សម្រាប់ឆ្នាំ ២០២១ មានព្រឹត្តិការណ៍ជាច្រើនបានកើតឡើងនៅកម្ពុជាក៏ដូចពិភពលោក ក៏ប៉ុន្តែអ្វីដែលលេចធ្លោជាងគេហាក់ពុំមានអ្វីលើសពីករណីរាតត្បាតនៃជំងឺកូវីដ ១៩ នោះទេ។ ជុំវិញព្រឹត្តិការណ៍ទាំងនេះភ្នំពេញប៉ុស្ដិ៍សូមដកស្រង់ដោយសង្ខេបមកផ្សព្វផ្សាយដូចខាងក្រោម៖
ការទទួលបានជំនួយវ៉ាក់សាំងពីប្រទេសជាមិត្ត ,WHO និងការបញ្ជាទិញ
ប្រទេសកម្ពុជាបានទទួលជំនួយវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ប្រភេទ Sinopharm ដំបូងពីរដ្ឋាភិបាលចិនចំនួន ៦០ ម៉ឺនដូសក្នុងគម្រោងដំបូង ១ លានដូសនៅថ្ងៃ ៧ កុម្ភៈ ឆ្នាំ ២០២១ មុនពេលវ៉ាក់សាំងកូវីសែលជាង ៣២ ម៉ឺនដូសពីក្រុមហ៊ុន AstraZeneca ជាជំនួយដំបូងរបស់ WHO តាមកម្មវិធី (CO-VAX) មកដល់កម្ពុជានៅយប់ថ្ងៃទី ៣ មីនា និងមានការផ្ដល់ជាបន្ដបន្ទាប់បន្ថែមទៀតរហូតដល់រាប់លានដូស។
ក្រៅពីនេះ កម្ពុជាទទួលបានជំនួយវ៉ាក់សាំងប្រភេទ Astra-Zeneca ផលិតនៅជប៉ុនជាលក្ខណៈទ្វេភាគីចំនួន ៣៣ ម៉ឺនដូសដំបូងកាលពីថ្ងៃ ២៣ កក្កដាក្នុងគម្រោង ១ លានដូស ដែលបានសន្យាដំបូង រីឯអាមេរិកបានផ្ដល់វ៉ាក់សាំង Johnson&Johnson តាមរយៈយន្តការ Covax ចំនួន ៤៥០ ៥០០ ដូសនៅថ្ងៃទី ៣០ កក្កដាក្នុងគម្រោង ១ ០៦០ ១០០ ដូស មុនពេលអង់គ្លេសផ្ដល់វ៉ាក់សាំងប្រភេទ OxfordAstraZeneca របស់ខ្លួនជាលក្ខណៈទ្វេភាគីចំនួន ៤១៥ ០០០ ដូស នៅថ្ងៃទី ៤ សីហា។ ចំណែកឯប្រទេសអូស្ដ្រាលីក៏បានផ្ដល់វ៉ាក់សាំង Pfizer-BioNTech ជាដំណាក់កាលរាប់លានដូស [២,៣ លានដូស] ដល់កម្ពុជាជាលក្ខណៈទ្វេភាគីផងដែរនៅក្នុងខែធ្នូ។
ក្រៅពីទទួលបានជំនួយវ៉ាក់សាំងពីម្ចាស់ជំនួយនានា កម្ពុជាក៏បានបញ្ជាទិញវ៉ាក់សាំងខ្លួនឯងផងដែរ ដើម្បីយកមកចាក់ជូនពលរដ្ឋដោយរដ្ឋាភិបាលបានធានាមិនឱ្យខ្វះឡើយ។
គិតចាប់តាំងពីមានការរកឃើញវ៉ាក់សាំងបង្ការកូវីដ ១៩ ជាច្រើនប្រភេទនៅលើពិភពលោករហូតមកទល់ថ្ងៃទី ២៤ ធ្នូ ប្រទេសកម្ពុជាទទួលបានវ៉ាក់សាំងទាំងការបញ្ជាទិញ ទាំងជំនួយពីប្រទេសជាមិត្ត និងតាមរយៈកម្មវិធីកូវ៉ាក់ (COVAX) សរុបជាង ៤០ លានដូសក្នុងនោះភាគច្រើនមកពីប្រទេសចិន ដើម្បីចាក់ជូនពលរដ្ឋតាមគោលដៅ និងអាយុដែលក្រសួងសុខាភិបាលបានកំណត់។

ដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ នៅកម្ពុជា
