កណ្ដាលៈ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តកណ្ដាល​កាលពី​ថ្ងៃទី​ ២៩ ​ធ្នូ បានសម្រេច​ចេញ​ដីកាឃុំខ្លួន យុវជន​ម្នាក់​ក្រោយពេល​ចាប់ខ្លួន​ពាក់ព័ន្ធ​ការរួម​ភេទ​ជាមួយ​ក្មេងស្រី​អាយុ​ ១៤ ​ឆ្នាំ ដែល​បាន​ប្រព្រឹត្ត​នៅ​សង្កាត់​ព្រែកឫស្សី ក្រុង​តាខ្មៅ ខេត្តកណ្តាល​។

លោក សូ សារិន អ្នកនាំពាក្យ​តុលាការ​ខេត្តកណ្តាល​ឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​ ៣០ ធ្នូ​ថា ជន​ឈ្មោះ​ សាម សិទ្ធិ ហៅ ទុំ ភេទ ប្រុស អាយុ​ ១៩ ​ឆ្នាំ​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ចេញ​ដីកា​ឃុំ​ក្នុង​ពន្ធនាគារ​ខេត្តហើយ​កាលពី​ថ្ងៃទី​ ២៩ ខែ​ឆ្នូ ឆ្នាំ​ ២០២១​។

លោក​ថ្លែងថា​៖ «​ជន​ម្នាក់នេះ​ត្រូវបាន​តំណាង​អយ្យការ​ចោទ​ពីបទ​រួមភេទ​ជាមួយ​អនីតិជន​អាយុ​ក្រោម​ ១៥ ​ឆ្នាំ​តាម​មាត្រា​ ៤២ ​ច្បាប់​ស្តីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​នឹង​ត្រូវបាន​ចៅក្រម​ស៊ើបសួរ លោកស្រី ហែង ផល្លា សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​ក្នុង​ពន្ធនាគារ​ខេត្ត​»​។

លោក រស់ សាវិន នាយការិយាល័យ​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្តកណ្តាល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​រសៀល​ថ្ងៃទី​ ៣០ ខែធ្នូ ថា ជន​ឈ្មោះ​ សាម សិទ្ធិ ហៅ ទុំ ម្នាក់នេះ​ត្រូវបាន​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​ ២៨ ខែធ្នូ ឆ្នាំ ២០២១ នៅ​ទីតាំង​ដែល​គាត់​រស់នៅក្នុង​ភូមិសាស្ត្រ​សង្កាត់ ព្រែកឫស្សី ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។ ការដែល​ជនសង្ស័យ​រួមភេទ នេះ​គឺ​គាត់​សំអាងថា​ជាការ​ព្រមព្រៀងគ្នា​។

លោក​បាន​ថ្លែងថា​៖ «​ជន​ត្រូវ​ចោទថា ព្រមព្រៀង​ស្រឡាញ់​គ្នា​មែន តែដោយសារ​ជនរងគ្រោះ​មាន​អាយុ​ក្រោម​ ១៥ ​ឆ្នាំ​។ ​គាត់​ត្រូវ​ចេះ​គោរព​ប្រពៃណី​ទំនៀមទម្លាប់​កុំ​ចេះតែ​អាវាសែ​ក្នុងសង្គម​ពេក​ក៏​វា​មិនកើត​ដែរ​។ វា​ខុសឆ្គង​នឹង​សីលធម៌​សង្គម​»​។

បើ​តាម​កំណត់ហេតុ​របស់​សមត្ថកិច្ច​បានឱ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ម.ថ អាយុ ១៤ ​ឆ្នាំ​ជា​សិស្សសាលា​រៀន​នៅ​សាលាបឋមសិក្សា​មួយ​ក្នុង​ភូមិសាស្ត្រ​សង្កាត់​ព្រែកឫស្សី ក្រុង​តាខ្មៅ​។ ​ចំណែកឯ​ជនសង្ស័យ​ជា​កម្មករសំណង់ ជា​អ្នក​រស់នៅក្នុង​សង្កាត់-ក្រុង តាខ្មៅ ជាមួយ​គ្នា​។

កំណត់ហេតុ​របស់​សមត្ថកិច្ច​បានឱ្យដឹងថា កាលពី​ថ្ងៃទី​ ២៥ ខែធ្នូ ឆ្នាំ​ ២០២១ កន្លងមកនេះ​ជនសង្ស័យ​បាន​បបួល​ជនរងគ្រោះ​រួមភេទ​ជាមួយ​គ្នា​នៅក្នុង​ផ្ទះ​របស់​ជនរងគ្រោះ​ផ្ទាល់​រហូត​បានសម្រេច​ចំនួន​ ៣ ​លើក​ ខណៈ​ឪពុកម្តាយ​ក្មេង​រងគ្រោះ​មិន​នៅផ្ទះ​។ ប៉ុន្តែ​ពេល រួមភេទ​លើក​ទី​ ៣ ​ត្រូវ​ម្តាយមីង​របស់​ក្មេងស្រី​រងគ្រោះ​មក​ទាន់ ឃើញ​ពួកគេ​នៅក្នុង​បន្ទប់​តែ​ ២ ​នាក់​ជាមួយគ្នា​បែបនេះ​ក៏​ប្រាប់​ម្តាយ​ក្មេងស្រី ហើយ​ត្រូវបាន​ម្តាយ​ក្មេងស្រី​រងគ្រោះ​ប្តឹង​នគរបាល​ប៉ុស្តិ៍​ព្រែក​ឫស្សី​។ ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​រួមភេទ​ជាមួយ​ជនរងគ្រោះ​មែន​ ប៉ុន្តែ​ពួកគេ​រួមភេទ​ជាមួយ​គ្នា នេះ​ក៏​ជា​ការព្រមព្រៀង​គ្នា​ប៉ុណ្ណោះ​។ ប៉ុន្តែ​អ្វីដែល​ខុសច្បាប់​គឺ​ជនសង្ស័យ​រួមភេទ​ជាមួយ​ក្មេង​អាយុ​ក្រោម​ ១៥ ​ឆ្នាំ​ដែល​ច្បាប់​ហាមឃាត់​៕