ភ្នំពេញៈ លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បាន​ស្នើ​ក្រសួង ស្ថាប័ន អង្គភាព ពាក់ព័ន្ធ​រៀបចំ​សមាសភាព​ថ្មី​ឡើងវិញ នៅក្នុង​ក្រុមការងារ​សាងសង់​វិមាន​ឈ្នះ ឈ្នះ ដើម្បី​រៀបចំ​ដំណើរការ​ប្រុងប្រៀប​ឆ្ពោះទៅកាន់​ខួប​លើក​ទី​ ២៥ ឆ្នាំ​នៃ​ទិវា​នយោបាយ​ឈ្នះ-ឈ្នះ​នៅ​ឆ្នាំ​ ២០២៣ និង​ជំរុញ​ឱ្យ​ក្រុម ការងារ​រៀបចំ​សិក្ខាសាលា​ថ្នាក់ជាតិ​ផ្សព្វផ្សាយ​ពី​ខ្លឹមសារ​គុណតម្លៃ​នៃ​នយោបាយ​ឈ្នះ-ឈ្នះ​នេះ​។

លោក ទៀ បាញ់ ថ្លែង​បែបនេះ​ក្នុង​ពេល​ធ្វើជា​អធិបតី​អបអរសាទរ​ខួប ២៣ ឆ្នាំ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២១) នៃ​ការបញ្ចប់​សង្គ្រាម​នៅ​កម្ពុជា ក្រោម​នយោបាយ​ឈ្នះ-ឈ្នះ និង​ខួប​លើក​ទី​ ៣ នៃ​ការដាក់​ឱ្យ​ដំណើរការ​ជា​សាធារណៈ​វិមាន​ឈ្នះ-ឈ្នះ ស្ថិតនៅ​សង្កាត់​ព្រែកតាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

ក្នុង​នាម​ជា​ប្រធាន​ក្រុមការងារ​សាងសង់​វិមាន​ឈ្នះ-ឈ្នះ តំណាង​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​លោក ទៀ បាញ់ ថ្លែងថា​៖ «​អនុវត្ដ​តាម​អនុសាសន៍​ដ៏ខ្ពង់ខ្ពស់​របស់​សម្ដេច​តេជោ​នាយករដ្ឋមន្ដ្រី ខ្ញុំ​សូម​ជំរុញ​ឱ្យ​ក្រុមការងារ​ខិតខំ​ដំណើរការ​រៀបចំ​សិក្ខាសាលា​ថ្នាក់ជាតិ​ស្ដីពី​ខ្លឹមសារ​គុណតម្លៃ​នៃ​នយោបាយ​ឈ្នះ-ឈ្នះ​នៅក្នុង​សិក្ខាសាលា​»​។

លោក​ថ្លែងថា ការរៀបចំ​សិក្ខាសាលា​នេះ គួរ​គប្បី​ផ្អែកលើ​ប្រធានបទ​ចំនួន​ ៣ គឺ​ទី​ ១ អត្ថន័យ​ និង​និយមន័យ​នៃ​នយោបាយ​ឈ្នះ-ឈ្នះ​ និង​ដំណើរការ​អនុវត្ដ​ប្រតិបត្ដិការ នយោបាយ​ឈ្នះ-ឈ្នះ តាម​តំបន់​ និង​ភូមិសាស្ដ្រ​នីមួយៗ​ឱ្យបាន​ច្បាស់លាស់ និង​មានការ​ឯកភាពគ្នា​ដែលមាន​ប្រតិបត្ដិករ មាន​តឹកតាង​មាន​ប្រវត្ដិកាល​ជាក់លាក់​។

ទី​ ២ ការរៀបចំ​តំបន់​ប្រវត្ដិសាស្ត្រ​យោធា​តាម​នីតិវិធី និង​សហការ​ល្អ​​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ រួមទាំង​ការកសាង​ស្តូប ឈ្នះ-ឈ្នះ នានា ថែមទៀត ដើម្បី​បង្ហាញ​នូវ​តឹកតាង​អំណះអំណាង និង​ជា​សក្ខីកម្ម​នៃ​ការអនុវត្ដ​ប្រតិបត្ដិ​នយោបាយ​ឈ្នះ-ឈ្នះ និង​ទី​ ៣ ​រៀបចំ​សារមន្ទីរ​អំពី​សមិទ្ធផល​ដែល​បានមក​ដោយ​នយោបាយ​ឈ្នះ-ឈ្នះ​នេះ​។

