ស្វាយរៀងៈ ​អាជ្ញាធរខេត្ត​ស្វាយរៀង កំពុង​ចាក់ដី​ធ្វើ​ស្ថានីយ​បូមទឹក នៅក្នុង​អាង​ទន្លេ​វ៉ៃកូ និង​តបណ្តាញ​ទុយោទឹក ព្រមទាំង​ធ្វើ​អាង​ប្រព្រឹត្តិកម្ម​ទឹកស្អាត ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​បន្ថែម​លើ​ការផ្គត់ផ្គង់​ការប្រើប្រាស់​ទឹកស្អាត នៅក្នុង​ក្រុង​ស្វាយរៀង និង​តំបន់​ជាយក្រុង​បន្ថែមទៀត​។

លោក ឡុង សុខុម ប្រធាន​មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ខេត្ត​ស្វាយរៀង ថ្លែង​នៅ​ថ្ងៃទី​ ៣០ ធ្នូ ថា អាជ្ញាធរ​ពាក់ព័ន្ធ និង​មន្ត្រី​ជំនាញ​កំពុង​ចាក់ដី​ធ្វើ​ស្ថានីយ​បូមទឹក​នៅក្នុង​ទន្លេ​វ៉ៃកូ ស្ថិត​នៅ​ខាងជើង​ទ្វារ​ទឹក​ស្ពាន​តាហោ សង្កាត់​ពោធិ៍តាហោ ដើម្បី​ផ្គត់ផ្គង់​ទឹកស្អាត​ជូន​ប្រជាពលរដ្ឋ​បន្ថែម​ឱ្យបាន​កាន់តែច្រើន​។ ស្ថានីយ​បូមទឹក​ឆៅ​ថ្មី​នេះ មាន​ទំហំ​ ៥ គុណ ៦ ម៉ែត្រការ៉េ បំពាក់​ម៉ាស៊ីនបូមទឹក​ ១ ​គ្រឿង ដែលមាន​សមត្ថភាព​បូម​ទឹកបាន ១១ ០០០ ម៉ែត្រគុប ក្នុង​ ១ ​ថ្ងៃ ហើយ​អាច​បញ្ចេញ​ទៅជា​ទឹកស្អាត​សម្រាប់​ប្រើប្រាស់​បាន​ ៩ ០០០ ម៉ែត្រគុប​ក្នុង​ ១ ​ថ្ងៃ​។

លោក ឡុង សុខុម បញ្ជាក់​ទៀត​ថា ការចាក់ដី​ធ្វើ​ស្ថានីយ​បូមទឹក​ឆៅ​នេះ ស្ថិតក្នុង​គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត​ទីប្រជុំជន​ក្រោម​ជំនួយ​ឥណទាន​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី​ (ADB) បដិភាគ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​បំពេញ​សេចក្តី​ត្រូវការ​ផ្គត់ផ្គង់​ទឹកស្អាត​ក្នុង​តំបន់​សេវាកម្ម​របស់​អង្គភាព​រដ្ឋាករទឹក​ស្វាយរៀង​។

គម្រោង​នេះ​ចាប់ផ្តើម​ពី​ខែមករា​ដើមឆ្នាំ​ ២០២១ គ្រោង​នឹង​បញ្ចប់​នៅ​ពាក់កណ្តាល​ឆ្នាំ​ ២០២២ ខណៈ​បច្ចុប្បន្ន គម្រោង​នេះ​អនុវត្តបាន​ ៧០ ​ភាគរយ​ហើយ បើ​រាប់ទាំង​ប្រព័ន្ធ​តបណ្តាញ​ទុយោទឹក និង​អាង​ប្រព្រឹត្តិកម្ម​ទឹកស្អាត ដោយឡែក​ស្ថានីយ​បូមទឹក​ឆៅ​ដំណើរការ​យឺត​ជាងគេ​ដោយសារ​តែ​កន្លងមក​មាន​ការខ្វះ​ដី​សម្រាប់​ចាក់​បំពេញ​។

បើតាម​លោក ឡុង សុខុម បច្ចុប្បន្ន​មាន​ទឹកស្អាត​ចំនួន ៧ ០០០ ​ម៉ែត្រគុប​ក្នុង​ ១ ​ថ្ងៃ សម្រាប់​ផ្គត់ផ្គង់​ទៅដល់​ប្រជាពលរដ្ឋ​ប្រមាណ ៥ ០០០ គ្រួសារ​ប្រើប្រាស់ នៅក្នុង​ភូមិសាស្ត្រ​ក្រុង​ស្វាយរៀង​។

ប៉ុន្តែ​នៅពេល​ស្ថាននីយ​ទឹកស្អាត​ថ្មី​នេះ​ដំណើរការ​នឹង​ជួយ​បន្ថែម​ទៅដល់​ប្រជាពលរដ្ឋ​ក្នុងស្រុក​ស្វាយជ្រំ​ ២ ដែលមាន​ ២ ​ឃុំ​ទៀត គឺ​ឃុំ​ស្វាយជ្រំ និង​ឃុំ​តាសួស​បាន​ប្រមាណ​ជាង ២ ០០០ គ្រួសារ​ទៀត នឹង​ទទួល​បាន​ទឹកស្អាត​ប្រើប្រាស់​។

