ភ្នំពេញៈ នាឱកាស​ឆ្លង​ឆ្នាំ​សកល ២០២១ ឆ្លង​ចូល ២០២២ កម្ពុជា​មាន​ភ្ញៀវទេសចរ ដើរលេង​ក្នុងស្រុក​សរុប​ជាង ១ ​លាន ១ ​សែន​នាក់ កើនឡើង​ ៦៣ ​ភាគរយ បើ​ប្រៀបធៀប​ឆ្នាំមុន ក្នុងនោះ​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប​មាន​អ្នក​ចូល​ទស្សនា​ច្រើន​ជាងគេ​។ នេះ​បើ​យោងតាម​តារាង​ស្ថិតិ​ភ្ញៀវទេសចរ​ផ្ទៃក្នុង​របស់​មន្ទីរ​ទេសចរណ៍​រាជធានី ខេត្ត​។

ក្នុង​របាយការណ៍​បាន​បញ្ជាក់ថា នាឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សកល​នៅ​ទូទាំង​ប្រទេស​កម្ពុជា ទទួល​បាន​ភ្ញៀវទេសចរ​សរុប​មាន​ចំនួន ១ ១៤៥ ១៤១ នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន ១ ១៣៩ ៣៨៧ ​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​មាន​ចំនួន ៥ ៧៥៤ នាក់ ហើយ​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប មាន​អ្នក​ចូល​ទស្សនា​ច្រើនជាងគេ​។

របាយការណ៍​ដដែល​នេះ​បានឱ្យដឹង​បន្តថា គោលដៅ​ទេសចរណ៍​សំខាន់ៗ​មួយចំនួន រួមមាន​រាជធានី​ភ្នំពេញ​អ្នកចូល​ភ្ញៀវទេសចរណ៍​ចំនួន ៣៦៥ ៦៥៣ ​នាក់ ខេត្តសៀមរាប ១៨៩ ៤៣៦ ​នាក់ ខេត្ត​ព្រះសីហនុ ៥៥ ៧១៧ ​នាក់ ខេត្តកំពត ៩៦ ១៣៨ នាក់ ខេត្តកំពង់ស្ពឺ ៨០ ១០០ ​នាក់ ខេត្តកំពង់ឆ្នាំង ៧១ ៨៦៩ ​នាក់ និង​ខេត្ត​កែប​មាន​ចំនួន ៦៦ ១៣៥ នាក់​។

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​លោក ថោង ខុន បានឱ្យ​ដឹងថា យោងតាម​តួលេខ​ខាងលើ​ឃើញថា​មានការ​កើនឡើង​ដល់​ទៅ ៦៣,៦៥% ធៀប​នឹង​ឱកាស​ឆ្លង​ឆ្នាំ​សកល​ ២០២០ ​ឆ្លង​ចូល​ ២០២១​។ លោក​បន្តថា ជាមួយ​ការបិទ​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ​នាពេល​កន្លងមក រដ្ឋបាល​រាជធានី-ខេត្ត រដ្ឋបាល​ក្រុង-ស្រុក​មួយចំនួន​បានរៀបចំ​ជា​ពិធី​អបអរសាទរ និង​ទទួល​អំណរ​ឆ្នាំ​ថ្មី ការប្រគំ​តន្ត្រី ការតុបតែង​លម្អ​ទីក្រុង និង​ដាក់​ភ្លើង​បំភ្លឺ​ជាដើម ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​។

លោក​បាន​គូសបញ្ជាក់ថា​៖ «​គោលដៅ​ទេសចរណ៍​នានា​នៅ​ទូទាំង​ប្រទេស​សុទ្ធតែ​ទទួល​បាន​ចំនួន​ភ្ញៀវទេសចរ​យ៉ាង​ផុសផុល រីឯ​បន្ទប់​សណ្ឋាគារ​ផ្ទះសំណាក់ រីស៊ត និង​បឹងហ្គាឡូ ត្រូវបាន​ភ្ញៀវ​កក់​ស្ទើរ​ពេញ ១០០% ខណៈដែល​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ផ្សេងៗ​ក៏បាន​បើក​ដំណើរការ​ទទួល​ភ្ញៀវទេសចរ​ឡើងវិញ​កាន់តែ​ច្រើនឡើង​»​។

អ្នកទេសចរ​ក្នុង​តំបន់​អង្គរវត្ត នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​។ហុង មិនា

