រតនគិរីៈ គណៈកម្មការ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​អូរគគីរ​បាន​រកឃើញ​ និង​កត់ត្រា​សត្វព្រៃ​ចំនួន​ ៧៦ ​ប្រភេទ​ដែល​រួមបញ្ចូល​ទាំង​ប្រភេទ​សត្វ​កម្រ​មួយចំនួន​ផង បន្ទាប់ពី​បើក​យុទ្ធនាការ​រយៈពេល​ ៣ ​ខែ​ក្នុង​ការចុះ​អង្កេត​ស្រាវជ្រាវ​ប្រភេទ​សត្វព្រៃ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​មួយ​នេះ​ ដែល​ស្ថិតក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ​លំផាត់ ខេត្ត​រតនគិរី​។

លោក ដន ម៉ាប់ អាយុ​ ៣៦ ​ឆ្នាំ​ជា​ប្រធាន​គណៈកម្មការ​នៃ​សហគមន៍​នេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា យុទ្ធនាការ​នេះ​បានចាប់ផ្ដើម​ពី​ដើម​ខែ​តុលា​ដល់​ចុង​ខែ​ធ្នូ ឆ្នាំនេះ ដោយមាន​ជំនួយ​គាំទ្រ​ជា​ថវិកា​ និង​បច្ចេកទេស​ពី​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ តាមរយៈ​គម្រោង​ភាព​ជា​អ្នកដឹកនាំ​អភិរក្ស​វ័យក្មេង​។

លោក​ ម៉ាប់ បាន​បន្តថា​៖ «​ក្នុង​រយៈពេល​ ៣ ​ខែ​នេះ យើង​បាន​ចុះ​អង្កេត​ពី​ទីតាំង​ដែល​សត្វព្រៃ ពិសេស​សត្វ​ស្លាប​រស់នៅ​ចំនួន​ ៩ ​លើក ដែល​ក្នុង​ ១ ​លើកៗ​យើង​បាន​ចំណាយពេល​សម្រាក​ក្នុងព្រៃ​ ៣ ​ថ្ងៃ​ ២ ​យប់​​ ដើម្បី​កត់ត្រា​ឱ្យបាន​ច្បាស់​ពី​ប្រភេទ​សត្វព្រៃ​នីមួយៗ​ដែលមាន​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​អូរគគីរ​នៃ​សហគមន៍​យើងខ្ញុំ​»​។

បើតាម​លោក ម៉ាប់ ក្នុង​យុទ្ធនាការ​នោះ​ក្រុម​ការងារ​របស់​លោក​មាន​ចំនួន​ ១១ ​នាក់ ក្នុង​នោះ​មាន​ស្ត្រី​ ៤ ​នាក់​បាន​សហការ​គ្នា​ជាមួយ​ក្រុម​ជំនាញការ​នៃ​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ ហើយ​រកឃើញ​វត្តមាន​សត្វព្រៃ និង​សត្វ​ស្លាប​សរុប​ ៧៦ ប្រភេទ​ក្នុងនោះ​មាន ទាំង​ក្រុម​ប្រភេទ​សត្វ​កម្រ​ជិត​ផុត​ពូជ​ផងដែរ ដូចជា សត្វ​ក្ងោក កេងកង​ធំ ត្រសេះ ដំរី ភូវាំង ត្រដក់​តូច និង​ស្វា​ព្រាម ជាដើម​។

«​ពួកយើង​រីករាយ​ខ្លាំងណាស់​ពេល​បាន​ប្រទះឃើញ​វត្តមាន​នូវ​ប្រភេទ​សត្វ​ទាំងនេះ នៅក្នុង​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​អូរគគីរ​របស់​ពួកយើង​»​។ ​នេះ​ជា​ការលើកឡើង​របស់​អ្នកស្រី វិត ដាវី សមាជិក​គណៈកម្មការ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​អូរគគីរ​ដែល​បាន​ចូលរួម​ក្នុង​យុទ្ធនាការ​នេះដែរ​។

អ្នកស្រី ដាវី បាន​បន្តថា ទន្ទឹម​នឹង​ការរកឃើញ​វត្តមាន​សត្វព្រៃ​ចំនួន​ ៧៦ ​ប្រភេទ​ក្រុមការងារ​ក៏បាន​រកឃើញ​មាន​បទល្មើស​អន្ទាក់​សត្វព្រៃ និង​បទល្មើស​កាប់​រាន​ដីព្រៃ​មួយចំនួន​ផងដែរ​។

អ្នកស្រី​បានបញ្ជាក់​ថា​៖ «​ទន្ទឹមនឹង​ភាពរីករាយ​នេះ​យើង​ក៏មាន​ក្ដីកង្វល់​ផងដែរ នៅពេល​ក្រុម​ការងារ​យើង​ប្រទះឃើញ​អន្ទាក់​ដាក់​សត្វព្រៃ​ និង​ករណី​កាប់រាន​ដីព្រៃ​សហគមន៍​នៅតែ​បន្ត​កើត​បើទោះជា​យើង​បាន​ប្រឹងប្រែង​ការពារ​ក្ដី​»​។

