សីហនុៈ អាជ្ញាធរខេត្ត​ព្រះសីហនុ​បានឱ្យដឹងថា នៅ​ថ្ងៃទី ​៣១ ខែ ធ្នូ ឆ្នាំ​ ២០២១ ភ្ញៀវទេសចរ​មកពី​តាម​បណ្តា​ខេត្ត​ផ្សេងៗ​ទៅលេង​តាម​បណ្តោយ​ឆ្នេរសមុទ្រ នៃ​ខេត្ត​ព្រះសីហនុ ចាប់ពី​ឆ្នេរ​អូ​ឈើទាល​ ២​ រហូតដល់​ជិត​ដើមឈើ​ចាំ​ស្នេហ៍ ដោយបាន​នាំគ្នា​បោះតង់ ក្រាលកន្ទេល​រង់ចាំ​ឆ្លង​ឆ្នាំ​សកល មាន​ចំនួន​ប្រមាណ ៥២ ៧១៧​ នាក់​។​

​រដ្ឋបាលខេត្ត​ព្រះសីហនុ​បានឱ្យដឹងថា ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ មាន​ភ្ញៀវទេសចរ​ទៅលេង​កម្សាន្ត​ខេត្ត​ព្រះសីហនុ​ច្រើន​គួរឱ្យកត់សម្គាល់ ដោយមាន​ការបោះ​តង់​តាម​ឆ្នេរ និង​ក្រាលកន្ទេល តាម​បណ្តោយ​ឆ្នេរសមុទ្រ នៃ​ខេត្ត​ព្រះសីហនុ ចាប់ពី​ឆ្នេរ​អូ​ឈើទាល​២​រហូតដល់​ជិត​ដើមឈើ​ចាំ​ស្នេហ៍ ដែល​រដ្ឋបាលខេត្ត​ព្រះសីហនុ បានរៀបចំ​នាពេល​កន្លងមក​។

​រដ្ឋបាលខេត្ត​ព្រះសីហនុ​បញ្ជាក់ថា ៖«​នៅតាម​បណ្តោយ​ឆ្នេរ​ខ្សាច់​សាធារណៈ ភ្ញៀវទេសចរ​បាន​បោះតង់ ឬ​ក្រាលកន្ទេល​ពេញ​។ ភ្ញៀវទេសចរ ដែល​មក​កម្សាន្ដ​នៅ​ខេត្ត​ព្រះសីហនុ ក្នុង​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២១ មាន​ភ្ញៀវ​សរុប​ចំនួន ៥២៧១៧​នាក់ មាន​ចំនួន​ច្រើន បើ​ប្រៀប​នឹង​ពិធីបុណ្យ​អំ​ទូក​»​។​

​គណៈបញ្ជាការ​ឯកភាព​ខេត្ត បានដាក់​ចេញ​នូវ​វិធានការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​ជូន​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវទេសចរ ដោយមាន​កម្លាំង​សមត្ថកិច្ច ធ្វើ​ការចេញ​ល្បាត និង​ឈរជើង​នៅតាម​ចំណុច​គោលដៅ​សំខាន់ៗ​ក្នុងភូមិ​សាស្ត្រ​ក្រុងព្រះសីហនុ ដើម្បី​ធានា​សុវត្ថិភាព​ជូន​ភ្ញៀវ នៅតាម​បណ្តោយ​ឆ្នេរសមុទ្រ និង​ទីសាធារណៈ​នានា​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ព្រះសីហនុ ប្រកបដោយ​សុវត្ថិភាព​។

​រដ្ឋបាលខេត្ត​ព្រះសីហនុ​បានឱ្យដឹងថា ផ្ទះសំណាក់ និង​សណ្ឋាគារ នៅតាម​ដងផ្លូវ​ធំៗ​ក្នុង​ក្រុងព្រះសីហនុ ត្រូវបាន​ភ្ញៀវ​កក់​ទុក​ពេញ​អស់ហើយ ដោយឡែក​សម្រាប់ បឹង​ហ្គា​ឡូ នៅតាម​បណ្តា​កោះ​វិញ ក៏ត្រូវ​បាន​ភ្ញៀវ​កក់​ទុក​ពេញ​អស់​ចាប់ពី​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២១​កន្លងមក ដែរ​៕

វីដេអូ៖