែ​គាត់​ចូលរួម​ជួយ​ទាមទារ​ឱ្យមាន​ការគោរព​នូវ​សុចរិត​ភាព​នៃ​ការ​ទិញដូរ​អីវ៉ាន់​ផ្សេងៗ​ហ្នឹង ពី​សំណាក់​អ្នករកស៊ី​ក្តី ប្រជាពលរដ្ឋ​ក្តី គឺ​ជំរុញ​ទាំងអស់​គ្នា​បាន​យើង​អាច​បង្កើន​ប្រសិទ្ធភាព​នៃ​ការធ្វើ​អាជីវកម្ម​ស្អាតស្អំ​ហ្នឹង​បាន​»៕