ភ្នំពេញៈ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក Park Heung-Kyeong ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា​នៅ​ថ្ងៃទី​ ៣ ខែមករា​ឆ្នាំ​ ២០២២ នឹង​ធ្វើជា​អធិបតី​ក្នុង​ពិធីបើកការដ្ឋាន​គម្រោង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ ៤៨ មាន​ប្រវែង​សរុប ១៤៨ គីឡូម៉ែត្រ ស្ថិតក្នុង​ខេត្តកោះកុង ក្រោម​ហិរញ្ញប្បទាន​សម្បទាន​ពី​សាធារណរដ្ឋ​កូរ៉េ ដែល​ផ្តល់ឱ្យ​កម្ពុជា​ជាង ១០០ លាន​ដុល្លារ​អាមេរិក​។ នេះ​បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន​រួម​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បានឱ្យដឹងថា ការដ្ឋាន​គម្រោង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ ៤៨ ចាប់ពី​ចំណុចប្រសព្វ​ផ្លូវជាតិ​លេខ​ ៤ ត្រង់​គីឡូម៉ែត្រ​លេខ ១៤១+៧៥០ (​អូរជ្រៅ​) ដល់​ក្រុង​ខេមរភូមិន្ទ​ខេត្តកោះកុង​ក្រោម​ហិរញ្ញប្បទាន​សម្បទាន​ពី​សាធារណរដ្ឋ​កូរ៉េ​ដែល​ផ្តល់ឱ្យ​កម្ពុជា តាមរយៈ​មូលនិធិ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ដែលជា​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​របស់​សាធារណរដ្ឋ​កូរ៉េ​។ គម្រោង​ផ្លូវ​នេះ មាន​ប្រវែង​សរុប ១៤៨ គីឡូម៉ែត្រ ស្ថិតក្នុង​ខេត្តកោះកុង ចាប់ផ្តើម​ពី​ចំណុចប្រសព្វ​ផ្លូវជាតិ​លេខ ៤ (​ភូមិ​អូរជ្រៅ​) ឃុំ​បឹងព្រៀវ ស្រុកស្រែ​អំបិល ដល់​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​។ ផ្លូវ​នេះ ជា​កំណាត់​ផ្លូវ​អាស៊ាន​លេខ​ ១២៣ ដែល​លាតសន្ធឹង​ពី​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​បញ្ចប់​នៅ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍​។

បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន តម្លៃ​គម្រោង​សរុប​ដែល​គ្រោងទុក​សម្រាប់​លើក​កម្រិត​ផ្លូវជាតិ​លេខ ៤៨ នេះ គឺមាន​ចំនួន ជាង ១០០,៦៨ លាន​ដុល្លារ​អាមេរិក (១០០ ៦៨៦ ០០០ ដុល្លារ​អាមេរិក​) ជា​កម្ចី​របស់​មូលនិធិ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច មាន​ទឹកប្រាក់​សរុប​ចំនួន ៨៧ ៤៣៤ ០០០ ដុល្លារ​អាមេរិក​នៃ​គម្រោង​សរុប​។

ធនាគារ​និហរ័ណអាហរ័ណ​កូរ៉េ ជា​អ្នកទទួល​ខុសត្រូវ​លើ​ប្រតិបត្តិការ​កម្ចី​របស់​មូលនិធិ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច តំណាង​ឱ្យ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉ ហើយ​ធនាគារ​និហរ័ណអាហរ័ណ​កូរ៉េ​នឹង​ផ្តល់​ហិរញ្ញប្បទាន​សម្រាប់​ការសិក្សា ការត្រួតពិនិត្យ​គម្រោង និង​សម្រាប់​ការសាងសង់ ខណៈ​រដ្ឋាភិបាល​កម្ពុជា​នឹងធ្វើ​បដិភាគ​ថវិកា​សម្រាប់​ការងារ​ដោះស្រាយ​ផលប៉ះពាល់ ការដោះមីន និង​គ្រឿង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ការគ្រប់គ្រង​គម្រោង និង​ពន្ធអាករ​។ ឆ្លងតាមរយៈ​ការដេញថ្លៃ​ក្រុមហ៊ុន Korea Consultants International (KCI) and Korea Engineering Consultant Corp Joint Venture (KECC) ត្រូវបាន​ជ្រើសរើស​ជា​ទីប្រឹក្សា​បច្ចេកទេស​គម្រោង និង សម្ព័ន្ធ​ក្រុមហ៊ុន​ (Ilsung-Hanil Joint Venture) ត្រូវបាន​ជ្រើសរើស​ជា​ក្រុមហ៊ុន​សាងសង់​។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​។

