ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ ២០២១ បានបណ្ដាលឱ្យមនុស្សស្លាប់ជិត ១ ៥០០ នាក់ថយចុះប្រមាណ ១៥០ នាក់ស្មើនឹង ៩ ភាគរយ បើធៀបនឹងឆ្នាំ ២០២០ ដែលមានអ្នកស្លាប់ចំនួនជាង ១ ៦០០ នាក់ ខណៈរយៈពេល ១ ថ្ងៃនៃថ្ងៃទី ១ មករា ២០២២ នេះ គ្រោះថ្នាក់ចរាចរណ៍បានបណ្តាលឱ្យស្លាប់មនុស្ស ១៥ នាក់ និងរងរបួស ២២ នាក់។
តាមរបាយការណ៍ លោក ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហោះនៅលើហ្វេសប៊ុកកាលពីថ្ងៃទី ១ មករាថា ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ពេញ ១ ឆ្នាំ ២០២១ គឺមាន ២ ៦៧០ លើក បើប្រៀបធៀបនឹងឆ្នាំ ២០២០ ដែលមានចំនួន ៣ ១៧៦ លើក គឺមានការថយចុះ ១៦ ភាគរយ។
របាយការណ៍បន្តថា៖ «ចំនួនអ្នកស្លាប់បាត់បង់ជីវិតមានចំនួន ១ ៤៩៧ នាក់បើប្រៀបធៀបនឹងឆ្នាំ ២០២០ មានចំនួន ១ ៦៤៦ នាក់គឺមានការថយចំនួន ១៤៩ នាក់ស្មើនឹង ៩ ភាគរយ។ ចំណែក អ្នករងរបួសមានចំនួន ៣ ៦១៥ នាក់ គឺមានការថយចុះ ១ ០៧១ នាក់ ស្មើនឹង ២៣ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០២០ ដែលមានអ្នករងរបួសរហូតដល់ ៤ ៦៨៦ នាក់»។
បើតាមរបាយការណ៍ មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ ២០២១ គឺដោយសារការបើកបរដោយល្បឿនលឿនចំនួន ៣៨ ភាគរយ ការមិនគោរពសិទ្ធិមានចំនួន ២៤ ភាគរយ ការមិនប្រកាន់ស្តាំមានចំនួន ១៤ ភាគរយ ការប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់មាន ៨ ភាគរយ បត់ឆ្វេង-ស្តាំមិនប្រយ័ត្នមាន ៨ ភាគរយ ស្រវឹង ៤ ភាគរយ កត្តាយានយន្តមាន ៣ ភាគរយ និងងងុយដេកមាន ១ ភាគរយ។ ការថយចុះនៃគ្រោះថ្នាក់ចរាចរណ៍ អត្រាអ្នកស្លាប់ និងរងរបួសនេះបានបង្ហាញពីមោទនភាពនៃការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បានអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកប្រកបដោយវិជ្ជាជីវៈ និងយ៉ាងសកម្ម។
លោក ស ខេង បញ្ជាក់តាមរយៈរបាយការណ៍នេះថា ទោះបីជាលទ្ធផលបានបង្ហាញពីការថយចុះគ្រោះថ្នាក់ចរាចរណ៍ទាំងអត្រាអ្នកស្លាប់ និងរងរបួសក៏ដោយ ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នៅពេលនេះ នៅតែជាសោកនាដកម្មសម្រាប់ប្រជាពលរដ្ឋខ្មែរនៅឡើយ ដោយធ្វើឱ្យមនុស្សច្រើនរាប់ពាន់នាក់ក្នុង ១ ឆ្នាំៗ បានបាត់បង់ជីវិត រងរបួស និងខូចខាតទ្រព្យសម្បត្តិ។
លោកបានអំពាវនាវជាថ្មី ដល់ប្រជាពលរដ្ឋឱ្យគោរព និងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ពេលវេលានៃការធ្វើដំណើរលើដងផ្លូវ មានការប្រុងប្រយ័ត្ន និងបើកបរដោយមានការយោគយល់អធ្យាស្រ័យឱ្យគ្នា ដើម្បីការពារសេចក្ដីសុខរបស់ខ្លួន និងអ្នកដំណើរផ្សេងទៀតលើដងផ្លូវ ដើម្បីចៀសផុតពីគ្រោះថ្នាក់។
ក្នុងនាមប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក ស ខេង ក៏បានក្រើនរំឭកដល់មន្ត្រីមានសមត្ថកិច្ចឱ្យបង្កើនការបន្តរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានសកម្ម គ្មានការលើកលែង ឬយោគយល់អ្វីទាំងអស់ ពីព្រោះនេះជាភារកិច្ចការពារសេចក្ដីសុខ សុវត្ថិភាព និងអាយុជីវិតប្រជាពលរដ្ឋ។
