មណ្ឌល​គិរីៈ​ក្រសួង​រៀបចំ​ដែនដី​នគរូប​នីយ​កម្មសំណង់​និង​សុរិ​យោ​ដី​កាល​ពីពេល​ថ្មីៗ​នេះបាន​ចេញ​លិខិត​ ១​ ច្បាប់​ជម្រាប​ជូន​អភិបាល​ខេត្ត​មណ្ឌលគិរីស្ដីពី​ ការផ្ទេរ​ភារកិច្ច លោក ​ម៉ៅ ចំរើន ​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្មសំណង់និង​សុ​រិ​យោ​ដីខេត្ត​មណ្ឌល​គិរីឱ្យទៅ​បម្រើ​ការងារ​នៅ​ទីស្ដីការ​ក្រសួងវិញ។នេះបើ​តាម​លិខិត​ចុះ​ថ្ងៃទី ២៤​ ខែធ្នូ ឆ្នាំ ​២០២១ ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​កាល​ពី​ថ្ងៃទី ២ ​ខែមករា​ ឆ្នាំ​ ២០២២​។

ក្នុង​លិខិត​នោះ លោក​ជា​ សុផារ៉ា ឧបនា​យក​រដ្ឋ​មន្ត្រី រ​ដ្ឋ​មន្ត្រី​ក្រសួង​រៀបចំ​ដែន​ដី នគរូ​បនីយ​កម្ម និង​សំណង់ បាន​តែង​តាំង​លោក ​លឹម​ ចាន់​សូ​ភី អនុប្រធាន​មន្ទីរ​ពិសោធន៍​ជាតិ​សំណង់ និងជា​អតីត​ប្រធាន​មន្ទីរ​រៀបចំ​ដែន​ដី នគ​រូបនីយ​កម្ម​សំណង់​និង​សុរិ​យោ​ដីខេត្ត​កណ្ដាល​ឲ្យ​ជំនួស​តួនាទី​លោក​ ម៉ៅ ចំរើន ដែល​នឹង​ត្រូវ​ផ្លាស់​ចេញ​។

លោក​ ជា ​សុផារ៉ា បាន​បញ្ជាក់​ថា៖ «យោង​តាម​ការចាំ​បាច់​ ក្រសួង​សូម​ស្នើ​ឯកឧត្តម​អភិ​បាល​នៃ​គណៈ​អភិ​បាល​ខេត្ត​មណ្ឌល​គិរី​សម្រួល​ភារកិច្ច​លោក ម៉ៅ ចំរើន ពីប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយ​កម្ម​សំណង់​និង​សុ​រិ​យោ​ដី​ខេត្ត​មណ្ឌល​គិរី​មក​បម្រើការ​នៅ​ទីស្ដី​ការ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយ​កម្ម​និង​សំណង់​។ ជា​មួយ​គ្នានេះខ្ញុំ​សូម​ស្នើ​តែង​តាំង លោក លឹម ចាន់សូ​ភី អនុ​ប្រធាន​មន្ទីរ​ពិសោធន៍ ​និងជា​អតីត​ប្រធាន​មន្ទីរ​រៀបចំ​ដែន​ដីនគរូ​បនីយ​កម្ម​សំណង់​ និង​សុ​រិ​យោ​ដីខេត្ត​កណ្ដាល​ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែន​ដីនគរូបនីយ​កម្ម​សំណង់និង​សុ​រិ​យោ​ដីខេត្ត​មណ្ឌល​គិរី ជំនួស​វិញ»​។