បន្ទាប់ពីបានជំនួយវ៉ាក់សាំង Sinopharm ចំនួន ៦០ ម៉ឺនដូសពីចិន ប្រទេសកម្ពុជាបានចាប់ផ្ដើមចាក់វ៉ាក់សាំងដំបូងនៅថ្ងៃទី ១០ កុម្ភៈ ឆ្នាំ ២០២១ នៅតាមមន្ទីរពេទ្យចំនួន ៤ នៅភ្នំពេញមុនពេលបើកយុទ្ធនាការចាក់ទ្រង់ទ្រាយធំទូទាំងប្រទេសនៅតាមរបៀប «ផ្ការីក» នៅដើមខែមេសា ដោយចាប់ផ្ដើមពីរាជធានីភ្នំពេញ និងខេត្តអាទិភាព។
ការចាក់វ៉ាក់សាំងដំបូងនោះថ្វីបើលោក ហ៊ុន សែន បានខកខានចាក់ ដោយសារកត្តាលើសអាយុក្ដី ក៏ប៉ុន្តែកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត បានចាក់មុនគេនៅមន្ទីរពេទ្យកាល់ម៉ែតតាមការកំណត់របស់ក្រសួងសុខាភិបាល ។
នៅមុនពេលបើក «យុទ្ធនាការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស» រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់បង្ការកូវីដ ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសនៅថ្ងៃទី ១៧ មីនា ដោយមានលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលជាប្រធាន ហើយក៏មានការបង្កើតអនុគណៈកម្មការនេះនៅតាមខេត្តផងដែរ។
យុទ្ធនាការនេះមានការចូលរួមចាក់ថ្នាំពីក្រុមគ្រូពេទ្យស៊ីវិល និងក្រុមគ្រូពេទ្យមកពីក្រសួងការពារជាតិដោយតម្រូវឱ្យចាក់រហូតដល់ ៣ ដូស ដើម្បីបណ្ដុះឱ្យមានភាពស៊ាំនៅក្នុងសព៌ាង្គកាយដែលអាចការពារការឆ្លងវីរុសកូវីដ ១៩។
គិតរហូតមកទល់ថ្ងៃទី ១ មករា ឆ្នាំ ២០២២ កម្ពុជាបានចាក់វ៉ាក់សាំងដល់មនុស្សអាយុចាប់ពី ១៨ ឆ្នាំឡើងបាន ១០១,៥១% នៃគោលដៅ ១០ លាននាក់,អ្នកមានអាយុពី ១២ ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំបាន ៩៩,១២% នៃគោលដៅ ១ ៨២៧ ៣៤៨ នាក់,អាយុ ៦ ឆ្នាំ ដល់ក្រោម ១២ ឆ្នាំ ចាក់បាន ១០៥,២៣% នៃគោលដៅ ១ ៨៩៧ ៣៨២ នាក់ និងកុមារអាយុ ៥ ឆ្នាំបាន ៩៩,៨៥% នៃគោលដៅ ៣០៤ ៣១៧ នាក់។
ការផ្ទុះព្រឹត្តិការណ៍ឆ្លងកូវីដ-១៩ចូលសហគមន៍ ២០ កុម្ភៈ
ប្រទេសកម្ពុជាបានផ្ទុះព្រឹត្តិការណ៍ឆ្លងជំងឺកូវីដ ១៩ ចូលសហគមន៍លើកទី ៣ នៅថ្ងៃទី ២០ កុម្ភៈ ឆ្នាំ ២០២១ ដោយបានរកឃើញដំបូងលើជនជាតិចិនចំនួន ៣២ នាក់នៅក្លិបកម្សាន្ត N8 ម្ដុំជិតអាងទឹកពហុកីឡដ្ឋានជាតិអូឡាំពិក បន្ទាប់ពីផ្ទុះព្រឹត្តិការណ៍សហគមន៍ចំនួន ២ លើក កាលពីថ្ងៃទី ៣ វិច្ឆិកា និងថ្ងៃទី ២៨ វិច្ឆិកា ឆ្នាំ ២០២០។
ភ្លាមៗ បន្ទាប់ពីមានព្រឹត្តិការណ៍នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសារពិសេសដោយបានឱ្យឈ្មោះថាជា «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ» និងបានចាត់ទុកថាជា «ស្ថានភាពដ៏អាក្រក់» ហើយសម្រេចឱ្យបិទក្លិបកម្សាន្ត និងតំបន់ជិតនោះ ហើយបានតម្រូវឱ្យស្វែងរកអ្នកពាក់ព័ន្ធយកមកធ្វើតេស្ត និងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ។
