បាត់ដំបងៈ ​នគរបាល​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង នៅ​ថ្ងៃទី​ ២ មករា កំពុង​ស្វែងរក​ចាប់​បក្ខពួក​ជនសង្ស័យ​ ២ ​នាក់​ទៀត បន្ទាប់ពី​ចាប់ខ្លួន​បាន​ម្នាក់​​ពាក់ព័ន្ធ​ករណី​កាប់​យុវជន​ម្នាក់​ដាច់​ក​ស្លាប់​នៅក្នុង​មណ្ឌល​ធ្វើ​ចត្តាឡីស័ក ក្នុង​ភូមិ​អូរល្វា ឃុំ​ជ្រៃសីមា ស្រុក​សំពៅលូន ពី​យប់​ថ្ងៃទី​ ១ មករា មកនេះ​។

លោក​ ទឹម វិឆ័យ អធិការ​​នគរបាល ស្រុក​សំពៅលូន ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២ មករា​ថា ជនសង្ស័យ​ដែល​ចាប់ខ្លួនបាន​ឈ្មោះ ម៉ៅ ស៊ីណា ភេទ​ប្រុស អាយុ​ ២៩ ​ឆ្នាំ ។

ចំណែក​យុវជន​រងគ្រោះ​ឈ្មោះ ជេ ជាក់ អាយុ ២៣ ​ឆ្នាំ រស់នៅ​ភូមិ​ស្វាយខ្មៅ ឃុំ​ពន្លៃ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

លោក​បន្តថា សមត្ថកិច្ច​កំពុង​ស្វែងរក​ចាប់ខ្លួន​បក្ខពួក​ ២ ​នាក់​ទៀត ខណៈ​ម្នាក់​ត្រូវបាន​ចាប់​​ខ្លួន​ភ្លាមៗ​បន្ទាប់ពី​បង្កហេតុ​។

ជនរងគ្រោះ​ និង​ជនល្មើស​ជា​ពលករ​មកពី​ថៃ ហើយ​ត្រូវធ្វើ​​ចត្តាឡីស័ក​នៅ​មណ្ឌល​ចត្តាឡីស័ក​ស្ថិត​ក្នុង​ភូមិ​ល្វា ឃុំ​ជ្រៃសីមា ស្រុក​សំពៅលូន ។

លោក​ថា​៖ «​ជនបង្ក​មាន​គ្នា​ ៣ ​នាក់​តែ​យើង​ចាប់បាន​ម្នាក់​ហើយ​។ ​ឥឡូវ​យើង​កំពុង​ស្រាវជ្រាវ​បន្ត​ដើម្បី​ចាប់ខ្លួន​បក្ខពួក​ជនសង្ស័យ​ ២ ​នាក់​ទៀត​យកមក​ផ្តន្ទាទោស​តាមច្បាប់​»​។

លោក​អធិការ​បាន​រំឭកថា កាលពី​ម៉ោងជាង​ ៩ យប់​ថ្ងៃទី​ ១ មករា ឆ្នាំ​ ២០២២ មាន​ជម្លោះ​មួយ​កើតឡើង​រវាង​ពលករ និង​ពលករ​ដែល​បាន​ទៅធ្វើ​ចត្តាឡីស័ក​ក្នុងភូមិ​ភូមិ​អូរល្វា ឃុំ ជ្រៃសីមា ស្រុក​សំពៅលូន​។ ​ទាំង​ភាគី ជនសង្ស័យ និង​យុវជន​រងគ្រោះ​​បាន​ត្រឡប់​មកពី​ថៃ​ដូចគ្នា​​ហើយ​ត្រូវបាន​អាជ្ញាធរ ស្រុក សំពៅ​លូន​យកទៅ​ធ្វើ​ចត្តាឡីស័ក​ក្នុង​មណ្ឌល​កាលពី​ថ្ងៃទី​ ២៥ ខែធ្នូ​ឆ្នាំ​ ២០២១ ​កន្លងមក​។

ជម្លោះ​នោះ​កើត​នៅ​កន្លែង​ស្នាក់ក្នុង​មណ្ឌល​ចត្តាឡីស័ក​។

លោក​បន្តថា ពេលនោះ​ជនរងគ្រោះ​ដែលមាន​តែម្នាក់ឯង​បាន​ធ្វើ​កាយវិការ​ដែល​ទំនង​ធ្វើ​ត្រាប់​តាម​ក្រុម​ជនសង្ស័យ​ទើប​កើតជា​ជម្លោះ ប៉ុន្តែ​ត្រូវបាន​​សម្រុះសម្រួល​បញ្ចប់​បញ្ហា​ម្តង​ហើយ​។ លុះ​ប្រហែល​ ១៥ ​នាទី​ក្រោយមក ក្រុម​ជនសង្ស័យ​បាន​ទៅយក​ដាវ​សាមូរ៉ៃ​មក​កាប់ ជនរងគ្រោះ​ដាច់​ក​ស្លាប់​នៅ​កន្លែងកើតហេតុ​»​។

ពាក់ព័ន្ធ​នឹង​ពលករ​មាន​ដាវ​សាមូរ៉ៃ​ប្រើ​នេះ លោក អធិការ​វិឆ័យ បញ្ជាក់ថា ពលករ​ដែល​មក​មាន​គ្នាច្រើន​ដោយ​ម្នាក់ៗ​មាន​វ៉ាលិស និង​កាបូបស្ពាយ​ច្រើន​អាចធ្វើឱ្យ​មន្ត្រី​ត្រួតពិនិត្យ​មាន​ការចន្លោះ​ប្រហោង និង​ម្យ៉ាង​មាន​ការលំបាក​ក្នុងការឆែកឆេរ​សម្ភារ​របស់​ពលករ​ទាំងនោះ ព្រោះ​ពួកគេ​ប្រឈម​នឹង​ការឆ្លង​ជំងឺ​កូវីដ​ ១៩​។

ហេតុដូច្នេះ​មន្ត្រី​មិន​ហ៊ាន​កាន់​សម្ភារ​របស់​ពលករ​ទេ ដែល​អាចធ្វើឱ្យ​ក្រុម​ជនសង្ស័យ​លាក់​កាំបិត​ដាវ​ទាំងនេះ​បាន​៕