ភ្នំពេញៈ កម្ពុជា​បានដាក់​ជូន​នូវ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​រយៈពេល​វែង​ប្រកប​ដោយ​អព្យាក្រឹត​កាបូន (LTS4CN) ទៅកាន់​លេខាធិការដ្ឋាន អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​ (UNFCCC) ​កាលពី​ថ្ងៃ​ទី​ ៣០ ខែធ្នូ ឆ្នាំ​ ២០២១​។ នេះ​បើតាម​ក្រសួងបរិស្ថាន​។

យុទ្ធសាស្ត្រ​នេះ មាន​គោលបំណង​ដើម្បី​ផ្តល់នូវ​ផែនទី​បង្ហាញផ្លូវ​ផ្អែកលើ​ការវិភាគ​គ្រប់​ជ្រុងជ្រោយ និង​សេណារីយោ​ពាក់ព័ន្ធ​នឹង​វិស័យសេដ្ឋកិច្ច​សំខាន់ៗ រួមទាំង​សកម្មភាព​កាត់បន្ថយ​អាទិភាព ដើម្បី​ឈាន​ឆ្ពោះទៅ​សម្រេច​បាន​ការអភិវឌ្ឍ​ប្រកប​ដោយ​អព្យាក្រឹត​កាបូន​នាពេល​អនាគត​។

យុទ្ធសាស្ត្រ​នេះ​រួមបញ្ចូល​ការវិភាគ​អំពី​តុល្យភាព​រវាង​ការកាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ការរីកចម្រើន​សេដ្ឋកិច្ច​យុត្តិធម៌​សង្គម និង​ភាពធន់​នឹង​អាកាសធាតុ​។

ក្រសួង​បរិស្ថាន​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន នា​ថ្ងៃទី​ ៣១ ​ធ្នូ ឆ្នាំ​ ២០២១ ថា ការ​ដាក់ជូន​យុទ្ធសាស្ត្រ​នេះ គឺ​ស្របតាម​ការប្តេជ្ញាចិត្ត​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​ថ្លែង​ក្នុង​កិច្ចប្រជុំ​កំពូល​ស្ដីពី​មហិច្ឆតា​អាកាសធាតុ​របស់​អង្គការ​សហប្រជាជាតិ​ឆ្នាំ​ ២០២០ ​ដើម្បី​ដាក់ឱ្យ​ប្រើប្រាស់​នៅ​ដំណាច់ឆ្នាំ​ ២០២១ ​។ ការរៀបចំ​យុទ្ធសាស្ត្រ​នេះ​ជា​ជំហាន​មួយ​ដ៏សំខាន់ សម្រាប់​កម្ពុជា​ក្នុង​នាម​ជា​ប្រទេស​គាំទ្រ​នូវ​សកម្មភាព​ពហុភាគី​ក្នុង​កិច្ចការងារ​ប្រែប្រួល​អាកាសធាតុ ដើម្បី​បង្ហាញ​ភាពជា​ដឹកនាំ​តាមរយៈ​ការអនុវត្ត​ជាក់ស្តែង​នូវ​សកម្មភាព​អាកាសធាតុ​។

កម្ពុជា​គឺជា​ប្រទេសមួយ​ក្នុង​ចំណោម​ប្រទេស​ភាគី​នៃ​អនុសញ្ញា UNFCCC ​ចំនួន​ ៤៩ ​ដែល​បាន​ដាក់ជូន​នូវ​យុទ្ធសាស្ត្រ​នេះ​ទៅកាន់​លេខាធិការដ្ឋាន​អនុសញ្ញា UNFCCC គិត​ត្រឹម​ពេលបច្ចុប្បន្ន​។

