ភ្នំពេញៈ ក្នុង​ឆ្នាំ ២០២១ សមត្ថកិច្ច​បង្ក្រាប​សារធាតុ​ញៀន​គ្រប់​ប្រភេទ​បាន​ជាង ៤ តោន និង​ឃាត់ខ្លួន​មនុស្ស​បាន​ជាង ១ ម៉ឺន​នាក់​ក្នុង​នោះ​មាន​ជនបរទេស​ជាង ៣៦២ ​នាក់​។ នេះ​បើ​យោងតាម​របាយការណ៍​របស់​គណៈកម្មការ​ទី​ ៣ នៃ​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​។

លោក អ៊ិន សុង នាយករង​មន្ទីរប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២ ខែមករា​ដោយ​ផ្អែក​តាម​របាយការណ៍​ថា គិត​ចាប់ពី​ថ្ងៃទី​ ១ ខែមករា រហូតដល់​ថ្ងៃទី​ ៣១ ខែធ្នូ ឆ្នាំ​ ២០២១ សមត្ថកិច្ច​បង្ក្រាប​ករណី​គ្រឿងញៀន​បាន​ចំនួន​ ៦ ២៤២ ​ករណី ចាប់ខ្លួន​មនុស្ស​ចំនួន ១៣ ៧៦៥ ​នាក់ (​ស្រី ៨០២ ​នាក់​) ក្នុងនោះ​មាន​ជនបរទេស​ចំនួន ៣៦២ ​នាក់ (​ស្រី ៤៥ ​នាក់​) និង​មាន​ចំនួន ១៣ ​សញ្ជាតិ​។ លោក​បន្តថា ចំពោះ​គ្រឿងញៀន​ដកហូត​បាន​សរុប​ជាង ៤ ​តោន និង​កាំភ្លើង​វែង-ខ្លី​ជិត ១០០ ​ដើម​។

ក្នុង​របាយការណ៍​បាន​បញ្ជាក់ថា ករណី​ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង​មាន​ចំនួន ៤ ៤១៥ ​ករណី ឃាត់ខ្លួន​មនុស្ស​ ៨ ៥៤៩ ​នាក់​ (​ស្រី ៥៧៣ ​នាក់​) ករណី​ដាំដុះ​ចំនួន ៣៥ ​ករណី ឃាត់ខ្លួន​មនុស្ស ៩​ នាក់ (​ស្រី ៥ នាក់​) ករណី​ប្រើប្រាស់ មាន​ចំនួន ១ ៧៩២ ​ករណី ឃាត់ខ្លួន​មនុស្ស ៥ ២០៧ ​នាក់ (​ស្រី ២២៤ ​នាក់​) និង​ករណី​អនុវត្ដ​ដីកា​មាន​ចំនួន​ ៤៩០ ​ដីកា ឃាត់ខ្លួន​ ៤៤៥ ​នាក់​ (​ស្រី​ ១៨ ​នាក់​)​។

របាយការណ៍​បន្តថា ចំពោះ​សារធាតុញៀន​គ្រប់​ប្រភេទ ដកហូត​មាន​ទម្ងន់ ៤ ​តោន ៤៣៥ ​គីឡូ និង​ ២២៨,៥១ ​ក្រាម កញ្ឆា ៥២,២១៤ ​ដើម កញ្ឆា​ស្ងួត ១៤១ ​គីឡូ និង ៨៣០,៦៣ ​ក្រាម និង​សារធាតុ​ផ្សំ​គីមី ១ ​តោន និង​ ១៦៣ ​គីឡូ និង ៦៨០ ​ក្រាម​។ ចំណែក​សម្ភារ​ចាប់យក​មាន រថយន្ដ ១២៤ ​គ្រឿង ម៉ូតូ ១ ៦៤៧ ​គ្រឿង ទូរស័ព្ទ ៥ ៨៥៣ ជញ្ជីង ៣៣៦ ​គ្រឿង អាវុធខ្លី ៤១ ​ដើម និង​អាវុធ​វែង ៤២ ​ដើម (​កែច្នៃ​ ៣២ ​ដើម​) លុយ​ខ្មែរ ៥៣ ៩៦១ ៤០០ ​រៀល លុយ​អាមេរិក ៣៤ ៩៨៧ ​ដុល្លារ លុយ​ថៃ ១២៤ ៨១០ ​បាត និង​លុយ​វៀតណាម​ ៨០ ០០០ ​ដុង​។

ក្រៅពីនេះ​ក៏បាន​ឃាត់ទុក​ទ្រព្យសម្បត្តិ​អចលនទ្រព្យ ១៦ ​កន្លែង រួមមាន​នៅ​តាកែវ ១ ​កន្លែង បន្ទាយមានជ័យ​ ១ ​កន្លែង កោះកុង​ ១ ​កន្លែង ប៉ោយប៉ែត ២ ​កន្លែង សៀមរាប ២ ​កន្លែង និង​ភ្នំពេញ ៣ ​កន្លែង និង​ខុនដូ​ ៦ ​បន្ទប់ នៅ​ភ្នំពេញ​។ ចំណែក​គណនី​ធនាគារ​ចំនួន ៩ ​គណនី និង​សាច់ប្រាក់ ចំនួន ១៦ ០៤៧,១៧ ​ដុល្លារ ត្រូវបាន​បង្កក​ផងដែរ​។