លោកថ្លែងថា៖ «ស្ថាប័នពាក់ព័ន្ធត្រូវបង្កើនការសម្រួលតាមដងផ្លូវឱ្យមានគំនូសសញ្ញា ភ្លើងសញ្ញា និងស្លាកសញ្ញាចរាចរណ៍ផ្សេងៗ ឱ្យបានគ្រប់គ្រាន់ ដែលវាជាការក្រើនរំឭក ឬពញ្ញាក់អារម្មណ៍ឱ្យអ្នកបើកបរលើដងផ្លូវគោរពច្បាប់ ចៀសវាងគ្រោះថ្នាក់ និងត្រូវបន្តផ្សព្វផ្សាយអប់រំពីច្បាប់ចរាចរណ៍ជាប្រចាំទាំងក្នុងទីប្រជុំជនរហូតដល់ជនបទ ដើម្បីលើកកម្ពស់ការយល់ដឹងពីច្បាប់ចរាចរណ៍របស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ បើយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ចេញផ្សាយកាលពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ បានឱ្យដឹងថា មនុស្សចំនួន ១៥ នាក់បានស្លាប់ និង ២២ នាក់បានរងរបួស (របួសស្រាលចំនួន ៤ នាក់ និងរបួសធ្ងន់ចំនួន ១៨ នាក់) នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២។ គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងចំនួន ២០ លើក គឺបានកើតមាននៅរាជធានីភ្នំពេញ ខេត្តក្រចេះ កំពង់ស្ពឺ កំពង់ចាម កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង ឧត្តរមានជ័យ កែប និងខេត្តត្បូងឃ្មុំ។
តាមរបាយការណ៍ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី ១ ខែមករា បានឱ្យដឹងថា សមត្ថកិច្ចបានដាក់គោលដៅត្រួតពិនិត្យរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកចំនួន ៩៩ គោលដៅ នៅទូទាំងប្រទេសក្នុងនោះមានយានយន្តចូលគោលដៅចំនួន ២ ៩៨២ គ្រឿង ម៉ូតូ ២ ២៥៤ គ្រឿង និងរកឃើញយានយន្តល្មើសសរុបចំនួន ៥១៣ គ្រឿង មានម៉ូតូចំនួន ៤៦២ គ្រឿងត្រូវបានផាកពិន័យ។
បើតាមលោក ស ខេង នាចុងឆ្នាំ ២០២១ ដោយស្ថានភាពនៃជំងឺកូវីដ ១៩ មានភាពធូរស្រាល រាជរដ្ឋាភិបាលបានសម្រេចបើកប្រទេសឡើងវិញក្នុងបរិបទនៃគន្លងប្រក្រតីភាពថ្មីជាជំហានៗ ប្រកបដោយការប្រុងប្រយ័ត្នស្របតាមទស្សនទានប្រែក្លាយបញ្ហាប្រឈមឱ្យទៅជាឱកាស ដើម្បីស្ដារ និងលើកស្ទួយគ្រប់វិស័យក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា។
ស្របពេលជាមួយគ្នានេះ ការធ្វើចរាចរណ៍មានចលនាមមាញឹកឡើងវិញ ដែលកត្ដានេះបានបណ្ដាលឱ្យហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នាចុងឆ្នាំ ២០២១ ក៏មានការកើនឡើងវិញផងដែរ។ បច្ចុប្បន្នក្រុមការងាររបស់រាជរដ្ឋាភិបាលកំពុងសិក្សាលម្អិត ដើម្បីឈានទៅធ្វើច្បាប់ចរាចរណ៍ផ្លូវគោកជាថ្មីឡើងវិញ ដើម្បីផ្ដល់ភាពងាយស្រួលដល់ការអនុវត្ដច្បាប់របស់សមត្ថកិច្ច និងរឹតបន្ដឹងការធ្វើចរាចរណ៍បន្ថែមទៀត។
លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំនៅកម្ពុជាលើកឡើងថា រាជរដ្ឋាភិបាលគួរកែសម្រួលច្បាប់ចរាចរណ៍ផ្លូវគោកជាថ្មីលើចំណុចមាត្រា ៤ ទាក់ទងនឹងការប្រើប្រាស់ផ្លូវ និងមាត្រា ៨ ពាក់ព័ន្ធនឹងការគ្រប់គ្រងការប្រើប្រាស់ម៉ូតូកង ៣ ប្រភេទថ្មី ដែលកំពុងមានកំណើនច្រើនឡើងនៅកម្ពុជា ដែលយានយន្តប្រភេទនេះក៏បង្កឱ្យមានករណីគ្រោះថ្នាក់ច្រើនដែរ។
លោកថ្លែងថា៖ «ទាក់ទងនឹងការកំណត់ល្បឿនដែលមានចែងនៅក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាល សូមស្ថាប័នរដ្ឋាភិបាលនៅពេលកែប្រែច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ទោះបីដាក់នៅក្នុងច្បាប់ ឬក្នុងអនុក្រឹត្យសូមពិនិត្យបញ្ហាល្បឿននេះលើបញ្ហា ២ ទី ១ នៅតំបន់សាលារៀន សូមកំណត់ល្បឿនអតិបរមា ៣០ គីឡូម៉ែត្រក្នុង ១ ម៉ោង ព្រោះសិស្សានុសិស្សប្រឈមនឹងហានិភ័យខ្ពស់នៅតំបន់នេះ។ ទី ២ ល្បឿនសម្រាប់រថយន្តដឹកកម្មករ សូមកំណត់ត្រឹម ៥០ គីឡូម៉ែត្រក្នុង ១ ម៉ោងជាអតិបរមា»។
បើតាមលោក គឹម បញ្ញា សង្គមស៊ីវិលធ្វើការងារពាក់ព័ន្ធនឹងចរាចរណ៍ផ្លូវគោក ចង់ឱ្យរដ្ឋាភិបាលមានការពិនិត្យពិចារណាទៅលើអ្នកបើកបរម៉ូតូប្រភេទ ១២៥ សេសេ ឡើងវិញ គឺត្រូវកំណត់ឱ្យមានការឆ្លងកាត់វគ្គបណ្ដុះបណ្ដាលលើការបើកបរព្រោះតាមទិន្នន័យ ៨០ ទៅ ៩០ ភាគរយនៃករណីគ្រោះថ្នាក់ចរាចរណ៍ គឺជាអ្នកបើកបរម៉ូតូប្រភេទ ១២៥ សេសេនេះ៕
វីដេអូ៖