លោក​បន្តថា ចំពោះ​រាជធានី​ភ្នំពេញ តាម​ការវាយតម្លៃ​បឋម​របស់​អាជ្ញាធរ​មាន​ប្រជាពលរដ្ឋ​ជាង​ ៣៦ ​ម៉ឺន​នាក់​បាន​ដើរ​កម្សាន្ត​នៅ​គោលដៅ​សំខាន់ៗ ដូចជា នៅ​តំបន់​កោះ​ពេជ្រ មាត់ទន្លេ​មុខ​ព្រះបរមរាជវាំង តំបន់​កម្សាន្ត​ជ្រោយចង្វា វិមាន​ឈ្នះ-ឈ្នះ និង​ពហុកីឡដ្ឋាន​ជាតិមរតក​តេជោ​ជាដើម​។ ដោយឡែក ប្រជាពលរដ្ឋ​មួយចំនួន​បានជ្រើសរើស​យក​ការជួបជុំ​នៅតាម​គេហដ្ឋាន ដោយ​មានការ​ទទួលទាន​អាហារភេសជ្ជៈ ច្រៀង​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ-មិត្តភក្តិ ខ្លះទៀត​ក៏បាន​ចេញទៅ​ដើរ​កម្សាន្ត និង​ជួបជុំ​ឆ្លង​ឆ្នាំ​នៅតាម​ភោជនីយដ្ឋាន​ផាប់ (Pub) និង Sky Bar នានា​។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ដែរថា គ្រប់​គោលដៅ​ទេសចរណ៍ និង​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​បាន​ខិតខំ​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​អប្បបរមា (SOP) ក្រោម​ការចុះពិនិត្យ អប់រំ និង​ណែនាំ​ពី​រដ្ឋបាល​រាជធានី-ខេត្ត មន្ទីរ​ទេសចរណ៍​ទាំង​ ២៥ រាជធានី-ខេត្ត​។

ពាក់ព័ន្ធ​ការគ្រប់គ្រង​សន្តិសុខ សណ្ដាប់ធ្នាប់ និង​ចរាចរណ៍​វិញ លោក​ ថោង ខុន ថ្លែងថា មាន​ភាពល្អប្រសើរ មិនមាន​បញ្ហា ឬ ការរំខាន​ណាមួយ​កើតឡើង​គួរកត់សម្គាល់​នៅ​យប់​ឆ្លងឆ្នាំ​ទេ ដោយ​គណៈបញ្ជាការ​ឯកភាព​រាជធានី-ខេត្ត​បានរៀបចំ​កម្លាំង​ប្រចាំការ​នៅតាម​ទីតាំង​សំខាន់ៗ​ក្នុង​មូលដ្ឋាន​របស់ខ្លួន​។

ជា​ការកត់សម្គាល់​ខេត្ត​ដែល​នៅជាប់​ឆ្នេរសមុទ្រ​វិញ​ដូចជា​ខេត្ត​ព្រះសីហនុ កំពត កែប និង​ខេត្តកោះកុង មាន​ភ្ញៀវទេសចរ​ជាច្រើន បាន​នាំគ្នា​បោះតង់ និង​ក្រាលកន្ទេល នៅតាម​បណ្តោយ​ឆ្នេរ រង់ចាំ​ឆ្លង​ឆ្នាំ​សកល ២០២១-២០២២​។ រីឯ នៅ​ខេត្តសៀមរាប​វិញ ភ្ញៀវទេសចរ​បាន​ដើរលេង​នៅតាម​ប្រាសាទ​ជាច្រើន​នៅពេល​ថ្ងៃ ខណៈ​ពេលយប់​នាំគ្នា​ទៅលេង​នៅ Pub Street ដែលជា​កន្លែង​ដ៏ពេញនិយម​ប្រចាំខេត្ត​។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​លោក ហូ វណ្ឌី ថ្លែងថា កំណើន​ភ្ញៀវទេសចរ​ក្នុងស្រុក​នេះ បង្ហាញ​ពី​សញ្ញា​វិជ្ជមាន​ច្រើន គឺ​ភាពជោគជ័យ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ផង និង​ថ្នាក់ដឹកនាំ​ក្រសួងទេសចរណ៍​ផង​។ លោក​បន្តថា សញ្ញា​ល្អ​នេះ​នឹង​ទាក់ទាញ​ទេសចរណ៍​នៅក្នុង​សហគមន៍​អាស៊ាន​ឱ្យ​មក​ទស្សនា​នៅ​កម្ពុជា​។

លោក​ថា​៖ «​សហគមន៍​អាស៊ាន​នឹង​សម្លឹងមើល​កម្ពុជា​ក្រសែភ្នែក​វិជ្ជមាន មានន័យថា គេ​នឹង​ត្រៀមលក្ខណៈ​ដើម្បី​មកលេង​កម្ពុជា ហើយ​នៅ​ថ្ងៃ​ខាងមុខនេះ​យើង​នឹងមាន​ការរៀបចំ​ទេសចរណ៍​អាស៊ាន ហើយ​យើង​នឹង​ផ្តល់នូវ​ទិដ្ឋភាព​ទាំងឡាយ​នៃ​ថ្ងៃបុណ្យ​ឆ្លង​ឆ្នាំ​»​។ លោក​បាន​កត់សម្គាល់ថា កំណើន​ភ្ញៀវទេសចរ​នេះ ក៏បាន​រួមចំណែក​លើកកម្ពស់​ដល់​អ្នករកស៊ី​ទទួលទាន​ក្នុង​វិស័យ​ទេសចរណ៍​ទាំង​អ្នកផ្គត់ផ្គង់​នៅ​កន្លែង អ្នកផ្តល់​សេវាកម្ម ការដឹកជញ្ជូន និង​ម្ហូបអាហារ​ជាដើម​៕

វីដេអូ៖