ភ្នំពេញៈ ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កំពុង​រៀបចំ​ធ្វើ​បច្ចុប្បន្នភាព បញ្ជី​សារពើភណ្ឌ​ផែនទី​បណ្ដាញ​ផ្លូវជាតិ ផ្លូវ​ខេត្ត និង​ផ្លូវថ្នល់​ផ្សេងទៀត ដែល​ស្ថិតក្រោម​សមត្ថកិច្ច​គ្រប់គ្រង​របស់​ក្រសួង ដើម្បី​ភាពងាយស្រួល​ដល់​ការគ្រប់គ្រង​ជួសជុល​ថែទាំ និង​ធានា​ការប្រើប្រាស់​បានយូរ​អង្វែង​។

លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យ​ក្រសួង​សាធារណការ​ថ្លែងប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍​ នៅ​ថ្ងៃទី​ ៣០ ​ធ្នូ​ថា កាលពី​ថ្ងៃទី​ ២៩ ​ខែធ្នូ នៅ​ទីស្តីការ​ក្រសួង​លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ជា​ប្រធាន​ក្រុមការងារ​ធ្វើ​ផែនទី​បណ្ដាញ​ផ្លូវថ្នល់​បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ត្រួតពិនិត្យ​លើ​សេចក្តី​ព្រាង​ចុងក្រោយ​ផែនទី​បណ្ដាញ​ផ្លូវថ្នល់ ឆ្នាំ​ ២០២០ ដោយ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​ទទួល​បន្ទុក អគ្គនាយកដ្ឋាន​សាធារណការ អគ្គនាយកដ្ឋាន​បច្ចេកទេស​ក្រុមការងារ​ជំនាញ​បច្ចេកទេស​ពាក់ព័ន្ធ ប្រធាន​មន្ទីរ សាធារណការ និង​ដឹកជញ្ជូន រាជធានី-ខេត្ត​ផងដែរ​។

លោក​ថ្លែងថា​៖ «​កិច្ចប្រជុំ​នេះ ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​ពិនិត្យ​ និង​ស្នើសុំ​ទិន្នន័យ​ពាក់ព័ន្ធ និង​មតិយោបល់​បន្ថែម​ពី​ថ្នាក់ដឹកនាំ​អង្គភាព​ក្រោម​ឱវាទ​ក្រសួង និង​មន្ទីរ​រាជធានី-ខេត្ត សំដៅ​រៀបចំ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​សារពើ​ភណ្ឌ និង​ផែនទី​បណ្ដាញ​ផ្លូវជាតិ ផ្លូវ​ខេត្ត និង​ផ្លូវថ្នល់​ផ្សេងទៀត ដែល​ស្ថិតក្រោម​សមត្ថកិច្ច​គ្រប់គ្រង​របស់​ក្រសួង​សាធារណការ​»​។

ការពិនិត្យ និង​ស្នើសុំ​ទិន្នន័យ​ពាក់ព័ន្ធ​ និង​មតិយោបល់​បន្ថែម​ពី​ថ្នាក់ដឹកនាំ​អង្គភាព​ក្រោម​​ឱវាទ​ក្រសួង​នេះ​គឺ​ដើម្បី​ងាយស្រួល​ដល់​ការគ្រប់គ្រង​ជួសជុល​ថែទាំ​ និង​លើកកម្ពស់​គុណភាព​ផ្លូវថ្នល់ និង​ដើម្បី​កែសម្រួល​ខ្សែ​ផ្លូវ លេខ​ផ្លូវ ផ្លាស់ប្តូរ និង​លើក​កម្រិត​ឋានៈ​របស់​ផ្លូវថ្នល់​មួយចំនួន ឱ្យ​ស្របតាម​ការកើនឡើង​បរិមាណ​ចរាចរណ៍ លក្ខណៈ​បច្ចេកទេស និង​ការអភិវឌ្ឍ​រីកចម្រើន​របស់​សង្គម សេដ្ឋកិច្ចជាតិ និង​ធានា​រក្សា​ឱ្យបាន​គង់វង្ស និង​ការប្រើប្រាស់​យូរអង្វែង ជាពិសេស​ចៀសវាង​បាន​នូវ​ការមើលរំលង ខ្វះចន្លោះ​ ឬ​បំភ្លេចចោល​ការងារ​ថែទាំ​ធ្វើឱ្យ​ផ្លូវ​ខូច​។