ក្រសួង​បាន​បញ្ជាក់ថា​៖ «​កម្ពុជា​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ទី​ ២ ​ដែល​​បាន​ដាក់ជូន​យុទ្ធសាស្ត្រ​នេះ​ដោយ​កំណត់​គោលដៅ​ច្បាស់លាស់​សម្រាប់​អព្យាក្រឹតភាព​កាបូន​នៅ​ឆ្នាំ​ ២០៥០​។ ប្រការនេះ​បញ្ជាក់​អំពី​សក្ខីភាព​មួយ​ថ្មី​ទៀត​លើ​ការប្តេជ្ញាចិត្ត​ដ៏រឹងមាំ សង្គតិភាព និង​មាន​ឆន្ទៈ​នយោបាយ​ខ្ពស់​ក្នុង​ការដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ​»​។

ប្រភព​ដដែល​បន្តថា ទោះបី​កម្ពុជា ចូលរួម​ចំណែក​តិចតួច​ក្នុង​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ក្តី តែ​តាមរយៈ​យុទ្ធសាស្ត្រ​នេះ កម្ពុជា​បាន​បង្ហាញ​ឆន្ទៈ និង​ជំហរ​របស់ខ្លួន​ក្នុង​ការចូលរួម​ជាមួយ​សហគមន៍​អន្តរជាតិ​ដើម្បី​ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ ផ្អែក​តាម​គោលការណ៍​ការទទួលខុសត្រូវ​រួម ប៉ុន្តែ​កម្រិត​ផ្សេងគ្នា ផ្អែក​តាម​សមត្ថភាព​រៀងៗ​ខ្លួន​។ បើតាម​ក្រសួងបរិស្ថាន កម្ពុជា​អាច​សម្រេច​បាន​អព្យាក្រឹត​កាបូន​ត្រឹម​ឆ្នាំ​ ២០៥០ តាមរយៈ​ការបន្ត​កិច្ចខិតខំ​ប្រឹងប្រែង​លើ​ការអនុវត្ត​កម្មវិធី​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ដែល​កើតឡើង​ដោយសារ​ការបាត់បង់ និង​ការរេចរឹល​ព្រៃឈើ (REDD+) និង​កំណែទម្រង់​វិស័យ​ព្រៃឈើ​រួមមាន ការអភិវឌ្ឍ​វិស័យ​ព្រៃឈើ​ប្រកបដោយ​និរន្តរភាព​។

កម្ពុជា​ក៏​អាច​សម្រេចបាន​អព្យាក្រឹត​កាបូន​ត្រឹម​ឆ្នាំ​ ២០៥០ តាមរយៈ​ការកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ពី​វិស័យ​ថាមពល និង​ការដឹកជញ្ជូន និង​ការលើកកម្ពស់​ប្រសិទ្ធភាព​ថាមពល​ព្រមទាំង​តាមរយៈ​ការលើកកម្ពស់​កសិកម្ម​បញ្ចេញ​កាបូន​តិច ដំណើរការ​ឧស្សាហកម្ម និង​ការគ្រប់គ្រង​សំណល់​។

ក្រសួង​បញ្ជាក់ថា​៖ «​ការអនុវត្ត​យុទ្ធសាស្ត្រ LTS4CN នឹង​រួមចំណែក​ជំរុញ​កំណើន​ផលិតផល​ក្នុងស្រុក​សរុប (GDP) ប្រចាំឆ្នាំ​បន្ថែមចំនួន ២,៨ ​ភាគរយ នៅ​ឆ្នាំ​ ២០៥០ (​ស្មើនឹង ៤,២ ​ប៊ីលាន​ដុល្លារ​សហរដ្ឋអាមេរិក​) ហើយ​អាចបង្កើត​ការងារ​បន្ថែមចំនួន ៤៤៩ ០០០ ​កន្លែង និង​ជំរុញ​ការអនុវត្ត​សេដ្ឋកិច្ច​បៃតង និង​ការអភិវឌ្ឍ​បញ្ចេញ​កាបូនតិច​»​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ថា ទោះបីជា​ប្រទេស​កម្ពុជា​បានរួម​ចំណែក​តិចតួច​បំផុត​ដល់​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ពី​អតីតកាល​ក៏ដោយ ក៏​រាជរដ្ឋាភិបាល​បានបង្ហាញ​នូវ​ឆន្ទៈ និង​ការប្តេជ្ញាចិត្ត​ខ្ពស់​ ដើម្បី​រួមចំណែក​ដល់​គោលដៅ​អាកាសធាតុ​ពិភពលោក​ជាពិសេស​ គឺ​ដើម្បី​ធានា​កំណើន​សីតុណ្ហភាព​មិនឱ្យ​លើសពី​ ១,៥ ​អង្សាសេ ស្របតាម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​។