គម្រោង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ ៤៨ គ្រោង​ចំណាយពេល​សាងសង់​ចំនួន ៣២ ខែ គិត​ចាប់ផ្តើម​ពីថ្ងៃ​ទី​ ១ ខែវិច្ឆិកា ឆ្នាំ​ ២០២១ រហូតដល់​ថ្ងៃទី​ ៣០ ខែមិថុនា ឆ្នាំ​ ២០២៤​។ បន្ទាប់ពី​បញ្ចប់​ការសាងសង់​រួច ផ្លូវជាតិ​លេខ ៤៨ នេះ​នឹងមាន​មុខងារ​សំខាន់ៗ​ដូចជា សរសៃឈាម​សេដ្ឋកិច្ច​ដ៏មាន​សក្ដានុពល​ក្នុង​ការតភ្ជាប់​ទំនាក់ទំនង​គមនាគមន៍ និង​ការធ្វើ​សមាហរណកម្ម​ផ្ទៃក្នុង និង​ក្នុង​តំបន់ ជំរុញ​ការដោះដូរ ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​​ជិតខាង​ជាប់​ព្រំប្រទល់ លើក​កម្ពស់​សក្តានុពល​វិស័យ​ទេសចរណ៍​តាម​របៀង​ឆ្នេរសមុទ្រ និង​ធ្វើឱ្យ​ប្រសើរឡើង​សុវត្ថិភាព​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​។

«​គម្រោង​នេះ​នឹង​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​តំបន់ កាត់បន្ថយ​ពេលវេលា និង​តម្លៃ​​ដឹកជញ្ជូន និង​រួមចំណែក​ដល់​ការតភ្ជាប់​បណ្តាញ​ដឹកជញ្ជូន​ជាតិ​»​។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​បញ្ជាក់​។

យោងតាម​ការិយាល័យ​ធនាគារ​និហរ័ណអាហរ័ណ​កូរ៉េ​ប្រចាំ​ទីក្រុង​ភ្នំពេញ​ដែល​ទទួលបន្ទុក​ប្រតិបត្តិ​ការមូលនិធិ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច (EDCF) គម្រោង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ ៤៨ គឺជា​គម្រោង​មួយ​ក្នុង​ចំណោម​គម្រោង​មូលនិធិ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍ សេដ្ឋកិច្ច (EDCF) ទាំង ១២ ដែល​នៅក្រោម​ក្រសួង​សាធារណការ និង​ដឹកជញ្ចូន​។

គិត​ចាប់ពី​ឆ្នាំ​ ២០០១ រហូតមកដល់​ដំណាច់ឆ្នាំ​ ២០២១ សាធារណរដ្ឋ​កូរ៉េ​បាន​ផ្តល់​ហិរញ្ញប្បទាន​សម្បទាន​ដល់​កម្ពុជា​តាមរយៈ​មូលនិធិ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច (EDCF) ចំនួន ៣០ គម្រោង​គិត​ជា​ទឹកប្រាក់​សរុប​ចំនួន ១,២ ពាន់​លាន​ដុល្លារ​អាមេរិក សម្រាប់​ការអភិវឌ្ឍ​វិស័យ​សំខាន់ៗ មានដូចជា វិស័យ​ដឹកជញ្ចូន វិស័យ​ធនធានទឹក វិស័យ​គ្រប់គ្រង​ទឹក​កខ្វក់ វិស័យ​សុខាភិបាល វិស័យ​អប់រំ វិស័យ​អភិបាលកិច្ច និង​ការឆ្លើយតប​បន្ទាន់​ទៅនឹង​ជំងឺឆ្លង​កាច​សាហាវ​​កូវីដ​ ១៩​។

បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន សាធារណរដ្ឋ​កូរ៉េ​នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​រាជរដ្ឋាភិបាល​កម្ពុជា​បន្ថែម​ទៀត ហើយនឹង​ពង្រីក​ជំនួយ​ទៅលើ​វិស័យ​ដទៃទៀត​មានដូចជា វិស័យ​ថាមពល វិស័យ​កសិកម្ម និង​វិស័យ​ទូរគមនាគមន៍ និង​គម្រោង​ជាច្រើន​ទៀត​។

លោក សុខ សុទ្ធី មន្ដ្រីនាំពាក្យ​រដ្ឋបាល​ខេត្ដ​កោះកុង​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​នៅ​ថ្ងៃទី​ ២ មករា ឆ្នាំ​ ២០២២ ថា លោក កំពុង​រវល់​ខ្លាំង មិនទាន់​អាច​ផ្ដល់ព័ត៌មាន​លម្អិត​ទាក់ទង​​នឹង​ដំណើរ​ការបើក​ការដ្ឋាន​សាងសង់​នេះ​ទេ​៕

វីដេអូ៖