យ៉ាងណាក្ដី ចាប់ពីពេលនោះមក ការឆ្លងរីករាលដាលជំងឺកូវីដ ១៩ នៅកម្ពុជា បានបន្តកើតមាននៅទូទាំងប្រទេស ប៉ុន្តែក៏មានករណីនាំចូលច្រើនផងដែរ រីឯករណីស្លាប់ក៏បានកើតឡើងជាបន្តបន្ទាប់ចាប់ពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២១ មក។
គិតរហូតមកត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១ កម្ពុជាមានករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១២០ ៥០៧ នាក់អ្នកជាសះស្បើយចំនួន ១១៦ ៩២៩ នាក់ និងអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ នេះមានចំនួន ៣ ០១២ នាក់។
ការប្រកាសឱ្យប្រើច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត
ច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រូវបានប្រមុខរដ្ឋស្ដីទីលោក សាយ ឈុំ ចុះហត្ថលេខាដាក់ឱ្យប្រើជាការប្រញាប់នៅថ្ងៃទី ១១ មីនា ឆ្នាំ ២០២១ ខណៈការឆ្លងរាលដាលជំងឺកូវីដ កំពុងមានសម្ទុះកាន់តែខ្លាំងឡើងនៅកម្ពុជា។
ការបង្កើតច្បាប់ដែលមាន ៦ ជំពូក និង ១៨ មាត្រានេះ ត្រូវបានលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ពន្យល់ថា ជាការចាំបាច់ ដើម្បីផ្ដល់សិទ្ធិអំណាចដល់រាជរដ្ឋាភិបាលក្នុងការដាក់ចេញនូវវិធានការចាំបាច់ ទាំងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ដើម្បីការពារអាយុជីវិតពលរដ្ឋ សុខភាពសាធារណៈ និងសណ្ដាប់ធ្នាប់សាធារណៈព្រមទាំងកាត់បន្ថយផលប៉ះពាល់ដល់វិស័យសង្គម និងសេដ្ឋកិច្ចនៅកម្ពុជា។
ច្បាប់នេះ ក៏មានចែងពីទោសប្បញ្ញត្តិផងដែរ ចំពោះអ្នកដែលមិនអនុវត្តតាមវិធានការនានាដោយមានទាំងការពិន័យជាប្រាក់ចាប់ពី ១ លាន ដល់ ២០ លានរៀល និងផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ ខែដល់ ២០ ឆ្នាំជាដើម។ល។
ការចេញអនុក្រឹត្យ និងវិធានការនានាដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩
បន្ទាប់ពីមានច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យថ្មីមួយស្ដីពីវិធានការសុខាភិបាលនៅថ្ងៃទី ១២ មីនា និងអនុក្រឹត្យស្ដីពីវិធានការរដ្ឋបាលនៅថ្ងៃទី ៣១ មីនា រួមទាំងលិខិតបទដ្ឋានជាច្រើនទៀត ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ ១៩។