លោក​ថ្លែងថា​៖ «​ប្រការនេះ កត្តា​សន្តិភាព ស្ថិរភាព​នយោបាយ ផ្តល់ឱកាស​ឱ្យ​កម្ពុជា​អាច​កសាង​ធនធានមនុស្ស​ដែលមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការដឹកនាំ និង​សម្របសម្រួល​លើ​ការរៀបចំ​ឯកសារ​សំខាន់ៗ​ដើម្បី​បង្ហាញ​ពី​គោលជំហរ​ចូលរួម​ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ​ជា​សហគមន៍​អន្តរជាតិ​។ ម្យ៉ាងទៀត ភាពស្របច្បាប់ ការទទួល​ខុសត្រូវ ម្ចាស់ការ និង​ភាពច្បាស់លាស់​របស់​រាជរដ្ឋាភិបាល​បាន​ទាក់ទាញ​ការគាំទ្រ​ពី​ដៃគូ​អភិវឌ្ឍន៍​ក្នុង​ការគាំទ្រ​ជា​ថវិកា​ និង​បច្ចេកទេស​ដល់​ការងារ​ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ​រួមទាំង​ការរៀបចំ​យុទ្ធសាស្ត្រ​ដ៏សំខាន់​នេះ​»​។​

​អ្នកនាំពាក្យ​រូបនេះ​បញ្ជាក់ថា ជារួម​នេះ​ជា​មោទនភាព​មួយ​ថ្មី​ទៀត​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ចំពោះ​ការយកចិត្តទុកដាក់​ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ​ដែល​កំពុងតែ​គំរាមកំហែង​ដល់​ពិភពលោក​តាមរយៈ​ការបង្ហាញ​គោលដៅ​ច្បាស់លាស់​ សម្រាប់​អព្យាក្រឹតភាព​កាបូន​នៅ​ឆ្នាំ ២០៥០ បន្ទាប់ពី​កម្ពុជា​បានដាក់​ជូន​នូវ​របាយការណ៍​បច្ចុប្បន្ន​ភាព​ការចូលរួមចំណែក​របស់​ជាតិ (Updated NDC) ដើម្បី​អនុវត្ត​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ (UNFCCC) កាលពី​ខែធ្នូ​ឆ្នាំ​ ២០២០ ​កន្លងទៅ​។

​លោក នេត្រ ភក្ត្រា បន្ថែមថា យុទ្ធសាស្ត្រ​នេះ​បង្ហាញ​ពី​សក្ខីភាព​មួយ​ថ្មី​ទៀត​លើ​ការប្តេជ្ញាចិត្ត​ដ៏រឹងមាំ និង​មាន​ឆន្ទៈ​នយោបាយ​ខ្ពស់​ក្នុង​ការ​ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ​។ ចំណុច​ស្នូល​នៃ​យុទ្ធសាស្ត្រ​នេះ​មាន​ ៣ ​សំខាន់ៗ​ក្នុងនោះ​មានដូចជា​ការគ្រប់គ្រង​ព្រៃ បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ពី​វិស័យ​ថាមពល ការដឹកជញ្ជូន និង​ធានា​ប្រសិទ្ធភាព​ថាមពល ក៏ដូចជា​វិស័យ​កសិកម្ម​៕