លោក ទៀ បាញ់ បញ្ជាក់ថា​៖ «​ក្នុង​ដំណើរការ​ទាក់ទង​ទៅនឹង​សមិទ្ធផល​នេះ យើង​ត្រូវ​ធ្វើការ​កែសម្រួល​ក្រុមការងារ​អន្តរក្រសួង​ដែល​ធ្លាប់មាន​តាំង​ពីមុនមក​ព្រោះ​សមាជិក​ក្រុមការងារ​មួយចំនួន​បាន​កែសម្រួល​ផ្លាស់ប្ដូរ​ភារកិច្ច​ថ្មី​។ មួយវិញទៀត​ក្រុមការងារ​នេះ​បាន​ដំណើរការ​ល្អ​នៅក្នុង​ឆ្នាំ​ ២០១៨ ដែល​បានរៀបចំ​ពិព័រណ៍​សមិទ្ធផល​នយោបាយ​ឈ្នះ-ឈ្នះ​​រួមទាំង​ខ្លឹមសារ​នានា​ដែលមាន ២០ ឆ្នាំកន្លងមក​»​។

មន្ត្រីយោធាកាន់ទង់ជាតិក្នុងពិធីប្រារព្ធខួបបញ្ចប់សង្គ្រាមនៅមុខវិមានឈ្នះ-ឈ្នះ។ហ៊ាន រង្សី

លោក​បាន​ថ្លែងថា សមិទ្ធផល​រយៈពេល ៥ ឆ្នាំ លើ​គ្រប់​វិស័យ តាម​ក្រសួង ស្ថាប័ន ត្រូវ​រៀបចំ​ប្រុងប្រៀប​ឱ្យបាន​ល្អ​សម្រាប់​រៀបចំ​ព្រឹត្ដិការណ៍​ខួប ២៥ ឆ្នាំ​ក្នុង​ឆ្នាំ​ ២០២៣ ​ខាងមុខ​។

លោក​បន្តថា​៖ «​នៅពេលនេះ ខ្ញុំ​សូម​ស្នើ​ក្រសួង ស្ថាប័ន អង្គភាព​ពាក់ព័ន្ធ​ផ្ដល់​សមាសភាព​ថ្មី​ឡើងវិញ ដើម្បី​រៀបចំ​ក្នុង​ដំណើរការ​ប្រុងប្រៀប​ឆ្ពោះទៅកាន់​ឆ្នាំ ២០២៣ ដែល​ជា​ខួប ២៥ ឆ្នាំ​នៃ​ទិវា​នយោបាយ​ឈ្នះ-ឈ្នះ​អបអរសាទរ​ដល់​សន្ដិភាព និង​ការឯកភាព​ជាតិ​ពេញលេញ​»​។

បើតាម​លោក ទៀ បាញ់ វិមាន​ឈ្នះ-ឈ្នះ​កំពុងតែ​រៀបចំ​បន្ថែម​នូវ​តឹកតាង​ទាំងឡាយ​ជា​សច្ចភាព ដែល​បាន​កើតឡើង​ក្នុង​ប្រវត្ដិសាស្ដ្រ ដែល​ដឹកនាំ​ដោយ លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ដែលជា​អ្នកដឹកនាំ ត្រួសត្រាយ​រហូត​បាន​សមិទ្ធផល​មកដល់​សព្វថ្ងៃនេះ​។

លោក​បាន​បន្តថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់​ទិវា​នយោបាយ​ឈ្នះ-ឈ្នះ​នៅ​ថ្ងៃទី ២៩ ខែធ្នូ​នេះ​នៅក្នុង​ប្រតិទិន ដោយ​ត្រូវ​កត់ត្រា​ជា​ពិធី​បុណ្យជាតិ​ផ្លូវការ (​មិន​ឈប់សម្រាក ប៉ុន្តែ ជាការ​ចងចាំ​របស់​ជាតិ​) ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​នៃ​ទិវា​បញ្ចប់​សង្គ្រាមស៊ីវិល និង​ការបង្រួបបង្រួម​ទឹកដី​ពេញលេញ​នៅ​កម្ពុជា​តាមរយៈ​នយោបាយ​ឈ្នះ-ឈ្នះ​នេះ​។

