ភ្នំពេញៈ រាជរដ្ឋាភិបាល​បាន​សម្រេច​លើកលែង​ពន្ធ​នាំចូល ដោយ​ពន្ធអាករ​ជា​បន្ទុក​របស់​រដ្ឋ ចំពោះ​រថយន្ត​ពាក់​ស្លាក​លេខ​នគរបាល​ចំនួន ៧៥៧ ​គ្រឿង ដោយ​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បញ្ជាក់ថា រថយន្ត​ដែល​ស្នើសុំ​គោលការណ៍​លើកលែង​ពន្ធ​នេះ គឺ​សុទ្ធតែជា​អំណោយ​របស់​សប្បុរសជន ដែល​បាន​ប្រគល់ឱ្យ​បណ្តា​អង្គភាព​ចំណុះឱ្យ​ក្រសួង​មហាផ្ទៃ​សម្រាប់​ប្រើប្រាស់​ដើម្បី​បម្រើ​ផលប្រយោជន៍​សាធារណៈ​។

ការអនុញ្ញាត​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ចំណារ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើ​សំណើ​របស់លោក​ ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​ ២៨ ខែធ្នូ ដែល​បាន​ស្នើសុំ​គោលការណ៍​ឱ្យ​លើកលែង​ពន្ធ​នាំចូល​ដោយ​ពន្ធអាករ​ជា​បន្ទុក​របស់​រដ្ឋ ចំពោះ​រថយន្ត​ពាក់​ស្លាក​លេខ​នគរបាល​ចំនួន ៧៥៧ ​គ្រឿង​។

លិខិត​ចុះ​ហត្ថលេខ​ដោយ​លោក កែន សត្ថា ជំនួស​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី ចុះ​ថ្ងៃទី​ ៣១ ធ្នូ ឆ្នាំ​ ២០២១ បាន​បញ្ជាក់ថា​៖ «​រាជរដ្ឋាភិបាល យល់ព្រម​ជាគោលការណ៍ ឱ្យ​លើកលែង​ពន្ធ​នាំចូល​ដោយ​ពន្ធអាករ ជា​បន្ទុក​របស់​រដ្ឋ ចំពោះ​រថយន្ត​ពាក់​ស្លាក​លេខ​នគរបាល ចំនួន​ ៧៥៧ គ្រឿង​របស់​ក្រសួង​មហាផ្ទៃ ដែល​បាននិងកំពុង​ប្រើប្រាស់​នៅតាម​បណ្តា​អង្គភាព​ចំណុះ​ក្រសួង​មហាផ្ទៃ​»​។

លោក​ ខៀវ សុភ័គ ​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២ មករា​ថា រថយន្ត​ដែល​បានស្នើ​ទាំងនេះ ជា​ប្រភេទ​រថយន្ត​ចាស់ ដែល​កំពុង​ប្រើប្រាស់​នៅតាម​អង្គភាព ចំណុះ​ក្រសួង​កន្លងមកហើយ​។ ការដែល​រថយន្ត​នេះ មិនមាន​ពន្ធ​នាំចូល ក៏​ព្រោះតែ​រថយន្ត​ទាំងនេះ គឺ​ទទួលបាន​ពី​សប្បុរសជន នៅក្នុង​ប្រទេស​ដែល​បានធ្វើ​អំណោយ​មក​កាន់​ក្រសួង​ស្ថាប័ន សម្រាប់​ប្រើប្រាស់​បម្រើឱ្យ​សាធារណជន​។

លោក​បញ្ជាក់ថា​៖ «​រថយន្ត​ទាំងអស់ ដែល​យើង​បានស្នើ​នេះ​ក៏បាន​ធ្វើ​ស្លាក​លេខ​នគរបាល​ត្រឹមត្រូវ​អស់ហើយ​ដែរ​ដែល​អង្គភាព​នីមួយៗ​យកមកប្រើ​ប្រាស់​សម្រាប់​ដឹក​ប៉ូលិស និង​ដឹក​អ្វី​ផ្សេងៗ នៅតាម​ស្នងការដ្ឋាន​នគរបាល​គ្រប់​ខេត្ត​ក្រុង និង​នៅ​អគ្គនាយកដ្ឋាន​ផ្សេងៗ​។ យើង​ស្នើសុំ​លើកលែង​ការបង់ពន្ធ​នេះ​គឺ​មានន័យថា ក្រសួង​មហាផ្ទៃ​មិនចាំបាច់​ចំណាយ​ថវិកា​ដែល​បានអនុម័ត​យកទៅ​បង់ពន្ធ​»​។