បើតាម​អ្នកស្រី ដាវី ក្នុង​រយៈពេល​ ៣ ​ខែ​ចុងក្រោយ​នេះ ក្រុមការងារ​គណៈកម្មការ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​អូរគគីរ​បាន​រកឃើញ​ និង​ដោះ​អន្ទាក់​សត្វព្រៃ​បាន​ជិត​ ៤០០ ​អន្ទាក់ និង​ឃើញ​មាន​ករណី​កាប់​រាន​ដីព្រៃ​ជាច្រើន​កន្លែង​ផងដែរ​។ ​យ៉ាងណាក្ដី ប្រជាសហគមន៍​នេះ​​នៅតែ​ប្ដេជ្ញាចិត្ត​បន្ត​ការពារ​ និង​អភិរក្ស​ធនធាន​ធម្មជាតិ​ និង​ជីវចម្រុះ​ក្នុង​តំបន់​នេះ​ ដើម្បី​ឱ្យ​មនុស្ស​ជំនាន់​ក្រោយ​បាន​ស្គាល់​ និង​សិក្សា​ស្រាវជ្រាវ​ជា​បន្តទៀត​។

ចំណែក​លោក ប៊ុន ម៉ាត បុគ្គលិក​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ដែល​បាន​ចូលរួម​សហការ​ចុះ​អង្កេត​ស្រាវជ្រាវ​ជាមួយ​ដែរនោះ បាន​ថ្លែងថា តាមរយៈ​លទ្ធផល​នៃ​ការកត់ត្រា​វត្តមាន​សត្វ​ព្រៃ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​អូរគគីរ​បង្ហាញថា​សហគមន៍​នេះ​ជា​ទីតាំង​ដ៏សំខាន់​មួយ​ក្នុង​ការគាំទ្រ​ជីវចម្រុះ​។ លោក​បាន​ចាត់ទុក​ប្រជាសហគមន៍​នេះ​ថា ជា​ផ្នែក​មួយ​ដ៏សំខាន់​នៃ​កម្លាំង​ឧទ្យានុរក្ស​ដែល​មាន​តួនាទី​ដ៏សំខាន់​ក្នុង​ការចូលរួម​ការពារ​ និង​អភិរក្ស​ធនធាន​ព្រៃឈើ និង​សត្វព្រៃ​ផងដែរ​។

លោក​ថ្លែងថា​៖ «​យើង​ទាំងអស់​គ្នា​រីករាយ​ក្នុង​ការផ្លាស់ប្ដូរ​បទពិសោធ​ពីគ្នា​ទៅវិញ​ទៅមក​។ ​ខាង​សហគមន៍​មាន​ជំនាញ​ក្នុង​ការដើរល្បាត និង​កត់​ចំណាំ​បាន​ច្បាស់លាស់​ពី​ទីតាំង​ប្រមូលផ្ដុំ​នៃ​ប្រភេទ​សត្វព្រៃ​រស់នៅ ប៉ុន្តែ​ពួកគាត់​មិន​ស្គាល់​ច្បាស់​ពី​អត្តសញ្ញាណ​នៃ​ប្រភេទ​សត្វព្រៃ​នោះទេ ដូច្នេះ​យើង​ចាំបាច់​ជួយ​ដល់​ពួកគាត់​ក្នុង​ការកត់ត្រា​ពី​អត្តសញ្ញាណ​សត្វព្រៃ​ និង​បែងចែក​ក្រុម​សត្វ​មាន​ដោយ​កម្រ​ និង​ប្រភេទ​សត្វ​ងាយ​រងគ្រោះ​»​។

ដោយឡែក ក្រុម​អ្នកវិទ្យាសាស្ត្រ​ផ្នែក​ស្រាវជ្រាវ​សត្វព្រៃ​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី និង​អង្គការ WWF បានបង្ហាញ​របាយការណ៍​ដ៏គួរ​ឱ្យ​រំភើប​មួយ​ស្តីពី​ការប្រទះឃើញ​វត្តមាន​ត្មាតភ្លើង​ចំនួន​ ៧ ​ក្បាល​ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​ស្រែពក ខេត្ត​មណ្ឌលគិរី បន្ទាប់ពី​អាក់ខាន​ឃើញ​វត្តមាន​ពួកវា​ក្នុង​រយៈពេល​ ២ ​ឆ្នាំ​ចុងក្រោយ​នេះ​។