លោក​ថ្លែងថា​៖ «​ឥឡូវនេះ​យើង​​មាន​ជាក់ស្តែង ៧ ០០០ ម៉ែត្រគុប ហើយ​គម្រោង ADB នេះ ៩ ០០០ ​ម៉ែត្រគុប​ទៀត​យើង​នឹង​បាន​ប្រហែលជា​ ៦០ ​ភាគរយ​ជាង​នៃ​តម្រូវការ​ហើយ​នៅក្នុង​ឆ្នាំ​ ២០២២ ហ្នឹង​ដែរ អំឡុង​ខែ​ ៣ អាច​នឹង​ដំណើរការ​គម្រោង​មួយទៀត ដែលជា​ជំនួយឥតសំណង​របស់​អង្គការ JICA មាន​សមត្ថភាព ៦ ៨០០ ម៉ែត្រគុប​ក្នុង​ ១ ​ថ្ងៃ​ទៀត​»​។

លោក ឡុង សុខុម បានឱ្យ​ដឹងថា ដើមឡើយ​ចំណាប់​អារម្មណ៍​នៃ​ការប្រើប្រាស់​ទឹកស្អាត​របស់​ប្រជាពលរដ្ឋ​គឺ​នៅមានកម្រិត ដោយសារ​សម្បូរ​ប្រភពទឹក​ក្រោម​ដី​។ នៅ​ស្ទើរតែ​គ្រប់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​មាន​អណ្តូងទឹក​ប្រើប្រាស់ ដែលមាន​ទាំង​ប្រាំង និង​វស្សា ប៉ុន្តែ​ដោយមាន​ការវិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច​ធ្វើឱ្យ​ជីវភាព​ពលរដ្ឋ​ប្រែប្រួល​ហេតុនេះ​ពួកគាត់​ក៏​ចាប់អារម្មណ៍​មកលើ​សុខភាព និង​ឈានទៅ​ប្រើប្រាស់​ទឹកស្អាត​វិញ ព្រោះ​ទឹក​អណ្តូង​មិនសូវមាន​សុវត្ថិភាព​ដូច​ទឹកស្អាត​នោះទេ​។

លោក​បាន​ថ្លែងថា​៖ «​បើ​គាត់​បូម (​ទឹក​អណ្តូង​ ឬ​ទឹកស្រះ​) ​មក​ភ្លាម​ប្រើ​ភ្លាម​វា​អាច​ថា​ទឹក​ហ្នឹង​មាន​មេរោគ មាន​សារធាតុ​រ៉ែ​អី​មួយចំនួន ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​គាត់ ម្ល៉ោះ​ហើយ​គាត់​បាន​ផ្លាស់ប្តូរ​គំនិត​ចង់បាន​ទឹកស្អាត​ប្រើប្រាស់​។ យើង​សង្កេត​ឃើញ​ថា នៅពេល​ចុង​ទុយោ​យើង​ទៅដល់​ណា អ្នក​នៅ​ខាងចុង​ទុយោ​នោះ​គាត់​តែង​ចង់បាន​ទឹក​»​។

លោក រស់ ផារិទ្ធ អភិបាលរង និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ស្វាយរៀង​ថ្លែង​ថ្ងៃទី​ ៣០ ខែធ្នូ ថា បច្ចុប្បន្ន អាង​ទន្លេ​វ៉ៃកូ​អាច​ស្តុក​ទឹកបាន​ប្រមាណ​ ៣៥ ​លាន​ម៉ែត្រគុប ហើយ​លោក​អភិបាលខេត្ត​លើកឡើងថា អាច​នឹង​ពង្រីក​បរិមាណ​ទឹក​រហូត​ដល់ ៤០ ​លាន​ម៉ែត្រគុប នៅពេល​ខាងមុខ ដើម្បី​ឆ្លើយតប​តម្រូវការ​នៃ​ការផ្គត់ផ្គង់​ទឹកស្អាត ជូន​ប្រជាពលរដ្ឋ ជំនួស​ឱ្យ​ការប្រើប្រាស់​ទឹក​ក្រោម​ដី​ដែល​ប្រជាពលរដ្ឋ​ធ្លាប់ប្រើ​។

លោក​បាន​ថ្លែងថា​៖ «​តាម​ការសិក្សា​ពី​អ្នកជំនាញ​ខាង​បច្ចេកទេស គឺថា ទឹកទន្លេ​វ៉ៃកូ​នេះ យើង​យកទៅ​ឆ្លងកាត់​ខាង​ប្រព័ន្ធ​ប្រព្រឹត្តិកម្ម​អី​បាន​ត្រឹមត្រូវ តាម​បច្ចេកទេស​គឺមាន​លក្ខណៈ​ល្អប្រសើរ​ជាង​ដែល​យើង​យក​ទឹក​ពីក្រោម​ដី ហើយក៏​មិនសូវមាន​ផលប៉ះពាល់​អ្វី​​ធ្ងន់ធ្ងរ​ដែរ​»៕