នាយករង​អង្គ​ការពារ​សិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត មើលឃើញថា តួលេខ​គ្រឿងញៀន​ដែល​បង្ក្រាបបាន​នេះ ជា​ចំនួន​មួយ​គួរឱ្យ​ព្រួយបារម្ភ​ដែល​ទាមទារ​ឱ្យ​រាជរដ្ឋាភិបាល​ត្រូវយក​ចិត្ត​ទុក​បន្ថែមទៀត​ក្នុង​ការទប់ស្កាត់​ការប្រើប្រាស់ និង​ការជួញដូរ​។ លោក​បញ្ជាក់ថា​៖ «​ព្រោះ​គ្រឿងញៀន​បំផ្លាញ​នូវ​ធនធានមនុស្ស អ៊ីចឹង​កិច្ចការ​ទាំងអស់នេះ ទាល់តែ​រាជរដ្ឋាភិបាល​បន្ថែម​ការបង្ក្រាប និង​ទប់ស្កាត់​រំហូរ​ចូល​ពី​ខាងក្រៅ​ការផលិត និង​ការចែកចាយ នៅក្នុង​ប្រទេស​ឱ្យបាន​តឹងរ៉ឹង​បន្ថែមទៀត ធ្វើយ៉ាងណា​លុបបំបាត់​នូវ​ការចរាចរ​គ្រឿងញៀន​»​។

ប្រធាន​សមាគម​សង្គ្រោះ​ជនរងគ្រោះ​ដោយ​គ្រឿងញៀន​កម្ពុជា លោក មាស សុវណ្ណ ធ្លាប់បាន​ថ្លែង​កោតសរសើរ ចំពោះ​សមត្ថកិច្ច​ពាក់ព័ន្ធ​កន្លងមក​ដែល​បាន​បង្ក្រាប​ជនល្មើស និង​ដកហូត​សារធាតុញៀន​ធ្វើជា​វត្ថុតាង និង​ដុត​កម្ទេចចោល​។ ទន្ទឹមនឹង​នេះដែរ លោក​ក៏បាន​ជំរុញ​សមត្ថកិច្ច​អនុត្ត​ឱ្យបាន​ម៉ឺងម៉ាត់​ទៅលើ​ជនល្មើស និង​ស្រាវជ្រាវ​រក​មេឧក្រិដ្ឋជន​គ្រឿងញៀន ដែលជា​មុខសញ្ញា​ធំ​ដែលជា​ដើមចម​នៃ​បញ្ហា​។

លោក​ថា​៖ «​សារធាតុ​ញៀន​យើង​ចាប់បាន​ហើយ​ទុកជា​ភ័ស្តុតាង សំខាន់​គឺ​មនុស្ស​មានន័យ​ថា មនុស្ស​ដែល​ចាប់បាន​នោះ​​ចំ​ទិសដៅ​អត់ ម្នាក់​នោះ​ជា​ឧក្រិដ្ឋជន​គ្រឿងញៀន​មែនដែរ​ឬ​អត់ ព្រោះ​ចាប់​ភាគច្រើន បាន​តែ​អ្នកបម្រើ​ឱ្យគេ​ជា​ដៃជើង​គេ តែបើ​យើង​ចាប់បាន​អ្នក​នៅ​ពីក្រោយ​តែម្តង គឺជា​ការល្អ​កាន់តែ​ខ្លាំង​»​។

កាលពី​ថ្ងៃទី​ ២០ ខែធ្នូ ឆ្នាំ​ ២០២១ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង បាន​ជំរុញ​ជាថ្មី​ដល់​គណៈបញ្ជាការ​ឯកភាព​រាជធានី ខេត្ត ត្រូវ​ចូលរួម​ដោះស្រាយ និង​ទប់ស្កាត់ បញ្ហា​គ្រឿងញៀន កុំឱ្យ​ក្លាយ​ជា​ប្រទេស​នាំចេញ​គ្រឿងញៀន​ដែល​នាំឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​កម្ពុជា និង​ជះឥទ្ធិពល​អាក្រក់​ដល់​សង្គមជាតិ​ទាំងមូល​។ លោក ស ខេង បាន​បង្ហើប​ឱ្យដឹងថា អ្នក​ជាប់ឃុំ​នៅ​ទូទាំង​កម្ពុជា​ទាំងអស់​មាន​ចំនួន ៣៨ ០០០ ​នាក់​ក្នុង​នោះ ៥១ ​ភាគរយ គឺជា​អ្នកទោស​គ្រឿងញៀន​៕