អនុក្រឹត្យស្ដីពីវិធានការសុខាភិបាលមានចែងពីការធ្វើអនាម័យ ការវាស់កម្ដៅ ការពាក់ម៉ាស់ ការរក្សាគម្លាត ការយកសំណាកទៅពិនិត្យ ការធ្វើចត្តាឡីស័ក ការព្យាបាល ការចាក់វ៉ាក់សាំង ការគ្រប់គ្រង និងការចាត់ចែងសពជាដើម ព្រមទាំងមានការតម្រូវឱ្យផាកពិន័យចំពោះអ្នកមិនអនុវត្តតាមវិធានការនេះផងដែរ។
រីឯអនុក្រឹត្យស្ដីពីវិធានការរដ្ឋបាលមានចែងពីការរឹតត្បិត ឬការហាមធ្វើដំណើរ ការជួបជុំមនុស្សដែលអាចនាំឱ្យឆ្លងជំងឺកូវីដ ១៩ ការហាមធ្វើសម្មភាពការងារ ឬមុខរបរ ដែលមានហានិភ័យ ឬជាប្រភពនៃការឆ្លងជំងឺកូវីដ ១៩ ការរឹតត្បិត ឬការហាមឃាត់ការធ្វើចរាចរណ៍ចេញ-ចូលតំបន់ដែលមានការឆ្លងជំងឺកូវីដ ១៩ បម្រាមគោចរ ការបិទខ្ទប់តំបន់ ឬកន្លែងដែលមានឆ្លងជំងឺកូវីដ ១៩ ការរឹតត្បិត ឬការហាមធ្វើពាណិជ្ជកម្មទំនិញដែលជាប្រភពនៃការឆ្លងជំងឺកូវីដ ១៩ និងវិធានការរដ្ឋបាលផ្សេងទៀតដែលចាំបាច់។
តាមរយៈអនុក្រឹត្យទាំងនេះនៅតាមរាជធានីខេត្តនានា មានការបង្កើតទីតាំងធ្វើចត្តាឡីស័ក ទីតាំងព្យាបាល ទីតាំងចាក់វ៉ាក់សាំង និងទីតាំងបូជាសពជាដើម។ ជាមួយនេះក៏មានការកំណត់តំបន់ទៅតាមកម្រិតហានិភ័យផងដែរ (តំបន់ក្រហមតំបន់លឿងទុំ និងតំបន់លឿង) ហើយបានបិទខ្ទប់ ឬហាមសកម្មភាពការងារ ឬមុខរបរមានហានិភ័យទៅតាមទំហំនៃការឆ្លងជំងឺកូវីដ ១៩ ក្នុងតំបន់នីមួយៗ។
ទន្ទឹមនឹងនេះ មានការរឹតបន្តឹងការធ្វើដំណើរឆ្លងកាត់រាជធានី-ខេត្តមួយរយៈ ការដាក់បម្រាមគោចរពេលយប់ ការបិទផ្សារ បិទសាលារៀន ការហាមរៀបចំពិធីបុណ្យចូលឆ្នាំ ពិធីដាក់បិណ្ឌ ភ្ជុំបិណ្ឌ ផ្អាកការរៀបអាពាហ៍ពិពាហ៍ ការបិទការឆ្លងដែន និងបានតម្រូវឱ្យធ្វើចត្តាឡីស័កចំពោះអ្នកដែលចូលមកកម្ពុជាពីគ្រប់ច្រកចេញ-ចូលជាដើម។ល។
នៅក្នុងពេលអនុវត្តវិធានការទាំងនេះសមត្ថកិច្ចក៏បានឃាត់ខ្លួនមនុស្សដែលប្រព្រឹត្តល្មើសជាច្រើននាក់យកមកអប់រំ និងផាកពិន័យតាមច្បាប់ផងដែរ ហើយមានករណីប្រព្រឹត្តល្មើសធ្ងន់ធ្ងរខ្លះ ត្រូវបានចាប់បញ្ជូនទៅកាន់តុលាការទៀតផង។
ប្រកាសឱ្យប្រើច្បាប់ដែលកំណត់ឱ្យថ្នាក់ដឹកនាំស្ថាប័នកំពូល ៤ មានសញ្ជាតិតែ ១
ច្បាប់ដែលកំណត់ឱ្យប្រធានស្ថាប័នកំពូលចំនួន ៤ មានសញ្ជាតិខ្មែរតែ ១ ត្រូវបានព្រះមហាក្សត្រកម្ពុជាព្រះបាទ នរោត្តម សីហមុនី ឡាយព្រះហស្តលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើកាលពីថ្ងៃទី ៣ ខែវិច្ឆិកា បន្ទាប់ពីរដ្ឋសភា ព្រឹទ្ធសភា បោះឆ្នោតអនុម័ត និងមានការត្រួតពិនិត្យពីក្រុមប្រឹក្សាធម្មនុញ្ញ រួចមក។