លោក​ សុទ្ធាយុត្តិ បានឱ្យដឹងថា អង្គប្រជុំ​បាន​ផ្តោត​ការពិភាក្សា​ទៅលើ​ការដាក់​លេខ​ផ្លូវ ១ លេខ (​ឬ​ផ្លូវ​កម្រិត​ ១) ផ្លូវ​ ២ លេខ​ (​ឬ​ផ្លូវ​កម្រិត​ ២) ចំណុច​ចាប់ផ្តើម​ដែល​ត្រូវ​កំណត់​លេខ​ផ្លូវ ឈ្មោះ​ផ្លូវ ការសិក្សា និង​ពិភាក្សា​បន្ថែម​លើ​ចំណុច​ដែល​មិនទាន់​មាន​ការឯកភាព​ក្នុង​ចំណោម​សមត្ថកិច្ច​គ្រប់គ្រង​ផ្លូវថ្នល់ ជាពិសេស​ជាមួយ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ពាក់ព័ន្ធ​លើ​ការកំណត់​ដែន​សមត្ថកិច្ច​គ្រប់គ្រង​ផ្លូវ ការកែសម្រួល និង​ការដាក់​លេខ​ផ្លូវ ឈ្មោះ​ផ្លូវ កុំឱ្យ​ត្រួតគ្នា ការចាត់​ចំណាត់ថ្នាក់​ផ្លូវ​ និង​ឈ្មោះ​ផ្លូវ​ដែល​បង្ហាញ​ពី​ប្រវត្តិសាស្ត្រ​ផងដែរ​។

លោក លឹម ស៊ីដេនីន ថ្លែង​ទៅកាន់​អង្គប្រជុំ​នៅ​ថ្ងៃទី​ ២៩ ធ្នូ ដោយបាន​ណែនាំ​ក្រុមការងារ​ជំនាញ​បច្ចេកទេស​ពាក់ព័ន្ធ​ដាក់​លេខ​ផ្លូវ និង​ឈ្មោះ​ផ្លូវ​កុំ​ឱ្យ​មាន​ការត្រួតគ្នា ដែល​ធ្វើឱ្យ​ពិបាក និង​ស្មុគស្មាញ​ក្នុង​ការស្វែងរក​ក្នុង​ផែនទី និង​ត្រូវមាន​ការពិភាក្សា​លម្អិត​ជាមួយ​គ្រប់​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​លើ​ការផ្លាស់ប្តូរ​ក៏ដូចជា​កែសម្រួល​បង្គោល​គីឡូម៉ែត្រ ដោយ​ឈរលើ​គោលការណ៍​ឯកភាព​រួម​។

លោក​ក៏បាន​ស្នើឱ្យ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី-ខេត្ត​បន្ត​ធ្វើការ​ជាមួយ​ក្រសួង​អភិវឌ្ឍន៍ជនបទ​បន្ថែមទៀត​ក្នុង​ការកំណត់​ខ្សែ​ផ្លូវ​ខេត្ត ឬ​ផ្លូវ​កម្រិត ៣ ដែលមាន​ការពាក់ព័ន្ធ ឬ​ត្រួត​ជាន់គ្នា ដើម្បី​ដាក់បញ្ចូល​ក្នុង​ផែនទី​ឱ្យបាន​ចប់សព្វគ្រប់​ទាន់ពេលវេលា​មុននឹង​ដាក់ជូន​ថ្នាក់ដឹកនាំ​ក្រសួង​ពិនិត្យ​សម្រេច​៕