បើតាម​លោក ខៀវ សុភ័គ រថយន្ត​ទាំង​ជាង ៧០០ គ្រឿង​នេះ គឺជា​រថយន្ត​ដែល​ក្រសួងមហាផ្ទៃ​ស្នើសុំ​លើកលែង​ពន្ធ​នាំចូល​ជា​លើកចុងក្រោយ ខណៈ​ក្រសួង​មិនទាន់មាន​គោលការណ៍​ថ្មី ក្នុងការ​ការស្នើសុំ​ការលើកលែង​ពន្ធ​នាំចូល​លើ​រថយន្ត​របស់​រដ្ឋ ក្នុងនាម​ក្រសួងមហាផ្ទៃ​បន្តទៀត​នោះទេ​។

លោក ប៉ិច ពិសី នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា ថ្លែងថា ការលើកលែង​ការយកពន្ធ​រថយន្តរ​បស់រ​ដ្ឋ គឺជា​រឿង​ធម្មតា​ដើម្បី​កាត់បន្ថយ​ការចំណាយ​របស់​រដ្ឋ​នៅក្នុង​ការបង់ពន្ធ ហើយ​តាម​គោលការណ៍ ស្ថាប័ន​ដែល​បម្រើឱ្យ​វិស័យ​សាធារណៈ គឺមាន​សិទ្ធិ​ស្នើសុំ​គោលការណ៍​ទាំងនេះ ដើម្បី​ទទួលបាន​សិទ្ធិ​ក្នុង​ការមិន​ជាប់​កាតព្វកិច្ច​បង់ពន្ធ​ចូល​រដ្ឋ​។

ប៉ុន្តែ​លោក​សង្កត់ធ្ងន់ថា ត្រូវ​យកចិត្តទុកដាក់ និង​ទាមទារ​ឱ្យមាន​ការត្រួតពិនិត្យ​ឱ្យបាន​ត្រឹមត្រូវ ព្រោះ​ករណីខ្លះ អាច​មាន​ការលួចបន្លំ ដោយ​ស្នើសុំ​គោលការណ៍​ដើម្បី​លើកលែង​ការបង់ពន្ធ សម្រាប់​បម្រើឱ្យ​សាធារណជន ប៉ុន្តែ​ជាក់ស្តែង រថយន្ត​ទាំងនោះ​គឺជា​របស់​ឯកជន​ទៅវិញ​។

លោក​បញ្ជាក់ថា រថយន្ត​ដែល​ស្នើសុំ​លើកលែង​ពន្ធ គឺ​ត្រូវតែ​ជា​រថយន្ត​របស់​រដ្ឋ ហើយ​ក្នុងន័យ​ថា នៅពេល​រថយន្ត​ដែល​បាន​ស្នើសុំ​លើកលែង​ពន្ធ​នោះ​ឈប់​ប្រើប្រាស់​បម្រើ​ផលប្រយោជន៍​សាធារណៈ គឺ​ត្រូវ​បង់ពន្ធ​ជូន​រដ្ឋ​វិញ​ជាធម្មតា​។

ការថ្លែង​យ៉ាង​ដូច្នេះ​ដោយសារ​តែ​លោក មើលឃើញថា កន្លងមក គឺ​ធ្លាប់មាន​ករណី​ជាច្រើន ដែលមាន​ការស្នើសុំ​គោលការណ៍​អនុគ្រោះ​ជា​រថយន្ត​របស់​រដ្ឋ ប៉ុន្តែ​ធាតុពិត រថយន្ត​ទាំងនោះ ជា​របស់​ឯកជន​ខណៈ​មាន​ករណី​ខ្លះទៀត ក៏មាន​ការប្រើប្រាស់​រថយន្ត​របស់​រដ្ឋ ទៅ​បម្រើឱ្យ​ប្រយោជន៍​បុគ្គល​ផងដែរ​៕

វីដេអូ៖