ច្បាប់ធម្មនុញ្ញស្ដីពីវិសោធនកម្មមាត្រា ១៩ ថ្មី មាត្រា ៨២ ថ្មីមាត្រា ១០៦ ថ្មី (មួយ) មាត្រា ១១៩ ថ្មី និងមាត្រា ១៣៧ ថ្មីនៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា និងមាត្រា ៣ និងមាត្រា ៤ នៃច្បាប់ធម្មនុញ្ញបន្ថែមបានកំណត់ឱ្យប្រធានព្រឹទ្ធសភាប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញមានសញ្ជាតិខ្មែរតែ ១។
ការសម្រេចបែបនេះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យរដ្ឋមន្ត្រីក្រសួងយុតិ្តធម៌រៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៅដើមខែកញ្ញា ក្រោយពេលលោក សម រង្ស៊ី បានចោទលោកដោយផ្អែកលើការចុះផ្សាយរបស់កាសែតបរទេសថា បានទិញសញ្ជាតិ Cyprus ដែលជាដែនកោះមួយនៅក្នុងតំបន់អឺរ៉ុប។
ការបើកប្រទេសឡើងវិញលើគ្រប់វិស័យនៅកម្ពុជា
លោកនាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសបើកប្រទេសលើគ្រប់វិស័យឡើងវិញគិតចាប់ពីថ្ងៃទី ១ ខែវិច្ឆិកាមក បន្ទាប់ពីតួលេខនៃការឆ្លងជំងឺកូវីដ ១៩ និងករណីស្លាប់ ដោយសារជំងឺនេះបានថយចុះជាបន្តបន្ទាប់ក្រោយមានការរឹតបន្ដឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ព្រមទាំងការចាក់វ៉ាក់សាំងបានគ្របដណ្ដប់នៅទូទាំងប្រទេស។
បើតាមលោក ហ៊ុន សែន ការសម្រេចបើកប្រទេសវិញនេះ គឺផ្អែកលើកត្តាសំខាន់ចំនួន ៤ រួមមាន ការសម្រេចបានលទ្ធផលនៃការចាក់វ៉ាក់សាំងកូវីដ-១៩, រាជរដ្ឋាភិបាលបានពង្រឹង និងពង្រីកសមត្ថកិច្ចក្នុងការព្យាបាលជំងឺកូវីដ,ឆ្លងកាត់បទពិសោធនៃការគ្រប់គ្រង ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ និងរបៀបគ្រប់គ្រងទប់ស្កាត់នៃជំងឺនេះក្នុងទ្រង់ទ្រាយធំ និងការយល់ដឹងរបស់ពលរដ្ឋក្នុងការការពារខ្លួន និងការព្យាបាលជំងឺកូវីដ ១៩។

កម្ពុជាធ្វើប្រធាននៃកិច្ចប្រជុំ ASEP11 និង ASEM
ប្រទេសកម្ពុជានៅក្នុងខែវិច្ឆិកា បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់អន្តរជាតិចំនួន ២ គឺកិច្ចប្រជុំភាពជាដៃគូសភាអាស៊ីអឺរ៉ុបលើកទី ១១ (ASEP11) នៅថ្ងៃទី ១៦ វិច្ឆិកា និងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM13) នៅថ្ងៃទី ២៥-២៦ វិច្ឆិកា។
កិច្ចប្រជុំ (ASEP11) បានធ្វើឡើងជាលើកដំបូងតាមប្រព័ន្ធនិម្មិត (Zoom) ក្រោមមូលបទ «ការពង្រឹងភាពជាដៃគូសភាដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងសម័យ និងក្រោយវិបត្តិកូវីដ ១៩» ដែលដឹកនាំដោយសហប្រធានលោក ហេង សំរិន ប្រធានរដ្ឋសភា និងលោក សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា ដោយមានសមាជិកសភាមកពីប្រទេសចំនួន ៣១ ក្នុងតំបន់អឺរ៉ុប និងអាស៊ីចូលរួម និងអង្គការដៃគូចំនួន ២ គឺសភាអឺរ៉ុប និងលេខាធិការដ្ឋានអាស៊ានក្នុងនោះក៏មានលោកជំទាវ ហេឌី ហូតាឡា អនុប្រធានសភាអឺរ៉ុបផងដែរ។
