​ភ្នំពេញៈ រាជរដ្ឋាភិបាល​ដាក់ចេញ​សារាចរ​ណែនាំ​ទៅគ្រប់​ក្រសួង ស្ថាប័ន រដ្ឋបាល​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវអនុវត្ត​​ឱ្យមាន​ប្រសិទ្ធភាព​និង​ដោយ​ស្មារតី​ខុសត្រូវ​ខ្ពស់ ចំពោះ​ការដំឡើង​ឋានន្តរស័ក្តិ និង​ថ្នាក់ ដល់​មន្ត្រីរាជការ​ស៊ីវិល​មន្ត្រី​នគរបាលជាតិ មន្ត្រី​ពន្ធ​នានា​គារ​នៃ​ក្រសួងមហាផ្ទៃ និង​យោធិន​នៃ​កងយោធពល​ខេមរភូមិន្ទ​។​

​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល​ចុះ​ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១ បានឱ្យដឹងថា រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​ការណែនាំ ការអនុវត្ត​ការដំឡើង ឋានន្តរស័ក្តិ និង​ថ្នាក់​សម្រាប់​ឆ្នាំ ២០២១ និង​ឆ្នាំ ២០២២ ចំនួន​២​ចំណុច​ដូចខាងក្រោម​។

​ទី ១​ការដំឡើង​ឋានន្តរស័ក្តិ និង​ថ្នាក់ មន្ត្រី​ពន្ធនាគារ នៃ​ក្រសួងមហាផ្ទៃ និង​យោធិន​នៃ​កងយោធពល​ខេមរភូមិន្ទ សម្រាប់​ឆ្នាំ ២០២១ និង​ឆ្នាំ ២០២២ ត្រូវអនុវត្ត​ជាធម្មតា​អនុលោម​តាម​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន​។

​និង​ទី ២ ការប្រែប្រួល​ស្ថានភាព​ថវិកា​នៅក្នុង​តារាង​ទូទាត់​បៀវត្ស​សម្រាប់​មន្ត្រីរាជការ​ស៊ីវិល នៃ​ក្រុម​នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ តុលាការ មន្ត្រីរាជការ​ស៊ីវិល​ផ្សេងទៀត មន្ត្រី​នគរបាលជាតិ មន្ត្រី​ពន្ធនាគារ នៃ​ក្រសួងមហាផ្ទៃ និង​យោធិន​នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​ត្រូវបាន​ដំឡើង​ឋានន្តរស័ក្តិ និង​ថ្នាក់​នៅ​ឆ្នាំ ២០២១ និង​ឆ្នាំ ២០២២ ត្រូវអនុវត្ត​ចាប់ពី​ខែឧសភា ឆ្នាំ ២០២២ ដោយ​មិនមាន​ការអនុវត្ត​ប្រតិសកម្ម​ឡើយ​។

​ការចេញ​សារាចរ​នេះ​ធ្វើឡើង​ដោយ យោងតាម​ការសម្រេចរ​បស់​រាជរដ្ឋាភិបាល​ចុះ​ថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២០ លើ​លិខិត​លេខ ៨៣៥៨ សហវ​.​អថ ចុះ​ថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២០ របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ការសម្រេច​របស់​រាជរ​ដ្ឋា​ភិ​បាល​ចុះ​ថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២១ លើ​លិខិត​លេខ ៨២១៩ សហវ ចុះ​ថ្ងៃទី​១ ខែតុលា ឆ្នាំ ២០២១ របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ព្រមទាំង​សំណើ​របស់ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​៕​