លោក កែវ សុភគ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ជំរឿន​សត្វ​ត្មាត​ក្នុង​រយៈពេល​ ២ ​ឆ្នាំ​កន្លងមក​នេះ​គេ​មិន​ប្រទះឃើញ​មាន​​សត្វ​ត្មាតភ្លើង​ទេ​។ ​ក៏ប៉ុន្តែ​ថ្មីៗ​នេះ​ក្រុមអ្នកស្រាវជ្រាវ​សត្វព្រៃ​នៃ​ក្រសួង​ និង​មន្ទីរបរិស្ថាន​បាន​សហការ​ជាមួយ​អង្គការ WWF ​ចាប់ផ្ដើម​ស្រាវជ្រាវ ដោយ​ប្រើ​វិធី​កាប់​គោ​ ១ ​ក្បាល​យកទៅដាក់​ក្នុង​តំបន់​ដែល​សត្វត្មាត​ធ្លាប់​ចុះ​រក​ចំណី​ហើយ​ក៏បាន​ប្រទះឃើញ​ប្រភេទ​ត្មាតភ្លើង​ ៧ ​ក្បាល រួមទាំង​មាន់ព្រៃ​ ៥ ​ក្បាល ចូលមក​ស៊ី​ចំណី​ដែល​ក្រុម​អ្នកស្រាវជ្រាវ​បានរៀបចំ​ទុក​ទៀតផង​។

លោក សុភគ៌ បាន​បញ្ជាក់ថា​៖ «​យើង​ពិតជា​មានក្ដី​អរ​រំភើប​ឥតឧបមា​នៅពេល​បានឃើញ​វត្តមាន​របស់​ពួកវា​ក្នុង​ចំនួន​ដ៏ច្រើន​ជាង​មុន​បែបនេះ​។ ​កន្លងមក​យើង​ធ្លាប់​ឃើញ​ពួកវា​ត្រឹមតែ​ ២-៣ ​ក្បាល​​ហើយ​ច្រើន​បំផុត​ ៦ ​ក្បាល​ប៉ុណ្ណោះ​កាលពី​ឆ្នាំ​ ២០១៨»​។

បើតាម​លោក សុភគ៌ ត្មាតភ្លើង​មាន​រោម​ដងខ្លួន​ពណ៌​ក្រមៅ និង​ក្បាល​ត្រងោល ស្បែកក្បាល និង​របស់​វា​មាន​ពណ៌​ក្រហម​ដូច​ភ្លើង​។ បន្ទះ​ស្បែក​អម​ថ្ពាល់ និង​ស្លឹកត្រចៀក​របស់​វា​ក៏មាន​ពណ៌​ក្រហម​ផងដែរ​។ ​វា​មាន​ទម្ងន់​ចន្លោះ​ពី​ ៣,៥០ ​គីឡូ​ដល់ ៦,៣០ ​គីឡូ និង​មាន​បណ្តោយ​ដងខ្លួន​ប្រមាណ​ ០,៧៦ ​ម៉ែត្រ​​ដល់​ ០,៨៦ ​ម៉ែត្រ និង​មាន​ប្រវែង​ពី​ចុង​ស្លាប​ម្ខាង​ទៅដល់​ចុង​ស្លាប​ម្ខាង​ទៀត​ ២ ​ម៉ែត្រ​ដល់​ ២,៦០ ​ម៉ែត្រ​នៅពេល​វា​លាតសន្ធឹង​ស្លាប​ហើរ​។ វា​ជា​បក្សី​មាន​មាឌទាប​កន្តាញ​ដោយ​កម្ពស់​របស់​វា​មាន​ប្រមាណ​ជា​ ០,៦០ ​ម៉ែត្រ​ទៅ​ ០,៧០​ ម៉ែត្រ​​ប៉ុណ្ណោះ​។ ត្មាតភ្លើង​ជា​ប្រភេទ​ត្មាត​ដែល​អ្នកស្រុក​ជនជាតិ​អាស៊ី​មួយចំនួន​ធំ​បាន​ចាត់ទុក​ជា​មេត្មាត ឬ​មេហ្វូង ឬ​ហៅថា​ស្តេច​ត្មាត​។

ពេល​ស៊ី​ចំណី​វា​ពុំដែល​ចុះមក​ដណ្តើម​គេ​ស៊ី​ពីដំបូង​ទេ គឺ​ច្រើនតែ​ទុកពេល​ឱ្យ​ត្មាត​ផ្សេងៗ​ទៀត​ស៊ី​ ១ ​សន្ទុះ​សិន ទើប​វា​ចុះមក​ស៊ី​តាម​ក្រោយ​។ ​នេះ​ទំនង​ជា​វា​គិតពី​សុវត្ថិភាព​នៅ​ទីនោះ​រួមទាំង​ការពុល​ចំណីអាហារ​ផង​ក៏​អាច​ថា​បាន​ហើយ​ពេលដែល​វា​ចុះមក​ស៊ី​ចំណី គឺ​​ភាគច្រើន​ត្មាត​ឯទៀត​តែង​ទុកចន្លោះ​កន្លែង​ឱ្យ​វា​ចូល​ស៊ី​ជានិច្ច​៕