កិច្ចប្រជុំនេះបានពិភាក្សាគ្នាបញ្ហាប្រឈមសំខាន់ៗដែលកំពុងកើតមានក្នុងតំបន់ទាំង ២ ក៏ដូចក្នុងពិភពលោករួមមានបញ្ហាជំងឺរាតត្បាតជាសកល សន្តិភាព និងសន្តិសុខ ការស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ ១៩ ការប្រែប្រួលអាកាសធាតុ និងការប្រើប្រាស់ធនធានជាតិប្រកបដោយនិរន្តរភាពជាដើម។
ក្នុងនាមសភាកម្ពុជា លោក សាយ ឈុំ បានចាត់ទុកមូលបទនោះថា មានសារៈសំខាន់ដែលឆ្លុះបញ្ចាំងពីស្ថានភាពបច្ចុប្បន្ន និងចក្ខុវិស័យទៅអនាគត ខណៈដែលទាំងអស់គ្នាកំពុងធ្វើដំណើរឆ្លងកាត់វិបត្តិកូវីដ ១៩ និងខិតខំស្ដារសង្គម សេដ្ឋកិច្ចឡើងវិញ។ រីឯលោក ហេង សំរិន បានចាត់ទុកកិច្ចប្រជុំនេះថា សមស្របបំផុតទៅនឹងបរិបទបច្ចុបុ្បន្នដែលមិនគ្រាន់តែពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការព្រមទាំងការយល់ដឹងពីគ្នាប៉ុណ្ណោះទេ តែថែមទាំងផ្ដល់នូវកាលានុវត្តភាពដ៏ប្រសើរ ដើម្បីរកដំណោះស្រាយកង្វល់ក្នុងតំបន់ទាំង ២ ក៏ដូចសកលលោកទាំងមូលផងដែរ។
ដោយឡែកនៅថ្ងៃទី ២៥-២៦ វិច្ឆិកាប្រទេសកម្ពុជាក៏បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ១៣ (ASEM13) តាមប្រព័ន្ធអនឡាញផងដែរក្រោមមូលបទ «ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួម» ដឹកនាំដោយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាដោយមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលចំនួន ៥១ ប្រទេសមកពីទ្វីបទាំង ២ ប្រធានសហគមន៍អឺរ៉ុប និងប្រធានក្រុមប្រឹក្សាអឺរ៉ុប ព្រមទាំងអគ្គលេខាធិការអាស៊ាន។
ក្រោយពេលបញ្ចប់ កិច្ចប្រជុំនោះបានអនុម័តឯកសារចំនួន ៣ រួមមាន សេចក្តីថ្លែងការណ៍ប្រធានអង្គប្រជុំ ASEM13 សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញស្តីពីការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយជំងឺកូវីដ ១៩ និងឯកសារសកម្មភាពអនាគតស្តីពីការតភ្ជាប់ ASEM។
លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន បានចាត់ទុកកិច្ចប្រជុំ ASEM13 ជាសញ្ញាថា ប្រទេសអាស៊ី និងអឺរ៉ុបប្ដេជ្ញាចិត្តធ្វើការរួមគ្នា និងបានអំពាវនាវឱ្យមេដឹកនាំនៃទ្វីបទាំង ២ សហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀត ខណៈមេដឹកនាំទ្វីបទាំង ២ ប្ដេជ្ញាការពារសន្ដិភាពសន្ដិសុខ ការអភិវឌ្ឍប្រកបដោយចីរភាព និងកំណើនប្រកបដោយបរិយាប័ន្នដោយផ្អែកលើការគោរពច្បាប់អន្តរជាតិ។
សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ សោយទិវង្គត
សម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ ព្រះប្រធានឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានគណបក្សហ៊្វុនស៊ីនប៉ិចបានសោយទិវង្គតនៅប្រទេសបារាំងកាលពីថ្ងៃទី ២៨ វិច្ឆិកា ឆ្នាំ ២០២១ ក្នុងព្រះជន្មាយុ ៧៧ ព្រះវស្សាដោយរោគាពាធ។
បន្ទាប់ពីសោយទិវង្គត ព្រះសព អតីតនាយករដ្ឋមន្ត្រីទី ១ និងអតីតប្រធានរដ្ឋសភាដែលប្រសូតនៅថ្ងៃទី ២ មករា ឆ្នាំ ១៩៤៤ អង្គនេះ ត្រូវបានដឹកតាមជើងយន្តហោះមកកាន់កម្ពុជានៅថ្ងៃទី ៥ ធ្នូ មុនពេលថ្វាយព្រះភ្លើងព្រះសពដោយព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុនី នៅថ្ងៃទី ៨ ធ្នូ នៅព្រះមេរុ ខាងមុខវត្តបទុមវតី រាជធានីភ្នំពេញ។
ទាក់ទិននឹងការរៀបចំពិធីបុណ្យព្រះសពសម្ដេចក្រុមព្រះរាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការរៀបចំពិធីបុណ្យ និងបានចេញសារាចរណែនាំបង្ហូតទង់ជាតិត្រឹមពាក់កណ្ដាលហើយបានឱ្យតាមស្ថានីយវិទ្យុ និងទូរទស្សន៍ជាតិ និងឯកជនផ្អាកសម្ដែង និងចាក់ផ្សាយនូវទស្សនីយភាពដែលសប្បាយៗផ្សេងៗ ដើម្បីថ្វាយព្រះកុសល និងគោរពព្រះវិញ្ញាណក្ខន្ធព្រះអង្គជាលើកចុងក្រោយ។
សម្ពោធឱ្យប្រើ «វិមានកីឡដ្ឋាន» នៃពហុកីឡដ្ឋានជាតិថ្មី
«វិមានកីឡដ្ឋាន» នៃពហុកីឡដ្ឋានជាតិមរតកតេជោដែលជាជំនួយឥតសំណងរបស់ប្រទេសចិនស្ថិតនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី ១៨ ធ្នូ បន្ទាប់ពីធ្វើពិធីប្រគល់ដោយលោករដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី កាលពីថ្ងៃទី ១២ កញ្ញា ឆ្នាំ ២០២១ ក្រោយប្រើពេលសាងសង់អស់ប្រមាណ ៨ ឆ្នាំ គិតចាប់តាំងពីខែមេសា ឆ្នាំ ២០១៣ មក។
ថ្លែងនៅក្នុងពិធីនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកពហុកីឡដ្ឋានខ្នាតអន្តរជាតិថ្មីដែលចំណាយទឹកប្រាក់សាងសង់អស់ជិត ១៦០ លានដុល្លារ និងអាចដាក់អ្នកទស្សនាបាន ៦ ម៉ឺននាក់នេះថា «នេះជាសមិទ្ធផលរបស់ជាតិ»។
នៅចំពោះមុខលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាដែលបានចូលរួមសម្ពោធដែរនោះ លោក ហ៊ុន សែន បានថ្លែងអំណរគុណដល់រដ្ឋាភិបាលក្រុងប៉េកាំង និងប្រជាជនចិន ចំពោះទឹកចិត្តដ៏ធំធេងក្នុងការផ្ដល់ជំនួយសន្ធឹកសន្ធាប់ដល់កម្ពុជា។
ការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសតាមសារពិសេសមួយពីថ្ងៃ ២០ ធ្នូ ដោយសម្រេចបិទបញ្ចប់ជាផ្លូវការនូវ «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ» ដែលរដ្ឋាភិបាលចាត់ទុកថា ជាសោកនាដកម្មដែលបានអូសបន្លាយពេលអស់ ១០ ខែ និងបានធ្វើឱ្យមានការឆ្លង និងស្លាប់ដោយសារជំងឺកូវីដ ១៩ ជាច្រើននាក់។
ការប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍នេះ បន្ទាប់ពីក្រសួងសុខាភិបាលប្រកាសកាលថ្ងៃទី ២០ ធ្នូពីការរកមិនឃើញអ្នកស្លាប់ប្រចាំថ្ងៃជាលើកដំបូង ចាប់ពីខែមីនាមក ខណៈអ្នកឆ្លងថ្មីមានកាន់តែតិចទៅ។
លោក ហ៊ុន សែន បានចាត់ទុកលទ្ធផលនេះថា ជាជោគជ័យមួយក្នុងការទប់ស្កាត់មិនឱ្យយើងធ្លាក់ក្នុងជ្រោះមរណៈ ឬអាចថា ជាការកាត់បន្ថយនៃបរាជ័យដោយសារកូវីដ ១៩។
យ៉ាងណាក្ដីលោកថា នេះគ្រាន់តែជាការបញ្ចប់ព្រឹត្តិការណ៍ ២០ កុម្ភៈប៉ុណ្ណោះ ប៉ុន្តែការប្រយុទ្ធជាមួយនឹងកូវីដ ១៩ នៅតែបន្ដតទៅទៀត។

CPP អនុម័តគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីអនាគត
លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានអង្គសន្និបាតគណ:កម្មាធិការកណ្តាលលើកទី ៤៣ នៃគណបក្សនេះបានអនុម័តជាឯកច្ឆន្ទកាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២១ គាំទ្រជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់អ្នកបន្តវេននាពេលអនាគត។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថា ការសម្រេចជ្រើសរើសលោក ហ៊ុន ម៉ាណែត គឺបន្ទាប់ពីគណៈអចិន្រៃ្តយ៍គណបក្សបានឧទ្ទេសនាមបេក្ខជនមួយចំនួនរួច ហើយលោក ហ៊ុន ម៉ាណែត ជាមុខសញ្ញាបេក្ខភាពនាយករដ្ឋមន្ត្រី។
លោក ហ៊ុន ម៉ាណែត ដែលបានរៀនចប់នៅបណ្ឌិត្យសភាយោធាអាមេរិក និងជាប់ថ្នាក់បណ្ឌិតសេដ្ឋកិច្ចនៅប្រទេសអង់គ្លេស បច្ចុប្បន្នគឺជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ហើយលោកក៏ជាសមាជិកអចិន្រៃ្តយ៍នៃគណបក្សប្រជាជនកម្ពុជាមួយរូបផងដែរ។
នៅក្នុងសន្និបាតនោះ គណបក្សប្រជាជនកម្ពុជាក៏បានបោះឆ្នោតជ្រើសតាំងលោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ និងលោកស្រី ម៉ែន សំអន ឱ្យធ្វើជាអនុប្រធានគណបក្សផងដែរ ដែលធ្វើឱ្យគណបក្សកំពុងកាន់អំណាចនេះ មានអនុប្រធានរហូតដល់ ៤ រូប៕