លោក ណឹម សុវត្ថិ ប្រធាន​ក្រុមការងារ​សិក្សា​ស្រាវជ្រាវ និង​សាងសង់​សំណង់ វិមាន ឈ្នះ-ឈ្នះ បានបង្ហាញ​របាយការណ៍​ក្នុង​ពិធី​នេះដែរ​ថា ក្រុមការងារ​ក៏បាន​ទទួល​នូវ​អនុសាសន៍ និង​ការសម្រេច​របស់លោក ហ៊ុន សែន នាយករដ្ឋមន្ដ្រី កាលពី​អង្គសន្និបាត​នៅ​ថ្ងៃទី​ ២ ខែកុម្ភៈ ឆ្នាំ​ ២០២០ ស្ដីពី​ការលើកកម្ពស់​គោលនយោបាយ​ឈ្នះ-ឈ្នះ​នេះ​តាមរយៈ​ខ្លឹមសារ ៣ ​ធំ ក្នុងនោះ​មាន​ជាអាទិ៍ ទី​ ១ ​ការ​ប្រារព្ធ​ទិវា​នយោបាយ​ឈ្នះ-ឈ្នះ​នៅ​ថ្ងៃទី​ ២៩ ខែធ្នូ ជា​រៀងរាល់ឆ្នាំ​។ ទី​ ២ ការដំណើរ​ការរៀបចំ​តំបន់​ក្នុង​ភូមិសាស្ដ្រ​ប្រវត្ដិសាស្ដ្រ​យោធា​នានា និង​ទី​ ៣ ការផ្សព្វផ្សាយ​បញ្ជ្រាប​នូវ​រាល់​ខ្លឹមសារ​ទាំងឡាយ​ទាក់ទង​នឹង​នយោបាយ​ឈ្នះ-ឈ្នះ​។

លោក​បាន​ថ្លែងថា​៖ «​អនុសាសន៍​ដ៏ខ្ពស់ខ្ពស់​ជា​ប្រវត្ដិសាស្ដ្រ​បន្ថែមទៀត​របស់​សម្ដេចតេជោ ហ៊ុន សែន កាលពី​ខែមិថុនា ឆ្នាំ​ ២០២០ គឺ​សម្ដេច​ឱ្យ​ប្រុងប្រៀប​រៀបចំ​សិក្ខាសាលា​ថ្នាក់ជាតិ​មួយ ដើម្បី​ពិនិត្យ និង​ឯកភាពគ្នា​ដើម្បី​ផ្សព្វផ្សាយ​នូវ​ខ្លឹមសារ​នយោបាយ​ឈ្នះ-ឈ្នះ ដើម្បី​លើកកម្ពស់​កិច្ចការ​នេះ​ឱ្យបាន​ឯកភាព​គ្រប់កន្លែង​។ ការរៀបចំ​សិក្ខាសាលា​ថ្នាក់ជាតិ​នេះ​ក្រុមការងារ​កំពុង​អនុវត្ត​យ៉ាងសកម្ម​»​។ លោក​ថា គិត​ចាប់តាំងពី​ឆ្នាំ​ ២០១៩ មកដល់​បច្ចុប្បន្ន​បាន​សម្រប​សម្រួល​ការទទួល​បដិសណ្ឋារកិច្ច​ប្រតិភូ​ជាតិ អន្តរជាតិ ទស្សនកិច្ច​នៅ​វិមាន​ឈ្នះ​-​ឈ្នះ​ពី​គ្រប់​ក្រសួង​ស្ថាប័នរដ្ឋ ឯកជន សិស្សានុសិស្ស អ្នកសិក្សា​ស្រាវជ្រាវ យុវជន ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ជាតិ អន្តរជាតិ សរុប​ចំនួន ៣៦០ លើក មាន​ចំនួន​មនុស្ស​ប្រមាណ​ ៤,៥ លាន​នាក់​៕