ជុំវិញ​ការ​ផ្លាស់​ប្តូរ​ភារកិច្ច​ថ្មី​នេះ លោក ​ម៉ៅ ចំរើន មិនអាច​ទាក់ទង​សុំ​ការ​អធិប្បា​យ​បានទេ​កាល​ពី​ថ្ងៃទី ២ ​ខែមករា ឆ្នាំ​ ២០២២។ ​ទោះជា​យ៉ាង​ណាក្ដី​ លោក​ ជាក់ ម៉េង​ហ៊ាង អ្នក​នាំពា​ក្យ​រដ្ឋបាល​ខេត្ត​មណ្ឌលគិរី​ បាន​ប្រាប់​ភ្នំពេញ-​ប៉ុស្តិ៍​ថា ជា​នីតិវិធី​ផ្នែក​រដ្ឋបាល​ ការ​ផ្លាស់ប្ដូរ​ភារកិច្ចនិ​ងការតែងតាំ​ង​មន្ត្រី​ណា​ម្នាក់គឺជា​​រឿង​ធម្មតា​របស់​មន្ត្រីរាជ​កា​រ។ ប៉ុន្តែ​នៅពេល​មិន​ទាន់​មាន​ការប្រកាស​ផ្ទេរ​ភារកិច្ច​និង​តែង​តាំង​អ្នក​ជំនួស​ថ្មីជា​ផ្លូវការ​នោះ មន្ត្រី​ចាស់​នៅ

តែមាន​​សិទ្ធិ ចូល​​បំពេញ​ការងារ​ទៅ​តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​ប្រកប​ដោយ​ការទទួ​លខុសត្រូ​វ​ខ្ពស់​។

លោក​​ថ្លែងថា៖ «នៅពេ​លនេះខ្ញុំ​មិនទាន់​បានឃើញ​លិខិត​នោះ​នៅឡើយ​​ទេ ប៉ុន្តែ​វា​ទំនងជា​ត្រូវបាន​បញ្ជូន​ទៅ​ដល់​ផ្នែក​រដ្ឋបាល​ហើយ។ ទោះយ៉ាង​ណា​សម្រាប់​ម​ន្ត្រីរាជកា​រ​ការផ្លាស់ប្ដូរ​ភារកិច្ចពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​គឺជា​រឿ​ង​ធម្ម​តា​ប៉ុណ្ណោះ»។​

ស្រដៀ​ង​គ្នា​នេះ លោក លឹ​ម ចាន់សូ​ភី ដែល​បច្ចុប្បន្ន​ជា​អនុប្រ​ធាន​ម​ន្ទីរ​ពិសោធន៍​ជាតិ​សំណង​នៃ​ក្រសួង​រៀបចំ ដែន​ដីនគ​រូបនីយ​កម្ម និង​សំណង់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថាលោក​នឹង​គោរព​អនុវត្តតាម​ការសម្រេច​របស់​ថ្នាក់ដឹ​ក

នាំ​ក្រសួ​ង។​

លោក​​បាន​បញ្ជាក់​ថា៖«រាល់​កា​រចាត់តាំ​ងនិង​ការសម្រេច​របស់​ក្រសួង​យើង​ជា​មន្ត្រីរាជកា​រ​ចាំបាច់​ត្រូវតែ​គោរព​និង​អនុវ​ត្តតាម​។ ទោះយ៉ា​ងណា ​នៅពេល​នេះ ខ្ញុំ​កំពុង​បម្រើ​ការងា​រ​នៅក្នុង​មន្ទីរពិ​សោធន៍​ជាតិ​សំណង់​​នៅឡើយ»។​

លោក​ ចាន់សូ​​ភី បាន​ថ្លែង​ទៀត​ថា ពេលនេះម​ន្ទីរពិ​សោធន៍​ជាតិ​សំណង់​កំពុង​អភិវឌ្ឍ​ទំនើបកម្ម​ថ្មីបាន​ប្រមាណ ៨០ ​ភាគរយ​ហើយ​ដោយបា​ន​បំពាក់​ម៉ាស៊ីន​ស្វ័យប្រ​វត្តិកម្ម​ទំនើបៗក្រោម​ជំនួយ​គាំទ្រ​ពី​ប្រទេស​ជប៉ុន។ ​កិច្ច​ការ

ងារ​សំខាន់​ៗរបស់លោ​កពេលនេះគឺ​ពាក់ព័ន្ធ​ការគ្រប់គ្រង​និង​ត្រួ​តពិនិត្យ​គុណភា​ព​សំណង់និ​ង​គ្រឿង​សម្ភារ​បរិក្ខារ​សំណង់ ទាំង​ការ​ផលិត​ក្នុង​ស្រុក និង​ការនាំ​​ចូល​ពី​ក្រៅប្រ​ទេស៕